By Tararith
ពិធីភ្ជាប់ពាក្យមួយប្រព្រឹត្តទៅយ៉ាងអធិកអធមនៅក្នុងផ្ទះខាងស្រីនៅទីក្រុងឡូវែល។ ភ្លើងបំភ្លឺចែងចាំងលើជញ្ជាំង ពិដានត្រូវបានតុបតែងដោយផ្កាស្រស់ និងក្រណាត់សូត្រពណ៌មាស។ សំឡេងភ្លេងខ្មែរដ៏ពិរោះលាយឡំជាមួយសំណើចភ្ញៀវកិត្តិយស ដែលភាគច្រើនជាជនជាតិខ្មែររស់នៅសហរដ្ឋអាមេរិក។ មនុស្សម្នានាំគ្នាជូនពរគូស្នេហ៍វ័យក្មេងដែលកំពុងអង្គុយជិតគ្នាក្នុងពិធីនេះ។
កញ្ញា ជានារីខ្មែរវ័យក្មេងស្រស់ស្អាត មានទឹកមុខផល្លាពរាបសា
និងស្នាមញញឹមខូចស្រស់ពីធម្មជាតិ។ នៅថ្ងៃនេះ នាងស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរពណ៌ផ្កាឈូកស្រាល
គ្រឿងអលង្ការមាសតូចៗចែងចាំងលើកដៃ និងក។ សក់ខ្មៅរបស់នាងត្រូវបានរៀបចំយ៉ាងស្ងាត បង្ហាញពីសម្រស់នារីខ្មែរដ៏ភាពថ្លៃថ្នូរ។
នៅក្បែរនាង គឺកុសល យុវជនខ្មែរម្នាក់ដែលទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យម៉ាសាឈូសេត
នៅទីក្រុងឡូវែល(UMass Lowell)។ កុសលធំឡើងនៅរដ្ឋកាលីហ្វ័រញ៉ា
ប៉ុន្តែមានឫសគល់ជាខ្មែរ និងតែងតែចង់ដឹង ចងដឹង ចង់ស្គាល់ប្រទេសកំណើតរបស់ឪពុកម្តាយឱ្យបានច្រើន។
គេមានរូបរាងសង្ហា ចរិតស្លូតបូត និងពាក្យសម្តីពិរោះពិសារ ធ្វើឱ្យកញ្ញាមានអារម្មណ៍ថា
នាងបានជួបមនុស្សម្នាក់ដែលអាចទុកចិត្តបានអស់មួយជីវិត។
ថ្ងៃនេះជាថ្ងៃដ៏មានន័យបំផុតសម្រាប់អ្នកទាំងពីរ។
ក្រុមគ្រួសារទាំងសងខាងបានមកជួបជុំគ្នា ដើម្បីប្រកាសពីចំណងស្នេហា និងកំណត់ថ្ងៃរៀបអាពាហ៍ពិពាហ៍នៅពេលខាងមុខ។
នៅជួរមុខខាងឆ្វេង ក្បែរតុដែលរៀបចំសម្រាប់ឪពុកម្តាយកូនក្រមុំ
មានស្ត្រីវ័យចំណាស់ម្នាក់អង្គុយស្ងៀម។ គាត់ឈ្មោះផល្លា ជាម្តាយរបស់កញ្ញា។ សក់របស់គាត់មានស្កូវច្រើន
ហើយនៅជុំវិញភ្នែកមានស្នាមជ្រួញដែលបង្ហាញពីការឆ្លងកាត់ពេលវេលាដ៏លំបាក។ ទោះយ៉ាងណាកែវភ្នែករបស់គាត់នៅតែសមានភាពស្រទន់រាល់ពេលមើលទៅកូនស្រី។
ផល្លារស់នៅទីក្រុងឡូវែលជាមួយកូនស្រីតាំងពីបានមកដល់សហរដ្ឋអាមេរិក។
គាត់ជាស្ត្រីមេម៉ាយដែលបានឆ្លងកាត់សង្គ្រាម ការរត់ភៀសខ្លួន ការបាត់បង់មនុស្សជាទីស្រឡាញ់
និងការតស៊ូចិញ្ចឹមកូនតែម្នាក់ឯង។ ជំងឺបាក់ស្បាតដែលកើតឡើងតាំងពីសម័យរត់ភៀសខ្លួននៅតែបន្សល់ស្នាមក្នុងចិត្តរបស់គាត់
រហូតមកដល់សព្វថ្ងៃ។
គាត់មិនដែលនិយាយរឿងអតីតកាលទាំងនោះប្រាប់កូនស្រីឡើយ។
សម្រាប់គាត់ កញ្ញាគួរតែមានជីវិតថ្មីដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ និងសុភមង្គល មិនមែនជាំជីវិតដែលត្រូវរងទុក្ខដោយសាររឿងរ៉ាវដែលគាត់បានឆ្លងកាត់នោះទេ។
ថ្ងៃនេះ អតីតកាលដែលគាត់បានព្យាយាមលាក់បាំងក្នុងបេះដូង
ហាក់ដូចជាកំពុងត្រឡប់មកវិញ។
អ្នកភ្នួងបានប្រកាសដោយញញឹមថា៖
“ឥឡូវនេះ សូមអញ្ជើញកូនប្រុសដ៏ស្រស់សង្ហា
បំពាក់ចិញ្ចៀនភ្ជាប់ពាក្យជូនកូនស្រីដ៏ស្រស់ស្អាតរបស់យើង!»
សំឡេងទះដៃបានបន្លឺឡើងពេញផ្ទះ។
កុសលញញឹម ហើយងាកមើលកញ្ញា។ នាងឱនមុខបន្តិចដោយអៀនខ្មាស
រាយនឹងភាពរីករាយ។ គេយកប្រអប់តូចមួយចេញពីហោប៉ៅអាវ ហើយបើកវា។
នៅក្នុងប្រអប់នោះ មានចិញ្ចៀនមួយវង់។
វាជាចិញ្ចៀនមាសដែលមានរចនាបថចម្លែក និងវិចិត្រ។ ជុំវិញតួចិញ្ចៀនមានក្បាច់ផ្កាឈូកតូចៗ
លាយជាមួយក្បាច់ខ្មែរបុរាណខ្មែរ។ នៅផ្នែកខាងក្នុងមានអក្សរឆ្លាក់តូចៗ ដែលមនុស្សមិនអាចអានបាន
ប្រសិនបើមិនបានពិនិត្យមើលឱ្យជិត។
ពេលផល្លាបានឃើញចិញ្ចៀននោះ ស្នាមញញឹមរបស់គាត់បានរលាយបាត់ភ្លាមៗ។
មុខរបស់គាត់ប្រែជាស្លេកស្លាំង។ ដៃទាំងពីរដែលដាក់លើភ្លៅចាប់ផ្តើមញ័រ។
ភ្នែកទាំងគូសម្លឹងទៅលើចិញ្ចៀននោះដោយភាពភ្ញាក់ផ្អើល ហាក់ដូចជាកំពុងឃើញវិញ្ញាណប្ដីនៅចំពោះមុខ។
“មិនអាចទៅរួចទេ...»
គាត់លាន់មាត់តិចៗ។
ចិញ្ចៀននោះ គាត់ស្គាល់ច្បាស់ជាងអ្វីៗទាំងអស់ក្នុងលោក។
វាគឺជាចិញ្ចៀនស្នេហាដែលប្តីរបស់គាត់ធ្លាប់ពាក់អោយនៅថ្ងៃរៀបការ។
ជាចិញ្ចៀនដែលគ្មានពីរនៅលើលោកនេះ។ ជាចិញ្ចៀនដែលគាត់ធ្លាប់ឃើញនៅលើម្រាមដៃគាត់រាល់ថ្ងៃ។
ជាចិញ្ចៀនដែលនៅក្នុងអតីតកាល បានជាប់នឹងដៃរបស់គាត់។
ផល្លាចាប់ផ្តើមដកដង្ហើមញាប់។ សំឡេងភ្លេង សំឡេងសើច
និងសំឡេងទះដៃជុំវិញខ្លួន ហាក់ដូចជាខ្ទាតចេញទៅបន្តិចម្តងៗ។ គាត់ឮតែសំឡេងមួយនៅក្នុងចិត្ត
ដែលនៅតែបន្លឺឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
“ផល្លា... រត់ទៅ!
កុំបារម្ភពីបង!»
គាត់បិទភ្នែក។
ទឹកភ្នែកមួយដំណក់ហូរចុះតាមថ្ពាល់។
នៅចំពោះមុខគាត់ មិនមែនជាថ្ងៃភ្ជាប់ពាក្យដ៏គួរអោយរីករាយទៀតទេ
តែជាផ្លូវមរណៈនៅព្រំដែនកម្ពុជាសៀម ក្នុងឆ្នាំដែលប្រជាជនខ្មែររាប់ម៉ឺននាក់កំពុងរត់គេចពីសង្គ្រាម
ទៅរកជំនួយដើម្បីរស់។
ហើយនៅក្នុងអតីតកាលនោះ គាត់នៅជានារីវ័យក្មេងម្នាក់
ដែលមានភក្តីភាពចំពោះបុរសម្នាក់លើសពីជីវិតខ្លួនឯង។
ផល្លាបានជួបបុរសឈ្មោះកុសលជាលើកដំបូងនៅក្នុងពិធីបុចូលឆ្នាំ
កាលនាងនៅមានវ័យជាយុវវ័យនៅឡើយ។
ពេលនោះ ផល្លាមានអាយុប្រហែល១៨ឆ្នាំ។ នាងជាកូនស្រីរបស់គ្រួសារអ្នកលក់ដូរនៅផ្សារ
មានសម្រស់ស្រស់ស្អាតគួរសម ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សជុំវិញស្រឡាញ់នាងជាងគេ គឺចរិតសុភាពរាបសារ
មានចិត្តចេះអាណិតអាសូរ និងជួយយកអាសារអ្នកដទៃ។
កុសលជាយុវជនដែលមានចំណេះដឹង និងចេះជួសជុលគ្រឿងយន្ត។
គេមិនមែនជាមនុស្សមានទ្រព្យសម្បត្តិច្រើនទេ ប៉ុន្តែមានភាពឧស្សាហ៍ព្យាយាម និងមានក្តីស្រមៃចង់បង្កើតគ្រួសារមួយដែលមានសុភមង្គល។
ថ្ងៃនោះ ផល្លាបានទៅជួយម្តាយលក់បង្អែមនៅក្នុងពិធីបុណ្យចូលឆ្នាំ។
ពេលនាងកំពុងរៀបចំថាសបង្អែមដាក់លើតុ កុសលបានដើរមកទិញ។
“បងដាក់ឡូតមួយចានបានមក» គេនិយាយទៅផល្លា។
“ចាស៎!»
