១.ទឹកចិត្តខ្មែរអ្នកស្នេហាជាតិ នៅចាញ់កលស្នៀត និងឧបាយ
ទឹកចិត្តខ្មែរយើងបែករាយប៉ាយ ពិតនាំអន្ដរាយខ្មែរមិនលែង។
២.មានតែទឹកចិត្តអត់ប្រព្រឹត បានតែនាំគិតឲ្យវង្វេង
ចាំតែចំអកដូចជាល្បែង ដូចអុំទូកលេងមិនដល់ត្រើយ។
៣.ខ្មែរខៀវ សេរី ក្រហម ស កើតមកឈូឆយូរមានហើយ
ខ្មែរអើយនៅតែគ្មានផលឡើយ ដីធំល្វឹងល្វើយប្រែរួញខ្លី។
៤.យួនគេឆ្លាតណាស់ចាំតែត្រង ទម្លាយរបងច្បាមយកដី
ខ្មែរគ្រប់ៗពណ៌អស់ខន្ដី ចង់បានតែល្បីវ៉ៃគ្នាឯង។
៥.ខ្មែរខ្លះបានលាភសក្ការៈ មាសប្រាក់យសស័ក្កឫកខែងរ៉ែង
បង្អួតយួនចាប់ខ្មែរគ្នាឯង ព្យុះភ្លៀងបែកផ្សែងខ្មែរច្បាំងគ្នា។
៦.សព្វថ្ងៃនៅមានចរិតហ្នឹង កោងកាចរឹងត្អឹងតាមផ្តន្ទា
ខ្មែរណាជំទាស់ឧបាយវា មុខជាវេទនាអស់សេរី។
៧.បើទឹកចិត្តខ្មែររួមតែមួយ ជ្រោមជ្រែងលើកស្ទួយដល់ផែនដី
ជាតិខ្មែរនឹងរឹងមាំជាថ្មី ខ្មែរមានដែនដីសន្ដិភាព៕
No comments:
Post a Comment