by Tararith
នៅក្នុងផ្ទះណា មានជនឫស្សា កាប់ចាក់ប្រណាំង
ពេលជួបគេផ្សេង មិនដែលតតាំង ព្រោះធ្លាប់តែច្បាំង
និងជាតិឯងពិត។
ចំណែកជនខ្លះ ខ្លួនឯងដឹងច្បាស់ គំនិតឧក្រិត
ថានាំគេមក រំដោះជាតិពិត តែនៅក្នុងចិត្ត
ចង់ត្រឹមត្រួតត្រា។
រំដោះស្រុកខ្មែរ បែកព្រោងព្រាតដែរ ៧មករា
ដេញខ្មែរចេញហើយ គេដាក់អាណា ព្យាបាលរក្សា
ដីឲ្យបានល្អ។
រហូតសព្វថ្ងៃ ពួកនេះបានដៃ ចូលមកកុះករ
ខ្មែរមិនចេះច្បាំង យួនជួយកំដរ ហើយរស់ច្រើនត
ព្រោះជួយរំដោះ។
ពូជអ្នកចម្បាំង ខ្មែរពូជអ្នកខ្លាំង ជាងគេទាំងអស់
តែបែរជាចាញ់ ទាជិតខាងសោះ ចាញ់ហើយថែមអស់
ទឹកដីទៀតផង។
ជួយជាន់ជួយជិះ ជួយគឺយ៉ាងនេះ ជួយដករបង
ទាំងក្នុងទាំងក្រៅ ដើម្បីដើរឆ្លង ទៅដល់បំណង
ធ្វើឥណ្ឌូចិន។
បំណងអុងហូរ ស្ដាប់ក៏មិនប្ដូរ ស៊ីខ្មែរឆៅឆ្អិន
ធ្វើល្អមិនបាន សង្កត់សង្កិន លើកខ្មែរខ្វាក់ខ្វិន
កាន់កិច្ចការក្តៅ ។
បើវាមិនស្ដាប់ គ្នាយើងមានស្រាប់ ប្រញាប់ប្រដៅ
តែឃើញសព្វថ្ងៃ យួនយើងមានផ្លូវ ប្រើខ្មែរទៀតទៅ
ខ្មែរនៅស្មោះត្រង់។
ធ្វើតាមសប្បាយ កុំទៅគិតឆ្ងាយ អ៊ុងចាំតម្រង់
អភិឌ្ឍន៍ទៅ ឲ្យឃើញផូរផង់ សំដៅយកប្លង់
ប្រជុំជនខ្មែរ។
No comments:
Post a Comment