“អ្នកលក់ញញឹមស្រស់ដល់ហើយ។»
ផល្លាបើកភ្នែកធំៗដាក់វិញ។
“បានសម្ដីណាស់
ប្រហែលជានិយាយបែបនេះជាមួយអ្នកលក់គ្រប់គ្នាមែនទេ?»
“ទេ។ បងមិនដែលឃើញអ្នកលក់ណាមានស្នាមញញឹមស្អាតដូចអូនទេ។»
ផល្លាបែរមុខចេញ ប៉ុន្តែស្នាមញញឹមនៅតែស្ថិតលើបបូរមាត់
និងផ្ទៃមុខនាង។ នាងមិនដឹងថាពាក្យសាមញ្ញៗប៉ុន្មានម៉ាត់នោះ នឹងក្លាយជាចំណុចចាប់ផ្តើមនៃស្នេហាដ៏ជ្រាលជ្រៅបំផុតក្នុងជីវិតរបស់នាងឡើយ។
ក្រោយមក កុសលតែងរកឱកាសមកញ៉ាំបង្អែមដើម្បីបានជួបផល្លា។
ពេលខ្លះ គេមកជួយរៀបចំតុបង្អែម ពេលខ្លះមកជួយម្តាយនាងលើកឥវ៉ាន់ ហើយពេលខ្លះគ្រាន់តែជិះកង់កាត់មុខផ្ទះក៏មាន។
ស្នេហារបស់អ្នកទាំងពីរមិនបានចាប់ផ្តើមដោយពាក្យសន្យាធំដុំទេ។
វាកើតឡើងពីការយកចិត្តទុកដាក់ក្នុងរឿងតូចតាម ការសំណើចសប្បាយ និងការយល់ចិត្តគ្នាតែប៉ុណ្ណោះ។
រាល់ពេលមានព្រះចន្ទពេញវង់ កុសលតែងនាំផល្លាដើរតាមផ្លូវមាត់បឹង។
ពួកគេនិយាយពីអនាគត ពីផ្ទះតូចមួយដែលមានដើមផ្កាម្លិះនៅមុខផ្ទះ និងពីកូនៗដែលពួកគេចង់បាន។
“បងចង់មានកូនស្រីម្នាក់» កុសលធ្លាប់និយាយនៅយប់មួយ។
“ហេតុអ្វីបានជាបងចង់បានកូនស្រី?»
“ព្រោះបងចង់ឃើញមនុស្សម្នាក់ដែលមានស្នាមញញឹមដូចអូនរត់លេងក្នុងផ្ទះយើង។»
ផល្លាសើច ហើយវ៉ៃគេថ្នមៗ។
“បើកូនស្រីយើងមិនស្អាតវិញ?»
“តែនាងនឹងមានចិត្តល្អដូចអូន
បងនឹងស្រឡាញ់នាងជាងអ្វីៗទាំងអស់។»
ពាក្យទាំងនោះបានជ្រាបចូលក្នុងបេះដូងផល្លា។ នាងមិនធ្លាប់គិតថាស្នេហាអាចធ្វើឱ្យមនុស្សម្នាក់មានអារម្មណ៍កក់ក្តៅដល់ថ្នាក់នេះឡើយ។
ពួកគេបានរៀបការនៅក្នុងពិធីតូចមួយ តាមប្រពៃណីខ្មែរ
ដោយមានសាច់ញាតិទាំងសងខាង និងអ្នកភូមិចូលរួមអបអរ។ អាពាហ៍ពិពាហ៍មិនបានធ្វើនៅសាលធំមិនមានតុអាហារច្រើនមុខ
ហើយក៏គ្មានគ្រឿងអលង្ការថ្លៃៗដែរ។ ប៉ុន្តែសម្រាប់ផល្លា នោះជាថ្ងៃដែលនាងមានសុភមង្គលបំផុតក្នុងជីវិត។
ក្រោយរៀបការបានមួយរយៈ កុសលបានចាប់ផ្តើមសន្សំប្រាក់
ដើម្បីធ្វើកាដូពិសេសមួយជូនប្រពន្ធ។
គេបានទៅជួបជាងមាសចំណាស់ម្នាក់នៅផ្សារក្នុងស្រុក
ហើយនិយាយថា៖
“ខ្ញុំចង់ធ្វើចិញ្ចៀនមួយវង់។
សូមជួយរចនាឱ្យមានក្បាច់ខ្មែរបុរាណ ហើយឱ្យស្រស់ស្អាតជាងចិញ្ចៀនធម្មតា។ ខ្ញុំចង់ឱ្យវាជាចិញ្ចៀនដែលគ្មានពីរនៅលើលោកនេះ។»
ជាងមាសសម្លឹងមើលគេដោយស្នាមញញឹម។
“កូនចង់ឱ្យវាពិសេសដល់ថ្នាក់នោះមែនទេ?»
“បាទ។ វាជាចិញ្ចៀនស្នេហារបស់ខ្ញុំ។
ខ្ញុំចង់ឱ្យវាតំណាងឱ្យសេចក្តីស្រឡាញ់ដែលខ្ញុំមានចំពោះប្រពន្ធខ្ញុំ។»
កុសលបានជ្រើសរើសក្បាច់ផ្កាឈូក ដែលជានិមិត្តរូបនៃភាពបរិសុទ្ធ
និងក្តីសង្ឃឹម។ នៅផ្នែកខាងក្នុង គេឱ្យជាងឆ្លាក់អក្សរតូចៗថា “ផល្លា-កុសល។”
ពេលចិញ្ចៀនរួចរាល់ កុសលបានយកវាទៅផ្ទះនៅល្ងាចមួយ។
គេដាក់ចិញ្ចៀននៅលើតុ ហើយហៅប្រពន្ធមកអង្គុយក្បែរ។
“អូន បងមានរបស់មួយឱ្យអូន។»
ផល្លាមើលប្រអប់តូចមួយនៅក្នុងដៃប្តី។
“អ្វីទៅបង?»
កុសលបើកប្រអប់ ហើយចិញ្ចៀនមាសដាំត្បូងដ៏វិចិត្រមួយបានលេចចេញ។
ផល្លាស្ងៀមមួយសន្ទុះ។
“ស្អាតណាស់បង... តែវាថ្លៃណាស់មែនទេ?»
