By Tararith
អនុស្សាវរីយ៍នៃការបែកព្រាត់
ការរង់ចាំ និងវិប្បដិសារី
ជាងសាមសិបឆ្នាំហើយ
ដែលខ្ញុំរស់នៅលើទឹកដីសហរដ្ឋអាមេរិក
ដោយមិនដែលបានវិលត្រឡប់ទៅជាន់ដីកំណើតរបស់ខ្លួនសូម្បីតែម្តង។
ខ្ញុំរស់នៅក្នុងប្រទេសដែលមានផ្លូវថ្នល់ធំទូលាយ អគារខ្ពស់ៗ និងជីវិតមួយដែលមនុស្សម្នាអាចរៀបចំអនាគតរបស់ខ្លួនបានដោយសេរី។
ខ្ញុំមានគ្រួសារ មានការងារធ្វើ មានផ្ទះសម្បែង និងមានអ្វីៗជាច្រើនដែលខ្ញុំត្រូវការដើម្បីរស់នៅដោយសុខស្រួល។
ប៉ុន្តែនៅក្នុងទីជម្រកដ៏កក់ក្តៅនេះ មានអ្វីមួយនៅក្នុងចិត្តខ្ញុំដែលមិនអាចបង្រ្គប់បាន
នោះ គឺប្រទេសកម្ពុជា។
ពេលព្រឹក
នៅពេលខ្ញុំបើកបង្អួចមើលពន្លឺថ្ងៃរះពីលើចុងព្រឹក្សព្រៃ
ខ្ញុំតែងនឹកឃើញពន្លឺថ្ងៃដែលធ្លាប់រះលើវាលស្រែស្រុកខ្មែរ។ ពេលភ្លៀងធ្លាក់
ខ្ញុំនឹកឃើញក្លិនដីសើមនៅតាមផ្លូវរទេះ។ ពេលឮសំឡេងសត្វយំនៅក្នុងសួនច្បារ
ខ្ញុំក៏នឹកដល់សំឡេងមាន់រងាវពីជង្រុកដែរ។ សូម្បីតែពេលអង្គុយញ៉ាំបាយជាមួយប្រពន្ធកូន
ខ្ញុំក៏នឹកដល់គ្រែឫស្សីចាស់មួយនៅផ្ទះឪពុកម្តាយខ្ញុំ ដែលប្រហែលជាបានបាត់បង់ទៅជាមួយនឹងជីវិតរបស់សាច់ញាតិ
ដែលធ្លាប់អង្គុយជុំគ្នានៅទីនោះ។
ខ្ញុំមិនដឹងថា
ឪពុកម្តាយរបស់ខ្ញុំបានស្លាប់នៅថ្ងៃណា ឬនៅទីណានោះទេ។ ខ្ញុំមិនដឹងថា
បងប្អូនញាតិមិត្តដែលធ្លាប់ស្គាល់មុខគ្នាតាំងពីកុមារភាព នៅរស់ ឬស្លាប់
ខ្ញុំមិនដឹងថា ផ្ទះដែលធ្លាប់ជាជម្រករបស់ខ្ញុំ នៅសល់ដំបូលដែរឬអត់ តែអ្វីដែលខ្ញុំដឹង
គឺខ្ញុំនៅតែមានស្រុកកំណើតនៅក្នុងចិត្ត ហើយស្រុកកំណើតនោះតែងតែឲ្យខ្ញុំនឹករឭកជានិច្ច
ទោះបីខ្ញុំមិនអាចត្រឡប់ទៅរកទីនោះតាមចិត្តចង់ក៏ដោយ។
ពេលខ្លះ
ខ្ញុំភ្ញាក់ពីដំណេកនៅកណ្តាលអធ្រាត្រ។ ខ្យល់ក្ដៅពីប្រព័ន្ធកម្ដៅក្នុងផ្ទះរសាត់មកលើផ្ទៃមុខ
ខ្ញុំបែរជាមានអារម្មណ៍ថា ខ្លួនឯងកំពុងដេកនៅក្នុងខ្ទមចាស់មួយក្បែរទំនប់បឹងត្រពាំងថ្មទៅវិញ។
ខ្ញុំនៅតែឮសំឡេងមនុស្សស្រែកឲ្យជួយ សំឡេងជើងដើរលើដីភក់ និងសំឡេងកាំភ្លើងបន្លឺឡើងពីទីងងឹត។
ខ្ញុំឃើញមុខមនុស្សដែលធ្លាប់ដេកក្បែរខ្ញុំ ដែលនៅព្រឹកបន្ទាប់ពួកគេមិនអាចងើបឈរបាន។
ខ្ញុំឃើញមនុស្សដែលដើរចេញពីភូមិជាមួយខ្ញុំ ហើយបាត់ខ្លួនតាមផ្លូវ
ដោយគ្មាននរណាដឹងថាពួកគេត្រូវគេនាំយកទៅទីណា។
នៅពេលខ្ញុំភ្ញាក់ដឹងខ្លួន
ខ្ញុំតែងប្រាប់ខ្លួនឯងថា ខ្ញុំមិនបាននៅទីនោះទៀតទេ។ ខ្ញុំរស់នៅអាមេរិក។
ខ្ញុំមានប្រពន្ធឈ្មោះម៉ូលី និងកូនស្រីម្នាក់ឈ្មោះនីកាដែលខ្ញុំស្រឡាញ់យ៉ាងខ្លាំង។
ខ្ញុំមិនចាំបាច់រត់គេចពីកាំភ្លើង ឬខ្លាចថានឹងគ្មានអាហារបរិភោគនៅថ្ងៃស្អែកឡើយ។
មុនពេលជីវិតខ្ញុំប្រែក្លាយទៅជាដំណើររត់គេចដ៏វែងឆ្ងាយ
ជីវិតខ្ញុំត្រូវបានរៀបចំទុកជាមុនរួចស្រេច។ ខ្ញុំកើតនៅក្នុងគ្រួសារមួយ ដែលឪពុកម្តាយរបស់ខ្ញុំមានជំនឿថា
ការសិក្សាព្រះធម៌
និងការរស់នៅក្នុងសាសនាអាចនាំឱ្យកូនប្រុសរបស់ខ្លួនក្លាយជាមនុស្សមានចំណេះដឹង
និងសេចក្តីថ្លៃថ្នូរ។ ខ្ញុំបានចូលបួសនៅឆ្នាំ១៩៧០
ហើយបន្ទាប់មកបានចូលរៀនសាលាបាលីនៅទីក្រុងភ្នំពេញ។ ខ្ញុំគិតតែពីការសិក្សា។
ចំពោះខ្ញុំ ជីវិតគឺជាផ្លូវវែងមួយដែលត្រូវដើរតាមជំហាននីមួយៗ
ដោយមិនចាំបាច់ប្រញាប់ប្រញាល់។
ឪពុកម្តាយខ្ញុំមានគម្រោងផ្សេងទៀតសម្រាប់អនាគតរបស់ខ្ញុំ។
មុនពេលខ្ញុំសាងផ្នួស
ម្តាយខ្ញុំបានរៀបចំរឿងដណ្តឹងកូនស្រីអ្នកភូមិក្បែរគ្នាម្នាក់ឱ្យខ្ញុំ។
នាងឈ្មោះវីល័យ។ ខ្ញុំបានជួបនាងតែម្តងគត់
ប៉ុន្តែការជួបគ្នាដ៏ខ្លីនោះបានក្លាយជាអនុស្សាវរីយ៍ដែលខ្ញុំមិនអាចបំភ្លេចបានរហូតមកដល់ថ្ងៃនេះ។
ខ្ញុំនៅចាំថា
នាងមានទឹកមុខស្រស់ស្រទន់ និងភ្នែកមួយគូដែលមើលទៅដូចជាមានអត្ថបទកំណាព្យជាច្រើននៅក្នុងនោះ
ប៉ុន្តែនាងមិននិយាយអ្វីឡើយ។ នាងអង្គុយនៅចំពោះមុខមនុស្សចាស់ទាំងពីរគ្រួសារ ដោយភាពអៀនខ្មាសតាមបែបកូនស្រីខ្មែរនៅជំនាន់នោះ។
ម្តាយខ្ញុំញញឹមដោយពេញចិត្ត ខណៈមនុស្សចាស់ទាំងឡាយនិយាយអំពីអនាគតរបស់យើង
ដូចជាពួកគេកំពុងរៀបចំប្លង់ផ្ទះមួយដែលមិនទាន់សាងសង់។
ខ្ញុំមិនបាននិយាយជាមួយនាងច្រើនទេ។
តាមពិត ខ្ញុំមិនដឹងថាត្រូវនិយាយពីអ្វីផង។ ខ្ញុំគ្រាន់តែដឹងថា
ឪពុកម្តាយរបស់យើងបានព្រមព្រៀងគ្នាហើយថា
នៅពេលខ្ញុំបញ្ចប់ការសិក្សាសាលាបាលីជាន់ខ្ពស់ យើងនឹងរៀបការជាមួយគ្នា។
បើអ្វីៗដំណើរការតាមផែនការ ខ្ញុំនឹងរៀនចប់នៅឆ្នាំ១៩៧៨។
ឆ្នាំ១៩៧៨។
នៅពេលនោះ ឆ្នាំនេះហាក់ដូចជានៅឆ្ងាយណាស់។ ខ្ញុំមានពេលគ្រប់គ្រាន់ដើម្បីរៀន
មានពេលគ្រប់គ្រាន់ដើម្បីគិតអំពីអនាគត
និងមានពេលគ្រប់គ្រាន់ដើម្បីស្គាល់មនុស្សម្នាក់ ដែលអ្នកមានគុណបានជ្រើសរើសឱ្យក្លាយជាដៃគូជីវិតរបស់ខ្ញុំ។
ខ្ញុំមិនដែលស្រមៃថា
ពិភពលោកដែលខ្ញុំរស់នៅអាចបាក់បែកក្នុងរយៈពេលដ៏ខ្លីបែបនេះទេ។ ខ្ញុំបានដោះចិញ្ចៀនភ្ជាប់ពាក្យប្រគល់ឱ្យអ្នកម្តាយរក្សាទុក
មុនពេលចាកចេញទៅបួសរៀន។ ខ្ញុំមិនបាននិយាយពាក្យលាជាមួយវីល័យសូម្បីតែមួយម៉ាត់។
នៅពេលនោះ ខ្ញុំមិនគិតថាការមិននិយាយពាក្យលាសិនហើយនោះ មិនមានន័យអ្វីធំដុំទេ។
ខ្ញុំជឿថា នៅថ្ងៃមួយខ្ញុំនឹងត្រឡប់មកផ្ទះវិញ
ហើយយើងនឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីនិយាយគ្នា។
មនុស្សវ័យក្មេងតែងជឿថា
អនាគតជារបស់ខ្លួន។ ពួកគេមិនទាន់ដឹងថា
ប្រវត្តិសាស្ត្រអាចលុបបំបាត់ផែនការរបស់មនុស្សម្នាក់ក្នុងរយៈពេលតែមួយប៉ប្រិចភ្នែកបានឡើយ។
នៅខែមេសា
ឆ្នាំ១៩៧៥ ទីក្រុងភ្នំពេញបានធ្លាក់ក្នុងកណ្តាប់ដៃនៃរបបខ្មែរក្រហម។ មិនយូរប៉ុន្មាន
ការបង្ខំឱ្យប្រជាជនចាកចេញពីទីក្រុងបានចាប់ផ្តើម។ ពួកអ្នកដឹកនាំអាវខ្មៅបានបណ្តេញប្រជាជនចេញពីផ្ទះសម្បែង
ដោយមិនខ្វល់ថានរណាជាមនុស្សចាស់ នរណាជាកុមារ នរណាមានជំងឺ
ឬនរណាមានសាច់ញាតិដែលត្រូវការការថែទាំឡើយ។
ខ្ញុំក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលត្រូវបង្ខំឱ្យចាកចេញដែរ។
នៅថ្ងៃនោះ ខ្ញុំមិនអាចយកអនាគតរបស់ខ្ញុំទៅជាមួយបានទេ។
ខ្ញុំមិនអាចយកសៀវភៅសិក្សាទាំងអស់ទៅជាមួយបានទេ។
ខ្ញុំមិនអាចយកផែនការរៀបការនៅឆ្នាំ១៩៧៨ ទៅជាមួយបានទេ។ អ្វីដែលខ្ញុំអាចយកទៅបាន
គឺរាងកាយដែលនៅមានកម្លាំងដើរ
និងការចងចាំដែលមិនទាន់ដឹងថាខ្លួននឹងក្លាយជាបន្ទុកដ៏ធ្ងន់ទៅថ្ងៃក្រោយ។
ខ្ញុំត្រូវបង្ខំឱ្យចាកចេញពីស្ថានភាពជាព្រះសង្ឃ។
ព្រះពុទ្ធ ព្រះធម៌ ដែលធ្លាប់បង្រៀនខ្ញុំអំពីមេត្តាករុណា និងការមិនបៀតបៀនជីវិត
ត្រូវបានជំនួសដោយរបៀបផ្សេង ដែលមនុស្សត្រូវប្រឹងរក្សាជីវិតរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ។
ខ្ញុំបានឃើញមនុស្សត្រូវគេបញ្ជាឱ្យដើរទាំងបង្ខំ ទោះបីជើងរបស់ពួកគេមានរបួសហូរឈាមមិនឈប់ក៏ដោយ។
ខ្ញុំបានឃើញកុមារយំរកម្តាយ ហើយម្តាយយំរត់រកកូនយ៉ាងត្រហេបត្រហប។
