Thursday, October 22, 2026

រដូវផ្ការីក

 By Tararith

នៅទីក្រុងឡូវែល នៃរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក រដូវរងាឆ្នាំនេះហាក់ដូចជាមានសភាពធ្ងន់ធ្ងជាងឆ្នាំមុន បន្តិច។ វាបាននាំមកនូវខ្យល់ត្រជាក់ សីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យហ្វារិនហៃ និងព្រិលសក្បុស កក គ្របដណ្តប់តាមដងផ្លូវ ដំបូលផ្ទះ និងសួនច្បារ។ ត្រជាក់ម្លឹងហើយ យូរៗម្ដងមានចាបចេញមករកចំណីទាំងគូរៗ។

សម្រាប់អ្នកដែលកើតនៅប្រទេសកម្ពុជាដូចជា សុជាតា បានឃើញព្រិលធ្លាក់គឺជារឿងដ៏អស្ចារ្យមួយ។ នាងធ្លាប់ឃើញតែភ្លៀងធ្លាក់ពីលើមេឃ និងទឹកកកក្នុងទូទឹកកកប៉ុណ្ណោះ។ ប៉ុន្តែនៅទីនេះ ទឹកកកពណ៌សធ្លាក់ពីលើមេឃដូចជាសំឡីតូចៗរោយលើផែនដី។

សុជាតាជានិស្សិតអន្តរជាតិខ្មែរម្នាក់ ដែលកំពុងសិក្សានៅមហាវិទ្យាល័យមីតដលសិចនៅទីក្រុងឡូវែល។ នាងមានរូបសម្រស់ស្រស់ស្អាត ភ្នែកភ្លឺដូចផ្កាយ ស្នាមញញឹមស្រស់ស្រាយ និងសក់ខ្មៅរលោង។ អ្វីដែលធ្វើឱ្យនាងពិសេសជាងនេះ គឺទឹកចិត្តស្រឡាញ់ធម្មជាតិ និងទម្លាប់ថតរូប នាងថតស្ទើរតែគ្រប់អ្វីៗដែលនាងបានឃើញ។

ពេលព្រិលធ្លាក់ នាងតែងតែចេញទៅក្រៅផ្ទះ ឬឈរក្បែរបង្អួច ដកទូរស័ព្ទចេញ ហើយថតរូប។

“ម៉ាក់! ថ្ងៃនេះព្រិលធ្លាក់ទៀតហើយ! ស្អាតណាស់!» នាងនិយាយតាមវីដេអូខលទៅគ្រួសារនៅកម្ពុជា។

ម្តាយនាងសើច៖ “កូនអើយ ស្អាតមែនហើយ តែកូនស្លៀកពាក់ខោអាវក្រាស់ឬនៅ? ម៉ាក់ខ្លាចតែកូនក្លាយជាដុំទឹកកកនៅអាមេរិក!»

សុជាតាសើច។

“ម៉ាក់អើយ កូនស្លៀកអាវបីជាន់ហើយ! បើនៅតែត្រជាក់ទៀត ត្រជាក់ជាងទឹកកទៅទៀត កូននឹងយកភួយមករុំខ្លួនដើរទៅរៀនហើយ!»

ប៉ុន្តែបើទោះបីជានាងចូលចិត្តព្រិលយ៉ាងណាក៏ដោយ ក៏នាងចាប់ផ្ដើមធុញទ្រាន់នឹងអាកាសធាតុត្រជាក់ដែរ។ រៀងរាល់ព្រឹក នាងត្រូវស្លៀកអាវក្រាស់ ពាក់ស្រោមដៃ មួក និងកន្សែងបង់ក។ ពេលខ្លះនាងស្លៀកច្រើនជាន់រហូតដល់ខ្លួនមូលដូចខ្លាឃ្មុំតូចមួយ។

ថ្ងៃមួយ សីហា ដែលជាមិត្តភក្តិជិតស្និទ្ធរបស់នាង បានឃើញនាងដើរចេញពីអគារសាលា សីហាស្ទើរតែចំណាំនាងមិនបាន។

“សុជាតា! នេះនាងឬ? ខ្ញុំគិតថាមានខ្លាឃ្មុំមកចូលរៀននៅសាលានេះហើយ!»

នាងសម្លឹងមើលគាត់ដោយក្រសែភ្នែកចង់ស៊ីសាច់។

“សីហា! បើឯងមិនចង់ឱ្យខ្ញុំវាយទេ ឆាប់បិទមាត់ភ្លាម!»