“វាអាចថ្លៃចំពោះអ្នកដទៃ
ប៉ុន្តែសម្រាប់បង វាមិនថ្លៃស្មើស្នាមញញឹមរបស់អូនទេ។»
គេយកចិញ្ចៀនមកពាក់លើម្រាមដៃរបស់ប្រពន្ធ រួចបន្តថា៖
“ស្រុកទេសប្រែប្រួលរាល់ថ្ងៃ។
ថ្ងៃណាដែលយើងមិននៅជាមួយគ្នា ទោះដោយសារហេតុផលអ្វីក៏ដោយ អូនគ្រាន់តែចាំចិញ្ចៀននេះ។ វាជាសាក្សីថា
បងស្រឡាញ់អូនដោយស្មោះ។»
ផល្លាចាប់ដៃប្តី ហើយសម្លឹងមើលចិញ្ចៀននោះដោយសេចក្ដីស្រឡាញ់។
“កុំនិយាយពីការបែកគ្នាអីបង។
ខ្ញុំចង់រស់នៅជាមួយបងរហូតដល់ចាស់។»
កុសលញញឹម ហើយថើបថ្ងាសនាងថ្នមៗ។
“បងក៏ចង់បានដូច្នោះដែរ។»
គ្មាននរណាម្នាក់ក្នុងចំណោមពួកគេអាចដឹងថា ពាក្យសន្យាដ៏ផ្អែមល្ហែមនៅថ្ងៃនោះ
នឹងក្លាយជាការចងចាំដ៏ឈឺចាប់បំផុតនៅថ្ងៃអនាគតឡើយ។
ពេលវេលាដ៏ស្រស់ស្អាតមិនអាចស្ថិតស្ថេរជារៀងរហូតបានឡើយ។
ស្ថានការណ៍នៅកម្ពុជាកាន់តែច្របូកច្របល់។ សង្គ្រាម
ការប្រយុទ្ធ និងភាពភ័យខ្លាចបានធ្វើឱ្យប្រជាជនជាច្រើនត្រូវចាកចេញពីផ្ទះសម្បែង។ គ្រួសារដែលធ្លាប់រស់នៅដោយសុខសាន្ត
បានចាប់ផ្តើមបាត់បង់សុវត្ថិភាព និងសេចក្តីសង្ឃឹម។
កុសល និងផល្លាក៏មិនអាចគេចផុតពីគ្រោះមហន្តរាយនោះដែរ។
ថ្ងៃមួយ ពួកគេត្រូវចាកចេញពីស្រុកកំណើត ដោយនាំយកតែរបស់របរចាំបាច់សម្រាប់ដំណើរដ៏វែងឆ្ងាយ។
ពេលនោះ ផល្លាចាប់បានមានផ្ទៃពោះហើយ។
កុសលកាន់ដៃប្រពន្ធយ៉ាងណែន។
“អូនកុំខ្លាច។ បងនឹងនាំអូនទៅកន្លែងមានសុវត្ថិភាព។
ពេលយើងទៅដល់ជំរំ យើងនឹងចាប់ផ្តើមជីវិតថ្មី។»
ផល្លាងក់ក្បាល ប៉ុន្តែក្នុងចិត្តពោរពេញទៅដោយការព្រួយបារម្ភ។
ផ្លូវទៅកាន់ជំរំជនភៀសខ្លួនពោរពេញទៅដោយភាពលំបាក។
ពួកគេត្រូវដើរឆ្លងកាត់ផ្លូវដី ព្រៃក្រាស់ និងចំការមីន។ មនុស្សជាច្រើនអស់កម្លាំង អ្នកខ្លះឈឺធ្លាក់ខ្លួនដេកតាមផ្លូវ
ហើយអ្នកខ្លះទៀតបានបាត់បង់សាច់ញាតិដោយសារផ្ទុះមីន និងការលប់ស្ទាក់បាញ់របស់ទាហានយួន។
កុសលព្យាយាមការពារប្រពន្ធឱ្យអស់ពីលទ្ធភាព។ ពេលផល្លាដើរមិនរួច
គេជួយទប់គ្រានាង។ ពេលរកបានទឹកមួយដប គេឱ្យនាងផឹកមុន។ ពេលយប់ គេដោះអាវរបស់ខ្លួនគ្របលើរាងកាយនាង
ដើម្បីការពារពីភាពត្រជាក់។
“បងមិនហត់ទេឬ?» ផល្លាសួរ។
“បងមិនអីទេ។»
“បងកុហកខ្ញុំហើយ។
បងមានរបួសជើង។»
កុសលញញឹម។
“បងមិនអី អូនជួយឱបបងបន្តិចទៅ។
បងនឹងមានកម្លាំងវិញហើយ។»
ផល្លាឱបប្តី ហើយយំតិចៗ។ នាងយំដោយសារការភ័យខ្លាចចំពោះអនាគតកូនក្នុងផ្ទៃ
និងដោយការលះបង់របស់ប្ដី ដែលមិនដែលបោះបង់នាង ទោះបីជីវិតគាត់ជួបការលំបាកប៉ុណ្ណាក៏ដោយ។
កុសលយកដៃជូតទឹកភ្នែកនាង។
“ផល្លា អូនចាំណា។
ថ្ងៃណាមួយ យើងនឹងនាំកូនទៅរស់នៅកន្លែងដែលមានសន្តិភាព។ កូនរបស់យើងនឹងមិនចាំបាច់រត់គេចពីគ្រាប់កាំភ្លើងដូចយើងទេ។»
ផល្លាសម្លឹងមុខប្តី ដោយជឿជាក់លើពាក្យសន្យានោះដោយអស់ពីពោះពីពុង។
នាងមិនដឹងថា កុសលកំពុងតស៊ូដើម្បីរក្សាជីវិតរបស់ពួកគេនៅក្នុងដំណើរដែលនឹងផ្លាស់ប្តូរជីវិតរបស់នាងជារៀងរហូតឡើយ។
ថ្ងៃមួយ ពេលក្រុមជនភៀសខ្លួនកំពុងធ្វើដំណើរឆ្លងកាត់តំបន់ព្រៃស្ងាត់
បុរសប្រដាប់ដោយអាវុធបានលេចចេញមក។ ពួកគេមិនមែនជាក្រុមសេរីការដែលជួយជនភៀសខ្លួនទេ។ ពួកគេជាក្រុមចោរប្រដាប់អាវុធដែលឆ្លៀតឱកាសពីភាពវឹកវរ
ដើម្បីប្លន់យកទ្រព្យសម្បត្តិរបស់អ្នកធ្វើដំណើរ។
“ឈប់! ដាក់របស់មានតម្លៃទាំងអស់ចុះ!» បុរសម្នាក់ស្រែក។
មនុស្សគ្រប់គ្នាភ័យស្លន់ស្លោ។ ស្ត្រីខ្លះឱបកូនយ៉ាងណែន
អ្នកខ្លះលើកដៃបង្ហាញថាយើងគ្មានអាវុធ។ មានអ្នកខ្លះអង្វរសុំឱ្យពួកចោរទុកជីវិត។
កុសលឈរនៅមុខផល្លា ដោយព្យាយាមការពារប្រពន្ធ។
“យើងជាជនភៀសខ្លួនទេ។
យើងគ្មានអ្វីសល់ទៀតទេ។ សូមមេត្តាទុកជីវិតពួកយើងផង។»
ចោរម្នាក់បានសម្លឹងឃើញចិញ្ចៀននៅលើម្រាមផល្លា។
“ដោះចិញ្ចៀននោះចេញមក!»
ផល្លាមើលចិញ្ចៀន។ វាមិនមែនគ្រាន់តែជាមាសទេ។ វាជាការចងចាំនៃស្នេហា
និងជាសញ្ញានៃពាក្យសន្យាដែលគេប្ដីរបស់នាងបានផ្តល់ឱ្យប្រពន្ធ។
“សូមលោកមេត្តាផង ខ្ញុំមិនអាចឱ្យបានទេ។»
ចោរនោះខឹងយ៉ាងខ្លាំង។
“ឯងចង់ងាប់ដោយសារចិញ្ចៀនមួយវង់នេះឬ?»
កុសលឱបផល្លាឱ្យនៅពីក្រោយខ្លួន។
“សូមបងយករបស់ផ្សេងទៅចុះ។
ចិញ្ចៀននេះមានតម្លៃសម្រាប់ខ្ញុំជាងអ្វីៗទាំងអស់។»
អ្វីៗបានកើតឡើងយ៉ាងរហ័ស។
មានសំឡេងគ្រាប់ផ្ទុះ សំឡេងស្រែកទ្រហោយំក្នុងព្រៃ។
ផល្លាបានឃើញប្តីរបស់នាងដួលចុះនៅមុខភ្នែក។ ឈាមបានហូរចេញពីរាងកាយកុសលលើលើដីក្បែរជើងនាង។
“បងកុសល!»
ផល្លាស្រែកយ៉ាងខ្លាំងរួចឱបប្តី។
កុសលនៅតែមានដង្ហើមខ្សោយៗ។ គេព្យាយាមលើកដៃមកប៉ះមុខប្រពន្ធ។
ចិញ្ចៀនមាសនៅលើម្រាមដៃរបស់ផល្លាប្រឡាក់ដោយឈាម។
“ផល...ឡា...»
“បង! កុំចាកចេញពីខ្ញុំអី!
បងក្រោកឡើង! យើងត្រូវទៅជំរំជាមួយគ្នា! កូនយើងនៅក្នុងផ្ទៃខ្ញុំនៅឡើយ!»
ទឹកភ្នែករបស់នាងធ្លាក់លើមុខប្តី។
កុសលព្យាយាមញញឹម ទោះបីជាមុខរបស់គេប្រែទៅជាស្លេកស្លាំងក៏ដោយ។
“មើល... ថែ... កូន...
យើង...»
“អត់ទេបង! បងត្រូវមើលថែកូនជាមួយខ្ញុំ!
បងបានសន្យាជាមួយខ្ញុំហើយ!»
កុសលសម្លឹងមើលប្រពន្ធជាលើកចុងក្រោយ។ ភ្នែករបស់គេពោរពេញដោយសេចក្តីស្រឡាញ់
និងការសោកស្តាយដែលមិនអាចនិយាយចេញមកបាន។
បន្ទាប់មក ដៃរបស់គេធ្លាក់ចុះយឺតៗ
ដង្ហើមក៏ផុតទៅដែរ។
ផល្លាឱបសពប្តី ហើយស្រែកយំដោយសំឡេងដែលហាក់ដូចជាហែកបេះដូងរបស់អ្នកដែលនៅជុំវិញ។
នាងមិនចង់ជឿថាបុរសដែលទើបតែសន្យាថានឹងនាំនាងទៅកន្លែងមានសុវត្ថិភាព បានក្លាយជាសាកសពនៅក្នុងដៃរបស់នាងឡើយ។
ចោរម្នាក់បានចាប់ដៃនាង ដោះជញ្ជៀនចេញពីដៃនាង
និងរើយកទ្រព្យសម្បត្តិមានតម្លៃរបស់អ្នកធ្វើដំណើរ ហើយគេចខ្លួនចូលក្នុងព្រៃបាត់។
នាងមិនមានអារម្មណ៍ចង់រស់ទៀតឡើយ។
តែព្រោះតែកូនក្នុងផ្ទៃ នាងត្រូវស្រវេស្រវ៉ាបន្ដដំណើរជាមួយអ្នកភូមិទៅជំរំ
ដោយមិនបានបញ្ចុះសពប្ដីឡើយ។
ពាក្យចុងក្រោយរបស់កុសល
នៅតែអន្ទងចិត្តផល្លាអោយត្រូវតែបន្តរស់តទៅទៀត។
“មើលថែកូនយើង...»
