by Tararith
១.ពីមុនធម្មតា មិនដែលតវ៉ា មិនចេះទើសទាល់
មិនដឹងសខ្មៅ មិនធ្លាប់សម្គាល់ ឬមានមន្ទិល
ចំពោះសង្គម។
២.កាលមុនមិនរៀន ចំណេះក៏គ្មាន គ្មានការអប់រំ
មិនដឹងរាក់ជ្រៅ នៅក្នុងភូមិឃុំ ម្ង៉ៃៗជួបជុំ
ស្ដាប់តែគេសោះ។
៣.គេថាយើងធ្វើ គេនៅពីលើ ជំពាក់យើងដោះ
គេស៊ីគេសូក សំណូកទាំងអស់ សរសើរគេស្មោះ
ទៀងត្រង់នឹងជាតិ។
៤.គេប្រាប់យើងស្តាប់ គេឲ្យចងចាប់ ជនឥតមាយាទ
ធ្វើតាមទាំងអស់ ចាប់បានព្រោងព្រាត ចង់ចាប់ថែមទៀត
គេថាកុំអី។
៥.រាល់ថ្ងៃទើសភ្នែក ទោះពេលដើរដេក ឃើញរឿងថ្មីៗ
ឃើញពុករលួយ ស៊ីសូកពេញផ្ទៃ អ្នកស្មោះបានអី
លើសពីប្រាក់ខែ។
៦.ថ្ងៃនេះថាម្ដង លោកអើយកុំប៉ង រំលាយស្រុកខ្មែរ
ទឹកដីនេះណា កំណើតអ្នកដែរ បើមិនជួយថែ
កុំតែបំផ្លាញ។
៧.នរណាក៏ដឹង ថាអ្នកឯងហ្នឹង បានអំណាចក្រាញ
ពុករលួយហើយ ឆ្អៀតរៀបបណ្ដាញ រលួយឥតសាញ
ឥតខ្មាសគេសោះ។
៨.ថាទៀតឲ្យឈឺ ថាឲ្យឯងឮ ឲ្យដឹងទាំងអស់
ព្រោះតែឯងនេះ មហាបុរស តែចិត្តមិនស្មោះ
ចំពោះជាតិខ្មែរ។
៩.ថាឲ្យចាស់ដៃ ឯងនេះចង្រៃ ប្រៀបទៅនឹងឆ្កែ
អួតខ្លាំងរហូត សូត្រស្មុំឲ្យខ្មែរ សងបំណុលគេ
តកូនតចៅ។
១០.ជនពុករលួយ ឈប់អួតថាជួយ សង្រ្គោះទៀតទៅ
ល្មមងាកមើលគេ ល្មមត្រួសត្រាយផ្លូវ ឲ្យខ្មែររស់នៅ
មានសិរីផង។
១១.ឯងជាឧបសគ្គ បាតដៃប្រលាក់ មន្ទិលសៅហ្មង
ជាតិគេដ៏ទៃ នៅជាប់របង ល្មមបើកភ្នែកឆ្លង
មើលគេផងទៅ។
No comments:
Post a Comment