លោកនូ ហាច
ស្រាវជ្រាវដោយ Tararith
បាទនៃឃ្លោងមានច្រើនបែប ប៉ុន្តែមានតែ៣បែបទេ ដែលគេចូលចិត្ត
ប្រើជាងគេ គឺបាទមាន៨ព្យាង្គ មាន១០ព្យាង្គ នឹងមាន១២ព្យាង្គ។ ក្នុង
គាថានីមួយៗ មាន២បាទឡើងរហូតដល់១២បាទ។ គេនិយមប្រើជាង
គេគាថា ដែលមាន៤បាទ។ មានកាព្យខ្លះឥតបានចែកជាគាថាទេ។
ចុងចួននៃឃ្លោងបារាំងមាននៅតែត្រង់កន្ទុយបាទប៉ុណ្ណោះ។ នៅក្នុង
បាទ១០ ព្យាង្គ និងបាទ១២ព្យាង្គ មានកម្រិតម្យ៉ាងជា ភាសាបារាំង
ហៅថាសេហ្សួរ (cesure)។ កំរិតនេះឃាំងបំបែកបាទជាពីរផ្នែក។ ក្នុងផ្នែកនីមួយៗត្រូវមាន ព្យាង្គគ្រប់ចំនួន ហើយកុំឲ្យមានសព្ទឯណា ដែលមានព្យាង្គពីពីរឡើងទៅនោះ នៅជាស្ពានចំឡងពីផ្នែកទីមួយ ទៅផ្នែកទីពីរឡើយ។
បាទ១០ព្យាង្គត្រូវមានកម្រិតនោះត្រឹមព្យាង្គទី៤ (មានអ្នកនិពន្ធខ្លះប្រើ
កម្រិតនោះ ត្រឹមព្យាង្គទី៥)ឯបាទ១២ព្យាង្គវិញ ត្រូវមានកម្រិតនោះចំពាក់កណ្តាលស្មោះ គឺ ត្រឹមព្យាង្គទី៦ជានិច្ច (អធិប្បាយនេះតាមក្បួន ពួកក្លាស់ស៊ិក, រ៉ូមង់ទិក និងប៉ារ ណាស់ស៊្យាង។ មានចិន្តកវីជំនាន់
ឯក្រោយខ្លះ ហ៊ាន រំលោភលើតម្រានេះម្តងៗដែរ)។
ដើម្បីបំភ្លឺកម្រិតសេហ្សួរនេះ ខ្ញុំសូមលើកឧទាហរណ៏ខាងក្រោមនេះ
មកបំភ្លឺ៖
១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០ ១១ ១២
វាយោដែលបក់ជូនរំភើយពិដោរផ្កាស្រឡិត។
បាទនេះខុសនឹងកម្រិតសេហ្សួរព្រោះសព្ទរំភើយមានពីរព្យាង្គគឺរំ១
ភើយ១។ ដូច្នេះ តោងសព្ទនេះនៅក្នុងផ្នែកទី១ ទី២ ទាំងមូលទើបបាន
ត្រឹមត្រូវ។ បើប្រសិនជាខ្ញុំសសេរ៖
១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០ ១១ ១២ វាយោដែលផាត់រំភើយពិដោរ
នៃផ្កាស្រឡិត ដូច្នេះវិញ បាទរបស់ខ្ញុំ ក៏បានពេញលក្ខខ័ណ្ឌបរិបូណ៌ តាមកម្រិតសេហ្សួរ។ ឯបាទ៨ព្យាង្គ គ្មានកម្រិតសេហ្សួរទេ។ មុននឹង
បញ្ចប់ ខ្ញុំសូមជូនសព្ទ័ដែល បានសន្មត់ប្រើក្នុងការពន្យល់នេះ ចំពោះ អ្នកដែលចេះភាសា បារាំង៖
ព្យាង្គ(pied), បាទ(vers), ចុងចួន(rime), គាថា(strophe), ឃ្លោង
(poesie), កាព្យ(poeme)
ទីបំផុតនេះ ខ្ញុំសូមជូនកាព្យមួយ បែបមាននាមថាសុណ្ណេ sonnet
ក្នុងភាសាបារាំង។ កាព្យនេះ មាន ៤គាថា, គាថាទី១ និងទី២ មាន៤-
បាទ ហើយតម្រៀបចុងចួនដូច្នេះ៖
ក, ខ, ខ, ក, - ក, ខ, ខ, ក។គាថាទី៣ និងទី៤ មាន៣ឃ្លា៖ គ, គ,ឃ -
ង, ឃ, ង។ គេអាចផ្លាស់គាថាទី៤ តម្រើបចុងចួនច្នេះវិញក៏បាន៖
ង, ង, ឃ។
លលក
ថ្ងៃត្រង់។ វាលស្រែក្តៅដូច ជាភ្នក់ភ្លើងមួយយ៉ាងធំ,
ព្រះអាទិត្យចិត្តឃោរឃៅកំឡោចស្មៅ និងកញ្ជ្រាំង
ចំហាយខ្យល់បក់ភិបៗ លើទឹកល្អក់នៃត្រពាំង
ដែលមានកុកសំគមមួយ ចាប់កំពិសដោយសំងំ។
សត្វនានាស្ងាត់មាត់ជ្រៀប។ ចង្រិតដែលជាភិរម្យ
របស់ស្រុកស្រែនោះសោត ក៏ពួនជ្រកធ្វើស្លាំងកាំង,
អ្នកគង្វាលគោដេក, ដៃគងថ្ងាស, ស្រមុគខ្លាំង។
ក្រោមដើមអម្ពិលមួយ ដ៏មានម្លប់ត្រជាក់ត្រជុំ។
នៅវេលាដ៏ក្តៅហប់ ទូទៅទាំងវាលព្រៃព្រឹក្ស,
មានលលកមួយមកទំ លើមែកមួយដែលឥតស្លឹក
ហើយបក្សីនោះតាំងច្រៀង គ្រលួចពីរោះឥតបី។
ក្នុងផ្ទៃស្ងប់, សំឡេងនេះ ដែលថ្លាដូចចរណៃ
មកញ៉ាំងអ្នកដែលដេកខ្នងផ្ទាល់ដីឲ្យមានស្រមៃ
ឃើញវិមានឋានសួគ៌ា និងកញ្ញាល្អប្រិមប្រីយ។
ចុងចួនក្នុងឆន្ទបារាំងមានបួនបែប៖
១-ចុងចួនរាបសារ៖ កក, ខខ...