នាងបានជូតទឹកភ្នែក ហើយថើបថ្ងាសប្តីជាលើកចុងក្រោយ។
“បងអើយ ខ្ញុំនឹងមើលថែកូនរបស់យើង។
ខ្ញុំនឹងរស់ដើម្បីកូន។ ទោះបីជាខ្ញុំត្រូវឆ្លងកាត់ទុក្ខវេទនាប៉ុណ្ណាក៏ដោយ ខ្ញុំនឹងមិនបោះបង់ឡើយ។»
ពាក្យសន្យានោះបានក្លាយជាកម្លាំងចុងក្រោយដែលជួយឱ្យផល្លាក្រោកឈរឡើងវិញ។
នាងបន្តដំណើរទៅជំរំជនភៀសខ្លួន ដោយមានអ្នកដំណើរជួយនាង។
រាល់ជំហាននាងដើរដោយបេះដូងដែលព្រាត់ប្រាស ប៉ុន្តែមានតែក្តីសង្ឃឹមតូចមួយប៉ុណ្ណោះ
គឺកូននៅក្នុងផ្ទៃ។
ជីវិតនៅជំរំអំពិលមិនងាយស្រួលឡើយ។ មនុស្សរស់នៅក្នុងតង់បណ្តោះអាសន្ន
ខ្វះទឹកស្អាត ខ្វះអាហារ និងត្រូវប្រឈមនឹងជំងឺជាច្រើន។ ផល្លាដែលមានផ្ទៃពោះត្រូវរៀនរស់ដោយខ្លួនឯងក្នុងស្ថានភាពដែលនាងមិនធ្លាប់ស្រមៃទាល់តែសោះ។
ពេលខ្លះ នាងភ្ញាក់ពីដំណេកនៅកណ្តាលយប់ដោយសារសុបិនឃើញប្តីដេកក្នុងថ្លុកឈាម។
នាងដាក់ដៃលើពោះ ហើយខ្សឹបប្រាប់កូនដែលមិនទាន់កើតថា៖
“កូនអើយ ម៉ែនៅទីនេះ។
កូនកុំខ្លាចអី។ ម៉ែនឹងការពារកូនហើយ។»
ថ្ងៃដែលនាងសម្រាលកូនបានមកដល់នៅក្នុងបរិយាកាសដ៏លំបាកនោះ។
ដោយមានជំនួយពីអ្នកស្ម័គ្រចិត្ត និងស្ត្រីដែលរស់នៅជំរំដូចគ្នា ផល្លាបានសម្រាលបានកូនស្រីម្នាក់។
ពេលបានឃើញមុខកូនជាលើកដំបូង ផល្លាយំ...។
កូនស្រីមានភ្នែកមូលៗ ច្រមុះស្រួច និងស្បែកទន់ដូចស្រទាប់ផ្កាដែលរីកនៅពេលព្រឹក។
ផល្លាឱបកូនយ៉ាងណែន ហើយថើបថ្ងាសនាងថើៗ។
“កញ្ញា...»
នាងបានដាក់ឈ្មោះកូនថា កញ្ញា ព្រោះនាងចង់ឱ្យកូនក្លាយជានារីដែលមានកិត្តិយស
សេចក្តីថ្លៃថ្នូរ និងជីវិតស្រស់បំព្រងតទៅ។
“កូនឈ្មោះកញ្ញា។ កូនជាក្តីសង្ឃឹមរបស់ម៉ែ។»
នាងបានយកដៃតូចរបស់កូនមកថើប ហើយសម្លឹងមើលមេឃតាមប្រហោងតង់ដែលដាច់ដោច។
“បងអើយ... កូនរបស់យើងកើតហើយ។
កូនស្រីដែលបងធ្លាប់ស្រមៃចង់បាន។ ប៉ុន្តែបងមិនបាននៅទីនេះកំដរនាងទេ។»
ទឹកភ្នែកនាងធ្លាក់លើថ្ពាល់កូន។ ផល្លាប្រញាប់ជូតវាចេញ
ហើយឱបកូនយ៉ាងណែន។
ចាប់ពីថ្ងៃនោះមក ផល្លារស់នៅដើម្បីកញ្ញាតែម្នាក់ប៉ុណ្ណោះ។
ផល្លាបានផ្លាស់ប្ដូរជំរំពីមួយទៅមួយ នាងធ្វើការងារគ្រប់យ៉ាងដែលអាចរកបាននៅជំរំ
ដើម្បីទទួលបានអាហារ និងសម្លៀកបំពាក់សម្រាប់កូន។
កញ្ញាធំឡើងក្នុងដៃម្តាយដែលមិនដែលដឹងពីឪពុកនាង។ ពេលកូនសួរថា
ហេតុអ្វីកូនគ្មានឪពុកដូចគេ ផល្លាតែងតែឆ្លើយថា៖
“ឪពុកកូនបានទៅនៅកន្លែងឆ្ងាយពីយើងហើយ។
អ្វីដែលម៉ែចង់បានបំផុត គឺឱ្យកូនរស់នៅដោយមានសុភមង្គលជាមួយម៉ែ។»
នាងមិនចង់ឱ្យកញ្ញារស់នៅជាមួយរូបភាពដ៏គួរឱ្យរន្ធត់នៃការស្លាប់របស់ឪពុកនាងឡើយ។
នាងចង់ឱ្យកូនចងចាំតែភាពស្រស់ស្អាតនៃជីវិត។ ប៉ុន្តែខ្លួននាងវិញមិនដែលភ្លេចកុសលឡើយ។
នៅពេលយប់ខ្លះ នាងយកក្រណាត់តូចមួយដែលរក្សាទុករបស់របរចាស់ៗមកបើកមើល។
ក្នុងនោះមានរូបថតចាស់មួយរបស់នាង និងកុសលនៅថ្ងៃរៀបការ។ នាងតែងយករូបថតមកអង្អែលថ្នមៗ ហើយនិយាយក្នុងចិត្តថា៖
“បងអើយ ខ្ញុំកំពុងធ្វើតាមពាក្យសន្យារបស់យើង។
កូនកំពុងធំរាល់ថ្ងៃ។ ថ្ងៃណាមួយ នាងនឹងមានជីវិតល្អប្រសើរ។»
បន្ទាប់ពីរស់នៅជំរំមួយរយៈ ផល្លា និងកូនស្រីត្រូវបានផ្តល់ឱកាសតាំងទីលំនៅថ្មីនៅសហរដ្ឋអាមេរិក។
ពួកគេបានធ្វើដំណើរទៅកាន់ទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ជាកន្លែងដែលមានសហគមន៍ខ្មែររស់នៅច្រើន
និងចេះជួយគ្នាទៅវិញទៅមក។
ជីវិតនៅទីនោះមិនងាយស្រួលទេ។ ផល្លាមិនចេះភាសាអង់គ្លេស
ហើយត្រូវរៀនរស់ ដោយចាប់ផ្តើមពីសូន្យ។ នាងធ្វើការនៅរោងចក្រពេលថ្ងៃ និងពេលយប់ឆ្លៀតទៅធ្វើជាសម្អាតតាមផ្ទះ
ដើម្បីរកប្រាក់បន្ថែម។
ពេលកញ្ញាចូលរៀន ផល្លាតែងក្រោកពីព្រលឹម ដើម្បីរៀបចំគ្រប់យ៉ាងឱ្យកូន។
ពេលខ្លះកូនឈឺ នាងត្រូវមើលថែ ទល់ៗភ្លឺ។ ពេលកូនរៀនបានពិន្ទុល្អ នាងទិញនំខេក
ឬរបស់ដែលកូនចូលចិត្តអោយជាការលើកទឹកចិត្ត។
កញ្ញាធំឡើងដោយមានចិត្តល្អ និងស្រឡាញ់ការរៀនសូត្រ។
នាងមិនដែលដឹងថាស្នាមញញឹមរបស់ខ្លួន គឺជាអ្វីដែលជួយឱ្យម្តាយនាង បន្តរស់រានមានជីវិតឆ្លងកាត់អតីតកាលដ៏ឈឺចាប់កន្លងមកនោះឡើយ។
មួយឆ្នាំៗកន្លងផុតទៅយ៉ាងឆាប់រហ័ស។ កញ្ញាបានក្លាយជានារីវ័យក្មេងដែលមានការអប់រំ
និងអនាគតភ្លឺស្វាង។ នាងស្រឡាញ់សៀវភៅ ស្រឡាញ់សិល្បៈខ្មែរ ហើយចូលរួមក្នុងកម្មវិធីសហគមន៍ជាច្រើន
ដើម្បីជួយកុមារខ្មែរជំនាន់ក្រោយឱ្យស្គាល់វប្បធម៌ និងប្រពៃណីរបស់ខ្លួន។
ថ្ងៃមួយ នាងបានជួបបុត្រានៅក្នុងកម្មវិធីចូលឆ្នាំ
ដែលរៀបចំឡើងដោយសមាគមនិស្សិតខ្មែរនៅ UMass Lowell។
បុត្រាមកពីរដ្ឋណតការ៉ូឡៃណា ហើយបានជ្រើសរើសមកសិក្សានៅឡូវែល
ព្រោះគេចង់ស្វែងយល់ពីសង្គម និងប្រវត្តិសាស្ត្ររបស់សហគមន៍ជនភៀសខ្លួនខ្មែរ។ ទោះបីគេធំឡើងនៅអាមេរិកក៏ដោយ
គេនៅតែមានអារម្មណ៍ថា មានផ្នែកមួយនៃអត្តសញ្ញាណរបស់ខ្លួនដែលគេមិនទាន់យល់ច្បាស់។
ក្នុងកម្មវិធីនោះ កញ្ញាកំពុងបកស្រាយអំពីប្រពៃណីខ្មែរដល់និស្សិតមួយក្រុម។
នាងនិយាយដោយមានទំនុកចិត្ត និងមានទឹកមុខរីករាយ។
បុត្រាអង្គុយស្តាប់ដោយចាប់អារម្មណ៍។ ពេលកម្មវិធីចប់
គេបានដើរមករកនាង។
“សួស្តី ខ្ញុំឈ្មោះបុត្រា។
អ្វីដែលប្អូននិយាយមុននេះគួរឱ្យចាប់អារម្មណ៍ណាស់។»
កញ្ញាញញឹម។
“អរគុណ។ ខ្ញុំឈ្មោះកញ្ញា។
បងក៏ជានិស្សិតនៅ UMass Lowell ដែរ?»
