By Tararith
តាមផ្លូវទៅភាគខាងជើងលំបាកលំបិនដដែល ខ្ញុំមិនចង់ទៅធ្វើជាអភិបាលខេត្តនៅ ទីនោះសោះ ព្រោះតែស្រុកទេសនៅអសន្ដិសុខនៅឡើយ ម្យ៉ាងមិនចង់ឃ្លាតពីផ្ទះ សម្បែង និងគូដណ្ដឹងដែលទើបតែភ្ជាប់ពាក្យហើយកាលពីពីរខែមុន តែដោយសារស្ដាយ ប្រាក់សូកប៉ាន់គេ ម្យ៉ាងទើបតែចេញពីសាលា ខ្វះការពិសោធ ក៏សម្រេចទៅបំពេញភារកិច្ចតាមការចាត់តាំងរបស់ថ្នាក់លើទៅ បើមិនទៅ មានតែចោលប្រាក់ សូកប៉ាន់គេ នោះទទេ។
រឿងនេះ ធ្វើឲ្យខ្ញុំឈឺក្បាលអស់ជាច្រើនថ្ងៃ។ ពិបាករកដំណោះស្រាយមែនទែន! ពីមុន ពេលមានបញ្ហាអ្វីមួយ ខ្ញុំតែងតែទៅពិភ្សានឹងមិត្តភ័ក្ដិ។ ចង់យករឿងលំបាកក្នុង ចិត្តនេះទៅពិភ្សាជាមួយពួកគេដែរ តែខ្ញុំខ្មាស ខ្ញុំខ្មាស ព្រោះខ្លួនឯងមានស្នាម គឺស្នាម ពុករលួយ ដែលមិនចង់ឲ្យនរណាដឹង។ ទោះបោះគ្រប់គ្នាគេដឹងថា ស្រុកយើងពុករលួយក្តី ខ្ញុំនៅតែចង់លាក់បាំងដដែល ដើម្បីបង្ហាញពីភាពស្អាតស្អំសម្បកក្រៅរបស់ខ្ញុំ។ បង្ហាញពីសមត្ថភាពជានិស្សិតទើបចេញពីសាលា រៀនពូកែ ទទួលបានតំណែងជាអភិបាលខេត្ត។ បង្ហាញទៅនិស្សិតរួមជំនាន់ថា ខ្ញុំជាមនុស្សគ្រាន់បើ តាមដែលខ្ញុំអាចធ្វើបាន។
បទកំណាព្យប្រជាប្រិយមួយ ដែលអ្នកផងតែងតែសូត្រថា “ទន្សោងគោព្រៃ ស៊ីតូចតាមតូច ស៊ីធំតាមធំ...” បានរំសាយភាពអាម៉ាស់របស់ខ្ញុំបានខ្លះ ព្រោះបើតាមកំណាព្យនេះ អំពើពុករលួយ ការសូកប៉ាន់ បានកើតឡើងជាយូរយាណាស់មកហើយ នៅក្នុងសង្គមខ្មែរយើង។ ម៉ាក់ ម្ដងណាក៏រម្លឹកឲ្យខ្ញុំដឹងពីបញ្ហានេះដែរ ព្រោះគាត់ធ្លាប់ដឹងពីអារម្មណ៍ខ្ញុំ គឺខ្ញុំមិនចង់ប្រព្រឹត្តអំពើសូកប៉ាន់នោះឡើយ។ ម៉ាក់ថា៖ សង្គមសព្វថ្ងៃណាកូន ត្រូវចេះបត់បែន តាមគេតាមឯង។ ជួនកាលគាត់ថា៖ សង្គមនេះ ត្រង់ ស្លូត ស្លាប់។ ម៉ាក់តែងលើកឧទាហរណ៍ពីអ្នកនេះ អ្នកនោះ ដែលប្រឹងរត់ការរកកន្លែងខ្លាញ់អោយកូនចៅ។ ខ្ញុំស្ដាប់តាមម៉ាក់ទាំងអស់។
ពីមុន ពេលមិត្តរបស់ខ្ញុំបានអានារូបករណ៍ទៅសិក្សានៅសហភាពសូវៀត ទៅ ប្រទេសអាឡឺម៉ង់ យួន បារាំង អូស្រ្តាលី ពួកវាមកអួតអាងបង្ហាញថា វាហ្នឹងពូកែ ប្រឡងជាប់។ ឯឪពុកម្ដាយរបស់ពួកវា ក៏មានមោទនភាពដែរ ដែលបានកូនទៅរៀននៅបរទេស តែគ្រប់គ្នា ទាំងកូន ទាំងម៉ែឪ និងមន្ត្រីអាហារូបករណ៍ សុទ្ធតែដឹងថា និស្សិតទាំងនោះ មិនមានសមត្ថភាពពេញលេញនោះទេ។ តែធ្វើម៉េច ចេះតែមិចភ្នែកយកលុយយកកាក់ ឲ្យទៅបាត់ពីមុខ ដោយយកលេសថា សង្គមយើងទើបតែរួចពីរបបប្រល័យពូជសាសន៍ ខ្វះធនធានមនុស្ស។ មានមន្រ្តីខ្លះមកត្អូញប្រាប់ប៉ាខ្ញុំថា បើគេឲ្យប្រាក់ហើយ យើងមិន យក យើងមិនទទួល ខ្លាចគេហូតតំណែង។ បើយកប្រាក់គេហើយ ត្រូវតែធ្វើតាមគោល បំណងរបស់ម្ចាស់ប្រាក់ មិនហ៊ានជំទាស់ទេ ព្រោះមានអន្តរាគមន៍ពីថ្នាក់លើមក ឲ្យជួយ លៃលកតែរហូតហ្នឹង។
ចំណែកខ្ញុំវិញ ខ្ញុំមិនដែលឲ្យតម្លៃលើអំពើពុករលួយទេ តែម៉ាក់ខ្ញុំតែងតែយិទយោង ខ្ញុំដោយវិធីនេះ ខ្ញុំជាកូន ចង់មិនចង់ ក៏ត្រូវធ្វើតាមគាត់ដែរ ដើម្បីកុំឲ្យម៉ាក់ពិបាកចិត្ត។
កូនម៉ាក់! ដល់ពេលញ៉ាំបាយហើយ នៅសម្ងំក្នុងបន្ទប់ធ្វើអីហ្នឹងកូន? សំឡេងម៉ាក់ ខ្ញុំហៅពីក្រៅបន្ទប់។ ខ្ញុំចេញពីបន្ទប់ ដោយមិនបានឆ្លើយតបទៅម៉ាក់វិញឡើយ ព្រោះតែ អារម្មណ៍ខ្ញុំមិនស្ងប់ នៅគិតងងល់នឹងការងារ ដែលត្រូវបំពេញនាពេលឆាប់ៗខាងមុខនេះ ខ្ញុំដើរចូលទៅតុបាយ ដែលមានលោកប៉ាអង្គុយចាំច្រង៉ាងអានកាសែតយួន។
ម៉េចហើយការងារកូន? កូនរៀបចំរួចរាល់ហើយឬនៅ? (លោកប៉ាសួរខ្ញុំ ដោយ មិនងាយភ្នែកចេញពីទំព័រកាសែតរបស់គាត់ឡើយ)។ ខ្ញុំតបទៅប៉ាវិញតាមតែចិត្តនឹក ឃើញ៖
កូននៅតែមិនចង់ទៅធ្វើជាអភិបាលខេត្តទេប៉ា។
