បាត់កូនសម្លាញ់យូរឆ្នាំហើយ គ្មានម្ដងណាឡើយឮដំណឹង
កូនស្រីតែមួយម៉ែសញ្ជឹង ចាំផ្លូវព្រលឹងមាសថ្លើមថ្លៃ។
ចូលឆ្នាំប្រពៃណីបុណ្យភ្ជុំ កូនម៉ែម៉ែយំនឹកអាល័យ
បាយម្ហូបនំនេកចេកលកលៃ ទុកឲ្យកូនស្រីរំពឹងមក។
ញឹកញយម៉ែឮគេប្រាប់ថា ថៅកែឫស្យាចិត្តទាបថោក
វាយដំជាន់ឈ្លីទ្រគោះបោក កម្មករទួញសោកសៅរាល់ថ្ងៃ។
កូនជួបរឿងនេះដែរឬអី កូនអើយកូនស្រីមាសថ្លើមថ្លៃ
រំដោះខ្លួនរត់កុំសំចៃ ចាំគិតកែច្នៃជីវិតទៀត។
ពេលខ្លះម៉ែឃើញតាមកាសែត រូបច្បាស់ក្រឡែតគេបៀនបៀត
ស្នាមជាំវាយដំមានគ្រប់ស្នៀត ខ្លះទៀតធ្លាក់ខ្លួនទៅពិការ។
កូនជាកម្មករណាមាសមុំ ម្ង៉ៃៗម៉ែសុំជួបសុខា
ម៉ែព្រួយម៉ែភ័យអីម្ល៉ះណា បួងសួងប្រាថ្នាកូនវិលវិញ៕
No comments:
Post a Comment