ខ្ញុំបានឃើញមនុស្សចាស់ដែលមិនអាចបន្តដំណើរបាន ត្រូវទុកឱ្យនៅឯកា។
ពេលនោះ
ខ្ញុំចាប់ផ្តើមយល់ថា មនុស្សម្នាក់អាចបាត់បង់អ្វីៗទាំងអស់
ដោយមិនចាំបាច់មាននរណាមកដកហូតពីដៃគេដោយផ្ទាល់ឡើយ។ គេគ្រាន់តែដកហូតសិទ្ធិរបស់យើង
ពេលនោះអ្វីៗដែលយើងធ្លាប់មាននឹងចាប់ផ្តើមរលាយបាត់ទៅតាមនោះដែរ។
ឆ្នាំដំបូងៗនៃរបបខ្មែរក្រហម
បានបង្រៀនខ្ញុំឱ្យស្គាល់ភាពឃោរឃៅ ដែលមនុស្សអាចធ្វើចំពោះមនុស្សដូចគ្នា។
ខ្ញុំធ្វើការងារធ្ងន់ បរិភោកអាហារមិនគ្រប់គ្រាន់
ហើយត្រូវរស់នៅក្នុងភាពភ័យខ្លាចជាប្រចាំ។ រាងកាយខ្ញុំស្គមទៅៗ កម្លាំងក៏ថយចុះ
ហើយជំងឺសួតរ៉ាំរ៉ៃបានចាប់ផ្តើមបំផ្លាញសុខភាពរបស់ខ្ញុំបន្តិចម្ដងៗ។
ខ្ញុំធ្លាប់គិតថា
ការសិក្សាគឺជារឿងពិបាកបំផុតដែលជីវិតខ្ញុំត្រូវឆ្លងកាត់។ ប៉ុន្តែការពិត
ការរៀននៅក្នុងសាលាដែលមានសៀវភៅ និងគ្រូបង្រៀន មិនអាចប្រៀបធៀបនឹងការរៀនរស់នៅក្នុងសង្គមដែលមនុស្សអាចស្លាប់ដោយសារអត់អាហារ
ធ្វើការហួសកម្លាំង ឬត្រូវគេសម្លាប់ដោយគ្មានហេតុផលបានឡើយ។
ខ្ញុំបានទៅធ្វើការនៅទំនប់បឹងត្រពាំងថ្ម។
ទីនោះគឺជាកន្លែងមួយដែលការចងចាំរបស់ខ្ញុំមិនដែលអាចចាកចេញពីវាបាន។ ដីភក់ ទឹកដក់
កម្តៅថ្ងៃ និងការងារកាប់ដី រែកដី ដែលធ្វើមិនចេះចប់
បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ខ្ញុំ ក៏ដូចអ្នកជំលៀសមកទីនោះដែរ។
យើងត្រូវធ្វើការហួសពីកម្លាំងដែលរាងកាយអាចទ្រាំទ្របាន។ អាហារមានតិច
ហើយជំងឺធ្វើឱ្យមនុស្សកាន់តែទន់ខ្សោយ។ នៅជុំវិញពួកយើង រុំព័ទ្ធដោយការភ័យខ្លាច ការចោទប្រកាន់
ការដាក់ទណ្ឌកម្ម និងការស្លាប់។
ខ្ញុំបានធ្វើការនៅទីនោះប្រហែលពីរឆ្នាំ។ ពេលខ្លះ
ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនមែនជាមនុស្សទៀតទេ។
ខ្ញុំគ្រាន់តែជារាងកាយមួយដែលត្រូវគេបញ្ជាឱ្យធ្វើការ
ហើយត្រូវគេរំពឹងថានឹងក្រោកឡើងធ្វើការម្តងទៀតនៅព្រឹកបន្ទាប់ ទោះបីយប់កន្លងមកខ្ញុំស្ទើរតែមិនអាចដកដង្ហើមបានក៏ដោយ។
ខ្ញុំបានឃើញមនុស្សស្លាប់ដោយសារតែធ្វើការងារហួសកម្លាំង
និងមានជំងឺដែលគ្មានពេទ្យព្យាបាល។ ខ្ញុំបានឃើញអ្នកដែលធ្លាប់មានកម្លាំងពេញលេញ
ក្លាយទៅជាមនុស្សដែលមិនអាចលើកដៃរបស់ខ្លួនកាន់ចប បង្គី បាន។
ខ្ញុំបានឃើញមិត្តរួមការងារមើលមុខគ្នា ដោយគ្មាននរណាម្នាក់ហ៊ានសួរថា
តើថ្ងៃស្អែកយើងនឹងនៅរស់រានមានជីវិតទៀតដែរឬអត់។
ពេលយប់
ខ្ញុំតែងគិតដល់ឪពុកម្តាយរបស់ខ្ញុំ។ ខ្ញុំគិតដល់ភូមិដ្ឋាន និងផ្ទះសម្បែងដែលខ្ញុំបានចាកចេញចោលយូរឆ្នាំដែរហើយ។
ប៉ុន្តែមានមុខមនុស្សម្នាក់ទៀតដែលចាប់ផ្តើមត្រឡប់មកក្នុងការចងចាំរបស់ខ្ញុំញឹកញាប់ នោះគឺវីល័យ។
ខ្ញុំមិនដឹងសោះឡើយ ថានាងនៅទីណា មិនដឹងថានាងកំពុងរស់នៅក្នុងស្ថានភាពបែបណា
ហើយមិនដឹងថានាងនៅចាំខ្ញុំដែរព ឬក៏អត់។ ខ្ញុំគិតថា
ប្រហែលជានាងត្រូវបានជម្លៀសទៅកន្លែងណាមួយ
ហើយប្រហែលជានាងបានរៀបការជាមួយបុរសម្នាក់ដែលអាចផ្តល់ជីវិតសុខស្រួលដល់នាង។
ខ្ញុំមិនមានសិទ្ធិអ្វីទៅទាមទារឱ្យនាងរង់ចាំខ្ញុំឡើយ។
ខ្ញុំមិនបានផ្តល់សេចក្តីស្រឡាញ់ដល់នាងឱ្យបានគ្រប់គ្រាន់ទេ ហើយខ្ញុំក៏មិនបាននិយាយពាក្យលានាងផងដែរ។
ខ្ញុំគ្រាន់តែសង្ឃឹមថា នាងនៅរស់រានមានជីវិត។
ពេលខ្លះ
ខ្ញុំលួចស្រមៃថា ប្រសិនបើខ្ញុំអាចត្រឡប់ទៅភូមិវិញបាន ខ្ញុំនឹងទៅឈរនៅមុខផ្ទះរបស់នាង
ហើយសួរនាងថា តើជីវិតរបស់នាងបានឆ្លងកាត់អ្វីខ្លះ។
ប៉ុន្តែការស្រមៃមិនអាចផ្តល់ចម្លើយដល់ខ្ញុំបានទេ។ ខ្ញុំគ្រាន់តែដឹងថានឹងមានការងារកាប់គាស់
រែកដី ដែលត្រូវធ្វើនៅព្រឹកស្អែក
ហើយត្រូវប្រឹងរក្សាជីវិតរបស់ខ្លួនឱ្យបានយូរតាមដែលអាចធ្វើទៅបាន។
នៅទីបំផុត
ខ្ញុំមិនអាចទ្រាំនឹងការរស់នៅបែបនោះតទៅទៀតបានឡើយ។
ខ្ញុំបានសម្រេចចិត្តរត់គេចខ្លួនជាមួយមនុស្សមួយចំនួនទៀត ដោយមានគោលដៅទៅកាន់ព្រំដែនសៀម។
វាជាការសម្រេចចិត្តដែលអាចនាំទៅរកសេរីភាព ឬទៅរកសេចក្ដីស្លាប់។ ប៉ុន្តែពេលនោះ ខ្ញុំច្បាស់ក្នុងចិត្តថា
ប្រសិនបើខ្ញុំនៅបន្ត ខ្ញុំនឹងស្លាប់នៅទីនោះមិនខាន។
ខ្ញុំបានចេញដំណើរដោយមិនអាចប្រាប់នរណាម្នាក់អោយដឹងបានឡើយ។
គ្មានផែនទី គ្មានអាហារគ្រប់គ្រាន់
ហើយគ្មានការធានាថាផ្លូវខាងមុខនឹងមានសុវត្ថិភាពឡើយ។ ខ្ញុំដើរកាត់ព្រៃ កាត់ដីដែលមានគ្រាប់មីន
និងតំបន់ព្រៃភ្នំដែលពោរពេញដោយគ្រោះថ្នាក់ជមួយហ្វូងមនុស្សមួយក្រុម។
មនុស្សម្នាក់ៗមានរឿងរ៉ាវរបស់ខ្លួន
ប៉ុន្តែយើងមានបំណងដូចគ្នា គឺចង់រស់។ នៅពេលយើងឮដំណឹងថាកងទ័ពយួនបានចូលលុកលុយកម្ពុជា
ហើយរបបខ្មែរក្រហមកំពុងបាត់បង់អំណាច យើងមិនដឹងថាត្រូវមានអារម្មណ៍បែបណាទេ។
សម្រាប់មនុស្សមួយចំនួន វាជាការបញ្ចប់នៃសុបិនអាក្រក់។ សម្រាប់អ្នកដទៃ
វាជាការចាប់ផ្តើមនៃភាពមិនប្រាកដប្រជាថ្មីមួយ។ យើងគ្រាន់តែដឹងថា
ស្រុកដែលយើងចាកចេញមិនមែនជាស្រុកដដែលដែលយើងធ្លាប់ស្គាល់ទៀតឡើយ។ នៅពេលយើងទៅជិតព្រំដែនថៃ
ខ្ញុំគិតថា យើងបានរួចផុតពីគ្រោះថ្នាក់ដ៏ធំនេះហើយ។ ប៉ុន្តែខ្ញុំបានរៀនមេរៀនមួយទៀតគឺថា
សម្រាប់ជនភៀសខ្លួន សេរីភាពមិនមែនជាអ្វីដែលរង់ចាំនៅពីក្រោយព្រំដែននោះទេ។ ពេលខ្លះ
វាគ្រាន់តែជាឈ្មោះមួយដែលមនុស្សប្រើដើម្បីលួងលោមខ្លួនឯង
ខណៈពេលដែលពួកគេកំពុងរត់គេចពីគ្រោះថ្នាក់មួយទៅកាន់គ្រោះថ្នាក់មួយទៀតប៉ុណ្ណោះ។
យើងបានជួបប្រទះអំពើហិង្សា
និងការប្រព្រឹត្តយ៉ាងឃោរឃៅដូចជាអំពើប្លន់ពីពួកចោរព្រៃ ពីសំណាក់កងកម្លាំងប្រដាប់អាវុធ
និងពីទាហានសៀមនៅតាមព្រំដែន។ ជនភៀសខ្លួនខ្មែរជាច្រើនត្រូវបានបាញ់សម្លាប់
ខ្លះបាត់ខ្លួន ខ្លះដើរជាន់មីន ខ្លះត្រូវគេបង្ខំឱ្យវិលត្រឡប់ទៅកាន់តំបន់គ្រោះថ្នាក់វិញ។
យើងបានឃើញសាកសពនៅតាមផ្លូវ ហើយបានឮសំឡេងយំរបស់អ្នកដែលបាត់បង់កូន ប្តី ប្រពន្ធ
ឬឪពុកម្តាយជាហូរហែមក។
ខ្ញុំមិនអាចបំភ្លេចមុខស្ត្រីម្នាក់ដែលអង្គុយក្បែរសាកសពកូនប្រុសរបស់នាងបានទេ។
នាងមិនស្រែកទេ។ នាងគ្រាន់តែយកដៃអង្អែលក្បាលកូននាងតិចៗ
ដូចជាកំពុងព្យាយាមដាស់គេឱ្យភ្ញាក់ពីដំណេក។ ខ្ញុំឈរមើលនាងពីចម្ងាយ ដោយមិនដឹងថាត្រូវជួយអ្វី។
នៅក្នុងពិភពអន្ធកាលដែលយើងរស់នៅគ្រានោះ សូម្បីតែការលួងលោមមនុស្សម្នាក់
ក៏ហាក់ដូចជាការងារដែលហួសពីសមត្ថភាពរបស់យើងដែរ។
ខ្ញុំនឹកដល់សុភាសិតខ្មែរមួយដែលថា
«ចុះទឹកក្រពើ
ឡើងលើខ្លា»។ ប៉ុន្តែសម្រាប់យើង
វាហាក់ដូចជាមានអត្ថន័យជ្រាលជ្រៅជាងនេះ។
យើងចាកចេញពីការគំរាមកំហែងនៅក្នុងប្រទេសខ្លួន
ដើម្បីស្វែងរកសុវត្ថិភាពនៅក្នុងប្រទេសមួយទៀត
ប៉ុន្តែយើងនៅតែត្រូវប្រឈមនឹងអំណាចរបស់អ្នកដែលមានអាវុធ។
យើងបានបាត់បង់សិទ្ធិរស់នៅដោយសេរីនៅលើដីកំណើត ហើយនៅពេលយើងចាកចេញពីទឹកដីនោះ
យើងក៏មិនអាចធ្វើជាម្ចាស់លើជំហានរបស់ខ្លួនឯងបានដែរ។
តើការកើតមកជាខ្មែរមានន័យថា
យើងត្រូវទទួលទុក្ខវេទនាដល់កម្រិតនេះឬ?
