by C write
យើងជាខ្មែរទទួលស្គាល់ថា ហេដ្ឋារចនាសម្ពន្ធ័កំពុងតែមានការអភិវឌ្ឍន៍ តែបើប្រៀបធៀបនឹងចំនួនប្រជាជន ឬប្រៀបធៀបនឹងភាពស៊ីវិល័យរបស់ពិភពលោក គឺប្រទេសខ្មែរយើង នោតែទន់ខ្សោយនៅឡើយ។
ប្រជាជនខ្មែរ ដែលរស់តាមយថាកម្ម រស់ដោយការភ័យខ្លាច ខ្វះទំនុកចិត្តលើរដ្ឋបច្ចុប្បន្ន ស្ទើរតែទាំងស្រុង។ មន្រ្ដីរដ្ឋាភិបាល ដែលពពោកដោយអំណាចដ៏មហិមារ នៅតែសម្ដែងឲ្យឃើញពីការមិនអនុវត្តច្បាប់ នៅតែបង្ហាញពីភាពអសមត្ថភាព និងពុករលួយ។
ម្នាក់ៗពុះពារសម្ដែងឲ្យឃើញពីឋាមពលក្នុងការអភិឌ្ឍន៍ប្រទេសនេះ តាមសារព័ត៌មាន តែតាមពិតគឺប្រឹងការពារផលប្រយោជន៍របស់គណបក្ស ការពារប្រយោជន៍ក្រុម និងមុខជំនួញ របស់ខ្លួនតែប៉ុណ្ណោះ។ អំណាចរបស់មន្រ្តីនយោបាយ និងមន្រ្តីរាជការខ្លះ កំពុងតែគម្រាមដល់ ការលូតលាស់របស់សង្គមខ្មែរទៅវិញទេ។ ត្រូវទទួលស្គាល់ថា ប្រទេសកម្ពុជា ជារបស់ខ្មែរ ទាំងអស់គ្នា ហើយត្រូវអនុញ្ញាតឲ្យគេនិយាយពីភាពមិនប្រក្រតីរបស់អ្នកដឹកនាំរដ្ឋខ្លះ ព្រោះគេក៏មានសមាណចិត្តស្រឡាញ់ទឹកដីរបស់គេដែរ។
អ្នកប្រជាធិបតេយ្យ ម្ចាស់ពានរង្វាន់ណូបែលសន្ដិភាព លោកស្រី អ៊ុងសានស៊ូជី បន្តាប់ពី មានសេរីភាព លោកស្រីបានពោលទៅកាន់ប្រជាជនភូមាថា”ខ្ញុំចង់ស្តាប់ឮសម្លេងប្រជាពលរដ្ឋ មុននឹងសម្រេចចិត្តលើផ្លូវនយោបាយ”។ ជាសារគួរឲ្យគោរព ព្រោះលោកស្រី គោរពប្រជាពលរដ្ឋលោកស្រីណាស់ ហើយប្រជាជនភូមាក៏គោរព និងគាំពារ លោកស្រីណាស់ដែរ។ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ លោកស្រីស៊ូជី សួរប្រជាជន ស្តាប់ប្រជាជនជាមុន ព្រោះតែអ្នកស្រីយល់ថា អ្នកស្រីអ្នកប្រជាធិបតេយ្យ ដែលត្រូវបម្រើប្រជាជនភូមា ដោយបំពេញតាមសេចក្តីត្រូវការរបស់ ជាតិភូមាទាំងមូល។
ចុះចំណែកប្រទេសកម្ពុជាវិញ? ប្រជាជនគោរពមន្រ្តីនយោបាយ តែពីក្រោយខ្នងប៉ុណ្ណោះ កូនចៅគោរពអ្នកធំ រនែបរណប ព្រោះតែផលប្រយោជន៍ ដើម្បីតែក្រពះ ឬដើម្បីមានឧកាសប្រើអំណាចមេកើយរបស់គេ ទៅគម្រាមជន សាមញ្ញស្លូតត្រងតែប៉ុណ្ណោះ។ ព្រោះអី? គឺមកពីអ្នកនយោបាយខ្មែរខ្លះ មានចរឹតសាហាវឃោរឃៅ មានលក្ខណៈប្រៀប ទៅនឹងពួកចោរព្រៃ ដែលគ្មាននរណាអាចប៉ះពាល់បាន។