លោកប៉ាងាកភ្នែកចេញពីកាសែត ស្ទើជ្រុះវែនតាចេញពីផ្ទៃមុខរបស់គាត់។ រំពេច នោះអ្នកម៉ាក់ខ្ញុំ ដែលស្លាបព្រាបាយជិតដល់មាត់ទៅហើយ បែរជាទម្លាក់ចុះមកវិញ គាត់ សម្លឹងទៅប៉ា រួចសម្លឹងមកខ្ញុំ ហើយនិយាយ៖
កូនម៉ាក់! ម៉ាក់ឲ្យគេអស់រាប់តម្លឹងមាសបើកូនមិនទៅធ្វើជាអភិបាលខេត្តនៅភាគ ខាងជើងទេ ធ្វើម៉េចនឹងអាចមកធ្វើជាអភិបាលនៅភ្នំពេញបានទៅអនាគត។ កូនឃើញ កូនៗរបស់អស់លោកខ្លះទេ គេសុខចិត្តឃ្លាតឆ្ងាយពីម៉ែឪ ទៅតាមការបញ្ជូនរបស់រដ្ឋ ពិសេសបងរបស់គូដណ្ដឹងកូន រាប់ខែបានមកជួបមុខម៉ែគេម្ដង ហើយប្អូនរបស់ស្រីពៅ មិនទាន់គ្រប់អាយុស្រួលបួលផង ឪពុកគេបញ្ជូនឲ្យទៅនៅព្រំដែន មួយថ្ងៃៗអានាគតម៉ែ ឪក្មេកកូនឯងប្រមូលលុយកាក់គ្មានស្រាកស្រាន ហើយមួយឆ្នាំៗ ប្ដីប្រពន្ធគេដើរលេង ក្រៅប្រទេសក្រៅរាប់សិបជើង ចុះចំណែកគ្រួសារយើងវិញ មាននរណាមានកំណើតដូច គេទេ? អីចឹងហើយបានជាម៉ាក់ខ្នះខ្នែងមិនស្ដាយប្រាក់កាស តាំងពីប្រឡងចូលរៀន ប្រឡងចេញ និងចាប់ប៉ុស្ដិ៍ការងារ លើកណាក៏ម៉ែចាយប្រាក់ដែរ ម៉េចក៏កូននៅតែមិន យល់? សង្គមនេះកូនកុំយកឧត្តមគតិពីសាលាមករកប្រាក់ រកមិនបានទេ។ ម៉ាក់ និងម៉ា បើមិនខ្នះខ្នែង មិនបត់បែន ធ្វើម៉េចមានវិឡាឲ្យកូននៅ មានឡានឲ្យកូនជិះ មានមុខក្នុង សង្គមក្នុងចំណោមអ្នកមានមុខមានមាត់ក្នុងសង្គមសព្វថ្ងៃ។
បានហើយម៉ាក់។ ថ្ងៃណាក៏បង្គាប់កូនឲ្យដើរតាមផ្លូវរបស់ខ្លួនដែរ។ កូនគេរៀន សូត្រ គេចេះដឹងចាងយើង បើកូនចង់មានចង់បានទាន់សង្គមកំពុងច្របូកច្របល់ បើកូន មិនចង់ទៅជាជនធូធារទេ កូនធ្វើអីក៏ធ្វើទៅ ម៉ាក់ និងប៉ា ជួយឯងបានតែប៉ុណ្ណឹងទេ។
ខ្ញុំគិតក្នុងចិត្តម្នាក់ឯង “ខ្ញុំមិនមែនមិនចេះប្រព្រឹតអំពើពុករលួយទេ តែខ្ញុំមានអារម្មណ៍ថា យើងកំពុងតែ ជញ្ជក់ឈាមខ្យង... ប្រទេសជាតិកំពុងក្រីក្រ រដ្ឋជំពាក់បំណុលគេវ័ណ្ឌក មិនដឹងថាមានអីសងគេវិញ ក្រៅពីលក់ធនធានធម្មជាតិ ព្រៃឈើ រ៉ែ និងប្រេងកាត ...មួយរយឆ្នាំទៀតអស់ធនធានទាំងនេះ អ្នកស្រករក្រោយ បានអី រស់ បើជំនាន់នេះ ម្នាក់ៗប្រឹងបូមយកម៉ាឈ្នះដៃ អត់អាណិតជាតិសោះអីចឹង។” តែកុំឲ្យម៉ាក់ពិបាកចិត្ត ខ្ញុំក៏សម្របតាមគាត់៖
ខ្ញុំព្រមហើយម៉ាក់ ខ្ញុំឃើញម៉ាក់ចំណាយពេលច្រើន លុយកាក់ច្រើនជួយកូន កូន ត្រូវតែដើរតាមគន្លងដែលម៉ាក់ត្រួសត្រាយឲ្យ ឲ្យបានសម្រេចមិនខានទេ។
សម្ដីរបស់ខ្ញុំ មិនបានធ្វើឲ្យម៉ាក់ និងប៉ារីករាយប៉ុន្មានឡើយ។ សម្លរកកូរត្នោតដែល ខ្ញុំចូលចិត្ត នៅសល់ពេញចាន ត្រីអណ្ដែងអាំងជាមួយក្ដិបអំពិល ក៏មិនមាននរណាញ៉ាំ ដែរ។ យើងនាំគ្នាចូលបន្ទប់រៀងៗខ្លួន។ ខ្ញុំគិតដល់ពាក្យប្រៀនប្រដៅ ដែលប៉ាខ្ញុំធ្លាប់ណែ នាំថា កុំឲ្យខ្ញុំប្រព្រឹត្តអំពើមិនគប្បីចំពោះអ្នកដទៃ ឲ្យខ្ញុំខំរៀនដើម្បីជួយប្រទេសជាតិ លើកស្ទួយមុខមាត់ក្រុមគ្រួសារ។ ផ្ទូយពីម៉ាក់ ដែលចូលចិត្តរាប់អានតែអ្នកមានជាងខ្លួន ចូលចិត្តលុតក្រាបទៅរកអ្នកមានអំណាច មានបុណ្យបារមីជាងគាត់ រហូតដល់គាត់ស្ដី ដណ្ដឹងស្រីកូនអ្នកធំ មានធនធានឲ្យខ្ញុំទៀតផង។
ទីក្រុងភ្នំពេញក្នុងដំណាក់កាលនេះ អ្នកមានអំណាចកំពុងជែងគ្នាទៅរកតួនាទីល្អ ជាង ប្រសើរជាង។ អ្នកជំនួញព្យាយាមគេចវេសមិនបង់ពន្ធ និងព្យាយាមធ្វើយ៉ាងណា ឲ្យបាននៅជិតអ្នកមានអំណាច ដើម្បីយកធ្វើជាខ្នងបង្អែក កាងមុខរបររបស់គេ។
