Saturday, October 13, 2018

ពិការ


By Tararith

អ្នករស់សុខសានបានប្រចាំ                 អ្នកខ្លះរងកម្មស្រាយមិនបាន
ក្រពេកសូម្បីបាយមួយចាន                 ក៏តាមរំខានយកជីវិត។
ជើងដៃពិការប្រវ៉ារស់                          ចង់រស់ផុតគ្រោះខ្មៅងងឹត
រសាត់តាមទឹកដូចប្រឌិត                     ជាចកតូចល្អិតក្នុងជលសា។
រាល់ថ្ងៃសង្ឃឹមលើម្ចាស់ទាន                អ្នកមានធនធានមានមេត្តា
ជាស្ពានចម្លងប្ដល់អាហារ                    សទ្ធាជ្រះថ្លាជួយស្រោចស្រង់។
ប្រាថ្នាត្រឹមរស់ៗជាមនុស្ស                  ម្ដេចរសាត់ជ្រុះភាពផូរផង់
ដូចសត្វដែលគេបំបរបង់                     ដេកដួលរហង់តាមផ្លូវផ្សារ។
ឆ្នាំនេះគេថារីកចម្រើន                        សេដ្ឋកិច្ចជាតិកើនតាមរដ្ឋា
សង្គមកិច្ចភ្លេចជនពិការ                      ត្រូវការអាហារចំអែតកាយ។
ឥឡូវដល់ពេលចូលឆ្នាំថ្មី                     ចំណីអាវថ្មីរុំអាត្មា
មិនដឹងថានឹងរកឯណា                       មានតែហត្ថាប្រណំសុំ។
ប្រសិនបើអ្នកមានសទ្ធា                      យើងខ្មែរដូចគ្នាសូមអ្នកកុំ
កុំមើលរំលងដល់អ្នកសុំ                      គ្រាប់បាយមួយដុំឲ្យផងណា។
ធ្លាក់ខ្លួនពិការដោយសារជាតិ               ដៃជើងបាត់ឃ្លាតពីកាយា
សន្ដិភាពមាន ក្រអាត្មា                        រស់អនាថាតាមដងផ្លូវ៕


No comments:

Post a Comment