by Tararith
ចិត្តបងកំពុងពេញស្នេហា ចំពោះជីវ៉ាក្នុងជីវិត
បំភ្លេចមិនបានឡើយវរមិត្រ យប់ថ្ងៃរៀមគិតប៉ងពាលពៅ។
បងឮតែគេថាស្រឡាញ់ ងងឹតហើយចាញ់ពាក្យនេះត្រូវ
សព្វថ្ងៃអូនអើយបងរង៉ូវ អំពាវនាវទៅលោកមេបា។
ឃើញអូនម្ដងៗបងតែងភ្លឹក គន់គូពន្លឹកអស់កាយា
ភ្នែកបិទក៏ឃើញដូងចិន្តា អូនល្អម្ល៉េះណាស្រស់ឆោមឆាយ។
នឹងប្រាប់ទៅអូនថាបងស្ម័គ្រ នឹងហាទៅស្លាក់ចិត្តសប្បាយ
បើគយគន់អូនពីចម្ងាយ សែនស្តាយចិត្តចង់នៅកៀកជិត។
ប្រុសទ្រូងប្រាំហត្ថបាត់វិញ្ញាណ ស្រឡាញ់មិនហានប្រាប់ការពិត
អូនអើយបើដឹងនឹងអាណិត ទឹកចិត្តដែលបងមានក្រៃណា។
ពេលបានសាសងបងញ័រប្រាណ ភ័យភិតរំខានសញ្ចេតនា
តើមកពីអ្វីឪស្នេហា បាត់អស់សក្ដានុពលភាព។
បាត់ក្ដីស្វាហាប់ជាបុរស បាត់អស់ទាំងអស់បើនឹងប្រៀប
សល់តែរូបរាងសាបរលាប វិញ្ញាណខ្ពស់ទាបរត់ចោលប្រាណ។
ធ្លាប់ប្ដូរជីវិតនឹងសង្រ្គាម មិនរាទីមទាមមិនរំខាន
ដូចជួបមុខស្រីស្រស់កណ្យាណ អូនអើយចិត្តប្រាណទ្រោមខ្សោយចុះ៕
No comments:
Post a Comment