សីហាសើច។ សីហាជាយុវជនខ្មែរម្នាក់ដែលមានចរិតរួសរាយ ចូលចិត្តនិយាយលេង និងតែងតែរកវិធីធ្វើឱ្យសុជាតាញញឹម។ គាត់តែងជួយនាងក្នុងការសិក្សា នាំនាងដើរកម្សាន្ត និងណែនាំកន្លែងស្អាតៗនៅរដ្ឋម៉ាសាឈូសេតអោយនាងបានគយគន់។

ប៉ុន្តែមានរឿងមួយដែលសីហាមិនហ៊ានប្រាប់នាង៖ គាត់លង់ស្រឡាញ់សុជាតាយ៉ាងជ្រាលជ្រៅ។

ចំណែកសុជាតាវិញ នាងមិនដឹងថាបុរសដែលចេះតែចំអកនាងម្នាក់នេះ មានបេះដូងដែលកំពុងរលាយលឿនជាងព្រិលនៅរដូវផ្ការីកនោះទេ។

ហើយនៅទីក្រុងឡូវែល រដូវផ្ការីកក៏កំពុងខិតជិតមកដល់សន្សឹមៗ។

នៅពេលរដូវរងាចាប់ជិតកន្លងផុតទៅ ព្រិលដែលធ្លាប់គ្របដណ្ដប់លើដីក៏រលាយបន្តិចម្ដងៗទៅដែរ។ ផ្លូវថ្នល់ចាប់ផ្ដើមស្ងួត ពន្លឺព្រះអាទិត្យកាន់តែធ្វើអោយមនុស្ស សត្វ និងរុក្ខជាតិមានភាពកក់ក្ដៅ ហើយដើមឈើដែលធ្លាប់មើលទៅឃើញតែមែក ក៏ចាប់ផ្ដើមបញ្ចេញពន្លកផ្កាផងដែរ។

នៅតាមសួនច្បារ ផ្កាទុលិបចាប់ផ្ដើមរីកចេញជាពណ៌ក្រហម លឿង ផ្កាឈូក និងស្វាយ។ ទេសភាពទាំងមូលប្រៀបដូចជាផ្ទាំងគំនូរដែលវិចិត្រករម្នាក់បានចំណាយពេលពេញមួយរដូវរងាដើម្បីគូរវាស។

សុជាតាសប្បាយចិត្តដូចក្មេងតូចដែលទើបបានរបស់លេងថ្មី។

ព្រឹកមួយ នាងទូរស័ព្ទទៅសីហា។

“សីហា! ថ្ងៃនេះទំនេរទេ?»

“ទំនេរ!» សីហាឆ្លើយភ្លាម។

“ខ្ញុំចង់ទៅមើលផ្កាទុលិប។ តើអាចនាំខ្ញុំទៅបានទេ?»

“បាន!»

គាត់ឆ្លើយលឿនពេករហូតដល់សុជាតាសើច។

“អ្នកមិនសួរថាខ្ញុំនឹងឱ្យថ្លៃសាំងប៉ុន្មានផងឬ?»

សីហាចំអកអោយនាង៖ “សម្រាប់ការនាំនារីដ៏ស្រស់សោភាទៅដើរលេង ខ្ញុំមិនគិតថ្លៃទេ។ តែបើនាងបញ្ជាឱ្យខ្ញុំថតរូបមួយរយសន្លឹក ខ្ញុំនឹងគិតថ្លៃបន្ថែមតាមចំនួនស្នាមញញឹម!»

“អូ! គេងចំណេញលើស្នាមញញឹមគេទៀតហើយ!»

អ្នកទាំងពីរបានទៅដើរកម្សាន្តនៅសួនច្បារមុខសាលាក្រុងឡូវែល។ សុជាតាពាក់រ៉ូបពណ៌ផ្កាឈូកស្រាល អាវក្រៅពណ៌ស និងស្បែកជើងប៉ាតាដែលងាយស្រួលធ្វើដំណើរ។ នាងមើលទៅដូចជាផ្កាមួយទងដែលទើបរីកក្នុងពេលព្រលឹម។

នាងឈរថតរូបក្បែរផ្កាទុលិបរាប់សិបទង រួចបែរមកសួរសីហា៖

“សីហា ឯងមើលផ្កាទាំងនេះស្អាតទេ?»

“ស្អាត!»

“ផ្កាពណ៌ក្រហមនេះវិញ?»

“ស្អាត!»

“ចុះផ្កាពណ៌លឿង?»

“ក៏ស្អាត!»

សុជាតាចង្អុលទៅផ្កាពណ៌ស្វាយមួយទៀត។

“ហើយផ្កានេះ?»

សីហាដកដង្ហើមធំ។

“សុជាតា ខ្ញុំគិតថាអ្នកមិនបាននាំខ្ញុំមកមើលផ្កាទេ។ អ្នកនាំខ្ញុំមកប្រឡងចំណេះដឹងអំពីពណ៌ផ្កាទេតើ!»

