by Tararith
ជួបហើយបែរបែក ទ្រូងរៀមសង្វេគ
រាល់នារាត្រី ជួបហើយបែរបែក
ឲ្យរៀមអាល័យ ឲ្យនឹកស្រមៃ
ដល់វង្សភក្រ្តា។
បងស្នេហាជាតិ ទ្រូងបងក៏ឃ្លាត
ចេញពីជីវ៉ា បងរត់ចូលព្រៃ
បង់បោះស្នេហា ដោយសង្ឃឹមថា
អូននៅយល់ចិត្ត។
ព្រោះទឹកដីខ្មែរ ដ៏ជាទីស្នេហ៍
គួរឲ្យអាណិត បងចុះចោលអូន
ក្នុងគ្រាស្នេហ៍ស្និទ្ធ បងសូមលួងចិត្ត
អូនពីចម្ងាយ។
សូមឲ្យអូនស្ងប់ សូមអូននាងទប់
រួមចិត្តនិងកាយ ពេលបងច្បាំងឈ្នះ
យើងបានសប្បាយ បងមិនឃ្លាតឆ្ងាយ
ពីទ្រូងអូនស្រី។
បងជាកូនខ្មែរ បងត្រូវថួនថែ
ដល់ជាតិទឹកដី បើជាតិនៅគង់
មានសុខសិរី បងពិតវិលវៃ
ទៅជួបអូនភ្លាម។
អូនក៏បានដឹង ដីខ្មែរយើងហ្នឹង
ជាតិគេអង្គៀម គេនៅឈ្លានពាន
បងនៅមិនស្ងៀម ព្រោះបងមានឈាម
ជាកុលបុត្រខ្មែរ។
ឯបងក៏ដឹង ឃ្លាតយូរយ៉ាងហ្នឹង
អូនម្ដេចនឹងល្ហែ ពិតនឹកដល់បង
ដែលព្រាត់បែកបែរ ពីទ្រូងធ្លាប់ស្នេហ៍
ធ្លាប់ជាប់និស្ស័យ។
ចិត្តបងដូចគ្នា នឹករាល់វេលា
បងតែងស្រមៃ មិនគួរបងរស់
ឃ្លាតឆ្ងាយថ្លើមថ្លៃ ចិត្តសែនអាល័យ
ដល់ព្រលឹងបង។
នៅក្នុងព្រៃភ្នំ ទីដ៏សែនធំ
នេះណានួនល្អង ត្រយ៉ងតែងយំ
រៀបរាប់ឆ្លើយឆ្លង ធ្វើឲ្យទ្រូងបង
ព្រួយនឹកអូនណាស់៕
No comments:
Post a Comment