រថយន្ដទាំងបីគ្រឿងនៅក្នុងវីឡានេះ ក្រុមគ្រួសារខ្ញុំប្រើប្រាស់ដោយមិនបានបង់ពន្ធ នាំចូល និងពន្ធផ្លូវឡើយ។ ឡានប៉ា ពាក់ផ្លាកលេខទាហាន។ ឡានម៉ាក់ផ្លាករបស់រដ្ឋ ឯឡានថ្មីរបស់ខ្ញុំពាក់ផ្លាកនគរបាលជាតិ។ យើងមានរបបសាំងពីក្រសួងគ្រប់គ្នា រីឯក្រុម គ្រួសាររបស់គូដណ្ដឹងខ្ញុំ ដែលមានឡានទាំងឡូ ក៏ដូចគ្នាដែរ។ ចុះមន្រ្តីរាប់ពាន់នាក់ ទៀត? ពិតមែន! ពួកយើងជាអ្នកលួចជាតិយ៉ាងពិតប្រាកដ។ រាល់ថ្ងៃ ខ្ញុំឃើញមាន តែចោរតូចតាចលួចរបស់របរសម្រាប់រស់មួយថ្ងៃៗប៉ុណ្ណោះ ដែលប៉ូលីសចាប់ដាក់ទ្រុង រាប់ឆ្នាំ។ ខ្ញុំចង់ផ្លាស់ប្ដូរទម្លាប់យកច្បាប់ទ្រាប់អង្គុយនេះចេញ។ ខ្ញុំចង់ឲ្យម្នាក់ៗមានសិទ្ធិ ស្មើគ្នាចំពោះមុខច្បាប់ តែម៉ាក់តែងតែលើកពាក្យមកបន្ទុចបង្អាក់ខ្ញុំ “កូនទូលផែនដីម្នាក់ ឯងមិនរួចទេ”។ ខ្ញុំមិនដែលហ៊ានតបនឹងម៉ាក់វិញឡើយ។ ខ្ញុំតែងតែទុកឲ្យគាត់ដឹកនាំខ្ញុំរហូត ព្រោះម៉ាក់មានជម្ងឺ លើសឈាម ខ្ញុំបារម្ភ ប្រសិនបើម៉ាក់ខឹង ហើយទៅជាឈឺនៅលើ គ្រែមិនអាចកម្រើកខ្លួនបាន។
កាលពីអាទិត្យមុន មានមនុស្សម្នាមកផ្ទះច្រើន ពិសេសក្រុមគ្រួសារខាងគូដណ្ដឹងខ្ញុំ ពួកគេមកទាំងអស់គ្នា។ ប៉ាម៉ាក់ទទួលពួកគេដោយកក់ក្ដៅបំផុត។ បាច់ផ្កាដ៏ធំមួយ ខ្ញុំ បានទទួលពីគូដណ្ដឹង ខ្ញុំរីករាយមែនទែន ពិសេសពេលនាងញញឹម។ នាងនិយាយខ្សឹប មកខ្ញុំ៖ “បងទៅធ្វើអភិបាលខេត្តឆ្ងាយ គឺឆ្ងាយពីប៉ាម៉ាក់ ពីអូន អូនដឹង! តែសូបបងកុំយក នារីនៅទីនោះជំនួសអូនអី។ បានទេ?”។ ពិតជាអីចឹងមែនហើយ ក្នុងចិត្តបងមានតែអូន ម្នាក់ប៉ុណ្ណោះ។ “ធ្វើយ៉ាងណាទើបអូនជឿ?”។ ជាសំណួរដែលពិបាកឆ្លើយណាស់ ព្រោះ ខ្ញុំមិនដឹងថាធ្វើយ៉ាងណាឲ្យនាងជឿខ្ញុំទេ។ ខ្ញុំក៏ថើបថ្ពាល់នាងមួយខ្សឺតជំនួសចម្លើយ ត្រង់ៗ ដែលពិបាកហារមាត់ ហើយប្រញាប់នាំនាងចុះទៅជួបចាស់ៗវិញ។
ភ្ញៀវចូលរួមកម្មវិធីជាប់ក្នុងកាមេរ៉ាវិដេអូគ្រប់គ្នា ម្នាក់ៗសរសើរខ្ញុំ សរសើរប៉ាម៉ាក់ ដែលមានកូនប្រកបដោយគន្លងធម៌ ហើយរៀនពូកែ រហូតបានធ្វើជាអភិបាលខេត្តឆាប់ៗ ខាងមុខនេះ។ ពាក្យសរសើររបស់ពួកគេ ធ្វើឲ្យម៉ាក់សប្បាយចិត្តជាងគេ។ ឯខ្ញុំក៏ប្រឹង ញញឹមតបទៅមនុស្សគ្រប់គ្នាជាការគួរសមដែរ។ គិតៗទៅ គួរឲ្យខ្មាស ព្រោះគ្រួសារខ្ញុំ និងខ្ញុំ ប្រឹងសម្ដែងដូចរឿងល្ខោន បង្ហា្ទទៅគេឯង ថាខ្លួនមានសមត្ថភាពអាចធ្វើបាន។ តែការពិតគឺខុសស្រឡះ។ ខ្ញុំអង្គុយមើលឌីវីឌីអនុស្សាវរីយ៍ ដែលថតក្នុងពិធីជួបជុំមិត្តភ័ក្ដិ របស់ប៉ាម៉ាក់ ដើម្បីជប់លៀងជូនដំណើរខ្ញុំទៅបំពេញការងារជាអភិបាលខេត្ត។ មើលវា វារឹតតែធ្វើឲ្យខ្ញុំកាន់តែអៀនខ្មាសចំពោះខ្លួនឯងថែមទៀត។ ខ្ញុំបិទទូរទស្សន៍ ហើយដើរ ចេញទៅយកខ្យល់អាកាសនៅក្នុងសួនកុលាបខាងក្រៅផ្ទះ។
...ជិតដល់ពេលចេញដំណើរហើយ ប៉ាបានទិញឡានមែគសឺដែសថ្មីមួយឲ្យខ្ញុំជិះ ទៅបំពេញការងារ តាមការណែនាំរបស់ អនាគតម៉ែក្មេកខ្ញុំ។ ឡាងមែគសឺដែសថ្មីសន្លាង ធ្វើឲ្យខ្ញុំកាន់តែអាប់ឱនមោទនភាពថែមទៀត។ តាំងពីនៅវិទ្យាល័យ ខ្ញុំបានដឹង ថាការ ប្រឡងរបស់ខ្ញុំ ជាប់ដោយសារម៉ាក់សូក ប៉ាន់គេ។ បន្ដិចម្ដងៗ ខ្ញុំទៅជាមនុស្សកំសោយ និយាយស្ដីមិនសូវម៉ឺងម៉ាត់ដូចមុន ហើយចេះតែមានការភ័យខ្លាច។ ភ័យខ្លាចគេដឹង គេពេបជ្រាយ ពេបជ្រាយឲ្យដល់ពូជអំបូរ ថាជាជនអសមត្ថភាព។ អ្វីៗដែលបានមក គឺ ដោយសារអំពើពុករលួយ។ ខ្ញុំព្យាយាមហាតើការ៉ាត់តេ ដើម្បីពង្រឹងចិត្ត និងរាងកាយ រហូតមក។ ទោះបីទង្វើពុករលួយមិនចុងសម្រុងនឹងសម្បជញ្ញៈរបស់ខ្ញុំ ក៏ខ្ញុំនៅមានចិត្ត ក្លាហានខ្លះដែរ។
នៅថ្ងៃចេញដំណើរ ខ្ញុំមិនបានបើកឡានផ្តាល់ខ្លួនមកទេ ព្រោះអ្នកម៉ាក់ប្ដូរចិត្ត ប្រាប់ឲ្យដាក់ខ្លួនដាក់ប្រាណ ទើបអាចងាយចូលក្នុងចំណោមមនុស្សផ្លែកប្លែកមុខបាន ពិសេសម៉ាក់តែងតែទូន្មានរហូត “កូនត្រូវចេះអត់ធ្មត់ រៀនគិតគូរឲ្យបានវែងឆ្ងាយជាមុន មុននឹងសម្រេចធ្វើអ្វីមួយ ពិសេស ត្រូវស្កាល់ស្គាល់លើក្រោម ឆ្វេងស្ដាំ ព្រោះតំណែង អភិបាលខេត្តមិនងាយរកបានទេ សម្រាប់អ្នកទើបតែចេញពីសាលាថ្មីៗដូចកូន បើបាន ហើយត្រូវរក្សាឲ្យបានល្អ និងខំរៀនសូត្រពីការងារ ព្រោះចេះតែទ្រឹស្ដីពីសាលា មិនមែនជាជោគជ័យពិតប្រាកដឡើយណាកូន”។