ខ្ញុំធ្លាប់សួរខ្លួនឯងនូវសំណួរនេះជាច្រើនដង។
ប៉ុន្តែខ្ញុំនៅតែឆ្លើយមិនបាន។ ប្រហែលជាពួកមនុស្សដែលមានអំណាចមិនដែលបានឮសំណួរនេះ។
ប្រហែលជាពួកគេមិនធ្លាប់ឈរមើលកូនតូចម្នាក់ស្លាប់នៅលើដីភក់
ឬឃើញឪពុកម្នាក់យំដោយគ្មានសំឡេង ព្រោះគាត់មិនអាចជួយកូនស្រីរបស់ខ្លួនអោយរួចផុតពីអំពើហិង្សាបាន។
យើងត្រូវបានបញ្ជូនទៅរស់នៅក្នុងជំរំជនភៀសខ្លួន
ដែលមានការជួយគាំទ្រពីអង្គការមនុស្សធម៌អន្តរជាតិ និងអង្គការសហប្រជាជាតិ។
ជីវិតនៅក្នុងជំរំមានសុវត្ថិភាពជាងការរស់នៅតាមព្រៃភ្នំ
ប៉ុន្តែវាមិនមែនជាជីវិតដែលមនុស្សយើងអាចមានសេរីភាពពេញលេញនោះទេ។
ជំរំត្រូវបានហ៊ុមព័ទ្ធដោយបន្លាលួស
ហើយការធ្វើដំណើរចេញចូលត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរមានសមត្ថកិច្ច
ពិសេសទាហានសៀម។ យើងមានកន្លែងស្នាក់នៅ និងអាហារជំនួយសម្រាប់បំបាត់ការស្រេកឃ្លាន
ប៉ុន្តែយើងមិនមានផ្ទះរបស់ខ្លួនឯងទេ។
ពេលខ្លះ
ខ្ញុំឈរមើលបន្លាលួសដែលលាតសន្ធឹងតាមបណ្តោយជំរំ ហើយគិតថា
ជីវិតខ្ញុំដូចជាត្រូវបានបិទជាប់នៅក្នុងរង្វង់លួសនេះ។
ខ្ញុំមិនអាចត្រឡប់ទៅស្រុកកំណើតបាន ហើយក៏មិនអាចដើរទៅកន្លែងដែលខ្ញុំចង់ទៅបានដែរ។
ខ្ញុំរស់នៅរវាងអតីតកាលដែលខ្ញុំមិនអាចកែប្រែ និងអនាគតដែលខ្ញុំមិនអាចប្រមើលឃើញជាមុន។
ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញុំឈឺចាប់ជាងគេ មិនមែនជាបន្លាលួសជុំវិញជំរំទេ
វាគឺជាការដែលប្រជាជនខ្មែរមួយចំនួននៅតែបន្តប្រយុទ្ធគ្នា
ទោះបីជាពួកគេទើបតែឆ្លងកាត់សោកនាដកម្មដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក៏ដោយ។
នៅពេលនោះ
មានចលនាតស៊ូខ្មែរជាច្រើនកើតឡើង ដើម្បីប្រឆាំងនឹងកងទ័ពយួន និងរដ្ឋាភិបាលក្រុងភ្នំពេញដែលកើតឡើងដោយការលើកបន្ទុបពីទីក្រុងហាណួយ។
ក្នុងចំណោមចលនាតស៊ូនោះ
មានក្រុមដែលគាំទ្រព្រះអង្គម្ចាស់នរោត្តម សីហនុ ក្រុមខ្មែរក្រហម
និងក្រុមរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរដែលដឹកនាំដោយលោក សឺន សាន។
ក្រុមទាំងនេះមានគោលដៅ និងទស្សនៈនយោបាយខុសៗគ្នា
ប៉ុន្តែស្ថានភាពនៅពេលនោះបានធ្វើឱ្យពួកគេមួយចំនួនចូលរួមក្នុងកិច្ចសហការប្រឆាំងនឹងវត្តមានរបស់យួននៅកម្ពុជា។
ខ្ញុំបានចូលបម្រើក្នុងចលនាតស៊ូរបស់លោក
សឺន សាន។ ខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តសង្គ្រាមទេ។ ខ្ញុំធ្លាប់ជាសិស្សសាលាបាលី
ជាមនុស្សដែលបានរៀនអំពីមេត្តា ករុណា និងការមិនសម្លាប់ជីវិត។
ប៉ុន្តែខ្ញុំក៏ជាជនភៀសខ្លួនម្នាក់ដែលបានឃើញប្រទេសរបស់ខ្លួនត្រូវបំផ្លាញ
ហើយមិនដឹងថាត្រូវធ្វើអ្វីដើម្បីជួយជនរួមជាតិរបស់ខ្លួន។
ខ្ញុំបានគិតថា
ប្រហែលជាការចូលរួមតស៊ូអាចជួយឱ្យខ្ញុំរកឃើញន័យនៃជីវិតឡើងវិញ។
ប្រហែលជាខ្ញុំអាចជួយអ្វីមួយដល់ប្រទេសដែលខ្ញុំស្រឡាញ់។
ប៉ុន្តែខ្ញុំមិនយូរប៉ុន្មានក៏បានយល់ថា សង្គ្រាមមិនដែលមានមុខតែមួយឡើយ។
នៅក្នុងព្រៃ
យើងត្រូវប្រយុទ្ធប្រឆាំងនឹងកងទ័ពយួន។ ពេលខ្លះ
យើងក៏ត្រូវប្រឈមមុខនឹងក្រុមខ្មែរផ្សេងទៀតដែលមានទស្សនៈនយោបាយខុសពីយើង។
ខ្មែរដែលធ្លាប់រស់នៅក្រោមវប្បធម៌ អារ្យធម៌តែមួយ បានក្លាយជាសត្រូវគ្នាដោយសារអំណាច
មនោគមវិជ្ជា និងការសម្រេចចិត្តរបស់អ្នកដឹកនាំនៃក្រុមនោះ។
រាល់ពេលមេបញ្ជាការបញ្ជាឱ្យបាញ់ប្រហារ
ខ្ញុំតែងមានអារម្មណ៍ដូចជាមានអ្វីមួយនៅក្នុងចិត្តត្រូវបានហែកចេញ។
ខ្ញុំមិនអាចប្រាប់ខ្លួនឯងបានទេថា មនុស្សដែលនៅពីមុខខ្ញុំគឺជាសត្រូវដែលគ្មានតម្លៃ។
ពួកគេក៏ជាខ្មែរ។ ពួកគេប្រហែលជាមានម្តាយដែលកំពុងរង់ចាំនៅផ្ទះ មានកូនតូចៗដែលមិនទាន់ស្គាល់ពាក្យថានយោបាយ
និងមានសុបិនអំពីអនាគតដូចខ្ញុំដែរ។
តើការបាញ់សម្លាប់ពួកគេអាចធ្វើឱ្យប្រទេសខ្ញុំក្លាយជាប្រទេសល្អប្រសើរឡើងឬ? ខ្ញុំមិនអាចរកចម្លើយបានទេ។
ខ្ញុំបានចំណាយពេលជិតដប់ឆ្នាំនៅក្នុងចលនាតស៊ូ។
ជិតដប់ឆ្នាំដែលពេលវេលាត្រូវបានវាស់ដោយការប្រយុទ្ធ ការដកថយ ការបាត់បង់មិត្តរួមអាវុធ
និងការរង់ចាំដំណឹងឈ្នះចាញ់ក្នុងសមរភូមិ។ ក្នុងអំឡុងពេលនោះ
ខ្ញុំបានឃើញមនុស្សស្លាប់ជាច្រើននាក់
ហើយខ្ញុំបានឃើញអ្នកនៅរស់ត្រូវរៀនរស់ជាមួយការបាត់បង់សាច់ញាតិ បាត់បងមិត្តភក្តិ
និងបាត់បង់អវៈយវៈផងដែរ។
ខ្ញុំក៏ចាប់ផ្តើមយល់ថា
ខ្ញុំមិនអាចចំណាយពេលនៅសល់នៃជីវិតរបស់ខ្ញុំក្នុងសង្គ្រាមបានទៀតទេ។
ខ្ញុំមិនចង់ឱ្យជីវិតទាំងមូលរបស់ខ្ញុំត្រូវបានកំណត់ដោយសំឡេងគ្រាប់កាំភ្លើង
និងការបញ្ជារបស់មេបញ្ជាការឡើយ។
ខ្ញុំចង់រស់នៅកន្លែងមួយដែលខ្ញុំអាចក្រោកពីដំណេកដោយមិនខ្លាចថានឹងស្លាប់នៅថ្ងៃនោះ។
ខ្ញុំចង់មានឱកាសបង្កើតគ្រួសារ និងមានអនាគតដែលមិនត្រូវបានសង្គ្រាមកំណត់ជំនួសខ្ញុំ។
នៅទីបំផុត ខ្ញុំបានសម្រេចចិត្តចាកចេញទៅរស់នៅសហរដ្ឋអាមេរិក។
ខ្ញុំមិនចាត់ទុកការចាកចេញនេះថាជាជ័យជម្នះឡើយ។
ខ្ញុំគ្រាន់តែមានអារម្មណ៍ថា ខ្ញុំត្រូវការឱកាសមួយដើម្បីរស់តែប៉ុណ្ណោះ។
ខ្ញុំបានទុកប្រទេសកំណើតនៅពីក្រោយ ដោយនាំយកទៅជាមួយនូវការចងចាំដែលគ្មានសំពាយណាអាចដាក់វាបាន
ហើយទោះបីទៅដល់ទីណា ក៏មិនអាចធ្វើឱ្យវាបាត់បង់ទៅបានដែរ។
នៅអាមេរិក
ខ្ញុំបានចាប់ផ្តើមជីវិតថ្មី។ ខ្ញុំបានរៀនភាសាថ្មី ស្វែងរកការងារ
និងខំប្រឹងសាងសង់អនាគតរបស់ខ្លួនឡើងវិញ។ ខ្ញុំបានជួបម៉ូលី
ដែលក្រោយមកបានក្លាយជាប្រពន្ធរបស់ខ្ញុំ។ នាងជាស្ត្រីដែលមានចិត្តល្អ អត់ធ្មត់
និងយល់ពីការលំបាករបស់មនុស្សដែលត្រូវចាប់ផ្តើមជីវិតពីសូន្យ។
យើងបានរៀបការហើយមានកូនស្រីម្នាក់។
ខ្ញុំស្រឡាញ់កូនស្រីរបស់ខ្ញុំយ៉ាងខ្លាំង។ រាល់ពេលឃើញនាងញញឹម ខ្ញុំតែងមានអារម្មណ៍ថា
ជីវិតបានផ្តល់នូវអំណោយដ៏អស្ចារ្យមួយដល់ខ្ញុំ បន្ទាប់ពីបានដកហូតអ្វីៗស្ទើរតែទាំងអស់អស់ពីខ្លួនទៅ។
ខ្ញុំបានដាក់ឈ្មោះកូនស្រីរបស់ខ្ញុំថា
វីល័យ។
ខ្ញុំមិនបានប្រាប់អ្នកណាច្រើនអំពីមូលហេតុដែលខ្ញុំជ្រើសរើសឈ្មោះនេះទេ។
សម្រាប់មនុស្សនៅជុំវិញខ្ញុំ វាគ្រាន់តែជាឈ្មោះខ្មែរមួយដែលមានសំឡេងពីរោះ។
ប៉ុន្តែសម្រាប់ខ្ញុំ ឈ្មោះនេះគឺជាចំណែកមួយនៃអតីតកាលដែលខ្ញុំមិនអាចបោះបង់ចោលបាន។
វីល័យជាមនុស្សម្នាក់ដែលខ្ញុំបានជួបតែម្តង
ប៉ុន្តែឈ្មោះរបស់នាងបានធ្វើដំណើរឆ្លងកាត់សង្គ្រាម ជំរំជនភៀសខ្លួន និងមហាសមុទ្រ
ដើម្បីមករស់នៅក្នុងផ្ទះរបស់ខ្ញុំនៅអាមេរិក។ ខ្ញុំមិនដឹងថា នាងនៅរស់ ឬក៏ស្លាប់ទេ។
ខ្ញុំគ្រាន់តែចង់រក្សាឈ្មោះរបស់នាងឱ្យនៅជាមួយខ្ញុំ។
ជាច្រើនឆ្នាំកន្លងផុតទៅ
ខ្ញុំតែងសួរដំណឹងពីអ្នកស្គាល់គ្នា និងជនភៀសខ្លួនខ្មែរដែលទើបមកដល់អាមេរិក។
ខ្ញុំចង់ដឹងថា តើមាននរណាម្នាក់ស្គាល់គ្រួសារខ្ញុំឬអត់។
តើមាននរណាម្នាក់បានឮឈ្មោះឪពុកម្តាយខ្ញុំឬទេ? តើមាននរណាម្នាក់ដឹងថាអ្នកភូមិចាស់ៗបានទៅនៅទីណាឬទេ?