២-ចុងចួនប្រទាក់៖ កខកខ...
៣-ចុងចួនប្រកៀក៖ កខខក...
៤-ចុងចួនផ្ទួន៖ កខខកក...
បានជាថាផ្ទួនដូច្នេះ ព្រោះកទី២ ដែលបានជួននឹង កទី១ហើយនោះ
មានជួនផ្ទួន នឹងកទី៣ទៀត។ក្នុងភាសាបារាំងវចនៈឯណា ដែលមាន
អក្សរe នៅចុងគេ សម្គាល់ថាពាក្យនេះមានចុងញី បានជាហៅដូច្នេះ
ព្រោះអក្សរe នេះ ញ៉ាំងឲ្យពាក្យមានសំឡេងវែង។ ឯពាក្យដែល
ឥតមានអក្សរនេះ គេចាត់ថាជាចុងចួនឈ្មោល។ ក្នុងការតែងឃ្លោង គេត្រូវប្រតិបត្តិតាមកម្រិតមួយ ដែលចាត់ឲ្យលាយចម្រុះចុងចួន
ឈ្មោល និងញី ដើម្បីឲ្យមានតូរ្យតន្រ្តីរងំឡើង។ ភាសាខ្មែរយើង
មិនអាច រកចុងចួនញី, ឈ្មោល បែបយ៉ាងនេះបានឡើយ ដូច្នេះ
គប្បីអ្នកសរសេរទាំងឡាយ ខំរកពាក្យឯណា ដែលមានសំឡេង
កំបុតមកលាយនឹងពាក្យ ដែលមានសំឡេងវែង មកឆ្លាស់គ្នា ជា
ចុងចួន ដើម្បីឲ្យមានតូរ្យតន្រ្តីជានិច្ចក្នុងសាច់កាព្យ។
មានអ្នកអានខ្លះ ដែលមិនទាន់ច្បាស់សេចក្តីក្នុងការតែងឃ្លោង
បែបបារាំងនោះ ក៏និយាយបដិសេធថា ឆន្ទបែបនេះមិនពីរោះ ព្រោះរកធ្វើបទធ្វើបាទអ្វីមិនកើត។ យល់យ៉ាងនេះនឹងទុកជាត្រឹម
ត្រូវបានមែន បើប្រសិនជាយើងចូលចិត្តតែនឹងតូរ្យតន្រ្តីរងំ
ជើយៗ ហើយមិនរវល់នឹងសេចក្តីពិត សេចក្តីមែន ដែលឋិត
នៅក្នុងធម្មជាតិ។ ធម្មតាសិល្បវត្ថុទាំងឡាយ ដែលមានលក្ខណៈ
សមរម្យ នឹងនិយមអ៊ឺរ៉ុប ហើយដែលអ្នក ផងគេចាត់ថាត្រឹមត្រូវ
នោះ តែងមានឧត្តមប្រាថ្នាមួយយ៉ាងខ្ជាប់ គឺខំធ្វើខំរចនាឲ្យបានដូច
នឹងធម្មជាតិ។ បដិមាករដែលឆ្លាក់លើថ្មជារូប, ជាងគំនូរដែលខំ
ភ្ចាប់កិរិយានារី នៅលើសំពត់មួយផ្ទាំងនោះ សឹងតែមានអារម្មណ៍តែមួយដូចគ្នាទាំងអស់ គឺផ្ចិតផ្ចង់ឲ្យរូបនោះ, ថ្មចម្លាក់នោះមានជីវិត
ដូចជារស់, ដូចជាពិតនៅក្រោមភ្នែកអ្នកទស្សនាមែន។ ឯឆន្ទដែល
លោកបានបញ្ចូលទៅក្នុងចំណោមសិល្បវត្ថុដែរនោះ ក៏មិនត្រូវ
ប្រាសចាកកម្រិត ដែលពោលខាងលើនេះទេ។ អ្នកតែងឃ្លោងតោងរវាំងកុំឲ្យសាច់កាព្យលើសហួស ឬថយចុះពីសេចក្តីពិតនោះឡើយ។ មិនតែប៉ុណ្ណោះសោត ឆន្ទតោងមានគុណ សម្បត្តិមួយយ៉ាងលើស
ក្បួនចម្លាក់ ឬក្បួនគំនូរទៅទៀត៖ គឺ ត្រូវមានតូរ្យដន្ត្រី។ ភ្លេងនេះ