ការផ្ទេរដំណែងអភិបាលខត្តខេត្តត្រូវធ្វើបន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃពីខ្មែរ ខ្ញុំស្រូត ចេញ ដំណើរពីភ្នំពេញទៅខេត្តភាគខាងជើងតាមឡានតាក់ស៊ីមួយបាំងកន្លះ។ ការធ្វើ ដំណើរទៅទីនោះ ធ្វើឲ្យខ្ញុំមួរហ្មងក្នុងចិត្តពេកក្រៃ ណាមួយក្នុងឡានដ៏តូចមានអ្នកជិះ ប្រជ្រៀត ណែនណាន់តាន់តាប់ ណាមួយផ្លូវរលាក់ ខ្ញុំស្ទើរតែក្អួតម្ដងៗ ហើយធុញទ្រាន់ នឹង កុងត្រូលជជុះមែនទែន ពេលឆ្លងកាត់ស្ពានម្ដងៗ មានទាហានមកកាក់ទារលុយដូច ជំពាក់ពីកាលណាមកអីចឹង ហើយពួកគេ ពេលខ្លះថែមទាំងគម្រាមអ្នកបើកបរតាមអំពើ ចិត្ត មានកាំភ្លើងកាន់ ស្ពាយ និងមានគ្រាប់រុំជុំចង្កេះ ស្រែកឡូឡាដូចចាប់ចោរអីចឹង។
អ្នកបើកតាក់ស៊ីតាមផ្លូវជាតិលេខប្រាំ និងលេខប្រាំមួយមិនសល់លុយប៉ុន្មានទេ ព្រោះត្រូវចំណាយលើសាំងដ៏ថ្លៃផង បង់ថ្លៃបេនចំណតផង ឲ្យប៉ូលីសចរាចរណ៍តាមផ្លូវ គ្រប់ខេត្តផង និងពិសេសគឺបង់ឲ្យកុងត្រូលជជុះរបស់ពួកទាហាន ដែលដាក់ស្រេចនឹង ចិត្តហូរហែ តាមផ្លូវទាំងនេះតែម្ដង។
ពេលឃើញប៉ូលីសចរាចរណ៍ទារលុយ ខ្ញុំគ្មានអារម្មណ៍ក្ដុកក្ដួលទេ ព្រោះនេះជា រឿង ធម្មតាសម្រាប់អ្នកនៅទីក្រុង ទីនៅប្រជុំជន ដែលនេះមិនមែនជាលើកទីមួយឡើយ ដែលខ្ញុំឃើញទិដ្ឋភាពបែបនេះ គឺខ្ញុំឃើញអំពើពុករលួយតាំងពីនៅរៀនថ្នាក់វិទ្យាល័យម្ល៉េះ ហើយពីមុនៗមកក៏ធ្លាប់អានកាសែត ដែលគេសរសេរពីរឿងកុងត្រូលជជុះអស់ទាំងនេះ ដែរ តែនេះមានកុងត្រួលច្រើនពេក គួរឲ្យអាសូរតៃកុងឡានណាស់ ប្រហែលជាគាត់ មិនសល់ប៉ុន្មានទេ។
វាលស្រែដ៏ហួតហែងវែងដាច់កន្ទុយភ្នែក ចន្លោះពីទីប្រជុំជនមួយទៅទីប្រជុំជន មួយទៀត ជះពន្លឺថ្ងៃបណ្ដើរកូនព្រិចៗ ឃើញគួរឲ្យអាសូរ។ ទីវាលខ្លះគ្មានដើមឈើសូម្បី មួយដើមសម្រាប់លម្អ។ សត្វគោស្គមៗតូចៗ ត្រូវម្ចាល់លែងឲ្យដើរបិចស្មៅកាត់កំដៅថ្ងៃ ដ៏ក្ដៅស្ទើរតែទ្រាំមិនបាន នេះជាភាពអណោចអធ័ម ដែលខ្ញុំមានចិត្តអាណិតជាលើក ដំបូងចំពោះសត្វ។ ឆ្នាំមុនទឹកលិចលង់ភូមិដ្ឋាន ដល់ឆ្នាំនេះ រាំងស្ងួតហួតហែង អាកាស ធាតុប្រែប្រួលលឿនណាស់ អ្នកលំបាក នៅតែជាអ្នកជនបទដាច់ស្រយាលដដែល។
បទចម្រៀងរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់បន្លឺបន្តមិនដាច់នៅក្នុងឡាន ពិសេសបទ ចម្រៀងខ្មែរសុរិន្ទ ដែលច្រៀងបង្អូសវែងៗ បទខ្លះចំអកឡកល៉ើយ កំសាន្ដឆ្នាំឆ្នាំ ក្នុងនោះ មានបទសើងម៉ើង ជាបទពេញនិយមបំផុត សម្រាប់ប្រជាជនខ្មែរនៅឆ្នាំនេះ។
នៅក្នុងឡាន ពុំមាននរណាស្គាល់ខ្ញុំឡើយ។ ចាប់ពីស្រុកក្រឡាញ់ទៅ ខ្ញុំជិះឡាន ជាមួយអ្នកស្រុក ដេលដែលនៅជាប់ផ្នំភ្នំដងរែក ពួកគាត់ចិត្តល្អ រួសរាយរាក់ទាក់ និយាយរដើន គួរឲ្យចង់ស្ដាប់ចង់រាប់អានណាស់ ពេលពួកគាត់ជេរទាហានសុំប្រាក់ម្ដងៗ ខ្ញុំបែរជាសើច ព្រោះសម្ដីអ្នកភូមិគួរឲ្យចង់សើចសម្រាប់អ្នកចំណូលស្រុកដូចខ្ញុំ។ តែពួក ទាហានប្រចាំការតាមកុងត្រូលជជុះនិយាយមិនដូចអ្នកស្រុកអ្នកភូមិឡើយ។
នៅតាមផ្លូវ អាកាសធាតុក្តៅហួតហែងខ្លាំងណាស់ ឡានក៏ខូចម៉ាស៊ីនត្រជាក់ទៀត ម្នាក់ៗ បែកញើសជោគខ្លួន ហើយរិតតែបែកញើសថែមទៀត ពេលទាហានពីរនាក់សម្លុត ទារ ប្រាក់នៅស្ពានអូរជីក ភូមិសាស្រ្តស្រុកចុងកាល់ និងខេត្តសៀមរាប។ គេស្រែក សំឡុតខ្លាំងៗ៖
សុំពីរម៉ឺនមក បើមិនឲ្យបាញ់បែកកង់អាឡូវ។
ប្អូនអើយ! ពីរពាន់ដូចរាល់ដងបានហើយ។
តៃកុងឡានដកប្រាក់ពីហោប៉ៅ ហើយបង្ហើបកញ្ចក់ឲ្យធំជាងមុន ហុចទៅឲ្យអ្នកសុំ ឯគ្នា គេម្នាក់ទៀតកាន់កាំភ្លើង ឈរពាំងពីមុខឡាន។ ទាហានសុំលុយបដិសេធ មិន ទទួលយកប្រាក់ដែលតៃកុងឡានហុចឲ្យ៖ “មិនយកទេ ថ្ងៃនេះមានអ្នកជិះច្រើនផង កុំ សូញសាញពេកមើល តែពីរម៉ឺនទេតើ”។