ភាគច្រើននៃចម្លើយគឺពួកគេគ្រវីក្បាល
ឬថា «មិនដឹងទេ»។
ពាក្យពីរម៉ាត់នេះបានក្លាយជាផ្នែកមួយនៃជីវិតខ្ញុំ។
ខ្ញុំមិនដឹងថាឪពុកម្តាយខ្ញុំនៅទីណា។ ខ្ញុំមិនដឹងថាបងប្អូនខ្ញុំរស់នៅទីណា។
ខ្ញុំមិនដឹងថាវីល័យបានរៀបការហើយឬនៅ។ ខ្ញុំមិនដឹងថានាងបានបំភ្លេចខ្ញុំហើយឬនៅ។
ប៉ុន្តែខ្ញុំនៅតែសង្ឃឹម។
នៅអំឡុងឆ្នាំ២០១០
ជាងសាមសិបប្រាំឆ្នាំបន្ទាប់ពីខ្ញុំបានចាកចេញពីកម្ពុជា ដំណឹងមួយបានមកដល់ខ្ញុំ
ដែលធ្វើឱ្យជីវិតរបស់ខ្ញុំប្រែប្រួលម្តងទៀត។ ខ្ញុំបានដឹងថា វីល័យនៅរស់។ នាងកំពុងធ្វើជាគ្រូបង្រៀននៅសាលាបឋមសិក្សាសំរោង
ខេត្តឧត្តរមានជ័យក្នុងប្រទេសកម្ពុជា។ នៅពេលខ្ញុំបានឮដំណឹងនោះ
ខ្ញុំមានអារម្មណ៍ដូចជាមនុស្សម្នាក់ដែលទើបតែត្រឡប់មកពីការធ្វើដំណើរដ៏វែងឆ្ងាយ
ហើយឃើញពន្លឺភ្លើងនៅក្នុងផ្ទះដែលខ្លួនធ្លាប់គិតថាបាត់បង់ទៅហើយ។
ខ្ញុំមិនអាចនិយាយអ្វីបានសូម្បីមួយម៉ាត់។ ខ្ញុំគ្រាន់តែសួរម្តងហើយម្តងទៀតថា
តើជាការពិតឬ?
តើអ្នកប្រាកដថានាងនៅរស់មែនឬ?
ខ្ញុំបានទាក់ទងទៅនាងតាមទូរស័ព្ទ។
សំឡេងរបស់នាងនៅម្ខាងទៀតនៃខ្សែទូរស័ព្ទមានភាពចាស់ទុំជាងអ្វីដែលខ្ញុំធ្លាប់ស្រមៃ
ប៉ុន្តែខ្ញុំអាចដឹងថា នៅពីក្រោយសំឡេងនោះ មានអ្វីមួយដែលមិនបានផ្លាស់ប្តូរ។
យើងមិនបាននិយាយគ្នាដូចជាគូដណ្ដឹង ឬដូចជាមនុស្សដែលស្គាល់គ្នាជិតស្និទ្ធនោះទេ។
តាមពិត យើងស្ទើរតែមិនធ្លាប់បានស្គាល់គ្នាពេញលេញតាំងពីដើមមកម្ល៉េះ។ តែ យើងមានអតីតកាលមួយដែលបានភ្ជាប់ជីវិតយើងជាមួយគ្នា
ទោះបីយើងមិនបានរស់នៅជាមួយគ្នាក៏ដោយ។
ខ្ញុំបានហៅទូរស័ព្ទទៅនាងជាបន្តបន្ទាប់។
ខ្ញុំចង់ស្តាប់រឿងរ៉ាវដែលនាងបានឆ្លងកាត់ ខ្ញុំចង់ដឹងថានាងបានរស់នៅទីណា
បានធ្វើអ្វីខ្លះ ហើយបានប្រឈមមុខនឹងអ្វីខ្លះក្នុងរយៈពេលដែលយើងបែកគ្នា។
ខ្ញុំចង់ដឹងថា តើនាងធ្លាប់គិតដល់ខ្ញុំឬទេ។
ការទាក់ទងគ្នានោះបានធ្វើឱ្យម៉ូលីប្រពន្ធខ្ញុំមានការសង្ស័យ។
នាងមិនបានដឹងរឿងរ៉ាវទាំងអស់ពីអតីតកាលរបស់ខ្ញុំទេ
ហើយខ្ញុំក៏មិនដែលពន្យល់ឱ្យនាងបានយល់ច្បាស់ថា ឈ្មោះវីល័យមានន័យយ៉ាងណាចំពោះខ្ញុំដែរ។
ខ្ញុំយល់ពីអារម្មណ៍របស់ម៉ូលី។
ប្រសិនបើខ្ញុំជានាង ហើយឃើញប្ដីរបស់ខ្លួនទាក់ទងជាមួយស្រីម្នាក់ ដោយមានអារម្មណ៍ជ្រាលជ្រៅបែបនេះ
ខ្ញុំក៏ប្រហែលជាមានសំណួរសួរដូចគ្នាដែរ។
ដូច្នេះ
ខ្ញុំបានប្រាប់នាងគ្រប់យ៉ាង។ ខ្ញុំបានប្រាប់នាងអំពីការភ្ជាប់ពាក្យនៅឆ្នាំ១៩៦៩ អំពីការចាកចេញទៅបួសរៀន
អំពីការដែលខ្ញុំមិនបាននិយាយពាក្យលាវីល័យ និងអំពីសង្គ្រាមដែលបានធ្វើឱ្យយើងបែកគ្នា។
ខ្ញុំបានប្រាប់នាងថា ខ្ញុំមិនដែលដឹងថាវីល័យនៅរស់ទេ
ហើយការទាក់ទងនេះមិនមែនដោយសារខ្ញុំចង់បោះបង់គ្រួសាររបស់ខ្ញុំឡើយ ខ្ញុំគ្រាន់តែចង់ដឹងថា
មនុស្សម្នាក់ដែលធ្លាប់មានឈ្មោះជាគូដណ្ដឹងនៅក្នុងជីវិតរបស់ខ្ញុំ
បានរស់នៅរហូតមកដល់ថ្ងៃនេះយ៉ាងដូចម្តេច។
ម៉ូលីស្តាប់ខ្ញុំពន្យល់ដោយស្ងៀមស្ងាត់។
ខ្ញុំមិនដឹងថានាងកំពុងគិតអ្វីទេ។ ខ្ញុំដឹងត្រឹមថា
ការពិតខ្លះត្រូវការពេលវេលាដើម្បីឱ្យមនុស្សម្នាក់ទទួលយក។ នៅក្នុងជីវិតគ្រួសារ
ការស្រឡាញ់គ្នាមិនមានន័យថា មនុស្សពីរនាក់មិនដែលមានការសង្ស័យគ្នា ឬធ្វើអោយគ្នាមានការឈឺចាប់នោះទេ
តែពួកគេត្រូវតែព្យាយាមស្តាប់គ្នា ទោះបីការពិតដែលពួកគេបានឮ ធ្វើឱ្យផ្លូវចិត្តរបស់ខ្លួនមិនស្រួលក៏ដោយ។
បន្ទាប់មក
ខ្ញុំបានដឹងរឿងមួយអំពីវីល័យដែលធ្វើឱ្យខ្ញុំស្ងៀមស្ងាត់អស់រយៈពេលយូរ។ នាងមិនដែលរៀបការទេ។
នៅឆ្នាំ១៩៨២
នាងបានទទួលដំណឹងថាខ្ញុំបានស្លាប់នៅតំបន់បឹងត្រពាំងថ្ម ក្នុងអំឡុងរបបខ្មែរក្រហម។
អ្នកដែលប្រាប់នាងជាអ្នកភូមិម្នាក់ដែលស្គាល់ខ្ញុំ
ប៉ុន្តែព័ត៌មានដែលគាត់ទទួលបានមិនច្បាស់លាស់ឡើយ។ សម្រាប់នាង
ទោះបីដំណឹងនោះមិនមានការបញ្ជាក់ជាផ្លូវការក៏ដោយ វាគ្រប់គ្រាន់ដើម្បីធ្វើឱ្យអ្វីដែលនាងធ្លាប់សង្ឃឹមទុក
បាត់ បង់ទៅហើយ។
នាងបានជឿថាខ្ញុំស្លាប់យ៉ាងពិតប្រាកដ តែនាងមិនបានរៀបការជាមួយបុរសណាម្នាក់ទេ
ទោះបីមានបុរសជាច្រើនចូលស្ដីដណ្ដឹងនាងក៏ដោយ។ ខ្ញុំបានស្តាប់នាងនិយាយអំពីរឿងនេះ
ហើយមានអារម្មណ៍ថាដូចជាមានដុំថ្មធំមួយធ្លាក់មកសង្កត់លើទ្រូងខ្ញុំអីចឹង។
ខ្ញុំមិនអាចយល់បានទេថា ហេតុអ្វីនាងនៅតែរង់ចាំខ្ញុំ
ទោះបីនាងជឿថាខ្ញុំស្លាប់ទៅហើយក៏ដោយ។ នាងបានប្រាប់ខ្ញុំថា
ការភ្ជាប់ពាក្យរបស់យើងនៅឆ្នាំ១៩៦៩ គឺជាការសន្យាដែលនាងបានរក្សាទុកក្នុងចិត្តរហូតមក។
ក្នុងរយៈពេលជាច្រើនឆ្នាំ មានមនុស្សជាច្រើនបានមកសុំរៀបការជាមួយនាង។
ប៉ុន្តែនាងបានបដិសេធទាំងអស់។
នៅឆ្នាំ១៩៧៧
ខ្មែរក្រហមបានបង្ខំនាងឱ្យរៀបការជាមួយបុរសម្នាក់តាមការរៀបចំរបស់ពួកគេ។ នាងបានបដិសេធ
ហើយត្រូវទទួលរងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងររហូតដល់ដកក្រចកដៃនាង។
ខ្ញុំមិនអាចស្រមៃបានទេថា នារីដែលខ្ញុំធ្លាប់ជួបតែម្តងនោះ
ត្រូវឆ្លងកាត់ការឈឺចាប់បែបណា
ដើម្បីរក្សាសិទ្ធិក្នុងការសម្រេចចិត្តលើជីវិតរបស់ខ្លួន។
នៅឆ្នាំ១៩៨៥
ទាហានយួនម្នាក់បានសុំរៀបការជាមួយនាង ប៉ុន្តែនាងបានបដិសេធម្តងទៀត។ ក្រោយមក
មានបុរសខ្មែរផ្សេងទៀតមកសុំរៀបការតាមប្រពៃណី ប៉ុន្តែនាងនៅតែបដិសេធដដែល។
អ្វីដែលខ្ញុំបានដឹងពីរឿងរ៉ាវរបស់នាង
គឺនាងចង់រក្សាសេចក្តីសន្យាដែលនាងបានធ្វើចំពោះខ្លួនឯង។
នាងមិនចង់រស់នៅក្នុងអាពាហ៍ពិពាហ៍ដែលបេះដូងរបស់នាង និងឪពុកម្ដាយរបស់នាងមិនបានជ្រើសរើសឡើយ។
នាងបានប្រាប់ខ្ញុំថា
មានពេលខ្លះនាងបានទៅសួរគ្រូទស្សន៍ទាយលេខអត្ត។ គ្រូខ្លះប្រាប់ថា ខ្ញុំនៅរស់ តែនៅឆ្ងាយ។
ខ្លះថា ខ្ញុំមានប្រពន្ធ និងកូនរួចទៅហើយ គ្រូខ្លះទៀតប្រាប់ថា ខ្ញុំស្លាប់បាត់ទៅហើយ
ហើយនាងមិនគួរបន្តរង់ចាំមនុស្សដែលមិនអាចត្រឡប់មកវិញនោះទេ។ ប៉ុន្តែនាងនៅតែរង់ចាំ។
ខ្ញុំបានស្តាប់នាងនិយាយ
ហើយមិនអាចរកពាក្យណាមួយមកបកស្រាយពីអារម្មណ៍របស់ខ្លួនឯងបានឡើយ។ ខ្ញុំមិនអាចនិយាយថា
ខ្ញុំសមនឹងទទួលបានសេចក្តីស្រឡាញ់ពីនាងទេ ខ្ញុំមិនអាចនិយាយថា
ការរង់ចាំរបស់នាងគឺជារឿងដែលនាងគួរធ្វើនោះទេ ខ្ញុំគ្រាន់តែដឹងថា
នាងបានលះបង់ពេលវេលាជាច្រើនឆ្នាំនៃជីវិតរបស់ខ្លួន
ដោយសារសេចក្តីសន្យាមួយដែលខ្ញុំមិនធ្លាប់បានពិភាក្សាជាមួយនាងឱ្យបានច្បាស់លាស់ផង។
