by Tararith
ថ្មប្រាសាទបែក តូចធំបំណែក ញែកចេញពីគ្នា
មរតកវប្បធម៌ ប្រាង្គព្រះវិហារ គេតាមផ្តន្ទា
ដល់កំពូលភ្នំ។
ភ្នំដងរែកខ្ពស់ ប្រាសាទរងគ្រោះ ស្ដាយទ្រហ៊ោយំ
ម្ដងហើយម្ដងទៀត ឈ្លបឆ្លៀតបាញ់ជ្រុំ កាំភ្លើងតូចធំ
ភ្នំរងធ្លាយធ្លុះ ។
គេមានបំណង ទន្រ្ទានចូលឆ្លង បើអាចគេពុះ
ប្រាង្គប្រាសាទខ្មែរ ឲ្យជ្រុះរលុះ លុកលុយបំផ្ទុះ
ឈ្លានពានរាល់ថ្ងៃ។
បំណែកទាំងឡាយ រោយរុះអន្តរាយ មនុស្សអ្នកប្រល័យ
ថ្មរឹងម្លឹងហើយ គេមិនសំចៃ វ៉ៃយកស្នាដៃ
ដណ្ដើមទ្រព្យខ្មែរ។
ឱអំបែងថ្ម រាយអស់លម្អ រៀងមកហូរហែ
រងគ្រោះរាប់ឆ្នាំ ដូចគ្មានអ្នកថែ ជាតិជិតខាងក្បែរ
តែងតែប្រហារ។
ដុំថ្មតូចធំ លើកំពូលភ្នំ សុំក្ដីមេត្តា
អង្វរមនុស្សលោក បែរបន់ទេវតា សូមសុខថ្លៃថ្លា
នាអនាគត៕
សូមសរសើរទឺកដៃកវី បរិយាយរៀបស្ដី ពិរោះសព្វខ្លឹមសារ ។
ReplyDelete