នាងសើចរហូតដល់ហៀរទឹកភ្នែក។

បន្ទាប់មក នាងបានថតរូបជាច្រើនសន្លឹក រួចផ្ញើទៅក្រុមគ្រួសារនៅប្រទេសកម្ពុជា។

“ម៉ាក់ មើលផ្កាទុលិប! នៅទីនេះស្អាតណាស់។ ពេលខ្ញុំដើរក្នុងសួនច្បារ ខ្ញុំមានអារម្មណ៍ថា ដូចខ្លួនឯងកំពុងនៅក្នុងរឿងព្រេងនិទាន។”

ម្តាយនាងឆ្លើយមកវិញ៖ “ស្អាតណាស់កូន។ តែកុំភ្លេចថតរូបខ្លួនឯងផង កុំថតតែផ្កា។ ម៉ាក់ចង់ឃើញមុខកូន មិនមែនចង់ឃើញតែរុក្ខជាតិនៅអាមេរិកទេ!»

សុជាតាសើច។

សីហាដែលកំពុងឈរក្បែរនាង ក៏លួចនិយាយ៖

“ខ្ញុំក៏ចង់ឃើញបង្ហាញមុខអោយគេឃើញដែរ។”

នាងបែរមកសម្លឹងគាត់។

“ហេតុអ្វី?»

គាត់ញញឹម៖ “ព្រោះខ្ញុំខ្លាចថ្ងៃណាមួយ អ្នកថតរូបផ្កាច្រើនជាងថតរូបខ្ញុំ ហើយខ្ញុំត្រូវរស់នៅដោយគ្មានកិត្តិយសក្នុងអាល់ប៊ុមរូបថតរបស់ឯង។”

សុជាតាញញឹម តែមិនឆ្លើយអ្វីទេ។

នៅថ្ងៃនោះ សីហាបានដឹងថា គាត់កំពុងច្រណែនផ្កាទុលិបមែនទែន។ យ៉ាងហោចណាស់ ផ្កាទុលិបអាចធ្វើឱ្យសុជាតាសម្លឹងមើលវាបានយូរជាងមើលគាត់!

មួយសប្ដាហ៍ក្រោយមក សីហាបានរៀបចំដំណើរកម្សាន្តមួយទៅទីក្រុងបូស្តុន។ គាត់ចង់ឱ្យសុជាតាបានស្គាល់ទីក្រុងធំនេះ ដែលមានភោជនីយដ្ឋានចិន មានម្ហូបឆ្ងាញ់ ដែលនាងចូលចិត្ត មានសារមន្ទីរសិល្បៈ អាងសត្វសមុទ្រ និងសួនច្បារដ៏ធំ ហើយស្រស់ស្អាតទៀតផង។

ព្រឹកថ្ងៃសៅរ៍ អ្នកទាំងពីរបានទៅស្ថានីយរថភ្លើង។ សុជាតាកាន់កាហ្វេមួយកែវ និងកាបូបដែលដាក់សុទ្ធតែរបស់ប្រើប្រាស់។ សីហាកាន់កាបូបតូចមួយ និងមុខមាត់ដែលបង្ហាញថាគាត់បានត្រៀមខ្លួនជាបុរសអមដំណើរដ៏មានកិត្តិយស។

“សីហា តើយើងត្រូវជិះរថភ្លើងប៉ុន្មាននាទីទើបទៅដល់?» នាងសួរ។

“ប្រហែលមួយម៉ោង ឬអាស្រ័យលើកាលវិភាគរថភ្លើង។”

“អូ! ខ្ញុំនឹងថតរូបតាមបង្អួចឱ្យបានច្រើន។”

សីហាធ្វើមុខស្ងួត។

“ចុះបើឯងថតរហូតដល់ថ្មទូរស័ព្ទអស់ បន្ទាប់មកនឹងធ្វើអ្វីទៀត?»

“ខ្ញុំនឹងប្រើទូរស័ព្ទរបស់ឯងវិញម្ដង។”

“ចុះបើទូរស័ព្ទខ្ញុំអស់ថ្មដែរ?»

“ខ្ញុំនឹងប្រើទូរស័ព្ទអ្នកដំណើរផ្សេងទៀត។”

សីហាគ្រវីក្បាល។

“ខ្ញុំសូមប្រាប់ថា ខ្ញុំបាននាំឯងទៅដើរលេង មិនមែននាំមជ្ឈមណ្ឌលថតរូបចល័តទៅបូស្តុនទេ!»

នៅបូស្តុន សុជាតាមានអារម្មណ៍រីករាយយ៉ាងខ្លាំង។ ពួកគេបានទៅទស្សនាសារមន្ទីរសិល្បៈ Boston Museum of Fine Arts ដែលមានស្នាដៃសិល្បៈពីប្រទេស និងសម័យកាលផ្សេងៗ។ នាងឈប់មើលគំនូរមួយផ្ទាំងយ៉ាងយកចិត្តទុកដាក់ ហើយព្យាយាមស្វែងយល់ពីអារម្មណ៍ដែលវិចិត្រករចង់បង្ហាញ។

សីហាឈរនៅពីក្រោយនាង ហើយសួរថា៖

“តើឯងគិតថាវិចិត្រករចង់និយាយអ្វីតាមរយៈគំនូរនេះ?»