«វីល័យ» ខ្ញុំនិយាយទៅកាន់នាងតាមទូរស័ព្ទ
«បងសុំទោស។ បងមិនដឹងថាអូនបានរង់ចាំបងយូរដល់ម្លឹងទេ។
បងគិតថាអូនប្រហែលជាស្លាប់ក្នុងរបបអាវខ្មៅ ឬបើនៅរស់អូនបានរៀបការហើយ បងគិតថា
អូនបានបង្កើតគ្រួសាររបស់អូន ហើយមានជីវិតផ្ទាល់ខ្លួនទៅហើយ បងមិនដែលគិតថា
អូននៅតែចងចាំបងបែបនេះទេ»។
នាងស្ងៀមមួយសន្ទុះ
បន្ទាប់មក ខ្ញុំបានឮសំឡេងដកដង្ហើមធំរបស់នាង។
«អូនមិនដឹងអំពីបងមែន» នាងឆ្លើយ។
«អូនធ្លាប់គិតថា បងស្លាប់ទៅហើយ។
អូនមិនដែលដឹងថាបងនៅរស់នៅទីណាទេ។ ប៉ុន្តែអូនបានសន្យាជាមួយខ្លួនឯងថា បើបងនៅរស់
ហើយថ្ងៃណាមួយបងត្រឡប់មកវិញ អូនចង់ឱ្យបងដឹងថា អូនមិនដែលបោះបង់ការចងចាំពិធីភ្ជាប់ពាក្យរបស់យើងឡើយ»។
ខ្ញុំបិទភ្នែក។
ខ្ញុំចង់និយាយថា ខ្ញុំក៏មិនដែលបំភ្លេចនាងដែរ។ ប៉ុន្តែពាក្យនោះមិនពិតទាំងស្រុងឡើយ។
ខ្ញុំបាននឹកដល់នាង ទន្ទឹមនឹងការនឹកនេះ ខ្ញុំក៏បានបន្តជីវិតរបស់ខ្ញុំដែរ
ខ្ញុំបានរៀបការ មានកូន និងសាងអនាគតមួយនៅលើទឹកដីអាមេរិក។ ខ្ញុំបានបន្តដំណើរទៅមុខ
ខណៈពេលដែលនាងបានរក្សាទុកអតីតកាលនៅក្នុងកាយចិត្ត។ ខ្ញុំមិនអាចប្រើពាក្យថា «យើងទាំងពីរនាក់បានរង់ចាំគ្នា» ដើម្បីធ្វើឱ្យរឿងនេះមើលទៅស្មើគ្នាបានទេ។
យើងមិនបានរង់ចាំគ្នាដោយរបៀបដូចគ្នាឡើយ។
ខ្ញុំបានរស់នៅក្នុងអនាគតមួយដែលនាងមិនធ្លាប់បានឃើញ។
នាងបានរស់នៅក្នុងអតីតកាលមួយដែលខ្ញុំមិនធ្លាប់ដឹងថានាងនៅតែរក្សានូវភក្ដីភាពបែបនេះឡើយ។
នៅពេលនោះ ខ្ញុំបានយល់ថា ការបែកព្រាត់មិនត្រឹមតែបំបែកមនុស្សពីគ្នាទេ។
វាក៏បង្កើតជីវិតពីរដែលមានការយល់ឃើញខុសគ្នាអំពីអតីតកាលតែមួយផងដែរ។
ខ្ញុំអាយុលើសពីហុកសិបឆ្នាំហើយ
ហើយវីល័យក៏ដូចគ្នា។ យើងមិនមែនជាក្មេងប្រុស និងក្មេងស្រីដែលធ្លាប់អង្គុយនៅមុខឪពុកម្តាយក្នុងពិធីភ្ជាប់ពាក្យនៅឆ្នាំ១៩៦៩ទៀតទេ។
ពេលវេលាបានបន្សល់ស្នាមជ្រួញលើមុខយើង ប្រែប្រួលទាំងសំឡេងយ ផ្លាស់ប្តូរទាំងសាច់ឈាម
រូបរាងកាយរបស់យើង តែវាមិនអាចលុបចោលនូវសំណួរដែលយើងមិនធ្លាប់មានឱកាសសួរគ្នានៅថ្ងៃនោះបានឡើយ។
តើជីវិតយើងនឹងទៅជាយ៉ាងណា
ប្រសិនបើសង្គ្រាមមិនបានកើតឡើង? តើខ្ញុំនឹងបានត្រឡប់ទៅភូមិ
ហើយរៀបការជាមួយនាងនៅឆ្នាំ១៩៧៨ ដូចដែលម្តាយខ្ញុំបានគ្រោងទុកឬទេ? តើយើងនឹងមានកូនប៉ុន្មាននាក់? តើយើងនឹងមានផ្ទះតូចមួយនៅជាយភូមិដែរឬទេ?
តើខ្ញុំនឹងបង្រៀនកូនៗអំពីអក្សរខ្មែរ និងព្រះធម៌នៅពេលល្ងាច
ហើយនាងនឹងចម្អិនអាហារនៅក្នុងផ្ទះដែលមានក្លិនផ្សែងចេញពីឧសដែរឬទេ?
ខ្ញុំមិនដឹងទេ។
គ្មាននរណាដឹងចម្លើយនោះឡើយ។
ប្រវត្តិសាស្ត្រមិនដែលផ្តល់ឱកាសឱ្យមនុស្សត្រឡប់ទៅជ្រើសរើសផ្លូវមួយផ្សេងទៀតបានទេ។ អ្វីដែលខ្ញុំដឹង
គឺខ្ញុំមានប្រពន្ធម្នាក់នៅអាមេរិក ដែលបានចែករំលែកជីវិតជាមួយខ្ញុំ
និងកូនស្រីម្នាក់ដែលខ្ញុំស្រឡាញ់ស្ទើរលេប។ ខ្ញុំមានទំនួលខុសត្រូវចំពោះពួកគេ។
ខ្ញុំមិនអាចប្រើការសោកស្តាយចំពោះអតីតកាល ជាហេតុផលដើម្បីធ្វើឱ្យមនុស្សដែលបានរស់នៅជាមួយខ្ញុំក្នុងបច្ចុប្បន្នឈឺចាប់នោះឡើយ។ស្នេហាដែលមិនបានកើតឡើង
មិនអាចក្លាយជាលេសសម្រាប់ការមិនគោរពស្នេហា ដែលយើងមាននៅថ្ងៃនេះបានទេ។
ខ្ញុំបាននិយាយរឿងទាំងអស់នេះជាមួយម៉ូលី។
លើកនេះ ខ្ញុំមិនបានលាក់អារម្មណ៍របស់ខ្លួនទៀតទេ។ ខ្ញុំបានប្រាប់នាងថា
ខ្ញុំមានវិប្បដិសារីចំពោះវីល័យ ប៉ុន្តែខ្ញុំក៏ដឹងថា
ខ្ញុំមានកាតព្វកិច្ចចំពោះគ្រួសាររបស់ខ្ញុំដែរ។
ម៉ូលីបានស្តាប់ដោយមិនកាត់សម្តី។
បន្ទាប់ពីខ្ញុំនិយាយចប់ នាងបានចាប់ដៃខ្ញុំ។
«អូនយល់ហើយ» នាងនិយាយ។
«អូនមិនអាចស្រមៃបានទេថា មាននារីម្នាក់អាចរង់ចាំបងបានយូរដល់ម្លឹង។
អូនក៏មិនដឹងថា អូនអាចធ្វើដូចនាងបាន ឬអត់ដែរ។ ប៉ុន្តែអូនគោរពការសម្រេចចិត្តរបស់បង
ហើយអូនមិនចង់ឱ្យបងមានអារម្មណ៍ថា បងត្រូវលាក់បាំងអ្វីមួយពីអូនឡើយ»។
នាងស្ងៀមបន្តិច
មុននឹងនិយាយបន្ថែមថា «បងមានខ្ញុំជាប្រពន្ធ ហើយបងមានកូនស្រីម្នាក់ដែលស្រឡាញ់បង។
អូនមិនចង់ឱ្យអតីតកាលបំផ្លាញគ្រួសាររបស់យើងទេ។ ប៉ុន្តែអូនក៏មិនចង់ឱ្យបងបោះបង់មនុស្សម្នាក់ដែលបងមានអារម្មណ៍ថាជំពាក់ពាក្យសុំទោសនោះដែរ»។
ខ្ញុំមើលមុខនាង
ហើយមានអារម្មណ៍ថា
ខ្ញុំមានសំណាងណាស់ដែលបានជួបមនុស្សម្នាក់ដែលអាចស្តាប់រឿងឈឺចាប់របស់ខ្ញុំ ដោយមិនបាត់បង់ភាពទន់ភ្លន់ក្នុងចិត្ត។
«ភ្លើងបានឆេះអស់ទៅហើយ» ខ្ញុំនិយាយតិចៗ។
«យើងមិនអាចត្រឡប់ទៅកែប្រែអ្វីដែលបានកើតឡើងទេ។
បងមានអូនជាប្រពន្ធ ហើយបងត្រូវទទួលខុសត្រូវចំពោះអូន និងកូន។ ប៉ុន្តែបងសុំតែម្យ៉ាង
កុំឱ្យយើងបោះបង់វីល័យចោល។ បងអាណិតនាងណាស់។ នាងបានរង់ចាំបង ដែលនាងជឿថាបានស្លាប់ទៅហើយ
អស់រយៈពេលជាច្រើនទសវត្សរ៍»។
ម៉ូលីចាប់ដៃខ្ញុំកាន់តែណែន។
«ខ្ញុំមិនបោះបង់នាងទេ» នាងឆ្លើយ។
«បើមានអ្វីដែលយើងអាចធ្វើបានដើម្បីជួយនាង
យើងគួរតែធ្វើ»។
ខ្ញុំមិនអាចរកពាក្យណាមកបង្ហាញការដឹងគុណរបស់ខ្ញុំបានទេ។
នៅក្នុងជីវិតមួយដែលពោរពេញទៅដោយការបាត់បង់
ខ្ញុំបានទទួលការយល់ចិត្តពីមនុស្សពីរនាក់ដែលមានទីតាំងខុសគ្នាក្នុងបេះដូងរបស់ខ្ញុំ។
វីល័យបានរក្សាទុកការចងចាំអំពីខ្ញុំអស់ជាច្រើនឆ្នាំ។
ម៉ូលីបានចែករំលែកជីវិតពិតជាមួយខ្ញុំ
ហើយនៅតែអនុញ្ញាតឱ្យខ្ញុំទទួលស្គាល់អតីតកាលរបស់ខ្លួនដោយស្មោះត្រង់។
ក្រោយមក
ម៉ូលីបានទូរស័ព្ទទៅវីល័យដោយខ្លួនឯង។ នាងបាននិយាយលើកទឹកចិត្តនាង ហើយប្រាប់ថា
យើងសង្ឃឹមថានឹងបានជួបនាងនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។
ម៉ូលីថែមទាំងបានគិតគូរអំពីការជួយឧបត្ថម្ភនាងខ្លះៗ
ព្រោះនាងជាគ្រូបង្រៀនសាលាបឋមសិក្សាដែលមានប្រាក់ខែតិចតួច
ហើយត្រូវប្រឹងប្រែងចិញ្ចឹមជីវិតនៅក្នុងប្រទេសដែលបានឆ្លងកាត់ការបំផ្លិចបំផ្លាញអស់រយៈពេលជាច្រើនឆ្នាំ។
នៅពេលម៉ូលីប្រាប់ខ្ញុំថា
នាងបាននិយាយជាមួយវីល័យ ខ្ញុំមានអារម្មណ៍ដូចជាបានដកដុំថ្មដែលសង្កត់លើទ្រូងខ្ញុំចេញ
ខ្ញុំបានធូរស្រាលបន្តិច។ ខ្ញុំមិនអាចសងត្រឡប់ពេលវេលាដែលវីល័យបានបាត់បង់ទៅបានទេ
ប៉ុន្តែយ៉ាងហោចណាស់ ខ្ញុំអាចឈប់ធ្វើពុតថា រឿងរបស់នាងមិនមែនជាផ្នែកមួយនៃជីវិតខ្ញុំដែរ។
ម៉ូលីតែងនិយាយថា
នាងគោរពទឹកចិត្តរបស់វីល័យ។ នាងពិបាកជឿថា