“បាទ។ ខ្ញុំមកពីរដ្ឋណតការ៉ូឡៃណា។
នេះជាលើកដំបូងដែលខ្ញុំមករស់នៅឆ្ងាយពីផ្ទះ។»
“អ៊ីចឹងបងត្រូវនឹកផ្ទះរាល់ថ្ងៃហើយ។»
បុត្រាសើច។
“ខ្ញុំនឹកម្ហូបម៉ាក់ធ្វើជាងគេ។
តែឥឡូវខ្ញុំគិតថា ខ្ញុំអាចរកមនុស្សជួយណែនាំខ្ញុំអំពីម្ហូបខ្មែរនៅឡូវែលបានហើយ។»
កញ្ញាសើចតាម។
“បើបងចូលចិត្តម្ហូបហឹរ
ខ្ញុំអាចណែនាំបានខ្លះៗ។»
នោះជាការសន្ទនាដំបូងរបស់ពួកគេ។
បន្ទាប់ពីថ្ងៃនោះ បុត្រាចាប់ផ្តើមចូលរួមកម្មវិធី
របស់និស្សិតខ្មែរញឹកញាប់ជាងមុន។ គេតែងរកឱកាសសួរកញ្ញាអំពីវប្បធម៌ខ្មែរ ហើយនាងក៏រីករាយនឹងចែករំលែកអ្វីដែលនាងដឹង។
នៅពេលខ្លះ ពួកគេជួបគ្នានៅបណ្ណាល័យសាកលវិទ្យាល័យ។
ពេលខ្លះ ពួកគេអង្គុយផឹកកាហ្វេនៅហាងតូចមួយក្បែរជាប់ដងស្ទឹងឡូវែល ហើយនិយាយអំពីការសិក្សា
គ្រួសារ និងក្តីស្រមៃនាពេលអនាគត។
បុត្រាចាប់ផ្តើមចាប់អារម្មណ៍នឹងភាពស្មោះត្រង់ និងទឹកចិត្តល្អរបស់កញ្ញា។
នាងមិនមែនជានារីដែលចូលចិត្តបង្ហាញខ្លួន ឬប្រើរបស់ថ្លៃៗឡើយ។ អ្វីដែលនាងស្រឡាញ់ គឺពេលវេលាដែលបានចំណាយជាមួយមនុស្សដែលនាងត្រូវយកអាសារ។
ឯកញ្ញា ក៏ចាប់ផ្តើមមានអារម្មណ៍ពិសេសចំពោះបុត្រា។
គេតែងស្តាប់នាងដោយយកចិត្តទុកដាក់ មិនដែលមើលងាយគំនិតរបស់នាង ហើយតែងផ្តល់កម្លាំងចិត្តនៅពេលនាងជួបការលំបាក។
ថ្ងៃមួយ ក្នុងរដូវស្លឹកឈើជ្រុះ ពួកគេបានដើរតាមមាត់ស្ទឹង។
ស្លឹកឈើពណ៌លឿង និងក្រហមធ្លាក់ចុះពីលើដើមឈើ។ ខ្យល់ត្រជាក់បក់កាត់ផ្ទៃទឹក បង្កើតជារលកតូចៗដែលឆ្លុះបញ្ចាំងពន្លឺថ្ងៃ។
បុត្រាឈប់ដើរ ហើយងាកមើលកញ្ញា។
“កញ្ញា ខ្ញុំមានរឿងមួយចង់ប្រាប់។»
នាងសម្លឹងមើលគេ។
“រឿងអ្វី?»
បុត្រាដកដង្ហើមវែង។
“តាំងពីខ្ញុំមកឡូវែល
ខ្ញុំគិតថាខ្ញុំមកទីនេះដើម្បីរៀន និងស្វែងយល់ពីឫសគល់របស់ខ្ញុំជាខ្មែរ។ ប៉ុន្តែខ្ញុំមិនដែលគិតថា
ខ្ញុំនឹងជួបមនុស្សម្នាក់ដែលធ្វើឱ្យទីក្រុងនេះក្លាយជាផ្ទះរបស់ខ្ញុំនោះទេ។»
កញ្ញាឱនមុខ។ បេះដូងនាងចាប់ផ្តើមលោតញាប់បន្តិច។
បុត្រាបន្ត៖
“ខ្ញុំចូលចិត្តពេលនិយាយជាមួយអូន។
ខ្ញុំចូលចិត្តរបៀបដែលអូនយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ ហើយខ្ញុំគិតថា... ខ្ញុំបានលង់ស្រឡាញ់អូនហើយ។»
កញ្ញាស្ងៀមមួយសន្ទុះ មុននឹងញញឹមយ៉ាងស្រទន់។
“...ខ្ញុំក៏មានអារម្មណ៍ដូចគ្នាដែរ...។»
បុត្រាសម្លឹងមើលនាងដោយរំជួលចិត្ត។
“ពិតមែន?»
“បើខ្ញុំមិនមានអារម្មណ៍ដូចគ្នា
ខ្ញុំប្រហែលជាមិនព្រមដើរជាមួយបងក្រោមខ្យល់ត្រជាក់បែបនេះទេ។»
អ្នកទាំងពីរសើចជាមួយគ្នា។
កុសលបានកាន់ដៃកញ្ញាមកកាន់ថ្នមៗ។
“បងមិនអាចសន្យាថាជីវិតយើងនឹងគ្មានបញ្ហាទេ
តែបងអាចសន្យាថា បងនឹងព្យាយាមស្តាប់អូន យល់ពីអូន និងដើរជាមួយអូនរហូតជីវិតចុងក្រោយ។»
កញ្ញាមើលទៅភ្នែកគេ ហើយតបថា៖
“ខ្ញុំមិនចង់បានមនុស្សដែលសន្យាថានឹងធ្វើឱ្យខ្ញុំសប្បាយរីករាយគ្រប់ពេលទេ។
ខ្ញុំចង់បានបុរសដែលនៅក្បែរខ្ញុំ ទាំងពេលសប្បាយ និងពេលពិបាក។»
“អីចឹង ខ្ញុំសង្ឃឹមថាខ្ញុំអាចក្លាយជាមនុស្សនោះបាន។»
ចាប់ពីថ្ងៃនោះមក ស្នេហារបស់ពួកគេបានចាប់ផ្តើមយ៉ាងពិតប្រាកដ។
ស្នេហារបស់កញ្ញា និងបុត្រាកាន់តែជ្រាលជ្រៅទៅតាមពេលវេលា។
ពួកគេចូលចិត្តធ្វើរឿងសាមញ្ញៗជាមួយគ្នា ដូចជាទៅផ្សារខ្មែរ ចម្អិនម្ហូបនៅផ្ទះ ឬអង្គុយស្តាប់បទចម្រៀងខ្មែរសង់ទីម៉ង់នៅពេលល្ងាច។
បុត្រាចូលចិត្តឱ្យកញ្ញាបង្រៀនពាក្យខ្មែរដែលគេមិនទាន់ចេះ។
កញ្ញាចូលចិត្តសើចនៅពេលបុត្រាបញ្ចេញសំឡេងមិនច្បាស់ ហើយគេក៏មិនដែលខ្មាសអៀនក្នុងការសាកល្បងនិយាយដដែលឡើយ។
ពេលខ្លះ បុត្រានាំនាងទៅដើរលេងតាមសួនច្បារនៅទីក្រុងបុស្តុន
ពេលខ្លះពួកគេអង្គុយនៅមាត់ស្ទឹង ឡូវែល ហើយនិយាយពីការប្រលង
ពីមុខវិជ្ជាដែលត្រូវជ្រើសរើសនៅឆមាសក្រោយ និងពីផែនការអនាគតរបស់ពួកគេ។
“បន្ទាប់ពីរៀបការ
អូនចង់រស់នៅទីណា?» បុត្រាសួរ។
កញ្ញាញញឹម។
“ខ្ញុំមិនសូវខ្វល់ថានៅទីណាទេ។
ឱ្យតែខ្ញុំអាចរស់នៅជាមួយបង ហើយអ្នកម៉ាក់ខ្ញុំសប្បាយចិត្ត ហើយគាត់មានសុខភាពល្អ។»
បុត្រាងក់ក្បាល។
“ខ្ញុំចង់ឱ្យអ្នកម៉ាក់រស់នៅជាមួយយើង
បើគាត់ព្រម។ ខ្ញុំចង់មើលថែគាត់ដូចម្តាយរបស់ខ្ញុំដែរ។»
កញ្ញាសម្លឹងបុត្រាដោយក្ដីរំភើប។
នាងមិនធ្លាប់គិតថាបុរសម្នាក់អាចយល់ពីសេចក្តីស្រឡាញ់
ដែលនាងមានចំពោះម្តាយនាងបានច្បាស់ដល់ថ្នាក់នេះឡើយ។
ពេលកញ្ញាប្រាប់ម៉ែនាងថានាងមានសង្សារ ផល្លាញញឹម ប៉ុន្តែក្នុងចិត្តគាត់មានទាំងភាពរីករាយ
និងការព្រួយបារម្ភ។
“កូនស្គាល់គេយូរហើយឬនៅ?»
