Saturday, May 7, 2011

ស្រមៃ

by C write



ទោះបីយប់ថ្ងៃកន្លងទៅ                   មិនដែលឈប់នៅគិតប្រាថ្នា
ស្រមៃឃើញស្រស់ដួងចិន្តា                 ចង់ប្រាប់ជីវ៉ាឲ្យបានច្បាស់។
អូនអើយអូនស្រីបងចងចាំ                  ទោះរយខែឆ្នាំក៏មិនផ្លាស់
បេះដូងបងនេះប្រាកដច្បាស់              ចាំអូនដល់ចាស់ក៏មិនថា។
ទ្រាំរស់សព្វថ្ងៃព្រោះនួនល្អង               រៀមធ្លាប់ផ្តោះផ្ដងធ្លាប់វាចា
រូបអូនបងប្រៀបស្មើសង្ខារ                  គ្រប់ជាតិណាៗប្រាថ្នាជួប។
ស្រមៃៗឃើញនួនល្អង                        ទុក្ខពេកកន្លងព្រោះចង់ជួប
បែកគ្នាច្រើនខែច្រើនឆ្នាំខួប                 ថ្ងៃណាបានជួបឪសង្សារ។
ស្រមៃឃើញរូបអូនស្រស់ៗ                 ចាំបានទាំងអស់ក្លិនកេសា
សម្ដីពិរោះគួរចេតនា                            អូនសន្យាថាស្មោះបងដឹង។
អូនប្រាប់ឲ្យចាំស្រុកស្រុះស្រួល          ឲ្យរៀមបបួលចាស់ដណ្ដឹង
រហូតឆ្នាំនេះម្ដេចស្ងាត់ឈឹង                អើយពៅព្រលឹងរស់ឬស្លាប់។
ឥឡូវបងនៅដែនដីថ្មី                           កាយសុខសេរីចិត្តឈឺចាប់
ស្រមៃអូនស្រីដូចបងប្រាប់                  រ៉ាយរ៉ាប់រៀបរាប់ភ្ជាប់ពីមុន។
អូនអើយរូបបងនៅទីនេះ                     រៀនសូត្របានចេះដឹងជាទុន
តែចិត្តគិតអូនពិតទារុណ                     ទុក្ខរិតតែធ្ងន់អាណិតស្រី។
ប្រសិនមានអូនរួមរស់ក្បែរ                  ថ្នមរក្សាថែស្ងួនពិសី
គ្មានអ្វីកង្វល់លើលោកីយ៍                    ទុក្ខភ័យរីងរៃក៏រសាយ។
ព្រលឹងអូនអើយបងនៅស៊ូ                  ជីវិតមិនប្ដូរទោះអន្តរាយ
ស្ម័គ្រស្មោះអូនម្នាក់ទាំងចិត្តកាយ      ស្លាប់ក៏មិនស្ដាយស្មោះដូចមុន៕





No comments:

Post a Comment