By Tararith
អច្ចរាល្អឯកលេចសំរស់ ប៉ប្រិមសែនស្រស់រាំសំដែង
តាមផ្ទះសិលាពទ្ធខ្វាត់ខ្វែង ល្វត់ល្វន់តាមល្វែងផ្ទាំងសិលា។
អប្សរកេសីស្រីសួគ៌ា គ្រប់ៗអង្គាគួរស្នេហា
សោភ័ណរឹតខ្ចោះគ្រប់ប្រាង្គប្រា ក្បូរក្បាច់រចនាល្អពន់ពេក ។
អង្គរតូចធំផ្គុំទាំងអស់ រូបកាយឆោមស្រស់ឃើញនឹងភ្នែក
រវើករវន់ដូចយំយែក ខ្លះហាក់ចង់ជ្រែកចេញពីថ្ម។
ចំណែកសត្វសឹង្ហដ៏រឹងមាំ បែកបាក់ខ្ទេចខ្ទាំអស់លម្អ
ផ្ដែរខឿនរោងទ្រុឌទាំងសសរ បដិមាករនៅរាយប៉ាយ។
លំពែងលង្ហិនហិនហិលអស់ ធ្លាប់ជារបស់ស្ដេចទាំងឡាយ
កំចាត់សត្រូវរត់ខ្ចាត់ខ្ចាយ ពុកផុយមិនឆ្ងាយពីដៃខ្មែរ។
យក្សមារការពារដែននគរ ប្រែទៅជាគថ្លង់ផងដែរ
ឈរធ្មឹងខ្លួនទ្រឹងមិនមើលថែ សត្រូវមកក្បែរក៏មិនក្លា។
សូម្បីឈើព្រៃរានហ៊ានដុះ វល្លិព័ទ្ធឡើងចុះរឹតប្រាង្គប្រា
ដូចគុកច្រវ៉ាក់ចាក់កាយា អ្នកថែរក្សានៅកន្ទើយ។
អ្នកថែមិនស្គាល់សាវតាខ្លួន បំផ្លាញផ្ទួនៗចុងបង្ហើយ
លក់ព្រលឹងជាតិមិនស្ដាយឡើយ រលាយម្លឹងហើយគិតយ៉ាងណា?
បែរទៅទឹកដីមិនខ្ចីថែរ ពុះកាត់ដីខ្មែរខុសមាត្រា
នឹងចាប់ដាក់គុករាល់ខ្មែរណា ចេញមុខតវ៉ារឿងទាំងអស់។
ធម្មជាតិទាំងឡាយដែលខ្មែរមាន លុកលុយទន្រ្ទានគ្មានចន្លោះ
ទឹកដីព្រៃប្រេងរែងស្រណោះ គឺជារបស់អ្នកមានយស។
ពេលព្រលឹងជាតិឃ្លាតពីចិត្ត ប្រជាភ័យភិតមិនសង្រ្គោះ
គិតតែអំណាចរុងរឿងខ្ពស់ ហើយបែរមកឈ្លោះនឹងប្រជា។
អាណិតទឹកដីធ្លាប់ល្អស្អាត អ្នកមុនសង្វាតជ្រោងជួយគ្នា
ឥឡូវនៅតូចកម្ពុជា នរណាធានាឲ្យគង់នៅ។
ចង់នៅជាខ្មែរលើទឹកដី អង្គរបុរីស្រស់ឆ្អិនឆ្អៅ
ដូនតាតែងតែដង្ហោយហៅ ហៅខេមរជនក្រោកតស៊ូ។
អប្សរាញញឹមក៏មែនពិត តែនៅក្នុងចិត្តត្អូញរអ៊ូ
អប្សរាញញឹមក៏មែនពិត តែនៅក្នុងចិត្តត្អូញរអ៊ូ
ព្រោះឃើញទុក្ខសោកខ្មែរជាយូរ នៅមិនស្បើយធូរលុះឥឡូវ៕
កំណាព្យល្អតែមានពាក្យខ្លះសរសេរមិនបានត្រឹមត្រូវ
ReplyDelete