កើតឡើងដោយចុងចួន, ដោយចង្វាក់, ដោយការរើសពាក្យ ដែល
មាន សម្លេងឲ្យសមតាមកាលសម័យ។
ខ្ញុំយល់ថាចុងចួន ដែលមាននៅតែចុងបាទនោះ ហាក់ដូចជាដើមៗ
មិនមានរណ្តំ ដល់ចុងចួនខ្មែរទេ តែខ្ញុំយល់ថាជាការល្មមហើយ
ព្រោះបើរកចុងចួនច្រើនពេក នាំឲ្យអ្នកនិពន្ធឃ្លាតពីសេចក្តីពិត
សេចក្តីមែន។
ចង្វាក់ក្នុងឃ្លោងបែបបារាំង កើតដោយការតម្រៀបប្រយោគ
ខ្លី-វែង ទុកជាប្រយោគនោះរលត់នៅ កណ្តាលបាទ ក៏គេមិន
អំពល់ដែរ ឲ្យតែសមនឹងកិរិយា ឬសភាវៈនែ រឿងប៉ុណ្ណោះ។
ការរើសពាក្យនេះ ជាឧបសគ្គមួយយ៉ាងធំក្នុងការតែងឃ្លោង។
ឧបមាថា យើងចង់និយាយពីសេចក្តីព្រួយ យើងមិនត្រូវជ្រើស
យកពាក្យណា ដែលមាន សំឡេងរឹងពេកទេ តែគម្បីរកពាក្យ
ធ្ងន់ៗ លុះដល់អានទៅសំឡេងពាក្យនោះ ហាក់ដូចជាមកសង្កត់
ទ្រូងអ្នកមើល។ ក្នុងការរើសពាក្យមានចិន្តកវី បារាំងឆើតៗ ខ្លះ ចេះរៀបឲ្យបានដូចជាសម្លេងខ្យល់ បើគេនិយាយពីព្យុះក្នុង
សមុទ្រ ឬដូចជា សម្រែកពស់ បើគេនិយាយពីពស់ ដែលប្រុង
លោតទៅខាំ។ល។
ជាអវសានកិច្ច អ្នកតែងឃ្លោងត្រូវចៀសវាងកុំរចនារឿងឯណា
ដែលមានសភាវៈរាបសារ ដ៏គប្បីសរសេរជាពាក្យរាយបាននោះ
ឲ្យសោះ។ យើងត្រូវយក តែបទឯណា ដែលស្ទួយចិត្តឲ្យរំភើប
ឲ្យបានជ្រះថ្លាលើរមណីយដ្ឋានខុសពី ធម្មតា។ ឲ្យដូចធម្មជាតិ,
ឲ្យមានតូរ្យតន្រ្តី, ឲ្យប្រកបតែនឹងតំរិះ ជ្រាលជ្រៅ នេះហើយជា
ភារៈរបស់ចិន្តកវី។ សូមអ្នកផងល្បងមើលចុះ ថ្ងៃណាមួយគង់
អក្សរ សាស្រ្តខ្មែរនឹងបញ្ចញរស្មីទូទៅក្នុងលោក ដែលអាចនាំឲ្យ
បរទេសទាំង ឡាយស្គាល់ប្រទេសយើង, ស្រឡាញ់ប្រទេសយើង
ដែលជាគុណសម្បត្តិមួយ ដ៏ឧត្តម គប្បីអ្នកស្នេហាជាតិរួមកម្លាំងគ្នា
ខំយឹតយោងឲ្យបានមកទុកបូជាប្រិយ មាតុភូមិរបស់យើង។ អ្នក
មើលចុះ រេបិន្រ្ទណេតតាគរៈ ដែលជាចិន្តកវីដ៏ល្បី នៃជាតិឥណ្ឌូ។
កាព្យរបស់បណ្ឌិតនេះ គេបានប្រែចេញគ្រប់មហាភាសានៃលោក
ទាំងមូល។ នៅពេលដែលគាត់ធ្វើមរណៈកាលទៅ ប្រជាជាតិទាំង
សាកល សឹងតែសោកស្តាយ ហើយចូលកាន់មរណសញ្ញាដោយ
ស្មោះពីចិត្ត៕
ស្មោះពីចិត្ត៕
No comments:
Post a Comment