“ខ្ញុំគិតថា គាត់ចង់បង្ហាញពីភាពស្រស់ស្អាតនៃជីវិត និងអារម្មណ៍របស់មនុស្សជំនាន់នោះ។”

សីហាញញឹម។

“បើដូច្នេះ ខ្ញុំក៏អាចធ្វើជាវិចិត្រករបានដែរ។ ព្រោះរាល់ពេល ឯងឃើញខ្ញុំ ឯងនឹងមានអារម្មណ៍ថា ដូចជាបានឃើញស្នាដៃសិល្បៈមួយ។”

សុជាតាបែរមកសម្លឹងគាត់ទៀត។

“ហេ! ឯងនិយាយពាក្យបែបនេះជាមួយនារីគ្រប់គ្នាឬ?»

សីហាស្ងាត់មួយសន្ទុះ។

“អត់ទេ។ ខ្ញុំចំណាយពេលរៀនពាក្យទាំងនេះយូរណាស់។ ខ្ញុំខ្លាចនិយាយខុស រហូតដល់ពេលខ្លះខ្ញុំហាត់និយាយម្នាក់ឯងនៅមុខកញ្ចក់ក៏មាន។”

នាងសើចយ៉ាងខ្លាំង។

“អូហ៍! ដូច្នេះកញ្ចក់របស់អ្នកបានស្ដាប់ពាក្យពិរោះៗមុនខ្ញុំទៅហើយ!»

បន្ទាប់មក ពួកគេបានទៅ New England Aquarium ដើម្បីមើលសត្វសមុទ្រ។ សុជាតាចាប់អារម្មណ៍លើត្រីឆ្លាមដែលនាងមិនដែលបានឃើញដោយផ្ទាល់បែបនេះ។ នាងថតរូបមិនឈប់ដៃ រហូតដល់សីហាចាប់ផ្ដើមសួរថា៖

“បើត្រីទាំងនេះអាចនិយាយបាន តើអ្នកគិតថាវានឹងនិយាយពីអ្វី?» “វានឹងនិយាយថា សូមកុំថតរូបយើងច្រើនពេក យើងក៏ចង់មានជីវិតឯកជនដែរ!។”

ពួកគេសើចស្ទើរអស់សំឡេងព្រមគ្នា។

នៅពេលរសៀល ពួកគេបានដើរលេងនៅ Boston Public Garden ដែលមានដើមឈើ ផ្កាចម្រុះពណ៌ និងបរិយាកាសស្រស់ស្រាយ។ សុជាតាឈរមើលផ្កាដែលកំពុងរីក ខណៈសីហាឈរមើលនាងយ៉ាងស្ងៀមស្ងាត់។

នៅពេលនោះ គាត់ចង់ប្រាប់នាងថា គាត់ស្រឡាញ់នាង។ ប៉ុន្តែពាក្យដែលគាត់បានហាត់និយាយនៅមុខកញ្ចក់ជាច្រើនលើក បែរជាបាត់ពីខួរក្បាលអស់។

“សុជាតា… ខ្ញុំមានរឿងមួយចង់ប្រាប់។”

“រឿងអ្វី?»

“ខ្ញុំ… ខ្ញុំ…»

នាងសម្លឹងគាត់ដោយទឹកមុខភ្ញាក់ផ្អើល។

“តើឯងឈឺពោះមែនទេ?»

សីហាបិទភ្នែកមួយភ្លែត។

“អូ! ខ្ញុំមិនឈឺពោះទេ! ខ្ញុំកំពុងព្យាយាមរៀបពាក្យឱ្យបានត្រឹមត្រូវ!។”

“បើដូច្នេះ ចូរប្រញាប់និយាយទៅ។ បើឯងរង់ចាំយូរទៀត ផ្កានឹងស្រពោនអស់មិនខាន!»

សីហាសើចទាំងអស់សង្ឃឹម។ គាត់សម្រេចចិត្តទុកពាក្យទាំងនោះទៅនិយាយនៅថ្ងៃក្រោយវិញ តែទោះបីជាគាត់មិនបាននិយាយនៅពេលនេះក្ដីក៏បេះដូងរបស់គាត់បានសម្រេចចិត្តរួចទៅហើយ។

ក្រោយពីបានរស់នៅទីក្រុងឡូវែលមួយរយៈ សុជាតាកាន់តែស្រឡាញ់ទីក្រុងនេះ។ ទោះបីជានាងនៅឆ្ងាយពីប្រទេសកំណើតក៏ដោយ នាងមិនមានអារម្មណ៍ឯកោពេកទេ ព្រោះនៅទីក្រុងនេះនេះមានប្រជាជនខ្មែររស់នៅច្រើន និងមានសកម្មភាពរស់រវើក។