អ្នកបើកតាក់ស៊ី មិនដកដៃមកវិញឡើយ គាត់រុញរុលប្រាក់ដែលក្ដាប់ជាប់ក្នុងដៃ ចូលហោប៉ៅអាវរបស់ទាហានស្មុំ មើលទៅដូចជាស្និទ្ធស្នាលនឹងគ្នាណាស់អីចឹង។ ប្រាក់ពីរពាន់រៀល ហូរចូលហោប៉ៅទៅហើយ តែអ្នកសុំប្រាក់នៅតែស្រែកសម្លុតតៃកុងឡាន គេស្រែកបណ្ដើរ អាមេកាំភ្លើងអាកាបត់របស់គេបណ្ដើរ ក្នុងទឹកមុខមាំ និងពោរពេញដោយកំហឹងក្នុងខ្លួន៖ “និយាយស្ដាប់គ្នាមិនបានទេអីអា៎? ជិតចូលឆ្នាំថ្មីហើយ ប្រាក់ពីរបីពាន់រៀលយកទៅទិញអីបាន? សុំតែមួយម៉ឺនសោះមិនបាន តិចអញបាញ់ងាប់ឥឡូវ”។
ប្អូនអើយ ខ្មែរដូចគ្នាទេ ខ្ញុំក៏មិនដែលឲ្យប្អូនអត់ដែរ ទៅមករាល់តែដង ខ្ញុំឲ្យប្អូន ចាយវាយ តែរហូតហ្នឹង ម៉េចក៏ថ្ងៃនេះតឹងតែងដាក់បងម្ល៉េះ(អ្នកបើកបរតាក់ស៊ីស្លេកមុខ តែខំសម្រប សម្រួល ដើម្បីឆាប់បានចេញដំណើរទៅមុខទៀត)។
ទាហាននៅតែមិនសុខចិត្ត គេនៅតែចង់បានប្រាក់បន្ថែម ដោយស្រែកគំហក ខ្លាំងៗជាងមុនទៅតៃកុងតាក់ស៊ី៖ “កុំនិយាយច្រើន អ្នកជិះចេញពីឡានទាំងអស់គ្នាភ្លាមមក!”។
ទាហានបាញ់ឡើងលើគម្រាមពីរបីគ្រាប់ រួចទាញបើកទ្វារឡាន ប្រាប់ឲ្យអ្នកជិះ ចេញពីកាប៊ីន។ ខ្ញុំឃើញទិដ្ឋភាពពាលបែបនេះតែក្នុងភាពយន្តប៉ុណ្ណោះ ខ្ញុំភ័យស្ទើរតែ គាំងបេះដូងពេលឮ កាំភ្លើងផ្ទុះ តែខំតាំងចិត្តលូកមាត់និយាយលួងលោមបន្ថែមទៅ ទាហាន ដែលកំពុងខឹងនឹងម្ចាស់ឡាន៖ “ខ្ញុំឃើញគាត់បង់ឲ្យគេតាមផ្លូវហួរហែអស់ច្រើន ហើយ ល្បងយកប៉ុណ្ណឹងទៅ ទុកឲ្យគាត់បានសល់ចិញ្ចឹមកូនចៅខ្លះផង”។
កុំចេះ! មិនមែនរឿងបោះអ្ហែងទេ តិចដាក់ម៉ាំងឥឡូវ។
ទាហានយាដៃទះកំភ្លៀងខ្ញុំ តែខ្ញុំមិនអនុញាតឲ្យគេមើលងាយឡើយ ក៏តបតទៅ វិញដើម្បីការពារខ្លួន ហើយចាប់យកកាំភ្លើងគេបានទាំងពីរដើម រួចដោះបង់គ្រាប់ចេញ ទម្លាក់ទៅលើដី។ ខ្ញុំទប់ចិត្តលែងបានមែនទែន ពេលទាហានដែលដួលទៅហើយ ក្រោក ឡើងបាចដីដាក់មុខខ្ញុំ ហើយស្ទុះមកវាយខ្ញុំ ខ្ញុំការពារខ្លួនទល់នឹងទាហានស្រុកស្រែ ស្គមៗពីរនាក់នេះមិនលំបាកទេ ខ្ញុំទាត់ទាហានទាំងពីរថែមរហូតពួកគេប៉ោងមុខ អង្វរ សុំមិនយកប្រាក់ សុំរួចតែខ្លួនត្រឡប់ទៅបន្ទាយវិញ។ ឯតៃកុងឡានវិញអង្វរខ្ញុំកុំវៃពួក ទាហានទៀត ខ្លាចទាហាននៅមានគំនុំ គាត់មិនអាចរត់ ឡានឆ្លងកាត់ ម្ដុំនេះបាន។ ខ្ញុំមិនដែលវាយមនុស្សទេ តែនេះខ្ញុំត្រូវការពារខ្លួន និងព្រមានដល់ជនដែលព្រហើន ធ្វើ បាបប្រជាជន។ ពេលទាហានរត់បាត់អស់ ខ្ញុំប្រាប់ទៅតៃកុងឡាន៖ ចូលឆ្នាំហើយ បងនាំខ្ញុំមកកន្លែងនេះវិញ។ គាត់ងក់ក្បាលតប។ ឯអ្នកជិះឡានជាមួយ ម្នាក់ៗមើកបើក ភ្នែកសម្លឹងខ្ញុំ ខ្លះខ្សឹបគ្នាមិនដឹងជារឿងអីទេ ខ្លះប្រាប់ឲ្យខ្ញុំប្រយ័ត្នខ្លួន ព្រោះខ្លាចពួក ទាហានមកសងសឹក ខ្លះសួរពីសាវតារបស់ខ្ញុំ។ តែមិនមានចម្លើយណាមួយ ចេញពីខ្ញុំ ប្រាប់ទៅពួកគាត់ឡើយ ខ្ញុំគ្រាន់តែញញឹមតបវិញតែប៉ុណ្ណោះ។
ភាពសប្បាយរីករាយថ្ងៃបុណ្យចូលឆ្នាំពិតជាសប្បាយមែន មានល្បែងប្រជាប្រិយ ផ្លែក ការប្រារព្វពិធីបុណ្យតាមប្រពៃណីនៅវត្តអារាម មើលទៅផ្លែកប្លែកពីភ្នំពេញណាស់ ពិសេសគេលេងម៉មធ្យូង ម្នាក់ៗខ្លួនខ្មៅស្រម៉ក។ អ្នកស្រវឹងក៏មានច្រើនដែរ ឯល្បែង ស៊ីសងវិញ មិនបាច់និយាយទេ មានពាសពេញភូមិស្រុកតែម្ដង។
...ពិធីផ្ទេរដំណែងអភិបាលខេត្តបានចប់សព្វគ្រប់។
ល្ងាចនេះ ខ្ញុំនាំកម្លាំងទៅពិនិត្យភូមិសាស្រ្តស្រុកចុងកាល់ ទៅពិនិត្យប្រាសាទព្រហ្ម កិល ដែលរងការបំផ្លាញ ជីកគាស់រកកំណប់ពីជនខិលខូច។ ក្នុងពេលចុះទៅសួរសុខ ទុក្ខប្រជាជន ខ្ញុំមានបំណងទៅចាប់ទាហានណា ដែលដាក់កុងត្រួលជជុះតាមផ្លូវ និងទៅ មើលទាហានដែលខ្ញុំវាយកាលពីជាងមួយសប្តាហ៍មុនផង តើពួកគេនៅកងអង្គភាព ណាមួយ។ នៅតាមផ្លូវទៅស្រុកចុងកាល់ ពុំមានកុងត្រូលជជុះ ទៀតទេ ខ្ញុំសប្បាយចិត្ត ដែលឃើញបែបនេះ ព្រោះខ្ញុំបានប្រជុំជាមួយនគរបាល និងមន្រ្តីយោធាតាមអង្គភាព នានា ដោយយកគោលការណ៍ណែនាំពីរដ្ឋាភិបាល ធ្វើជាសំអាង ហើយពួកម្នាក់ៗគេ ធានាថានឹងមិនឲ្យមានកុងត្រូលជជុះនៅតាមផ្លូវជាតិ ដែលគេបោះបង់ចោលនេះទៀត ទេ។