ហេតុអ្វីបានជាវាយតម្លៃពួកមន្រ្ដីអស់នោះដូច្នោះ? ព្រោះថា អស់លោកឯកឧត្តម ជាអ្នកធំ គឺជាគំរូ និងជាអ្នកជួយសង្គម តែផ្ទុយទៅវិញ អស់លោកទាំងនោះទៅដល់ទីណា ពួកគេតែង តែប្រមូលយកដីធ្លីរបស់រាស្រ្ត ដីទំនេររបស់រដ្ឋ និងអចលនៈទ្រព្យផ្សេងទៀតរបស់រដ្ឋទៅលក់ ឬយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន បើមិនអីចឹងទេ ក៏តាំងលើផ្លាកគណបក្សប្រជាជន ដើម្បីសម្ដែង ឲ្យឃើញពីអំណាច ឲ្យប្រជាជន ឬអជ្ញាធរដែនដីកោតខ្លាច។ ពិសេសជំទាវខ្លះ ដែលប្ដីរបស់ខ្លួន នៅជិត សម្ដេចនាយករដ្ឋមន្ដ្រី ឬជំទាវដែលនៅកៀកនឹងភរិយារបស់នាយករដ្ឋមន្រ្តី តែងតែ ប្រើអំណាចស្រមោលរបស់ពួកគេគៀងគ យកទ្រព្យដីធ្លីរបស់ប្រជាជន ឬបន្លាច បំភិតបំភ័យ បង្ខំឲ្យអ្នកស្រុកលក់ដូរដីធ្លីដែលខ្លួនចង់បានឲ្យខ្លួន ក្នុងតម្លៃដ៏ថោកក៏មាន។
ម្យ៉ាងទៀត ឥស្សរជននយោបាយខ្លះ ជាសាច់ញាតិឧត្តមមន្ដ្រី ដែលពួកគេពុំមានសមត្ថភាពទាល់តែសោះ ក៏បានអង្គុយលើកៅអីអ្នកនយោបាយដឹកនាំជាតិ តុបតែងទៅដោយសម្ភារៈទំនើប មាសពេជ និងអាកប្បកិរិយាព្រហើន ហើយប្រើអំណាចរបស់ខ្លួន កាងនៅគ្រប់ទិសទីកាប់ទន្ទ្រានព្រៃ បើកបន ខារ៉ាអូខេ កាស៊ីណូ ដោយមិនបានយកតួនាទីជាមន្រ្តីនយោបាយដ៏មានឧត្តមភាព ទៅបម្រើប្រយោជន៍ជាតិម្ដងណាឡើយ គេគ្រាន់តែអង្គុយនៅលើកៅអី តំណាងឲ្យប្រជារាស្ត្រខ្មែរ និងចាំតែបង្ហាញខ្លួនបង្គ្រប់កូរំ ឬលើកដៃដើម្បីស្របតាមការកំណត់របស់បក្សតែប៉ុណ្ណោះ។
យើងខ្ញុំជាខ្មែរ ជាប្រជាជនធម្មតា ខ្ញុំប្រាប់ទៅអស់លោកបែបនេះ អស់លោកពិតជាមិនចូលចិត្ត តែសូមលោក ឯកឧត្តមគិតពិចារណាខ្លួនឯងថា តើខ្លួនឯងបានបានធ្វើរឿងផ្ដេសផ្ដាសនេះមែនឬទេ? តួយ៉ាងរឿងតូចមួយ ដែលលោកតែងតែ ប្រព្រឹត គឺលោកប្រើរថយន្តរបស់រដ្ឋ ចាក់សាំងរដ្ឋ សូហ្វើឡានក៏ស៊ីប្រាក់ខែពីរដ្ឋ តែលោកប្រើថាមពលរបស់រដ្ឋខុស ដោយយកឡានរដ្ឋរកស៊ីផ្តាល់ខ្លួន ដឹកឈើ ឬជិះកម្សាន្តជាមួយកំណាន់។ គឺលោកបានងារជាឯកឧត្តម តែចាំតែបំផ្លាញជាតិ របស់ខ្លួនតែប៉ុណ្ណោះ។
រឿងធំជាងនេះ មានឯកឧត្តមខ្លះអង្គុយនៅព្រឹទ្ធសភា ហើយមកច្បាំងដណ្ដើមដីប្រជាជន ហើយរិតតែគួរឲ្យ អាម៉ាស់បំផុតនោះ គឺអជ្ញាធររដ្ឋ ដែលមានគ្រប់ក្រសួង មិនយកចិត្តទុកដាក់ ដោះស្រាយឲ្យប្រជាជនបានស្ងប់ចិត្តឡើយ តើនេះមិនមែនជាការរំលោភសិទ្ធិទេឬ?
