សម្បត្តិល្អឯកដូចនិម្មិត បំព្រងជីវិតហួសប្រាថ្នា
ព្រលឹមព្រលប់ជប់ចិន្តា ឲ្យលង់រក្សាមិនស្ដាយខ្លួនដើមឈើធំខ្ពស់រស់ឯកា ក្រពើសឹង្ហខ្លាសម្ងំពួន
ត្រីនាគទាំងហ្វូងខ្លាចលាក់ខ្លួន អារ៉ែងអង្រួនបេះដូងខ្ញុំ[i]
ធម្មជាតិប្រពៃទឹកដីខ្មែរ ស្រណោះតែប្រែលែងក្រពុំ
បក្សីដំរីត្រីតូចធំ មិនបានសុខុមរលំឋាន។
ម្ដងព្រួយព្រៃព្រួយរលស់អស់ ទឹកក៏រីងសោះពឹងពុំបាន
ស្រឡាញ់ស្ម័គ្រស្មោះបែររំខាន រសាត់ទាំងប្រាណឆ្ងាយដែនខ្មែរ។
អាឡោះអាល័យដីអារ៉ែង ព្រៃដាច់សង្វែងខ្វះអ្នកថែ
អ្នកប៉ងរំលាយមានហូរហែ ស្នាដៃពូកែខាងគាស់កាប់។
ខ្មែរណាប៉ុនប៉ងអភិរក្ស ពិតជាប់អន្ទាក់អ្នកកាន់ច្បាប់
ឃ្លាតពីមាតុភូមិជាប្រញាប់ អ្នកបំផ្លាញឆាប់ ងារឧកញ៉ា។
ថ្ងៃមួយពិតអស់របស់ទ្រព្យ សម្បត្តិជាតិគាប់ដែនព្រឹក្សា
ជាខ្មែរពិតព្រួយស្ដាយសាវតា អារ៉ែងទុក្ខា មនុស្សដូចគ្នា៕
No comments:
Post a Comment