មានផ្ទះនៅសែនឆ្ងាយ ជួនសប្បាយជួនកើតទុក្ខ
សប្បាយស្រូវជង្រុក មានគរទុកចិញ្ចឹមឆ្នាំង។
ទឹកភ្លៀងមានធ្វើស្រែ ដូងស្វាយផ្លែកាន់កកក្ដាំង
ផលខួបវស្សាប្រាំង ជាកម្លាំងចិញ្ចឹមគ្នា។
ក្នុងទឹកមានមច្ឆា ព្រៃព្រឹក្សាដុះរៀងរា
លើដែនកម្ពុជា អាចធានាសុខមង្គល។
ផ្ទះនៅឆ្ងាយពីញាតិ គ្រប់គ្នាឆ្លៀតទោះរវល់
រៀនសូត្រគ្រប់មណ្ឌល ចំណេះទល់ពង្រីកផ្ទះ។
ផ្ទះតូចអាចទៅធំ ក្បែរជើងភ្នំរីករូតរះ
នេះជាជ័យជម្នះ នៅឯផ្ទះដាច់ស្រយាល។
កើតទុក្ខៗចម្បែង មួយតែឯងចំកណ្ដាល
ព្រៃភ្នំធំវិសាល ដីកេរកាលពីដូនតា។
ទុក្ខព្រួយព្រោះខ្វះញាតិ គ្រប់ជនជាតិគ្មានចេតនា
មកលេងសួរឡើយណា សែនឯកាគ្រប់អង្គា។
មេដឹកនាំគ្រួសារ ក៏ផ្ដាច់ការរាល់វេលា
ជម្លោះកើតគ្រប់គ្រា ផ្តន្ទាគ្នាឲ្យបែកបាក់។
អ្នកក្រៅសើចចំអក ស្រូវក៏ស្កកបំណុលប្រាក់
ខ្លះទៀតជាប់ច្រវ៉ាក់ ដែលគេដាក់ទារុណកម្ម។
ផ្ទះមានសោររយពាន់ ចាក់រុំវ័ណ្ឌជាប់រាប់ឆ្នាំ
គ្រប់ទ្វារដូចមានឆ្មាំ យាមប្រចាំចេញចូលដឹង។
សូម្បីទំពារបាយ ម្ហូបទាំងឡាយទន់ប្រែរឹង
ម្នាក់ៗបាត់ព្រលឹង មេផ្ទះញឹងដឹកតាមចិត្ត។
គេស្រែកគេសម្លុត គេរោលដុតមិនអាណិត
ដៃជើងមានក៏ពិត តែដូចស្វិតមិនតតាំង។
គ្មានឡើយសេរីភាព គេរឹតគាបបើប្រឆាំង
រិះគន់ចោទថាខ្មាំង ហើយកាប់ចាំងកែតម្រូវ។
កូនចៅខ្លះចោលផ្ទះ រត់រូតរះចោលម៉ែឪ
ក៏ព្រោះចង់មានផ្លូវ ប្ដូរលំនៅរកសុខា។
សមាជិកគ្រួសារ ខ្លះពិការអនាថា
ខ្លះទៀតមិនសិក្សា អាងបិតាមានអំណាច។
កូនខ្លះងារខ្ពង់ខ្ពស់ បង្កឈ្លោះឲ្យភ័យខ្លាច
តាមឪដែលកោងកាច ចិត្តកំណាចកូនតាមដែរ។
បំណុលជំពាក់វ័ណ ចាយមិនគ្រាន់លក់ដីស្រែ
ព្រៃព្រឹក្សសមុទ្ររ៉ែ អស់ហូរហែកេរ្តិ៍ដូនតា។
លក់កូនឲ្យធ្វើខ្ញុំ ប្រទេសធំដូរដុល្លារ
កូនស្រីរងទុក្ខា បន្ទោសថា មិនអាណិត។
ផ្ទះឆ្ងាយពីគេឯង ដាច់សង្វែងទាំងគំនិត
ធ្វើអ្វីមិនដែលគិត កូនចៅរឹតជួបក្ដីក្រ៕
No comments:
Post a Comment