“ជិតពីរឆ្នាំហើយម៉ាក់។
គាត់ជាមនុស្សល្អ។ គាត់គោរពខ្ញុំ ហើយគាត់ក៏គោរពម៉ាក់ដែរ។»
ផល្លាអង្គុយស្ងៀមមួយសន្ទុះ។
“កូនអើយ ស្នេហាមិនមែនត្រឹមតែការស្រឡាញ់គ្នាពេលសប្បាយទេ។
វាជាការទទួលខុសត្រូវ ការអត់ធ្មត់ និងការយល់ចិត្តគ្នា។ បើកូនប្រាកដថាគេជាមនុស្សដែលកូនអាចទុកចិត្តបាន
ម៉ាក់ក៏រីករាយជាមួយដែរ។»
កញ្ញាឱបម្តាយ។
“អរគុណម៉ាក់។ ខ្ញុំចង់ឱ្យម៉ាក់រស់នៅដោយមានសុភមង្គលជាមួយខ្ញុំ។»
ផល្លាអង្អែលក្បាលកូន ហើយបិទភ្នែកមួយភ្លែត។ ក្នុងចិត្ត
គាត់បាននឹកដល់កុសល។ ប្រសិនបើប្តីនៅរស់ តើគាត់នឹងសប្បាយចិត្តប៉ុណ្ណា ពេលបានឃើញកូនស្រីដែលគេធ្លាប់ស្រមៃចង់បាន
កំពុងធំឡើង និងជួបមនុស្សដែលស្រឡាញ់នាងដោយស្មោះ។
ផល្លាចង់ប្រាប់កូនពីឪពុករបស់នាង។ ចង់ប្រាប់ពីបុរសដែលធ្លាប់កាន់ដៃគាត់ដើរតាមមាត់បឹង
ចង់ប្រាប់ពីចិញ្ចៀនស្នេហា និងពាក្យសន្យានៅក្រោមរស្មីព្រះចន្ទ។ ប៉ុន្តែពេលណាដែលគាត់ចង់ចាប់ផ្តើមនិយាយ
អនុស្សាវរីយ៍នៃថ្ងៃដ៏រន្ធត់នៅតាមផ្លូវទៅជំរំតែងតែត្រឡប់មកគាត់ជានិច្ច។ គាត់ខ្លាចថាការបើកស្នាមរបួសចាស់
នឹងធ្វើឱ្យខ្លួនឯងឈឺចាប់ម្ដងទៀត។
ដូច្នេះ គាត់នៅតែរក្សាអាថ៌កំបាំងនោះក្នុងចិត្ត។
ពេលកុសលសម្រេចចិត្តសុំរៀបការជាមួយកញ្ញា គេបាននិយាយជាមួយឪពុកម្តាយរបស់ខ្លួនតាមទូរស័ព្ទ។
ឪពុកម្តាយគាត់រស់នៅរដ្ឋណតការ៉ូឡៃណា បើកហាងកាហ្វេមួយដំណើរការយ៉ាងល្អ។
ពួកគាត់មិនសូវបានធ្វើដំណើរមកឡូវែលញឹកញាប់ទេ ប៉ុន្តែពួកគាត់តែងតែទាក់ទងសួរសុខទុក្ខបុត្រារហូតមក។
“ប៉ា ម៉ាក់ ខ្ញុំចង់ភ្ជាប់េពាក្យជាមួយកញ្ញា» កុសលនិយាយ។
ម៉ាក់របស់គាត់សើចដោយក្តីរីករាយ។
“ទីបំផុតកូនសម្រេចចិត្តច្បាស់ហើយ!
ម៉ាក់ចង់ជួបគ្រួសារខាងស្រីណាស់។»
ឪពុកគាត់សើចតិចៗ ហើយប្រាប់កូនថា៖
“បើកូនស្រឡាញ់នាង
ហើយនាងក៏ស្រឡាញ់កូន យើងគាំទ្រកូន។ រៀបចំពិធីភ្ជាប់ពាក្យឱ្យសមរម្យតាមប្រពៃណីខ្មែរទៅ។»
កុសលបានរៀបចំឱ្យឪពុកម្តាយធ្វើដំណើរមកឡូវែល ដើម្បីចូលរួមពិធីភ្ជាប់ពាក្យ។
ថ្ងៃដែលឪម្ដាយបុត្រាមកដល់ឡូវែល គ្រួសារទាំងសងខាងបានជួបសំណេះសំណាលគ្នានៅផ្ទះកញ្ញា។
ផល្លាទទួលស្វាគមន៍ពួកគេដោយស្នាមញញឹម និងការគោរពតាមប្រពៃណី។
វិបុលជាបុរសវ័យចំណាស់ម្នាក់ មានរូបរាងរឹងមាំ និងនិយាយតិច។
គាត់ស្លៀកពាក់ស្អាតបាត ហើយមានឥរិយាបថរបស់មនុស្សដែលរស់នៅក្នុងបរិយាកាសសង្គមមានវិន័យ។
សោភាមានចរិតរួសរាយរាក់ទាក់ណាស់។ គាត់បានជជែកជាមួយផល្លាអំពីការរស់នៅក្នុងសហរដ្ឋអាមេរិក
ការសិក្សារបស់កូនៗ និងការរៀបចំពិធីមង្គលការ តាមបែបប្រពៃណីខ្មែរ។
ផល្លាមិនមានអារម្មណ៍ថាអ្នកទាំងពីរជាមនុស្សដែលគាត់ធ្លាប់ជួបពីមុនឡើយ។
ទោះយ៉ាងណា នៅពេលដែលគាត់សម្លឹងមើលដៃរបស់វិបុល គាត់ឃើញស្នាមរបួសចាស់មួយនៅលើខ្នងដៃស្តាំ។
គាត់មិនបានយកចិត្តទុកដាក់ច្រើនទេ។ មនុស្សជាច្រើនដែលឆ្លងកាត់សង្គ្រាម និងជីវិតលំបាក
សុទ្ធបន្សល់ទុកនូវស្នាមរបួសលើខ្លួនប្រាណ។
ពិធីភ្ជាប់ពាក្យត្រូវបានកំណត់ធ្វើនៅផ្ទះ ដោយមានសាច់ញាតិ
និងមិត្តភក្តិជាច្រើនចូលរួម។ គ្រួសារទាំងសងខាងបានរៀបចំសម្លៀកបំពាក់ អាហារ ផ្កា និងការតុបតែងយ៉ាងស្អាត។
មុនថ្ងៃពិធី បុត្រាបានសួរម្តាយរបស់គេអំពីចិញ្ចៀនដែលគេមានបំណងប្រើក្នុងពិធី។
“ម៉ាក់ ចិញ្ចៀនដែលម៉ាក់ប្រាប់ថាប៉ាបានរក្សាទុកឲ្យកូនសម្រាប់ភ្ជាប់ពាក្យនៅឯណា?»
មាលាបានបើកប្រអប់ចិញ្ជៀន នៅក្នុងប្រអប់នោះមានរចិញ្ចៀនមាស
ដែលមានក្បាច់ផ្កាឈូកដ៏វិចិត្រដាំត្បូងបប៉ៃលិនភ្លឺចិញ្ចាច។
“នេះហើយកូន។ ចិញ្ចៀននេះ
ប៉ារបស់កូនប្រាប់ថា វាជារបស់ដ៏សំខាន់ដែលគាត់រក្សាទុកមក។»
កុសលយកចិញ្ចៀនមកមើល។
“ស្អាតណាស់។ ហេតុអ្វីបានជាម៉ាក់មិនដែលឱ្យខ្ញុំឃើញពីមុន?»
មាលាស្ងៀមបន្តិច។
“មានរឿងខ្លះដែលប៉ារបស់កូនមិនសូវចង់និយាយ។
គាត់គ្រាន់តែប្រាប់ថា ចិញ្ចៀននេះមានតម្លៃលើសថ្លៃខ្លាំង។»
កុសលមិនបានសួរបន្តទៀតទេ។ គេគិតថាវាគ្រាន់តែជាវត្ថុអនុស្សាវរីយ៍ចាស់របស់គ្រួសារប៉ុណ្ណោះ។
គេមិនដឹងឡើយថា ចិញ្ចៀនមួយវង់នោះអាចជាគន្លឹះដែលនាំឱ្យមនុស្សពីរគ្រួសារប្រឈមមុខនឹងអាថ៌កំបាំងដ៏គួរឱ្យរន្ធត់។
ពិធីភ្ជាប់ពាក្យបានមកដល់។
ផល្លាបានចំណាយពេលជាច្រើនម៉ោងរៀបចំខ្លួន ទោះបីគាត់មានអាយុច្រើនហើយក៏ដោយ
គាត់មានអារម្មណ៍រំភើបដូចម្តាយទាំងឡាយដែលបានឃើញកូនស្រីកំពុងឈានទៅរកជីវិតគ្រួសារថ្មី។
គាត់អង្គុយពីមុខកញ្ចក់ មើលរូបរាងរបស់ខ្លួន ហើយញញឹមតិចៗ។
“បងកុសលអើយ... ថ្ងៃនេះកូនស្រីរបស់យើងកំពុងភ្ជាប់ពាក្យហើយ។
បើបងនៅរស់ បងប្រហែលជាសប្បាយចិត្ ខ្លាំងដូចអូនដែរ។»
គាត់ជូតទឹកភ្នែក ហើយក្រោកចេញពីបន្ទប់។
នៅក្នុងបន្ទប់ទទួលភ្ញៀវ ម្ចាស់កម្មពិធីបានចាប់ផ្តើមដោយការស្វាគមន៍ភ្ញៀវ
និងការប្រគល់ចំណងដៃតាមប្រពៃណីខ្មែរ។ កញ្ញា និងកុសលអង្គុយក្បែរគ្នា ដោយមានស្នាមញញឹមពេញៗមុខ។
ពេលមាលា និងវិបុលមកដល់ ផល្លាបានក្រោកឡើងទទួលស្វាគមន៍ដន្លង។
អ្នកទាំងពីរបានសួរសុខទុក្ខគ្នា និងអង្គុយនៅជិតគ្នា។
វិបុលបាននិយាយទៅកាន់ផល្លាដោយសំឡេងច្បាស់ៗ៖
“ថ្ងៃនេះជាថ្ងៃដ៏រីករាយសម្រាប់គ្រួសារយើងទាំងពីរ។
ខ្ញុំសង្ឃឹមថាកូនៗនឹងមានជីវិតគ្រួសារដ៏សុខសាន្ត។»
ផល្លាញញឹមតប។
“ខ្ញុំក៏សង្ឃឹមដូច្នោះដែរ។
កញ្ញាជាកូនតែមួយរបស់ខ្ញុំ។ ខ្ញុំចង់ឃើញនាងមានសុភមង្គល។»
មាលាចាប់ដៃផល្លា។
“អ្នកបានចិញ្ចឹមកូនស្រីបានល្អណាស់។
នាងជាមនុស្សស្លូតបូត និងចេះគោរពមនុស្សចាស់។ យើងសំណាងណាស់ដែលបាននាងចូលមកក្នុងគ្រួសារយើង។»
ពាក្យសរសើរទាំងនោះធ្វើឱ្យផល្លាមានអារម្មណ៍កក់ក្តៅ។
គាត់គិតថា កូនស្រីនឹងបានជួបជីវិតល្អជាងជីវិតដែលគាត់ធ្លាប់ឆ្លងកាត់។
បន្ទាប់ពីប្រកាសពីការភ្ជាប់ពាក្យ និងអញ្ជើញគ្រួសារទាំងសងខាងឡើងថតរូប ពេលវេលាដែលគ្រប់គ្នារង់ចាំបានមកដល់។ កុសលក្រោកឈរ ហើយដកប្រអប់ចិញ្ចៀនចេញពីហោប៉ៅ។ គេបើកប្រអប់ដោយស្នាមញញឹម រួចលើកចិញ្ចៀនមាសចេញមក នៅវិនាទីនោះ ផល្លាបានឃើញក្បាច់ផ្កាឈូកតូចៗនៅលើចិញ្ចៀន។ បេះដូងរបស់គាត់ហាក់ដូចជាគាំង។ គាត់ស្គាល់ចិញ្ជៀននេះច្បាស់ណាស់។
គ្មានចិញ្ចៀនណាផ្សេងទៀតមានរូបរាង និងក្បាច់ដូចនេះទេ។ គ្មានចិញ្ចៀនណាផ្សេងទៀតមានស្នាមក្បាច់ផ្កាឈូកតូចៗរំលេចនៅគែមទាំងសងខាងឆ្វេងដូចចិញ្ចៀននេះទេ។ វាជាចិញ្ចៀនរដែលកុសលធ្វើអោយគាត់យ៉ាងពិតប្រាកដ។ ជាចិញ្ចៀនដែលគេដោះយកពីដៃគាត់នៅក្នុងអំពើប្លន់កាលរត់ឆ្លងដែន។ ចិញ្ចៀនដែលគាត់ធ្លាប់សន្យាថានឹងចងចាំជារៀងរហូត។ ចិញ្ចៀនដែលគាត់គិតថាបានបាត់បង់ទៅជាមួយប្តីក្នុងថ្ងៃដ៏រន្ធត់នោះ។
ផល្លាចាប់កាន់ដៃកៅអីយ៉ាងណែន។ ភ្នែករបស់គាត់មិនអាចឈប់សម្លឹងទៅចិញ្ចៀនបានឡើយ។
“មិនអាចទៅរួចទេ...