រឿងរ៉ាវទាំងនេះ ត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក ជាយូរមកហើយ ដែលគួរឲ្យខ្មាសអៀនបំផុត ដែលកិត្តិយសរបស់អស់លោក ជាមេដឹកនាំរបស់យើងខ្ញុំ ត្រូវគេតិតៀន ដាក់ចំចាត់ថ្នាក់ថាជាប្រទេសរំលោភសិទ្ធិមនុស្ស ជាប្រទេសពុករលួយ និងជំពាក់បំណុល គ្មានសមត្ថភាពសង ហើយបែរជាលោះលាងដោយនយោបាយប្រជាភិថុត។
រឿងដែលគួរតែមហាជនពេបជ្រាយជាងនេះគឺ ប្រជាជនខ្មែរមានចិត្តស្រឡាញ់ទឹកដីរបស់ខ្លួន ពួកគេខំការពារ ទឹកដីស្រុកភូមិដែលជារបស់ខ្មែរ ពិសេសនៅតាមព្រំដែន តែអស់លោកជាមេ ដឹកនាំរបស់យើងខ្ញុំ មិនបានលើកទឹកចិត្ត ពួកយើងទាល់តែសោះ ហើយបែរជាគម្រាមគំហែងប្រជាជន ចាប់ខ្មែរដែលហ៊ានតស៊ូប្រឆាំងបរទេសយកដីទៅដាក់គុក ដាក់ច្រវ៉ាក់ បើអស់លោកគិតដល់ បញ្ហា នេះបន្ដិចទៀតនឹងដឹងថា មានមនុស្សមិនតិចទេដែលមិនចូលចិត្តការគ្រប់គ្រងបែប នេះ រាប់ទាំង លោកខ្លួនឯងផង។ តែហេតុអ្វីបានជាមិនប្ដូរ ឬក៏នេះជាសារជាតិរបស់អស់លោក ដែលមិនអាចវិល មករកទម្លាប់ ល្អបាន។
ចំពោះទំនាស់ព្រំដែនដដែល ម្ដងម្កាល រដ្ឋាភិបាលតែងបញ្ចេញសារថា មិនចង់បានដី បរទេសណា សូម្បីមួយចំអាម ឬមួយមីលីម៉ែត តែថ្មីៗនេះ ការវាស់ដាំបង្គោលព្រំដែនខ្មែរយួន ស្រាប់តែបញ្ចេញទស្សនៈថា “ទោះជា ដំណើរការបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម មានកន្លែងខ្លះជ្រុលចូល ទៅក្នុងកន្លែង ដែលកាន់កាប់ដោយភាគីម្ខាងៗ ដោយសារតែខ្សែ ព្រំដែនលើផែនទី និងការកាន់កាប់លើដីជាក់ ស្តែងពុំដូចគ្នាបេះបិទ....” នេះជាទស្សនៈ នយោបាយទន់ខ្សោយ និងគ្មានជំហរ ប្រហែលមកពីមិត្តភាព កម្ពុជាវៀតណាម ចាក់ឫសជ្រៅពេក ទៅក្នុងផ្នត់គំនិតអ្នកដឹកនាំខ្មែរ។
រឿងទឹកដីជាប្រយោជន៍ស្លាប់រស់របស់អ្នកនយោបាយ ដែលសម្ដែងឲ្យប្រជាជនឃើញ ថាមេដឹកនាំរបស់គេ ពិតជាមិនមែនជាអាយ៉ង។ គួរអាណិតដល់អ្នកស្នេហាជាតិពិតៗមួយក្រុម ដែលកំពុងមានអំណាចសិប្បនិម្មិតក្នុងជួររដ្ឋាភិបាល ខ្មែរ ពួកគេកំពុងតែលេបថ្មលេបគ្រួស ចង់តវ៉ាដែរ តែខ្លាចគេចោទថាជាពួកជំទាស់ ពួកប្រឆាំង គាំទ្រតែម្ខាងៗ ចង់ផ្ដល់ យោបល់ក៏មិនហ៊ាន ព្រោះអ្វីៗគេសម្រេចអស់ទៅហើយ មានតែអង្គុយលើកៅអីអំណាចដែលគេសន្មត់ លើកដៃហៃអើ ព្រមទទួលឲ្យគេម៉ាក់ងាយដល់ពូជពង្សវង្សត្រកូល ហើយចាំតែចុះហត្ថលេខាព្រមតាមប៉ុណ្ណោះក៏បានដែរ។
បើសង្គមខ្មែរ មានអ្នកនយោបាយប្រភេទខាងលើនេះច្រើន មិនយូរទេអត្តសញ្ញាណខ្មែរ ព្រលឹងខ្មែរនឹងត្រូវបញ្ចប់យ៉ាងទាន់ហន់៕
No comments:
Post a Comment