មានផ្សារខ្មែរ ភោជនីយដ្ឋានខ្មែរ វត្តព្រះពុទ្ធសាសនា សមាគមខ្មែរ និងមនុស្សជាច្រើនដែលនិយាយភាសាខ្មែរ។ ពេលនាងចូលផ្សារខ្មែរ ហើយឮអ្នកលក់និយាយថា “មីអូន ថ្ងៃនេះមីងមានបន្លែស្រស់ៗទើបតែយកមកថ្មី!» នាងមានអារម្មណ៍ដូចជាកំពុងដើរនៅផ្សារក្បែរផ្ទះឯប្រទេសកម្ពុជាដូច្នេះដែរ។

នៅថ្ងៃខ្លះ នាងទៅញ៉ាំគុយទាវនៅភោជនីយដ្ឋានកុលាបក្រហម។ ថ្ងៃខ្លះទៀត នាងទៅទិញប្រហុក សាច់ជ្រូក និងគ្រឿងផ្សំសម្រាប់ធ្វើម្ហូបខ្មែរនៅផ្សារប៉ៃលិន ផ្សារបាយ័ន។ល។ ពេលបានញ៉ាំបាយជាមួយម្ហូបដែលមានរសជាតិដូចនៅផ្ទះ នាងនឹកដល់អ្នកម្តាយ និងក្រុមគ្រួសាររបស់នាងគ្រប់គ្នា។

សីហាតែងតែជូននាងក្នុងការទិញម្ហូប ឬទៅញ៉ាំបាយជាមួយគ្នា។ ប៉ុន្តែការជួយនេះមានចំណុចគួរឱ្យសង្ស័យបន្តិច។

ថ្ងៃមួយ សុជាតាកំពុងស្លសម្លម្ជូរគ្រឿងនៅផ្ទះនាង។ សីហាបានមកដល់ដោយកាន់ថង់ផ្លែឈើមួយថង់មកផ្ញើនាង។

“ថ្ងៃនេះអ្នកចង់ញ៉ាំអ្វី?» នាងសួរ។

“អ្វីក៏បានដែរ។ អ្វីដែលឯងធ្វើ ខ្ញុំញ៉ាំទាំងអស់។”

“សូម្បីតែបបរ ដែលមិនមានអំបិល?»

“បើឯងជាអ្នកធ្វើ ខ្ញុំអាចញ៉ាំបាន!» គាត់ឆ្លើយដោយមិនស្ទាក់ស្ទើរ។

សុជាតាសើច។

“ឯងមិនខ្លាចឈឺពោះទេអី?»

សីហាដាក់ដៃលើទ្រូង។

“ខ្ញុំខ្លាចតែរឿងមួយគត់។”

“រឿងអ្វី?»

“ខ្ញុំខ្លាចតែឯងមិនឱ្យខ្ញុំមកញ៉ាំបាយនៅទីនេះទៀត។”

សុជាតាសើចរហូតដល់ស្ទើរតែធ្វើឱ្យស្លាបព្រាធ្លាក់ពីដៃ។

ក្រៅពីការរស់នៅប្រចាំថ្ងៃ នាងក៏ចូលរួមក្នុងសកម្មភាពរបស់មហាវិទ្យាល័យ Middlesex Community College ជាញឹកញាប់។ នាងបានចូលរួមកម្មវិធីសិក្សា កម្មវិធីវប្បធម៌ និងសកម្មភាពជាមួយនិស្សិតអន្តរជាតិមកពីប្រទេសផ្សេងៗទៀតដែរ។

នាងក៏ចូលរួមកម្មវិធីរបស់សមាគមខ្មែរនៅឡូវែល និងពិធីបុណ្យប្រពៃណីខ្មែរ ដូចជាចូលឆ្នាំខ្មែរ បុណ្យអុំទូក និងភ្ជុំបិណ្ឌ។ នៅក្នុងពិធីចូលឆ្នាំខ្មែរ នាងបានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ រាំលេងជាមួយមិត្តភក្តិនៅសួនប៉ៃលិន និងចូលរួមក្នុងកម្មវិធីសប្បាយៗរបស់សហគមន៍រាប់មិនអស់។

សីហាក៏មកចូលរួមដែរ។ គាត់តែងតែព្យាយាមនៅក្បែរសុជាតា ទោះបីជាមានមនុស្សច្រើនក៏ដោយ។

ថ្ងៃមួយ មិត្តភក្តិរបស់គាត់បានចំអកថា៖

“សីហា! ហេតុអ្វីបានជាឯងតែងតែចូលរួមគ្រប់កម្មវិធីដែលសុជាតាទៅ? បើនាងទៅឋានព្រះចន្ទ តើអ្នកនឹងទិញសំបុត្រទៅតាមនាងដែរឬទេ?»

