by Tararith
ដំណើរជីវិត ដែលមានតែសេចក្តីសោកស្តាយ បានរសាត់អណ្តែតតាមពេលវេលា។ ភាពអសមត្ថភាព បាននាំខ្ញុំឲ្យទៅជាអ្នកបម្រើនៅហាងខារាអូខេ ដែលពី មុនខ្ញុំស្អប់បំផុត ជាងនេះទៀតខ្ញុំទៅជាអ្នកញៀនថ្នាំ នឹងលង់ខ្លួនទៅតាមបុរសអ្នក មានប្រាក់ ព្រោះតែត្រូវការរស់។ ជីវិតមើលមិន ឃើញ ថាមិនត្រូវ សម្រេចមិនបាន។ ខ្ញុំមិនដែលមើលងាយមើលថោកនរណាទេ ខ្ញុំតែងចាត់ទុកអ្នករក ស្រីផ្លូវភេទ ថាអ្នក ទ័លច្រកបំផុត តែខ្ញុំវិញ ហេតុអីក៏ខ្ញុំមកដល់ផ្លូវទ័លនេះទៅវិញ។
ផ្ទៃមេឃពាសដេសដាលដោយពពកស្រកានាគរសាត់តិចៗតាម កម្លាំងខ្យល់។ ឯតាមផ្លូវព្រះនរោត្តម វិញ ផ្កាត្របែកព្រៃរុះរោយរាយប៉ាយលើដងផ្លូវ។ ភ្លើងសសរដងកូមចាប់បំភ្លឺប្រណាំងនឹង ព្រះអាទិត្យ ដែលនៅរះឯបស្ចិមទិសនៅឡើយ។ នៅតាមហាងនានា អ្នកលក់សម្ភស្ស រៀបរយរង់ចាំ បម្រើពពួកអ្នកមករកសប្បាយ។ ដល់វេលានេះម្តងៗ ខ្ញុំថប់ក្នុងចិត្តឥតឧបមា មិនគួរបណ្តោយខ្សែរជីវិត ឲ្យហូរទៅរកភាពល្អក់ កករបែបនេះទេ។ ជីវិតគួរឲ្យធុញទ្រាន់ណាស់ ជាតិនេះហួលពេលធ្វើជា មនុស្សហើយខ្ញុំ។
រាល់ថ្ងៃយើងនៅក្នុងទីកម្សានមែន តែចិត្តកាយមិនដែលជួបសប្បាយម្តងណា ឡើយ។ ពេលមានភ្ញៀវ យើងដណ្តើមគ្នា បន្ទាប់ពីអស់ភ្ញៀវ យើងនាំគ្នារ៉ាយរ៉ាប់ ពីទុក្ខលំបាក នាំគ្នាស្រក់ទឹកភ្នែក និងសម្លឹងទៅ ក្រដាសប្រាក់ដុល្លារអាមេរិក។ នេះជាអ្វីដែលហួសពីឈឺចាប់សម្រាប់ជីវិតក្រីក្រគ្មានទីពឹង។
ពេលមួយ ខ្ញុំឃើញប្រណីតនៅផ្សារទំនើប។ ខ្ញុំគេចមុខពីគេតែប្រណីត ក៏ឃើញខ្ញុំវិញដែរ គេ ហៅខ្ញុំចំឈ្មោះ គេដើរតម្រង់ខ្ញុំ។ ខ្ញុំភាំងស្មារតីភ្លេចគិតពីខ្លួនឯង។ ឯប្រណីតញញឹមញញេម សួរនាំខ្ញុំ គេប្រាប់ថា គេព្យាយាមរកខ្ញុំ សួរគេឯងឥតមាននរណាដឹងពីខ្ញុំសោះ។ ខ្ញុំឃើញគេស្អាតបាត ជាងមុន ឫកពារគេនៅតែរម្យទមដដែល។ ប្រណីតហៅខ្ញុំញាំបាយ។ យើងរមលឹក អនុស្សាវរីយ៍កាលនៅវិទ្យាល័យ។ ខ្ញុំប្រាប់ពីដំណើរ ជីវិតគ្មានគោលដៅឲ្យគេដឹង ដោយមិនលាក់លៀម...
No comments:
Post a Comment