នៅក្នុងសម័យដែលមនុស្សមានសេរីភាពជ្រើសរើសដៃគូជីវិតរបស់ខ្លួន
មានស្ត្រីម្នាក់សុខចិត្តរស់នៅតែម្នាក់ឯង
ដោយរក្សាសេចក្តីសន្យាដែលបានធ្វើតាំងពីនាងនៅក្មេង។ ប៉ុន្តែនាងក៏ប្រាប់ខ្ញុំថា
នាងមិនចង់ឱ្យវីល័យត្រូវរស់នៅដោយគ្មានសេចក្តីសុខរហូតដល់ចុងជីវិតនោះទេ។
«អូនគិតថា
បងជាបុរសដែលមានសំណាង» ម៉ូលីនិយាយ។ «បងមានមនុស្សពីរនាក់ដែលយកចិត្តទុកដាក់ចំពោះបងតាមរបៀបខុសគ្នា។
ប៉ុន្តែខ្ញុំក៏គិតថា វីល័យជាមនុស្សដែលគួរឱ្យអាណិតដែរ។
ខ្ញុំបានឮសំឡេងនាងពេលនិយាយជាមួយខ្ញុំ។ ខ្ញុំអាចដឹងថា
នាងមានការឈឺចាប់ដែលមិនងាយពន្យល់ជាលាលក្ខអក្សរអោយអស់បានឡើយ»។
ខ្ញុំមិនបានឆ្លើយតបភ្លាមៗទេ។
ខ្ញុំគ្រាន់តែគិតដល់ស្ត្រីម្នាក់ដែលធ្លាប់អង្គុយនៅមុខខ្ញុំក្នុងពិធីភ្ជាប់ពាក្យ
កាលពីជាងសែសិបឆ្នាំមុន។ នៅពេលនោះ នាងប្រហែលជាមិនដឹងថា
ពេលវេលានឹងធ្វើឱ្យនាងត្រូវរស់នៅដោយគ្មានចម្លើយ នាងប្រហែលជាគិតថា
ការរង់ចាំខ្ញុំរយៈពេលប៉ុន្មានឆ្នាំនឹងគ្រប់គ្រាន់។ នាងមិនអាចដឹងថា
ប្រវត្តិសាស្ត្រនឹងយកមនុស្សរាប់លាននាក់ទៅបំបែកពីគ្នា ហើយធ្វើឱ្យការសន្យាតូចមួយក្លាយទៅជាបន្ទុកពេញមួយជីវិតនោះឡើយ។
ខ្ញុំបានសរសេរសារមួយទៅកាន់នាង។
«វីល័យ
បងសុំទោស។ បងមិនមានពាក្យណាដែលអាចពន្យល់ពីអារម្មណ៍របស់បងបានទេ។
បងសោកស្តាយដែលយើងត្រូវបែកគ្នាដោយសារសង្គ្រាម ហើយបងសោកស្តាយដែលបងមិនបានដឹងថា
អូននៅរស់ និងកំពុងរង់ចាំបង។ បងមិនអាចសងពេលវេលាដែលអូនបានលះបង់ទៅអូនបានទេ។
បងមិនអាចធ្វើឱ្យអតីតកាលក្លាយជាអ្វីដែលយើងចង់បានឡើយ។ ប៉ុន្តែបងចង់ឱ្យអូនដឹងថា
បងមិនមើលរំលងការលះបង់របស់អូនទេ។ បងគោរពសេចក្តីស្រឡាញ់ និងភាពស្មោះត្រង់របស់អូន
ហើយបងសង្ឃឹមថា យើងនឹងបានជួបគ្នាម្តងទៀត មុនពេលជីវិតរបស់យើងឈានដល់ទីបញ្ចប់»។
ខ្ញុំអានសារនោះម្តងហើយម្តងទៀត
មុនពេលផ្ញើទៅនាង។ ខ្ញុំដឹងថា ពាក្យសុំទោសមិនអាចស្មើនឹងឆ្នាំដែលនាងបានរង់ចាំនោះទេ។
វាមិនអាចលុបចោលទារុណកម្មដែលនាងបានទទួលរងនៅឆ្នាំ១៩៧៧
ឬការឈឺចាប់នៅពេលនាងបានឮដំណឹងថាខ្ញុំស្លាប់នោះឡើយ ហើយវាមិនអាចធ្វើឱ្យនាងត្រឡប់ទៅក្លាយជានារីវ័យក្មេងនៅឆ្នាំ១៩៦៩
បានដែរ។ ខ្ញុំចង់ឱ្យនាងដឹងថា នាងមិនបានរង់ចាំដោយគ្មាននរណាម្នាក់បានឮរឿងរបស់នាងឡើយ។
ខ្ញុំបានឮ ខ្ញុំយល់ថា ការរង់ចាំរបស់នាងមានន័យយ៉ាងណាចំពោះជីវិតរបស់នាង
ហើយខ្ញុំមិនចង់ឱ្យនាងមានអារម្មណ៍ថា ការលះបង់ទាំងនោះគ្មានតម្លៃនោះទេ។
ពេលខ្លះ
ខ្ញុំគិតថា ប្រសិនបើសង្គ្រាមមិនបានកើតឡើង
វីល័យប្រហែលជាមិនចាំបាច់ក្លាយជានារីដែលមានរឿងសោកសៅបែបនេះទេ នាងនឹងបានរៀបការជាមួយខ្ញុំ
ហើយយើងនឹងមានជីវិតធម្មតាមួយដូចគ្រួសារដទៃទៀតដែរ។
ប្រហែលជាយើងនឹងមានជម្លោះតូចតាចក្នុងជីវិតប្រចាំថ្ងៃ ហើយសុំទោសគ្នានៅពេលយប់។
ប្រហែលជាយើងនឹងចាស់ទៅជាមួយគ្នា ដោយមិនចាំបាច់ស្គាល់ពាក្យថា ជនភៀសខ្លួន ទារុណកម្ម សមរភូមិប្រយុទ្ធ
ឬរត់ឆ្លងដែនឡើយ។
ប៉ុន្តែជីវិតមិនមែនជាការប្រកួតដែលយើងអាចចាប់ផ្តើមលេងឡើងវិញបានទេ។
យើងមិនអាចត្រឡប់ទៅកន្លែងដែលយើងធ្លាប់ឈរ ហើយជ្រើសរើសផ្លូវមួយផ្សេងទៀតបានឡើយ។
អ្វីដែលយើងអាចធ្វើបាន គឺរស់នៅជាមួយការពិតដែលបានកើតឡើង
ហើយព្យាយាមកុំឱ្យការឈឺចាប់ពីអតីតកាលបង្កើតការឈឺចាប់ថ្មីដល់អ្នកដែលនៅជាមួយយើងនៅថ្ងៃនេះ។
នៅពេលខ្ញុំគិតដល់កម្ពុជា
ខ្ញុំមិនចង់ឃើញតែរូបភាពនៃការសម្លាប់រង្គាល និងការបំផ្លិចបំផ្លាញនោះទេ។
ខ្ញុំក៏ចង់ឃើញកុមារដែលកំពុងរៀនអក្សរខ្មែរ នៅក្នុងសាលាដែលមានដើមឈើចោលម្លប់ដ៏ត្រជាក់។
ខ្ញុំចង់ឃើញកសិករ នៅលើវាលស្រែ ហើយត្រឡប់មកផ្ទះដោយរីករាយនៅពេលថ្ងៃលិច។
ខ្ញុំចង់ឃើញមនុស្សចាស់អង្គុយនិយាយរឿងពីអតីតកាល ដោយមិនចាំបាច់ខ្លាចថា
ការនិយាយការពិតនឹងនាំឱ្យពួកគេបាត់បង់ជីវិត។ ខ្ញុំចង់ឃើញប្រទេសខ្មែរមួយដែលប្រជាជនមិនត្រូវបែកបាក់គ្នាដោយសារមនោគមវិជ្ជា
និងការដណ្តើមអំណាចគ្នា។ ខ្ញុំចង់ឃើញអ្នកដឹកនាំដែលយល់ថា
អំណាចមិនមែនជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេឡើយ ដែលត្រូវក្ដាប់អំណាចតពូជ
ប៉ុន្តែជាការទទួលខុសត្រូវចំពោះមនុស្សរាប់លាននាក់ ដែលត្រូវការសន្តិភាព
និងសេចក្តីសង្ឃឹម។
ខ្ញុំធ្លាប់ឃើញមនុស្សដែលមិនធ្លាប់ស្គាល់គ្នា
ជួយគ្នារកអាហារនៅក្នុងជំរំជនភៀសខ្លួន
ខ្ញុំធ្លាប់ឃើញម្តាយម្នាក់ចែកអាហារចុងក្រោយរបស់ខ្លួនឱ្យកុមារដែលមិនមែនជាកូនរបស់នាង
ខ្ញុំធ្លាប់ឃើញអ្នករបួសប្រើកម្លាំងដែលនៅសល់
ដើម្បីជួយមនុស្សម្នាក់ទៀតឱ្យឆ្លងកាត់ផ្លូវដ៏គ្រោះថ្នាក់
ទាំងនេះជារូបភាពដែលបង្ហាញថា មនុស្សអាចបំផ្លាញគ្នាបាន
ប៉ុន្តែមនុស្សក៏អាចជួយសង្គ្រោះគ្នាបានដែរ។
ខ្ញុំមិនចង់ឱ្យកូនស្រីរបស់ខ្ញុំធំឡើងដោយស្គាល់តែប្រវត្តិសាស្ត្រនៃការស្អប់គ្នាទេ។
ខ្ញុំចង់ឱ្យនាងដឹងថា ការស្រឡាញ់ប្រទេសជាតិមិនមែនមានន័យថាត្រូវស្អប់ប្រទេស ឬប្រជាជនដទៃឡើយ។
ការចងចាំអ្នកដែលបានស្លាប់ មិនមែនមានន័យថាត្រូវបន្តសងសឹកវិញឡើយ។
ហើយការការពារសេចក្តីថ្លៃថ្នូររបស់យើង មិនមែនមានន័យថា ត្រូវតែបំផ្លាញសេចក្តីថ្លៃថ្នូររបស់អ្នកដទៃនោះទេ។
ប្រទេសមួយមិនអាចរឹងមាំឡើងដោយការបង្កើតផ្នូរថ្មីៗជារៀងរាល់ថ្ងៃឡើយ។
វារឹងមាំឡើងនៅពេលកុមារអាចទៅសាលារៀនដោយសុវត្ថិភាព
នៅពេលឪពុកម្តាយអាចធ្វើការដោយមិនខ្លាចបាត់បង់កូន
និងនៅពេលអ្នកដឹកនាំអាចទទួលស្គាល់កំហុសរបស់ខ្លួន ដោយមិនប្រើជីវិតរបស់ប្រជាជនជាការដោះដូរនឹងអំណាច។
ឥឡូវនេះ
ខ្ញុំមិនដឹងថា ខ្ញុំនឹងបានទៅកម្ពុជានៅពេលណាទេ។ ខ្ញុំមិនដឹងថា
ការជួបជុំដែលយើងសង្ឃឹមទុកនៅឆ្នាំខាងមុខនឹងអាចកើតឡើងតាមដែលយើងប្រាថ្នា ឬអត់នោះទេ។
ជីវិតមិនដែលធានាថា មនុស្សដែលបានបែកគ្នាយូរនឹងមានឱកាសជួបគ្នាម្តងទៀតឡើយ។
ប៉ុន្តែចាប់តាំងពីថ្ងៃដែលបាននិយាយជាមួយវិល័យមក
ខ្ញុំមិនមានអារម្មណ៍ថាវីល័យបានបាត់បង់ទៅក្នុងអ័ព្ទនៃអតីតកាលទៀតទេ។
នាងជាមនុស្សពិតម្នាក់ដែលនៅរស់ មានការងារធ្វើ មានការចងចាំ
និងមានជីវិតដែលបានបន្តទៅមុខ ទោះបីជាជីវិតនោះមានការឈឺចាប់យ៉ាងណាក៏ដោយ។
ពេលខ្ញុំគិតដល់នាង
ខ្ញុំមិនចង់ឱ្យអារម្មណ៍របស់ខ្ញុំក្លាយទៅជាការទាមទារអ្វីមួយពីនាងឡើយ នាងមិនចាំបាច់បង្ហាញភក្ដីភាពដោយការលះបង់សេចក្តីសុខរបស់ខ្លួនឡើយ។