សីហាឆ្លើយដោយមិនខ្មាសអៀន៖

“បើមានសំបុត្របញ្ចុះតម្លៃ ខ្ញុំនឹងទៅ!។”

មិត្តភក្តិទាំងអស់សើចក្រេវ។

សុជាតាក៏ចូលរួមបុណ្យ Halloween, Thanksgiving, Independence Day និងការអបអរចូលឆ្នាំសកលផងដែរ។ នាងចូលចិត្តឃើញមនុស្សអបអរវប្បធម៌ប្រពៃណីរបស់ពួកគេ តែយើងរស់នៅជាមួយគ្នាក្នុងសហគមន៍តែមួយ។

នៅថ្ងៃ Thanksgiving នាងបានរៀបចំម្ហូបខ្មែរខ្លះយកទៅចែករំលែកជាមួយមិត្តភក្តិ។ សីហាបានញ៉ាំច្រើនជាងគេ រួចនិយាយថា៖ “ខ្ញុំគិតថា Thanksgiving គឺជាថ្ងៃដែលមនុស្សគ្រប់គ្នាអរគុណចំពោះអ្វីដែលខ្លួនមាន។ ខ្ញុំសូមអរគុណចំពោះម្ហូបដែលឯងធ្វើ។”

សុជាតាសើច។

“ឯងអរគុណម្ហូប ឬអរគុណអ្នកធ្វើម្ហូប?»

សីហាមើលទៅនាងដោយស្នាមញញឹម។

“ប្រហែលជាទាំងពីរ។”

សម្រាប់សុជាតា ជីវិតនៅឡូវែលមិនមែនជាជីវិតដែលគ្មានការលំបាកនោះទេ។ នាងត្រូវរៀនភាសាអង់គ្លេស ធ្វើកិច្ចការសាលា គ្រប់គ្រងចំណាយ និងខិតខំសាងអនាគតរបស់ខ្លួន។ ប៉ុន្តែការគាំទ្រពីគ្រួសារ មិត្តភក្តិ និងសហគមន៍ខ្មែរ បានធ្វើឱ្យនាងមានកម្លាំងចិត្តបន្តដំណើរទៅមុខ។

ហើយនៅក្បែរនាង តែងមានសីហា ដែលចេះតែរកហេតុផលមកជួយនាង ដោយពាក្យថា “ខ្ញុំទំនេរទេ» ទោះបីជាគាត់មានកិច្ចការសាលាគរជុំខ្លួនក៏ដោយ។

រដូវផ្ការីកបានឈានដល់ភាពស្រស់ស្អាតបំផុត។ គញរប់ដើមឈើនៅតាមដងផ្លូវឡូវែលមានផ្ការីក សួនច្បារពោរពេញដោយផ្កាចម្រុះពណ៌ ហើយពន្លឺថ្ងៃកក់ក្ដៅធ្វើឱ្យទីក្រុងទាំងមូលមើលទៅមានជីវិតថ្មី។

សុជាតាចូលចិត្តចេញទៅដើរលេងបន្ទាប់ពីរៀនចប់។ នាងថតរូបផ្កា ថតរូបស្ទឹងឡូវែល និងថតរូបអគារចាស់ៗដែលជាផ្នែកមួយនៃប្រវត្តិសាស្ត្រឧស្សាហកម្មរបស់ឡូវែល។ រូបថតទាំងនោះត្រូវបាននាងផ្ញើទៅគ្រួសារនៅកម្ពុជា ជាមួយនឹងសារដ៏កក់ក្ដៅ។

“ម៉ាក់! រដូវផ្ការីកមកដល់ហើយ។ ខ្ញុំចង់ឱ្យម៉ាក់ និងប៉ាមកមើលផ្កាទាំងនេះជាមួយខ្ញុំ។ បើម៉ាក់មកទីនេះ ខ្ញុំនឹងនាំម៉ាក់ទៅគ្រប់កន្លែងដែលស្អាតៗ។”

ឪពុកនាងឆ្លើយថា៖ “បើកូននាំប៉ាទៅមើលផ្កាគ្រប់កន្លែង តើអ្នកណាជាអ្នកចេញថ្លៃអាហារហើយសំបុត្រធ្វើដំណើរ?។”

សុជាតាសើច។

“ប៉ា! កូនជានិស្សិត មិនមែនជាអ្នកមានទេ! ប៉ាត្រូវសន្សំលុយមកមើលកូនហើយ!»

នៅរសៀលថ្ងៃអាទិត្យមួយ សីហាបានហៅសុជាតាទៅដើរលេងនៅមាត់ស្ទឹងឡូវែល។ ខ្យល់បក់ត្រសៀកៗ ផ្កានៅតាមផ្លូវរីកស្គុះស្គាយ ឯផ្ទៃមេឃមានពណ៌ខៀវស្រងាត់។

សុជាតាកំពុងថតរូបផ្កាមួយទង ស្រាប់តែសីហានិយាយឡើង៖

“សុជាតា ខ្ញុំមានរឿងមួយចង់ប្រាប់អ្នក។”

នាងបែរមកដោយស្នាមញញឹម។

“អូហ៍! រឿងដដែលទៀតហើយមែនទេ? តើឯងនៅតែមិនទាន់ដឹងថាចង់និយាយអ្វីទេ?»