តៃកុងឡានតាក់ស៊ី ដែលខ្ញុំជិះពីពេលមុនបានទៅនៅចាំខ្ញុំឯស្ពានអូរជីកជាស្រេច ពេលគាត់ឃើញខ្ញុំ គាត់ភាំងស្មារតី ហើយលើកដៃជម្រាបសួរយ៉ាងគួរសមបំផុត ខ្ញុំក៏តប ទៅគាត់វិញ ដោយសួរសុខទុក្ខតាមធម្មតា។ ខ្ញុំបានដើរទៅក្នុងបន្ទាយទាហានតាមការ អញ្ជើញរបស់មេបញ្ជាកងការវរសេនាធំ ដែលនៅចាំជាស្រេច។ បន្ទាប់ពីពិភាក្សាពី យុទ្ធសាស្រ្តកំចាត់គឿងញៀន ការកាន់កាប់ដីខុសច្បាប់ និងសន្ដិសុខក្នុងតំបន់នេះរួចមក ខ្ញុំបានដើរទៅតាមផ្ទះទាហាននានានៅក្រៅបន្ទាយ ដែលជាបំណងរបស់ខ្ញុំ ព្រោះខ្ញុំចង់ ប្រាប់ទៅទាហានដែលខ្ញុំវាយកាលពីប៉ុន្មានថ្ងៃមុន ថាឈប់ឲ្យគេព្រហើនដាក់ប្រជាជន ឲ្យគេចេះស្រឡាញ់ជីវិតមនុស្ស ឲ្យគេចេះអត់ឪឱនអធ្យាស្រ័យ និងកុំបង្ករបញ្ហាដូចជា បង្កើតកុងត្រូលជជុះតទៅទៀត ព្រោះបើគេនៅតែធ្វើបែបនេះ នោះនាំឲ្យខូចឈ្មោះថ្នាក់ ដឹកនាំកំពូលៗ ពិសេសខូចកេរ្តិ៍ឈ្មោះបក្ស ហើយខ្ញុំក៏ចង់ឲ្យគេដឹងផងដែរ ថាខ្ញុំនេះជា នរណា?។
ខ្ញុំដើរទៅដល់ផ្ទះទាហានម្នាក់ឈ្មោះបឿន ពីរនាក់ពូឡូតតៃកុងតាក់ស៊ី ដើម្បីលើក ទឹកចិត្ត គាត់កុំឲ្យខ្លាចទាហានសងសឹក។ នៅក្នុងផ្ទះទាហានបឿនគ្មានអ្វីទេ គាត់ដេក លើគ្រែឬស្សី ក្រោមដំបូលប្រក់ស្បូវ និងកៅស៊ូតង់ព័ទ្ធធ្វើជាជញ្ជាំង គាត់ក្រោកមិនរួច ប្រហែលជាទ្រមខ្លួនដោយសារវាយគ្នា កាលពីប៉ុន្មានថ្ងៃមុន ប្រពន្ធបងបឿន ដែលមាន សសៃខ្ចីទើបឆ្លងទន្លេហើយបានបួនប្រាំថ្ងៃ ផ្លុំបង្កាត់ភ្លើងដាំបបរឲ្យប្ដី ឯកូនៗទាំងប្រាំនាក់ អង្គុយលើកៅអីឈើរហង់ ខ្លះរកចៃ ខ្លះប៉ះសម្លៀកបំពាក់ទាហានចាស់ៗឲ្យឪពុក។ ពួក គេសម្លឹងខ្ញុំភ្លឹសៗ ប្រហែលជាឆ្ងល់នឹង វត្តមានរបស់ខ្ញុំ។ កូនស្រីជំទង់របស់គាត់ បុក ប្រហុកជាមួយម្អមស្រែ នឹងដុតក្ដាមខ្យង សម្រាប់ធ្វើអាហារ។ ឯកូនប្រុសម្នាក់កាន់បាយ កកបរិភោគជាមួយអំបិលគ្រួស ហើយលើផ្ទៃមុខប្រឡាក់ស្រម៉កដោយសំបោរហៀហូរ លែងខ្លួនទទេរ ខោជើងវែងចងវល្លិ៍ថ្នឹងជាខ្សែក្រវាត់ ជើងខោឆ្វេងរហែករញ៉ៃ ហើយ ខោចខ្លីជាងជើងម្ខាងទៀត គេសម្លឹងមុខខ្ញុំដោយអៀនប្រៀន។
ខ្ញុំមិនទាន់បានសួរនាំអីផង ប្រពន្ធបងបឿនសួរផង និងប្រាប់មកពួកយើងផងទាំង ត្រម៉ាត់ត្រម៉ុយថា៖ “មកមានការអីដែរ? ឪវា ត្រូវគេវាយ ខានទៅបន្ទាយប៉ុន្មានថ្ងៃហើយ ដេកក្រោកមិនរួចទេ”។
គាត់នៅឯណា? (ខ្ញុំសួរទៅប្រពន្ធទាហាន។)
នោះ! នៅដេកលើកន្ទេល។ គាត់ចង្អុលទៅមុង ដែលចងនៅលើខ្ទម ហើយបន្ត ទៀតថា៖ “ពូវាឯងមើល! ឪវាគេឲ្យទៅយាមស្ពាន។ បានយាមស្ពានគ្រាន់បានប្រាក់ទិញ ត្រីសាច់ អំបិល ប៊ីចេង ទិញបារីជក់ និងឲ្យទៅមេខ្លះ ដឹងអីត្រូវគេវាយរហូតបាក់ឆ្អឹងក្រោក មិនរួច ហើយឥឡូវ មានអាចៅហ្វាយខេត្តថ្មី មិនដឹងជាវាសូកគេអស់ប៉ុន្មានទេ ទើបបាន មកធ្វើ ចៅហ្វាយខេត្តនេះ វាបានដាក់បញ្ញត្តិច្បាប់ស្អីមិនដឹង មិនឲ្យទាហានយាមតាមផ្លូវ វាថា ដាក់កុងត្រូលជជុះនាំឲ្យមានអំពើពុករលួយ តែប្ដីខ្ញុំធ្វើតាមតែបញ្ជារបស់មេទេតើ ...មាន តែពួកវាទេ ដែលមកគ្រប់គ្រងទឹកដីនេះ ដោយអំពើពុករលួយ មិនដឹងថាវាសូក ប្រាក់គេ អស់ប៉ុន្មានតំឡឹង ទើបបានឋានៈហ្នឹង ឯយើងយកលុយពីរបីពាន់រៀលតាមតែមេ កំណត់ឲ្យធ្វើ គ្រាន់នឹងរស់បែរជាចោទយើងថាបង្កើតអំពើពុករលួយ ចង់រកចាប់ដាក់គុក ដាក់ច្រវ៉ាក់ទៀត។”
ចាំបាច់យកលុយគេធ្វើអីមីងអើយ! ក្រែងទាហានមានប្រាក់ខែដែរតើ? (ខ្ញុំសួរកាត់ ប្រពន្ធបងបឿន)