អ្វីដែលខ្ញុំអាចធ្វើបាន គឺគោរពការសម្រេចចិត្តរបស់នាង ស្តាប់រឿងរ៉ាវរបស់នាង
និងព្យាយាមជួយនាងតាមដែលខ្ញុំអាចធ្វើបាន។
ខ្ញុំក៏មិនចង់ឱ្យម៉ូលីមានអារម្មណ៍ថា
នាងត្រូវប្រកួតប្រជែងជាមួយអតីតកាលរបស់ខ្ញុំដែរ។
ម៉ូលីគឺជាមនុស្សដែលបានឈរនៅក្បែរខ្ញុំក្នុងជីវិតបច្ចុប្បន្ន។
នាងបានចែករំលែកការលំបាក ការខិតខំ និងសេចក្តីសង្ឃឹមជាមួយខ្ញុំ នាងបានជួយខ្ញុំបង្កើតបានជាផ្ទះមួយនៅក្នុងប្រទេសដែលខ្ញុំធ្លាប់មិនស្គាល់
នាងមិនមែនជាផ្នែកមួយនៃសុបិនដែលមិនបានកើតឡើងនោះទេ
នាងជាផ្នែកមួយនៃជីវិតដែលខ្ញុំបានរស់នៅពិតប្រាកដ។
មនុស្សអាចមានការចងចាំច្រើន
ហើយអាចមានអារម្មណ៍ស្មុគស្មាញចំពោះអតីតកាល
ដោយមិនចាំបាច់បោះបង់ទំនួលខុសត្រូវក្នុងបច្ចុប្បន្នឡើយ
ខ្ញុំត្រូវរៀនទទួលយកការពិតនេះ
ដូចដែលខ្ញុំបានរៀនទទួលយកការបាត់បង់ជាច្រើនក្នុងជីវិត។
ខ្ញុំមិនអាចផ្លាស់ប្តូរឆ្នាំ១៩៧៥
បាន ខ្ញុំមិនអាចបញ្ឈប់ការបង្ខំប្រជាជនចេញពីទីក្រុងភ្នំពេញបាន
ខ្ញុំមិនអាចជួយមនុស្សដែលបានស្លាប់នៅបឹងត្រពាំងថ្ម ឬនៅតាមព្រំដែនថៃបាន ហើយខ្ញុំក៏មិនអាចត្រឡប់ទៅឆ្នាំ១៩៦៩
ដើម្បីនិយាយពាក្យថាលាជាមួយវីល័យបានដែរ។ ប៉ុន្តែខ្ញុំអាចនិយាយការពិតអំពីអ្វីដែលបានកើតឡើង
ខ្ញុំអាចប្រាប់កូនស្រីរបស់ខ្ញុំអំពីមនុស្សដែលបានបាត់បង់ជីវិត ដើម្បីឱ្យនាងយល់ថា
សន្តិភាពមិនមែនជាអ្វីដែលមនុស្សគួរចាត់ទុកថាមានជារៀងរហូតនោះឡើយ។
ខ្ញុំអាចរក្សាការចងចាំអំពីវីល័យ
ដោយមិនធ្វើឱ្យការចងចាំនោះក្លាយជាអាវុធប្រឆាំងនឹងគ្រួសាររបស់ខ្ញុំ
ហើយខ្ញុំអាចសង្ឃឹមថា មនុស្សជំនាន់ក្រោយនឹងរៀនពីកំហុសរបស់អ្នកជំនាន់មុនផងដែរ។
នៅក្នុងផ្ទះរបស់ខ្ញុំនៅអាមេរិក
មានពេលខ្លះខ្ញុំឈរមើលរូបថតគ្រួសារដែលដាក់នៅលើជញ្ជាំង។ មានរូបខ្ញុំជាមួយម៉ូលី
រូបកូនស្រីរបស់ខ្ញុំនៅពេលនាងនៅតូច និងរូបភាពផ្សេងៗដែលយើងមានអនុស្សាវរីយ៍ជាមួយគ្នា។
ខ្ញុំមើលរូបថតទាំងនោះ ហើយនឹកដល់មនុស្សដែលមិនមាននៅក្នុងរូបថតទាំងនេះ ដូចជាឪពុកម្តាយខ្ញុំ
បងប្អូនញាតិមិត្ត និងវីល័យ សុទ្ធតែជាផ្នែកមួយនៃជីវិត ដែលខ្ញុំមិនអាចយកមកដាក់ក្នុងស៊ុមតែមួយបាន។
ខ្ញុំបានចំណាយពេលជាងសាមសិបឆ្នាំដោយគិតថា
ការចាកចេញពីកម្ពុជាមានន័យថា ខ្ញុំបានបាត់បង់ប្រទេសរបស់ខ្ញុំ។ ឥឡូវនេះ
ខ្ញុំចាប់ផ្តើមយល់ថា ប្រទេសមួយមិនមែនមានតែព្រំដែន និងដីធ្លីនោះទេ
វាក៏មាននៅក្នុងភាសាដែលយើងនិយាយ ក្នុងបទចម្រៀងដែលយើងស្ដាប់ ក្នុងម្ហូបដែលយើងបរិភោក
និងក្នុងរឿងរ៉ាវដែលយើងតែងតែប្រាប់ដល់កូនចៅរបស់យើងផងដែរ។
កម្ពុជានៅក្នុងចិត្តខ្ញុំ
គឺជាសំឡេងម្តាយដែលធ្លាប់ហៅខ្ញុំឱ្យចូលផ្ទះនៅពេលល្ងាច។ វាជាក្លិនចំហាយដីក្រោយពេលភ្លៀង
វាជាអនុស្សាវរីយ៍នៃពិធីភ្ជាប់ពាក្យមួយនៅឆ្នាំ១៩៦៩
ដែលខ្ញុំមិនធ្លាប់គិតថានឹងក្លាយជាផ្នែកមួយនៃវិប្បដិសារីពេញមួយជីវិត។
វាជាទំនប់បឹងត្រពាំងថ្ម ដែលខ្ញុំមិនចង់ត្រឡប់ទៅឃើញសូម្បីក្នុងយល់សប្តិ
ប៉ុន្តែមិនអាចបំភ្លេចបាន ហើយមានស្ត្រីម្នាក់ឈ្មោះវីល័យ ដែលបានរក្សាសេចក្តីសន្យានៅក្នុងចិត្ត
ទោះបីពិភពលោកបានប្រាប់នាងម្តងហើយម្តងទៀតថា មនុស្សដែលនាងរង់ចាំបានស្លាប់ទៅហើយក៏ដោយ។
បើខ្ញុំអាចនិយាយអ្វីមួយទៅកាន់វីល័យនៅថ្ងៃនេះ
ខ្ញុំនឹងមិនសន្យាអ្វីដែលខ្ញុំមិនអាចធ្វើបានទៀតទេ។ ខ្ញុំនឹងមិននិយាយថា
យើងអាចត្រឡប់ទៅរស់នៅដូចអតីតកាលបានឡើយ
ខ្ញុំនឹងមិនសុំឱ្យនាងបន្តរង់ចាំអ្វីដែលមិនអាចត្រឡប់មកវិញនោះឡើយ។
ខ្ញុំនឹងប្រាប់នាងថា
ខ្ញុំសូមអរគុណចំពោះការចងចាំដែលនាងបានរក្សាទុក។
ខ្ញុំសូមទោសចំពោះការឈឺចាប់ដែលនាងបានឆ្លងកាត់។ ហើយខ្ញុំសង្ឃឹមថា
នាងនឹងអាចរកឃើញសេចក្តីសុខនៅក្នុងជីវិតដែលនៅសល់ ដោយមិនចាំបាច់មានអារម្មណ៍ថា
នាងកំពុងក្បត់ការសន្យាដែលបានធ្វើតាំងពីយុវវ័យនោះឡើយ។
ចំពោះខ្ញុំ
សេចក្តីស្រឡាញ់មិនមែនតែងតែមានន័យថា
មនុស្សពីរនាក់ត្រូវរស់នៅជាមួយគ្នារហូតដល់ចុងជីវិតនោះទេ។ ពេលខ្លះ
សេចក្តីស្រឡាញ់គឺជាការទទួលស្គាល់ថា មានមនុស្សម្នាក់នៅក្នុងជីវិតរបស់យើង
ហើយយើងត្រូវគោរពអ្វីដែលគាត់បានលះបង់
ទោះបីយើងមិនអាចផ្តល់អ្វីៗដែលគាត់សង្ឃឹមចង់បានក៏ដោយ។
ខ្ញុំមិនដឹងថា
ពេលណាខ្ញុំនឹងបានឈរលើដីកំណើតរបស់ខ្ញុំម្តងទៀតទេ។ ប្រហែលជាខ្ញុំនឹងបានទៅ
ប្រហែលជាខ្ញុំមិនបានទៅ ប៉ុន្តែខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំនឹងអាចឈរនៅលើដីខ្មែរនៅកន្លែងមួួ
ហើយមើលទៅមេឃដែលខ្ញុំធ្លាប់មើលកាលពីក្មេង ដោយមិនមានសំឡេងគ្រាប់ផ្ទុះ។ ខ្ញុំចង់ឱ្យថ្ងៃនោះជាថ្ងៃដែលខ្ញុំអាចនិយាយថា
ខ្ញុំបានត្រឡប់មកផ្ទះវិញហើយ។ មិនមែនដោយសារខ្ញុំបានរកឃើញអ្វីៗទាំងអស់ដែលខ្ញុំបានបាត់បង់នោះទេ
ប៉ុន្តែដោយ សារខ្ញុំបានរៀនរស់នៅជាមួយការបាត់បង់ទាំងនោះ
ដោយមិនអនុញ្ញាតឱ្យវាបំផ្លាញសេចក្តីស្រឡាញ់ដែលនៅសល់ក្នុងជីវិតខ្ញុំតទៅទៀត។
ខ្ញុំសង្ឃឹមថា
ប្រទេសកម្ពុជានឹងរៀនពីប្រវត្តិសាស្ត្ររបស់ខ្លួន ខ្ញុំសង្ឃឹមថា
អ្នកដឹកនាំខ្មែរនឹងយល់ថា ការដណ្តើមអំណាចមិនអាចមានតម្លៃលើសជីវិតប្រជាជនបានឡើយ
ខ្ញុំសង្ឃឹមថា មនុស្សជំនាន់ក្រោយនឹងមិនត្រូវរត់ចេញពីផ្ទះរបស់ខ្លួន
ដោយសារជំនឿនយោបាយ ឬការបញ្ជារបស់អ្នកមានអំណាចមួយក្ដាប់តូចនោះទេ។
ខ្ញុំបានរស់នៅឆ្ងាយពីប្រទេសកំណើតអស់ជាច្រើនទសវត្សរ៍
ខ្ញុំបានបាត់បង់មនុស្សដែលខ្ញុំស្រឡាញ់ ហើយបានរៀនស្រឡាញ់មនុស្សថ្មី
ខ្ញុំបានឆ្លងកាត់សង្គ្រាម ការរត់គេច ការភ័យខ្លាច និងការចាប់ផ្តើមជីវិតឡើងវិញ
ខ្ញុំមិនអាចនិយាយថា ខ្ញុំបានយកឈ្នះអតីតកាលរបស់ខ្ញុំបានទាំងស្រុងនោះទេ តែខ្ញុំអាចនិយាយថា
ខ្ញុំមិនចង់ឱ្យអតីតកាលកំណត់ថា ខ្ញុំត្រូវក្លាយជាមនុស្សបែបណានៅថ្ងៃនេះឡើយ។
សង្គ្រាមអាចបំបែកមនុស្សពីគ្នា
វាអាចបំផ្លាញផ្ទះសម្បែង បំបែកគ្រួសារ និងបញ្ចប់ជីវិតមនុស្សរាប់លាននាក់
វាអាចធ្វើឱ្យសេចក្តីសន្យាមួយក្លាយទៅជាការរង់ចាំពេញមួយជីវិត
ប៉ុន្តែសង្គ្រាមមិនអាចបញ្ជាឱ្យមនុស្សគ្រប់គ្នាបំភ្លេចគ្នាបានឡើយ។ នៅក្នុងចិត្តខ្ញុំ
វីល័យនៅតែជានារីវ័យក្មេងម្នាក់ដែលអង្គុយនៅមុខខ្ញុំក្នុងពិធីភ្ជាប់ពាក្យនៅឆ្នាំ១៩៦៩។