សីហាសើចបន្តិច ហើយដកដង្ហើមវែង។

“លើកនេះខ្ញុំដឹងហើយ។ ខ្ញុំបានហាត់និយាយនៅមុខកញ្ចក់រាប់សិបដង។ ខ្ញុំក៏បានហាត់និយាយពេលងូតទឹក និងពេលដើរទៅរៀនដែរ។”

សុជាតាសើច។

“បើដូច្នេះ សូមនិយាយមក។ ខ្ញុំសង្ឃឹមថា ឯង បានហាត់និយាយជាមួយត្រីនៅក្នុងអាងផងដែរ!។”

សីហាមើលភ្នែកនាង ហើយនិយាយយឺតៗ៖

“សុជាតា បងស្រឡាញ់អូន។”

ស្នាមញញឹមរបស់សុជាតាប្រែទៅជាគាំងបាត់។ នាងមិនបានរំពឹងថាសីហានឹងនិយាយត្រង់ៗបែបនេះទេ ទោះបីជានាងធ្លាប់សង្ស័យពីអារម្មណ៍របស់គាត់ក៏ដោយ។

សីហាបន្ត៖

“បងចូលចិត្តពេលអូនសប្បាយចិត្ត ពេលអូនថតរូបផ្កា ពេលអូននិយាយអំពីគ្រួសាររបស់អូន និងពេលអូនប្រាប់បងថាអូននឹកស្រុកកំណើត។ បងមិនអាចធ្វើឱ្យគ្រប់យ៉ាងក្នុងជីវិតអូនជួបតែរឿងល្អឥតខ្ចោះបានមែន តែបងចង់នៅក្បែរអូន ជួយអូន និងចែករំលែកទាំងថ្ងៃល្អនិងថ្ងៃលំបាកជាមួយអូន។”

សុជាតានៅតែភាំង មិនតប។

សីហាអេះអុញបន្តិច រួចបន្តនិយាយដោយស្នាមញញឹម៖

“ហើយបើថ្ងៃណាមួយអូនចង់ថតរូបមួយពាន់សន្លឹក បងនឹងថតឱ្យ។ តែសូមអនុញ្ញាតឱ្យបងបានញ៉ាំបាយមុននឹងធ្វើកិច្ចការនោះផង!។”

សុជាតាសើចឃឹកៗ។ នាងសម្លឹងទៅថូផ្កាទុលិបនៅលើតុបាយ ហើយបន្ទាប់មកសម្លឹងទៅសីហាវិញ។

“សីហា ខ្ញុំចូលចិត្តរដូវផ្ការីក ព្រោះបន្ទាប់ពីរដូវរងាដ៏ត្រជាក់ ធម្មជាតិក៏អាចចាប់ផ្ដើមរីកស្រស់ស្អាតម្ដងទៀត។ ខ្ញុំក៏ចូលចិត្តមនុស្សដែលនៅក្បែរខ្ញុំក្នុងពេលដែលខ្ញុំត្រូវការកម្លាំងចិត្តដែរ។”

នាងញញឹម ហើយនិយាយបន្ត៖

“ខ្ញុំមិនទាន់អាចសន្យាអំពីអនាគតទាំងអស់បានទេ ប៉ុន្តែខ្ញុំរីករាយដែលមានឯងនៅក្បែរខ្ញុំ។ ខ្ញុំចង់ឱ្យយើងស្គាល់គ្នាឱ្យកាន់តែច្បាស់ជាំងនេះ មុននឹងដើរទៅមុខជាមួយគ្នា។”

សីហាញញឹមរហូតដល់ថ្ពាល់គេប្រែពីស្រេកស្លាំងទៅជាក្រហមតិចៗ។

“នេះមានន័យថា បងអាចបន្តនាំអូនទៅមើលផ្កាបានទៀតមែនទេ?»

សុជាតាសើច។

“បាន! តែបងត្រូវជួយកាន់កាបូបខ្ញុំផង។”

“យល់ព្រម!»

“ជួយថតរូបខ្ញុំផង។”

“យល់ព្រម!»

“ហើយបើខ្ញុំចង់ទៅបូស្តុនម្ដងទៀត?»