ចិញ្ចៀននេះ... ហេតុអ្វីបានជាវានៅទីនេះ?»
ខ្លួនគាត់ចាប់ផ្តើមញ័រ ឯបុត្រាកំពុងកាន់ដៃកញ្ញា ហើយត្រៀមបំពាក់ចិញ្ចៀនឱ្យនាង។ កញ្ញាសម្លឹងមើលបុត្រាដោយស្នាមញញឹម។ ភ្ញៀវទាំងអស់កំពុងទះដៃអបអរដោយក្តីរំភើប។
ប៉ុន្តែផល្លាមិនអាចស្តាប់ ឬមើលឃើញអ្វីក្រៅពីចិញ្ចៀននោះឡើយ។ នៅក្នុងចិត្តរបស់គាត់ សំឡេងគំរាមបានត្រឡប់មកបន្លាចគាត់។
“ដោះចិញ្ចៀននោះចេញភ្លាម!»
“ខ្ញុំមិនអាចឱ្យបានទេ!»
“ផល្លា... មើលថែកូនយើង...»
គាត់ចាប់ផ្តើមដកដង្ហើមញាប់ ហើយដៃត្រជាក់ដូចទឹកកក។
កញ្ញាបានសង្កេតឃើញម្តាយមានអាការៈចម្លែក។ នាងងាកមើល
ហើយហៅ៖
“ម៉ាក់! ម៉ាក់មិនអីទេ?»
ផល្លាមិនឆ្លើយ។ គាត់កំពុងសម្លឹងទៅកាន់វិបុល ដែលអង្គុយនៅក្បែរនោះ។ បុរសចំណាស់នោះកំពុងញញឹមមើលកូនប្រុស ប៉ុន្តែនៅពេលភ្នែករបស់គាត់ជួបនឹងភ្នែកផល្លា ស្នាមញញឹមរបស់គាត់បានរលាយបាត់មួយរំពេច។
ផល្លាមានអារម្មណ៍ដូចជាឈាមក្នុងខ្លួនកកស្ទះ។
តើវិបុលជានរណា? តើផល្លាធ្លាប់ឃើញបុរសម្នាក់នេះនៅក្នុងព្រៃកាលពីអតីតកាលឬទេ? តើស្នាមរបួសនៅលើដៃស្តាំរបស់គាត់មានអ្វីពាក់ព័ន្ធនឹងការស្លាប់របស់កុសលឬទេ? ឬមួយក៏គាត់គ្រាន់តែជាមនុស្សម្នាក់ដែលធ្លាប់ឆ្លងកាត់សង្គ្រាមដូចជនភៀសខ្លួនដទៃទៀត?
ផល្លាមិនអាចឆ្លើយសំណួរទាំងនេះបានឡើយ។ គាត់ចង់ក្រោកឈរ
ចង់សួរវិបុលថាចិញ្ចៀននេះបានមកពីណា ប៉ុន្តែខ្លួនប្រាណរបស់គាត់ប្រែជាគ្មានកម្លាំង។ ពាក្យសម្តីជាច្រើនកំពុងជាប់នៅក្នុងបំពង់ក។
រំពេចនោះ បុត្រាបានបំពាក់ចិញ្ចៀនឱ្យកញ្ញារួចរាល់។ ភ្ញៀវទាំងអស់ទះដៃយ៉ាងរីករាយ។ កញ្ញាឱបបុត្រា
ហើយអ្នកទាំងពីរញញឹមដាក់គ្នាដោយក្តីស្រឡាញ់។ ប៉ុន្តែផល្លាមិនអាចញញឹមបានទៀតទេ។ គាត់បានឃើញដៃរបស់កូនស្រីកាន់ដៃបុត្រា
ហើយចិញ្ចៀនមាសនោះកំពុងចែងចាំងនៅលើម្រាមដៃរបស់កញ្ញាផងដែរ។
វាជាចិញ្ចៀនដែលកុសលធ្លាប់ពាក់អោយផល្លា។ វាជាចិញ្ចៀនដែលតំណាងឱ្យសេចក្តីស្រឡាញ់របស់ប្តីចំពោះគាត់។
ហើយឥឡូវនេះ វាកំពុងស្ថិតនៅក្នុងដៃរបស់គ្រួសារមួយដែលគាត់មិនដឹងប្រវត្តិពិតប្រាកដឡើយ។
តើចិញ្ចៀននោះបានទៅដល់ដៃវិបុលដោយរបៀបណា? តើគាត់បានទិញវាពីអ្នកណា ឬបានទទួលវាជាមរតក?
តើគាត់ជាជនរងគ្រោះម្នាក់ដែលបានប្រមូលរបស់របរពីសម័យសង្គ្រាមដូចអ្នកដទៃ
ឬជាមនុស្សដែលធ្លាប់ឈរនៅក្បែរថ្លុកឈាមរបស់កុសល? ហើយបើគាត់ជាមនុស្សម្នាក់ក្នុងចំណោមក្រុមចោរនោះមែន តើហេតុអ្វីបានជាគាត់រក្សាទុកចិញ្ចៀននេះអស់រយៈពេលជាច្រើនឆ្នាំ?
ផល្លាបិទភ្នែក។ ទឹកភ្នែកគាត់ហូរចុះមកលើថ្ពាល់របស់គាត់។
កញ្ញាបានបានយកក្រដាសផ្ដិតទឹកភ្នែកអោយម្តាយនាង។
“ម៉ាក់! តើម៉ាក់ឈឺមែនទេ? ម៉ាក់មើលទៅដូចជាមិនស្រួលហើយ។»
ផល្លាបើកភ្នែកឡើង ហើយសម្លឹងមើលកូនស្រី។ គាត់ចង់ប្រាប់នាងគ្រប់យ៉ាង។
ចង់ប្រាប់ពីឪពុកដែលនាងមិនដែលបានជួប ចង់ប្រាប់ពីដំណើររត់ភៀសខ្លួន និងថ្ងៃដែលជីវិតគាត់បាត់បង់ជីវិត
តែនៅពេលមើលឃើញស្នាមញញឹមរបស់កូន គាត់បែរជានិយាយមិនចេញ។
“ម៉ាក់... ម៉ាក់មិនអីទេកូន។
ប្រហែលជាម៉ាក់នឿយហត់បន្តិចប៉ុណ្ណោះ។»
កញ្ញាចាប់ដៃម្តាយនាង។
“បើម៉ាក់មិនស្រួល
ម៉ាក់ទៅសម្រាកសិនក៏បាន។ ខ្ញុំបារម្ភពីម៉ាក់ណាស់។»
ផល្លាក្រឡេកមើលទៅវិបុលម្តងទៀត។
បុរសចំណាស់នោះកំពុងឈរនៅក្បែរភរិយាគាត់។ គាត់មិនបានញញឹមទៀតទេ។
ភ្នែករបស់គាត់សម្លឹងមកផល្លាដោយអារម្មណ៍ដែលគាត់មិនអាចបកស្រាយបាន។
តើនោះជាការភ័យខ្លាចឬ?
តើនោះជាការសោកស្តាយឬ?
ឬមួយក៏ជាការភ្ញាក់ផ្អើលរបស់មនុស្សដែលទើបតែឃើញអតីតកាលត្រឡប់មកនៅចំពោះមុខ?