ធ្វើតាមមេប្រាប់ទេពូវា។ បើមិនរកលុយ បានអីស៊ី ប្រាក់ខែទាហានប្រាំខែហើយ មិនទាន់បានបើកទេណា! ប្រពន្ធកូនរត់តាមប្ដីមិនមានដីធ្លី ផ្ទះសម្បែង មិនមានស្រែភ្លឺ សម្រាប់ធ្វើ ឲ្យយើងរស់យ៉ាងម៉េច? អីចឹងហើយបានជាមេៗ ដាក់វេនឲ្យទាហានយាម ផ្លូវរកប្រាក់ ចាយខ្លះៗទៅ។
ប្រពន្ធពូបឿន ងាកទៅបំបៅកូន ដែលគេងនៅគ្រែទន្ទឹមប្តីគាត់ ហើយប្រាប់ឲ្យកូន ស្រីច្បង របស់គាត់កាត់ស្លឹកចេកដុតប្រហុកបន្ថែម និងនិយាយបន្ដមកខ្ញុំ៖ “អាចៅហ្វាយ ខេត្តណាក៏ដូចអាចៅហ្វាយខេត្តណាដែរ បើមិនយកដីអ្នកស្រុកលក់ បើមិន កាប់ឈើលក់ ធ្វើម៉េចពួកវាមកធ្វើការងារនៅខេត្តនេះ។ ប្អូនមើល! ព្រៃទៅជាវាលអស់ ទៅហើយ នេះមិនដោយសារស្នាដៃចៅហ្វាយខេត្តទេអី។ នរណាហ៊ានធ្វើ បើចៅហ្វាយ ខេត្តមិនឲ្យ ធ្វើ។ ពួកទាហានយើង ច្បាំងតាំងពីមានខ្មែរក្រហមរហូតអស់ខ្មែរក្រហម តាំង ពីកូនមួយ រហូតកូនបួនប្រាំម្នាក់ៗ គ្មានបានសល់អីទេ”។
កូនពៅរបស់គាត់នៅតែយំ។ មីងប្រពន្ធទាហានដាក់កូនឲ្យគេងលើគ្រែវិញ រួចងាក មក និយាយជាមួយខ្ញុំទៀត៖ “ឪវាឈឺ រកតែប្រាក់ទិញថ្នាំព្យាបាលក៏មិនបាន គ្មាននរណា ជួយទេ ខ្ញុំចង់តែទៅជេរអាចៅហ្វាយ ខេត្តថ្មីឲ្យអស់ចិត្តទេ ប្រាក់ខែទាហានវាមិនព្រម បើកឲ្យ មិនដឹងជាវាចង់មានចង់បានលើ ញើសឈាមគេដល់ណាទៀត។ ហើយបើខ្ញុំ ចាប់បាន អាតៃកុងឡានដែលវាយប្ដីខ្ញុំ ខ្ញុំនឹងចិញ្ចាំវាឲ្យខ្ទេចតែម្ដង។”
ខ្ញុំឈរស្ដាប់ប្រពន្ធទាហានជេរ... ពូតៃកុងឡានមើលមុខខ្ញុំភ្លឹសៗ ហើយសសៀរ ចូលទៅបន្ទាយវិញ។ ក្នុងចិត្តខ្ញុំ តាមតែចិត្តខឹងនឹងពូបឿន ចង់តែចាប់ដាក់គុក ឬវាយ ថែមឲ្យណាណីម្ដង។ តែបែរជាត្រូវខ្មាស់នឹងខ្លួនឯងទៅវិញ ដែលមិនបានពិចារណាល្អិត ល្អន់ ចង់ព្យាបាទកូនទាហានតូចតាច ក្រីក្រតាមកំហឹងរបស់ខ្លួន។ ប្រពន្ធបងបឿន និយាយត្រូវណាស់ គឺខ្ញុំសូកប៉ាន់គេ ដើម្បីបានធ្វើជាអភិបាលខេត្ត គឺខ្ញុំពិតជាបានធ្វើ អីចឹងមែន! មនុស្សពុករលួយស៊ីលុយកាក់រាប់សិបតំឡឹងមាស មានវីឡានៅ មានឡាន ជិះល្អៗ ដេកម៉ាស៊ីនត្រជាក់ ម៉េចក៏អ្នកមានឧត្តមគតិមិនថ្កោលទោលទោស? ម៉េចក៏មិន ចាប់ពិរុទ្ធ? ម៉េចក៏មកធ្វើបាបទាហានអត់ប្រាក់ខែ? ប្រហែលមិនមែនមានតែខ្ញុំម្នាក់ទេ ដែលសូក ប៉ាន់គេ ដើម្បីបានតំណែងធំដុំបែបនេះ។
ខ្ញុំឲ្យប្រាក់ប្រពន្ធបងបឿនខ្លះ ទុកទិញថ្នាំព្យាបាលឲ្យប្ដីគាត់ ហើយលាក្រុមគ្រួសារ បងបឿនទាំងសៅហ្មងក្នុងចិត្ត។ មិនគួរណាខ្ញុំគិតខ្លី ចង់ឈ្នះចាញ់ មិនមើលកាលៈទេសៈ សោះ! ប្រាក់កាសតែពីរមឺនរៀលសោះ ខ្ញុំយារដៃវាយមនុស្សវិះស្លាប់។ នេះមកពីខ្ញុំពុំមាន ពិសោធគ្រប់គ្រាន់ធ្វើជាអ្នកដឹកនាំគេ នេះមកពីខ្ញុំមានមោទនភាពចំពោះខ្លួនឯងខ្លាំងពេក ទេដឹង ទើបបណ្ដាលឲ្យខ្ញុំមានវិប្បដិសារៈបែបនេះ។ ខ្ញុំពិតជាមន្រ្តីពុករលួយ។ ខ្ញុំមិនមែន បានតំណែងអភិបាលខេត្តដោយមិនសូកប៉ាន់នោះទេ។ ខ្ញុំជាសមាជិកបក្សថ្មីថ្មោងម្នាក់ ហើយខ្ញុំដឹងខ្លួនឯងច្បាស់ថា ខ្ញុំពុំទាន់មានសមត្ថភាពគ្រប់ គ្រាន់សម្រាប់ដឹកនាំខេត្តដ៏ ក្រីក្រមួយនេះទៅបានប្រសើរឡើយ ក្រៅពីស៊ីញ៉េព្រមតាម សំណើររបស់អ្នកខាងលើ ធ្វើតាមអន្តរាគមមន្រ្ដីធំៗកំពូលៗ រួមដៃបំផ្លាញធនធានក្នុង ខេត្តមួយនេះឲ្យរឹតតែហិន ហោចទៅៗ។
មិនបានប៉ុន្មានខែផង ខ្ញុំត្រូវបានរដ្ឋាភិបាលផ្ទេរឲ្យទៅបំពេញការងារនៅក្រសួងវិញ ព្រោះ តែខ្ញុំពុំព្រមចុះហត្ថលេខាផ្ដល់ដីសម្បទានដ៏ធំចុងក្រោយទៅឲ្យក្រុមហ៊ុនបរទេស មកពីប្រទេសវៀតណាម និងកូរ៉េ សម្រាប់វិនិយោគ។ ឯតំណែងអភិបាលខេត្តដ៏ក្រីក្រ មួយនេះ ត្រូវបានលក់ទៅឲ្យអ្នកមានប្រាក់ម្នាក់ផ្សេងទៀត។ ចាប់ពីពេលនោះមក ខ្ញុំដឹង ថា ព្រៃឈើត្រូវបានកាប់បំផ្លាញយ៉ាងដំណំ ដីត្រូវសម្បទានទៅឲ្យក្រុមហ៊ុនឯកជនរាប់ម៉ឺនហិកតា ប្រជាជននៅតែក្រីក្រដោយងើបមុខមិនរួច...