ម៉ូលីនៅតែជាស្ត្រីដែលបានចាប់ដៃខ្ញុំ
នៅពេលខ្ញុំប្រាប់នាងអំពីរឿងដែលខ្ញុំខ្លាចបំផុតក្នុងការនិយាយចេញមក
កូនស្រីរបស់ខ្ញុំនៅតែជាពន្លឺដែលរំឭកខ្ញុំថា ជីវិតអាចបន្តកើតមានបាន
ទោះបីអតីតកាលពោរពេញដោយភាពងងឹតក៏ដោយ។
ខ្ញុំជាជនជាតិខ្មែរ
ដែលរស់នៅទីក្រុងឡូវែល សហរដ្ឋអាមេរិក។ ខ្ញុំមិនបានត្រឡប់ទៅស្រុកកំណើតអស់ជាងសាមសិបឆ្នាំ
ហើយរាល់ថ្ងៃខ្ញុំនៅតែនឹកដល់មនុស្សដែលខ្ញុំបានបាត់បង់ ប៉ុន្តែខ្ញុំក៏នៅតែសង្ឃឹមថា
ការចងចាំរបស់យើងអាចក្លាយជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយ
មិនមែនជាភ្លើងដែលបន្តដុតបំផ្លាញជីវិតរបស់ពួកគេឡើយ។ មនុស្សមិនគួរចំណាយជីវិតដើម្បីដណ្តើមអំណាចពីគ្នានោះទេ
យើងគួរចំណាយពេលដើម្បីការពារជីវិតគ្នា ស្តាប់គ្នា
និងផ្តល់ឱកាសឱ្យគ្នាបានរស់នៅដោយសេចក្តីថ្លៃថ្នូរ ព្រោះនៅទីបំផុត អំណាចអាចបាត់បង់
សង្គ្រាមអាចបញ្ចប់ ហើយព្រំដែនអាចផ្លាស់ប្តូរ តែស្នាមរបួសនៅក្នុងចិត្តមនុស្សម្នាក់
អាចនៅសល់តកូនចៅរបស់គេ ជាពិសេសសេចក្តីស្រឡាញ់មួយដែលត្រូវបានសង្គ្រាមបំបែក
មិនមែនជារឿងដែលយើងគួរយកទៅប្រើដើម្បីបង្កើតការស្អប់គ្នានោះទេ។ វាគួរតែជាការរំឭកថា
មនុស្សគ្រប់រូបមានបេះដូង មានក្តីសង្ឃឹម និងមានសិទ្ធិរស់នៅដោយសន្តិភាព ទាំងនោះហើយជាអ្វីដែលខ្ញុំប្រាថ្នាសម្រាប់កម្ពុជា
ទាំងនោះហើយជាអ្វីដែលខ្ញុំប្រាថ្នាសម្រាប់វីល័យ សម្រាប់ម៉ូលី
សម្រាប់កូនស្រីរបស់ខ្ញុំ
និងសម្រាប់មនុស្សគ្រប់រូបដែលធ្លាប់បាត់បង់អ្វីមួយដោយសារសង្គ្រាម។
សូមឱ្យថ្ងៃណាមួយ ស្រុកកំណើតមិនមែនជាកន្លែងដែលមនុស្សត្រូវនឹកស្រណោះពីចម្ងាយទេ ប៉ុន្តែជាកន្លែងដែលពួកគេអាចត្រឡប់ទៅរស់នៅដោយសេចក្តីសុខ ហើយសូមឱ្យមនុស្សជំនាន់ក្រោយមិនចាំបាច់រៀនពាក្យថា «ការបែកព្រាត់» ដោយសារសង្គ្រាមដូចជំនាន់យើងទៀតឡើយ៕
អក្ខរាវិរុទ្ធដ៏មានប្រសិទ្ធភាពពិតៗ ដើម្បីជួយនាំយកអតីតគូស្នេហ៍ និងរក្សាទុកអាពាហ៍ពិពាហ៍
ReplyDeleteជំរាបសួរអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ Rosalba រំភើបរីករាយខ្លាំងណាស់ អរគុណដល់ Dr.GURU ។ ប្តីរបស់ខ្ញុំបានចាកចេញពីខ្ញុំទៅស្រីម្នាក់ទៀតកាលពីប៉ុន្មានឆ្នាំមុន ហើយខ្ញុំមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ព្រោះខ្ញុំមិនដែលធ្វើខុសចំពោះគាត់ទេ ខ្ញុំនៅសល់កូនពីរនាក់របស់ខ្ញុំ និងការងារដែលមានប្រាក់ខែតិចតួច។ ខ្ញុំស្ទើរតែបោះបង់ចោលរហូតដល់ខ្ញុំបានឃើញសក្ខីកម្មតាមអ៊ីនធឺណិតអំពី Dr.GURU ពីរបៀបដែលគាត់បានជួយមនុស្សជាច្រើន ដូច្នេះខ្ញុំបានទាក់ទងគាត់ដោយភ្ញាក់ផ្អើល 24 ម៉ោងបន្ទាប់ពីខ្ញុំបានធ្វើអ្វីដែលគ្រូពេទ្យសុំឱ្យខ្ញុំធ្វើ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញនៅថ្ងៃបន្ទាប់ពីអក្ខរាវិរុទ្ធសុំទាន។ ខ្ញុំអត់ទោសឱ្យគាត់ ហើយសន្យាថានឹងមិនចាកចេញទេ។ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញអស់រយៈពេល 6 ខែហើយ ហើយពួកយើងមិនដែលមានបញ្ហាអ្វីទេ ខ្ញុំរីករាយដែលខ្ញុំមិនបានសង្ស័យ Dr.GURU ។ ឥឡូវនេះខ្ញុំប្រាកដថាគាត់ក៏អាចដោះស្រាយបញ្ហាណាមួយជាមួយនឹងការធូរស្បើយឆាប់រហ័សផងដែរ។ អ្នកក៏អាចទាក់ទងគាត់សម្រាប់ជំនួយឥឡូវនេះ។
អ៊ីមែល៖ saguruu087@gmail.com ឬ whatsapp +12098373537
ទីបន្ទាល់ដ៏អស្ចារ្យមួយនៅលើតួអក្ខរាវិរុទ្ធដែលបាននាំប្តីរបស់ខ្ញុំមកខ្ញុំវិញ។ ខ្ញុំបានរៀបការយ៉ាងមានសុភមង្គលជាមួយប្តីដែលគួរឱ្យស្រឡាញ់និងយកចិត្តទុកដាក់មានកូនពីរនាក់។ បញ្ហាដ៏ធំមួយបានកើតឡើងនៅក្នុងគ្រួសាររបស់ខ្ញុំកាលពីប្រាំពីរខែមុន រវាងខ្ញុំ និងប្តីរបស់ខ្ញុំ។ រន្ធត់ណាស់ដែលគាត់យករឿងនេះទៅតុលាការដើម្បីសុំលែងលះ។ គាត់ថាគាត់មិនចង់នៅជាមួយខ្ញុំទៀតទេ ហើយគាត់ក៏លែងស្រលាញ់ខ្ញុំទៀត។ ដូច្នេះ គាត់បានខ្ចប់ចេញពីផ្ទះ ហើយធ្វើឲ្យខ្ញុំ និងកូនៗឈឺចាប់យ៉ាងខ្លាំង។ ខ្ញុំបានព្យាយាមគ្រប់មធ្យោបាយដើម្បីយកគាត់មកវិញ បន្ទាប់ពីសុំទានច្រើនដងរួចមកហើយ ប៉ុន្តែនៅតែមិនបានសម្រេច ហើយគាត់បញ្ជាក់ថាគាត់បានសម្រេចចិត្តហើយ គាត់មិនដែលចង់ជួបខ្ញុំទៀតទេ។ ដូច្នេះ នៅល្ងាចមួយ ពេលខ្ញុំត្រឡប់មកពីធ្វើការ ខ្ញុំបានជួបមិត្តចាស់របស់ខ្ញុំ ដែលបានសួរប្តីខ្ញុំ។ ដូច្នេះខ្ញុំពន្យល់គ្រប់យ៉ាងដល់នាង ដូច្នេះនាងប្រាប់ខ្ញុំថា មធ្យោបាយតែមួយគត់ដែលខ្ញុំអាចយកប្តីខ្ញុំមកវិញបានគឺការទៅជួបគ្រូអក្ខរាវិរុទ្ធ ព្រោះនោះជាអ្វីដែលនាងធ្វើផងដែរ ដើម្បីឈ្នះគូស្នេហ៍របស់នាងមកវិញ។ បន្ទាប់មកខ្ញុំបានធ្វើតាមដំបូន្មានរបស់នាង ហើយនាងបានឱ្យខ្ញុំ DR WALE WhatsApp contact:+2347054019402។ ភ្លាមៗនោះខ្ញុំបានផ្ញើសារ WhatsApp របស់ DR WALE ហើយប្រាប់គាត់អំពីការឈឺចាប់ និងបញ្ហាទាំងអស់ដែលខ្ញុំកំពុងប្រឈមមុខ។ DR WALE បានប្រាប់ខ្ញុំថាកុំយំទៀតឡើយ ហើយថាខ្ញុំប្រើពេលសម្រាកចិត្ត។ បន្ទាប់ពីការពិភាក្សាជាច្រើនជាមួយ DR WALE ខ្ញុំបានបង់ប្រាក់សម្រាប់សម្ភារៈ និងរបស់របរទាំងអស់ដែលត្រូវការដើម្បីដេញអក្ខរាវិរុទ្ធ ហើយអ្នកសរសេរអក្ខរាវិរុទ្ធបានធានាខ្ញុំថាខ្ញុំនឹងយកប្តីរបស់ខ្ញុំមកវិញក្នុងរយៈពេលមួយសប្តាហ៍។ ពិតជាអស្ចារ្យមែន!! ដូច្នេះ គាត់និយាយជាមួយខ្ញុំ ហើយប្រាប់ខ្ញុំនូវអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវធ្វើ។ បន្ទាប់មកនៅសប្តាហ៍បន្ទាប់ វាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលប្តីរបស់ខ្ញុំដែលមិនទូរស័ព្ទមកខ្ញុំអស់រយៈពេលប្រាំពីរខែកន្លងមកនេះបានទូរស័ព្ទមកខ្ញុំដើម្បីប្រាប់ខ្ញុំថាគាត់នឹងត្រលប់មកវិញ។ ពិតជាអស្ចារ្យណាស់!! ដូច្នេះហើយបានជាគាត់ត្រលប់មកផ្ទះវិញដោយក្តីស្រលាញ់ និងរីករាយ ហើយគាត់បានសុំទោសចំពោះកំហុសរបស់គាត់ និងសម្រាប់ការឈឺចាប់ដែលគាត់បានធ្វើឱ្យខ្ញុំ និងកូនរបស់ខ្ញុំ។ បន្ទាប់មក ចាប់ពីថ្ងៃនោះមក ទំនាក់ទំនងរបស់យើងឥឡូវនេះកាន់តែរឹងមាំជាងពេលដែលវាកើតឡើងដោយជំនួយពី DR WALE ។ ខ្ញុំនឹងណែនាំអ្នកនៅទីនោះដើម្បីទាក់ទងដោយសប្បុរស DR WALE WhatsApp/Viber +2347054019402 ឬអ៊ីម៉ែល៖ drwalespellhome@gmail.com
ReplyDelete