ផល្លាមិនដឹងឡើយ។
ភ្លាមនោះ វិបុលបានលើកដៃស្តាំឡើងយកកន្សែងជូតញើសលើថ្ងាស។
ស្នាមរបួសចាស់នៅលើខ្នងដៃរបស់គាត់បាន លេចច្បាស់ជាងមុន។ ផល្លាមើលស្នាមនោះដែលស្ទើរតែមិនដកដង្ហើម។
ក្នុងការចងចាំដ៏ស្រពិចស្រពិលរបស់គាត់ នៅថ្ងៃដែលកុសលស្លាប់
មានបុរសម្នាក់បានប្រទាញប្រទង់ដោះចិញ្ជៀនពីដៃគាត់ ហើយដៃរបស់បុរសនោះមានស្នាមរបួសមួយនៅកន្លែងប្រហាក់ប្រហែលគ្នាដែរ។
ប៉ុន្តែវាបានកន្លងផុតទៅជាច្រើនឆ្នាំហើយ។ មុខមនុស្សក្នុងអតីតកាលបានរលុបបាត់ពីការចងចាំ។
ភាពភ័យខ្លាចនៅថ្ងៃនោះបានធ្វើឱ្យគាត់មិនអាចចាំបានច្បាស់ថា នរណាបានធ្វើអ្វីខ្លះ។ គាត់មិនអាចចោទប្រកាន់នរណាម្នាក់ដោយផ្អែកលើស្នាមរបួស
និងចិញ្ចៀនតែមួយបានទេ។ ប៉ុន្តែគាត់ក៏មិនអាចបំបាត់ការសង្ស័យចេញពីក្នុងចិត្តបានដែរ។
ពិធីភ្ជាប់ពាក្យនៅតែបន្ត។ សំឡេងភ្លេងប្រគុំតិចៗ
ភ្ញៀវនាំគ្នាជូនពរ និងថតរូបជាមួយគូស្នេហ៍។ បុត្រាកាន់ដៃកញ្ញា ហើយនិយាយខ្សឹបៗ ដែលធ្វើឱ្យនាងសើចយ៉ាងរីករាយ។
ពួកគេមើលទៅដូចជាគូស្នេហ៍ដែលគ្មានអ្វីអាចបំបែកបាន។
ផល្លាសម្លឹងមើលកូនស្រីដោយក្តីស្រឡាញ់ ប៉ុន្តែក្នុងបេះដូង
គាត់មានអារម្មណ៍ថាអតីតកាលកំពុងដើរត្រឡប់មករកគាត់ម្តងទៀត។ គាត់បានរស់នៅជាច្រើនឆ្នាំដោយគិតថា
អាថ៌កំបាំងនៃការស្លាប់របស់កុសលបានបញ្ចប់នៅក្នុងព្រៃនោះ។ គាត់មិនដែលគិតថាចិញ្ចៀនស្នេហាដែលបាត់បង់ទៅ
នឹងត្រឡប់មកវិញនៅថ្ងៃដែលកូនស្រីរបស់គាត់ចាប់ផ្តើមជីវិតគ្រួសារថ្មីឡើយ។
មុននឹងត្រឡប់ទៅអង្គុយវិញ ផល្លាបានសម្លឹងមើលវិបុលជាលើកចុងក្រោយ។
វិបុលក៏សម្លឹងមកគាត់ដែរ។ មិនមានពាក្យសម្តីណាមួយត្រូវបាននិយាយឡើយ។
ប៉ុន្តែការសម្លឹងមើលគ្នារយៈពេលខ្លីនោះ ហាក់ដូចជាមានរឿងរ៉ាវជាច្រើនកំពុងលាក់ខ្លួននៅពីក្រោយក្រសែភ្នែករបស់ពួកគេ។
មាលាបានដើរមកក្បែរស្វាមី ហើយខ្សឹបសួរ៖
“បងវិបុល... បងមិនអីទេ? ហេតុអ្វីបានជាបងមើលទៅដូចជាមានរឿងអ្វីមួយលាក់បាំង?»
វិបុលស្ងៀមមួយសន្ទុះ មុននឹងឆ្លើយដោយសំឡេងស្ទើរតែមិនឮ៖
“គ្មានអ្វីទេ... ប្រហែលជាខ្ញុំគិតច្រើនពេកហើយ។»
ឯដៃរបស់វិបុលបានក្តាប់យ៉ាងណែន។ នៅពេលនោះ ផល្លាបានដឹងថា
អ្វីដែលគាត់បានឃើញនៅថ្ងៃនេះ ប្រហែលជាមិនមែនជាការចៃដន្យ ឬជារឿងសាមញ្ញឡើយ។ ចិញ្ចៀនមួយវង់អាចធ្វើឱ្យស្នេហាដែលបានស្លាប់ទៅជាច្រើនឆ្នាំត្រឡប់មកវិញ។
វាអាចភ្ជាប់មនុស្សពីរនាក់ដែលធ្លាប់ស្រឡាញ់គ្នាដោយស្មោះ ហើយក៏អាចនាំឱ្យមនុស្សម្នាក់ប្រឈមមុខនឹងសំណួរដែលគាត់ខ្លាចបំផុតក្នុងជីវិត។
តើបុរសដែលកំពុងអង្គុយនៅចំពោះមុខនេះ ជាឪពុករបស់កូនកម្លោះដែលមានសុជីវធម៌ និងចិត្តល្អមែនទេ? ឬមួយគាត់ជាមនុស្សម្នាក់ ដែលធ្លាប់ឈរនៅក្បែរកុសល នៅពេលឈាមរបស់ប្តីផល្លាហូរមិនរហូតដល់អស់ជីវិត?
តើចិញ្ចៀនស្នេហានោះបានទៅដល់ដៃគ្រួសាររបស់បុត្រាដោយរបៀបណា?
ហើយហេតុអ្វីបានជាវិបុលមានប្រតិកម្មបែបនោះ នៅពេលភ្នែករបស់គាត់ជួបនឹងផល្លា? ផល្លាមិនអាចរកចម្លើយបានឡើយ។ គាត់គ្រាន់តែដាក់ដៃលើទ្រូង ហើយទន្ទេញឈ្មោះប្តីដែលគាត់មិនដែលភ្លេចម្ដងណាឡើយ។
“បងកុសលអើយ... តើការពិត
និងយុត្តធម៌នៅឯណា?»
នៅក្នុងពិធីភ្ជាប់ពាក្យ កញ្ញាបានលើកដៃដែលពាក់ចិញ្ចៀនបង្ហាញទីភ្ញៀវដោយក្តីរីករាយ។
នាងមិនដឹងថាចិញ្ចៀននេះធ្លាប់ជាប់នឹងម្រាមដៃរបស់ម្ដាយនាងឡើយ។ នាងក៏មិនដឹងថា នៅចំពោះមុខនាងមានមនុស្សម្នាក់ដែលប្រហែលជាអាចជួយ បើកអាថ៌កំបាំងនៃជីវិតរបស់នាងដែរ។
បុត្រាកាន់ដៃនាង ហើយនិយាយដោយស្នាមញញឹម៖
“ចាប់ពីថ្ងៃនេះទៅ
យើងនឹងចាប់ផ្តើមអនាគតរបស់យើងជាមួយគ្នា។»
កញ្ញាងក់ក្បាល។
“ចាស! ខ្ញុំជឿជាក់លើបង។»
ពន្លឺភ្លើងនៅក្នុងបន្ទប់ទទួលភ្ញៀវនៅតែចែងចាំង។ សំឡេងភ្លេងនៅតែបន្លឺឡើង។
មនុស្សគ្រប់គ្នាបន្តអបអរសាទរគូ ស្នេហ៍វ័យក្មេង ដោយគ្មាននរណាម្នាក់ដឹងថា នៅពីក្រោយស្នាមញញឹមរបស់ផល្លា
មានសំណួរមួយកំពុងដុតបេះដូងគាត់យ៉ាងខ្លាំង។ ផល្លាសម្លឹងមើលចិញ្ចៀនមាសនៅលើម្រាមដៃកូនស្រីជាលើកចុងក្រោយ។
ចិញ្ចៀននោះនៅតែចែងចាំងដូចថ្ងៃដែលកុសលបានពាក់ឲ្យនាង
ហើយសន្យាថានឹងស្រឡាញ់គាត់រហូតដល់ចាស់ទៀត ផង។ ប៉ុន្តែស្នេហាដ៏ផ្អែមល្ហែមមួយបានបញ្ចប់ក្នុងថ្លុកឈាម
ហើយអាថ៌កំបាំងមួយបានរស់នៅក្នុងភាពស្ងៀមស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ។
ថ្ងៃនេះ វាបានត្រឡប់មកវិញហើយ។ ហើយនៅពេលផល្លាសម្លឹងទៅកាន់វិបុល
គាត់មិនអាចប្រាប់ខ្លួនឯងបានទេថា គាត់កំពុងឃើញមុខឪពុករបស់កូនប្រុសដែលកូនស្រីគាត់ស្រឡាញ់
ឬកំពុងឃើញមុខមនុស្សដែលធ្លាប់បំផ្លាញជីវិតគាត់។ តើវិបុលជាឃាតករដែលបានសម្លាប់កុសលមែនឬទេ? ឬចិញ្ចៀនមួយវង់នេះ គ្រាន់តែជាសាក្សីស្ងៀមស្ងាត់នៃអតីតកាល ដែលផល្លាបានយល់ច្រឡំ? គ្មានចម្លើយនឹងសំណួរនោះឡើយ។
ពិធីភ្ជាប់ពាក្យបានបន្តរហូតដល់យប់ជ្រៅ ខណៈអាថ៌កំបាំងនៃចិញ្ចៀនស្នេហានៅតែត្រូវបានបិទបាំងនៅក្រោមពន្លឺភ្លើងដ៏ស្រស់ស្អាតនៃទីក្រុងឡូវែល។
ផល្លា ដែលធ្លាប់រស់រានមានជីវិតពីសង្គ្រាម និងការបាត់បង់ប្តីជាទីស្រឡាញ់
បានដឹងថា ពេលខ្លះ ស្នាមរបួសដែលឈឺចាប់បំផុត មិនមែនជាស្នាមដែលនៅលើរាងកាយនោះទេ។ វាគឺជាស្នាមរបួសនៅក្នុងបេះដូង
ដែលមិនដែលបានទទួលចម្លើយទាល់តែសោះ៕
No comments:
Post a Comment