ម៉ាឡែនគូដណ្ដឹងខ្ញុំ ក៏សុំបែកផ្លូវពីខ្ញុំទៀត។ ម្ដាយនាងជូនពាក្យមកម៉ាក់ខ្ញុំវិញ។ គេឲ្យ នាងទៅរៀបការជាមួយកូនមន្រ្តីទូត ហើយទៅរស់នៅឯបរទេសក្នុងពេលឆាប់ៗ ខាងមុខ ម៉ាឡែននាងប្រាប់ខ្ញុំទាំងរអាក់រអួលថា៖ “អូនជាអ្នកក្បត់បង។ បងមិនចាំបាច់ បន្ទោសអូនទេ អូនដឹងថា បងពិតជាឈឺចាប់ក្នុងចិត្ត។ បងដឹងទេ អូនជាអ្នកក្បត់បង អូន ក៏ឈឺចាប់ណាស់ដែរ។ មិនដឹងជាកម្មអី គ្រួសារយើងមានសម្បត្តិអ្វីៗមិនខ្វះ តែម៉ាក់របស់អូន គាត់ចង់ឲ្យអូនមានប្ដីជាអ្នកមានមុខមានមាត់ក្នុងសង្គម ដើម្បីឲ្យគ្រួសារនេះកាន់តែ មានឈ្មោះ មានសំឡេងក្នុងស្រទាប់មហាជន។ អូនសង្ឃឹមថា បងនឹងរកបាននារី ម្នាក់ល្អជាងអូន មិនខាន។ អូនជូនពរ។”
ខ្ញុំញញឹមតបទៅនាងវិញតែក្នុងកែវភ្នែកខ្ញុំស្ទើរតែស្រក់ឈាម ព្រោះតែទប់ភាព ខ្ចាត់ព្រាត់នេះមិនបាន។ ខ្ញុំជាមុរសទន់ខ្សោយ សូម្បីនារីម្នាក់ ដែលស្រឡាញ់ពេញបេះ ដូង ក៏យកមកធ្វើជាប្រពន្ធមិនបាន។ បាត់បងនាង ខ្ញុំបាត់បងភាពម្ចាស់ការក្នុងខ្លួន បាន ត្រឹមតែតបទៅនាង ដោយបណ្ដោយទៅតាមកម្ម៖ “បងពិតជាស្ដាយការបែកគ្នានេះ ណាស់! តែមិនអីទេ អូនតាមម្ដាយអូនល្អហើយ អូននឹងឈប់នឹកនាដល់បង ពេលអូន ទៅរស់នៅ ជាមួយប្ដីអូន ពេលអូននៅឆ្ងាយពីបង។”
ម៉េចក៏បងមិនឃាត់អូន?
បងស្រឡាញ់អូនទើបបងធ្វើដូច្នេះ។ បើអូនមិនព្រមរៀបការជាមួយកូនលោកទូត ទេ មនុស្សច្រើននាក់ណាស់ ដែលមានបញ្ហា អូនក៏ដឹង ថាឪពុកអូន បងប្អូនរបស់អូនម្នាក់ៗ សុទ្ធតែមានអង្គរក្ស ឪពុកបងក៏មានដូចគ្នា។ ណ្ហើយ! កុំឲ្យពួកគេកាប់សម្លាប់គ្នា ព្រោះតែរឿងរបស់យើងអី។ បងពិតជាមិនចង់ឃ្លាតពីអូនមែន តែបងក៏មិនចង់ឲ្យចាស់ៗ ក្លាយជាសត្រូវនឹងគ្នាដែរ។
ម៉ាឡែនទឹកភ្នែករលីងរលោង ខ្ញុំហុចក្រកាសឲ្យនាងជូតទឹកភ្នែក បន្ដិចក្រោយមក បងប្រុសរបស់នាងមកទទួលត្រលប់ទៅផ្ទះវិញ បងរបស់នាងគឺជាមិត្តរបស់ខ្ញុំ គេជាមន្រ្តី ធំដែរ តែមិនដែលទៅបំពេញការងារអីទេ ម្ង៉ៃៗគិតតែពីជំនួញក្នុងក្រុមហ៊ុនរបស់គេ ជួប គ្នាថ្ងៃនេះ យើងមិនបានរាក់ទាក់រកគ្នាដូចមុនទេ គេគ្រាន់តែញញឹមដាក់ខ្ញុំបន្ដិចប៉ុណ្ណោះ។
បុណ្យសក្ដិក៏អស់ គ្រួសារក៏អាប់ឱន គូដណ្ដឹងក៏បែកចិត្ត ខ្ញុំយុងចិត្តមែនទែន តែក៏ សប្បាយខ្លះដែរ ពេលដែលបានរស់នៅក្នុងជីវិតសាមញ្ញៗដូចគេឯង លែងខ្វល់ខ្វាយនឹងភាពឧត្តុងឧត្តមថ្កើងថ្កានដូចមុន។ ឯអ្នកម៉ាក់ខ្ញុំវិញមុខមិនរីកសោះ ថ្ងៃណាក៏បន្ទោស ថ្ងៃ ណាក៏ប្រាប់ខ្ញុំឲ្យមើលតាមគេ ធ្វើតាមអ្នកនេះ អ្នកនោះ។ ចំណែកប៉ាវិញ ប៉ាមិន ស្ដីបន្ទោសអីទេ គ្រាន់តែនិយាយណែនាំខ្លះៗថា៖ “កូនធំហើយ ត្រូវរៀនពីកំហុស កន្លងមក អ្វីដែលកូនពេញចិត្តចង់ធ្វើ ចង់បានក្នុងជីវិតនេះ មិនប្រាកដថាអាចធ្វើ បានតាមចង់ទេ សូម្បីតែម៉ាឡែន។ ប៉ាមិនមែនចំអកឲ្យកូនទេ ប៉ាគ្រាន់តែចង់រម្លឹកប្រាប់កូនឲ្យ ដឹងខ្លះៗ ឲ្យមានពិសោធន៍ក្នុងជីវិត ចៀសវាងថ្ងៃក្រោយថ្លោះធ្លោយទៀត។”
ខ្ញុំមិនបានតបទៅប៉ាទេ។ តែបាយល្ងាចថ្ងៃនេះ ខ្ញុំញ៉ាំបានច្រើនជាងរាល់ដង។ ចុងក្រោយ មុននឹងប៉ាក្រោកចេញពីតុបាយ ប៉ាប្រាប់យ៉ាងខ្លីថា៖ “ប៉ាប្រហែលមិនសូវមាន ពេល និយាយជាមួយកូនច្រើនដូចពេលនេះទេ ព្រោះបីថ្ងៃទៀត ប៉ាត្រូវទៅបំភ្លឺនៅ តុលាការ មិនដឹងថា មានទោសកម្រិតណា។ តែសូមកូនចាំថា ប៉ាមិនបានធ្វើអីខុសទេ! នេះគឺគេ ទម្លាក់កំហុសឲ្យប៉ា គេមានអំណាចខ្លាំងជាងប៉ា គេអាចធ្វើអ្វីក៏បាន។ សង្គម យើងគឺអីចឹង។”
ចុងក្រោយ ប៉ាសម្រេចនិរទេសខ្លួនរត់ចោលស្រុក។ អ្នកម៉ាក់នឹងខ្ញុំ បានសម្រេច ចិត្ត ទៅនៅជនបទឆ្ងាយពីគេឯង រង់ចាំចេញទៅរស់នៅក្រៅប្រទេសដែរ។ ខ្ញុំនៅមាន វិប្បដិសារជាប់ក្នុងសម្បជញ្ជៈជានិច្ច កាលណាខ្ញុំនឹក ដល់រឿងនេះ។ ខ្ញុំធ្លាប់ជាឧត្តមមន្រ្តី ម្នាក់ ចេញពីសាលាភូមិន្ទរដ្ឋបាល បានសញ្ញាប័ត្រដោយសូកលុយគេ ហើយមានឧកាសដឹកនាំសង្គមតូចមួយម្ដងដែរក្នុងមួយឆាកជីវិតនេះ តែគួរឲ្យសោកស្ដាយពន់ពេក គួរឲ្យ ខ្មាស ខ្លួនឯងពន់ពេកណាស់ ដែលខ្ញុំដុះក្នុងសង្គមដ៏សែនពុករលួយ ហើយដែលខ្ញុំពុំមានឧត្តមគតិជាខ្មែរ ចូលរួមចំណែកកសាងសង្គមសូម្បីបន្ដិច ក្រៅពីរួមដៃបំផ្លាញប្រទេសជាតិរបស់ខ្លួន... ក្នុងជីវិតនេះខ្ញុំមានតែក្ដីអាម៉ាស់ដាមជាប់ក្នុងខ្លួនជម្រះមិនបាន៕
No comments:
Post a Comment