សីហាស្ងាត់មួយសន្ទុះ មុននឹងឆ្លើយថា៖

“យល់ព្រម! តែខ្ញុំសុំមើលកាលវិភាគការងារជាមុនសិនបានទេ!។”

អ្នកទាំងពីរសើចយ៉ាងសប្បាយ។

នៅពេលថ្ងៃរៀបលិច ពួកគេបានដើរតាមដងផ្លូវនៅមាត់ស្ទឹងឡូវែល ដែលមានផ្ការីកយ៉ាងស្រស់ស្អាត។ សុជាតាថតរូបមួយសន្លឹកដែលមានផ្កានៅខាងមុខ និងសីហាឈរនៅខាងក្រោយ។ បន្ទាប់មក នាងបានផ្ញើរូបថតទៅគ្រួសារនៅកម្ពុជា។

សាររបស់នាងមានខ្លឹមសារថា៖

“ម៉ាក់ ប៉ា! នេះជារដូវផ្ការីកនៅឡូវែល។ ខ្ញុំសប្បាយចិត្តណាស់ដែលបានរស់នៅទីនេះ។ ខ្ញុំបានរៀនច្រើនអំពីជីវិត វប្បធម៌ និងមនុស្សដែលមកពីប្រទេសផ្សេងៗ។ ខ្ញុំក៏បានជួបមនុស្សម្នាក់ដែលតែងតែគាំទ្រខ្ញុំ និងធ្វើឱ្យខ្ញុំសើចរាល់ថ្ងៃផងដែរ។”

នាងផ្អាកបន្តិច មុននឹងសរសេរបន្ថែម៖

“ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ប្រជាជនខ្មែរនៅប្រទេសកម្ពុជានឹងមានជីវភាពកាន់តែរុងរឿង មានឱកាសសិក្សា និងការងារល្អៗ ហើយអាចរស់នៅដោយសុខសាន្ត។ ខ្ញុំចង់ឃើញប្រទេសយើងមានសួនច្បារស្រស់ស្អាត ទីក្រុងស្អាត និងប្រជាជនដែលមានស្នាមញញឹមដូចខ្ញុំបានឃើញនៅទីនេះដែរ។”

សុជាតាជឿថា ជីវិតមិនមែនមានតែភាពរីករាយទេ។ វាក៏មានការខិតខំប្រឹងប្រែង ការលះបង់ ការនឹករលឹក និងការប្រឈមមុខនឹងបញ្ហាជាច្រើនផងដែរ។ ប្រជាជនខ្មែរនៅឡូវែលភាគច្រើនខិតខំធ្វើការងារ រៀនសូត្រ និងសាងសង់អនាគតសម្រាប់គ្រួសារ។ ពួកគេមិនមែនរស់នៅដោយគ្មានបញ្ហានោះទេ ប៉ុន្តែពួកគេតែងតែព្យាយាមរកសុភមង្គលក្នុងជីវិតប្រចាំថ្ងៃ។

នាងក៏សង្ឃឹមថា ប្រជាជនខ្មែរគ្រប់រូបនឹងមានឱកាសដូចគ្នា មានការអប់រំល្អ ការងារសមរម្យ សេរីភាព និងសន្តិភាព ដើម្បីកសាងអនាគតដែលខ្លួនប្រាថ្នា។

នៅពេលនោះ សីហាបានសួរនាង៖

“សុជាតា តើអូនចូលចិត្តរដូវរងា ឬរដូវផ្ការីកជាង?»

នាងញញឹម ហើយឆ្លើយថា៖

“ខ្ញុំចូលចិត្តទាំងពីរ។ រដូវរងាធ្វើឱ្យខ្ញុំចេះពេញចិត្តនឹងភាពកក់ក្ដៅ ចំណែករដូវផ្ការីកធ្វើឱ្យខ្ញុំស្រឡាញ់ការចាប់ផ្ដើមថ្មី ដូចពន្លកផ្កាអីចឹងដែរ។”

សីហាងក់ក្បាលយល់ព្រម។

“ចុះបើបងសួរថា អូនចូលចិត្តផ្កាទុលិប ឬចូលចិត្តសីហា?»

សុជាតាបែរមកសម្លឹងគាត់ ហើយញញឹមដោយទឹកមុខចង់ចំអក។

“ផ្កាទុលិបមិនដែលសួរខ្ញុំសំណួរពិបាកៗបែបនេះទេ!»

សីហាសើចគឃឹក។

“អូហ៍! ដូច្នេះខ្ញុំត្រូវរៀនសួរឡើងវិញពីផ្កាទុលិបហើយ!»

អ្នកទាំងពីរដើរបន្តទៅមុខ ក្រោមពន្លឺថ្ងៃលិចដ៏ស្រស់ស្អាត។ ផ្កានៅតាមផ្លូវរីកស្គុះស្គាយ ហើយខ្យល់និទាឃរដូវបក់ប៉ះសក់របស់សុជាតាតិចៗ។

រដូវផ្ការីកនៅទីក្រុងឡូវែលមិនត្រឹមតែបាននាំមកនូវផ្កាចម្រុះពណ៌ប៉ុណ្ណោះទេ វាថែមទាំងបាននាំមកនូវក្តីសង្ឃឹម ស្នាមញញឹម និងការចាប់ផ្ដើមថ្មីមួយនៅក្នុងបេះដូងរបស់មនុស្សពីរនាក់ផងដែរ៕


No comments:

Post a Comment