Thursday, May 5, 2011

រកាំចិត្ត


by Tararith




ថ្ងៃនេះខូចចិត្តគិតមិនយល់              ស្រមៃអំពល់ដល់រឿងចាស់

ដប់ឆ្នាំឃ្លាតផុតចិត្តមិនផ្លាស់           ឥឡូវជាក់ច្បាស់ថ្ងៃរះថ្មី ។

ថ្ងៃថ្មីចិត្តថ្មីលំនៅថ្មី                        គ្មានចិត្តបេតីលើសស្រស់ស្រី

បែកគ្នាយូរឆ្នាំចាំសម្ដី                    ផ្ដាំបងវិលវៃអូនរង់ចាំ។

បងដឹងថាស្រីថ្លៃនួនល្អង                អូនរង់ចាំបងអស់ច្រើនឆ្នាំ

អូនអើយចិត្តបងសែនរកាំ              នឹកឃើញបណ្ដាំអូនម្ដងៗ។

អូនមិនដឹងថាចិត្តបងផ្សា                ព្រោះតែប្រាថ្នាដល់នួនល្អង

តែធ្វើមិនបានតាមបំណង               មានតែគេងផ្សងតាមវាសនា។

រូបថតពាលពៅនៅជាប់ប្រាណ       មិនដែលខកខានគន់ភត្រា

ចិត្តស្មោះនៅស្មោះកន្និដ្ឋា                មិនដឹងថ្ងៃណាជួបជាគ្នា។

នឹកអើយនឹកណាស់ព្រលឹងបង       ផ្កាក្នុងរបងចងកម្មពារ

បែកបាក់ស្នេហាបងរងារ               ចិត្តសែនវេទនារាល់ៗថ្ងៃ។

មានតែសរសេរចងពាក្យនឹក           ឲ្យចិត្តរលឹកដល់ស្រីថ្ងៃ

មិនបានជួបមុខស្ដាប់សម្ដី               ចិត្តបងឈឺក្រៃព្រាត់ស្នេហា។

សង្ឃឹមថាបានជួបពេលមួយ          បានជួបស្រស់ត្រួយបងប្រាថ្នា

ពេលសង្គមប្រែប្ដូររដ្ឋា                  ចិត្តបងប្ដេជ្ញារៀបការអូន៕



No comments:

Post a Comment