by Prasat
បន្ទាប់ពីអាហារថ្ងៃត្រង់យ៉ាងឆ្ងាញ់នៅភោជនីយដ្ឋានខ្មែរឈ្មោះ
4season យើងបានធ្វើដំណើរទៅការិយាល័យធ្វើការវិញ។ ខ្ញុំ
ទើបតែមកពីស្រុកខ្មែរមិនទាន់បានប៉ុន្មានថ្ងៃផង មិនទាន់ស្គាល់
ផ្លូវស្គាល់ភូមិសាស្រ្ត ទីក្រុងProvidence អស់ទេ។ មិត្តរបស់
ខ្ញុំឈ្មោះចូ(Joe) ជាជនជាតិម៉ុង ដែលមកពីប្រទេសឡាវ ជា
មួយក្រុមគ្រួសារគាត់តាំងពីកុមារ គាត់តែងតែណែនាំ ឬឆ្លើយ
រាល់សំណួររបស់ខ្ញុំជានិច្ច និងព្យាយមពន្យល់ខ្ញុំឲ្យស្គាល់វប្ប
ធម៌ ឬរបៀបរបបរស់នៅរបស់ប្រជាជនអាមេរិកាំង។
ជួបគ្នាម្ដងៗ ចូតែងតែនិយាយប្រាប់ខ្ញុំថា ជនជាតិម៉ុង និងកម្ពុជា
ខុសគ្នា តែយើងមកពីអាស៊ីដូចគ្នា បានជាស្គាល់គ្នាទៅហើយ
មានកិច្ចការអីឲ្យខ្ញុំជួយ កុំខ្លាចចិត្តអី ប្រាប់មក ខ្ញុំនឹងព្យាយាម
ជួយឲ្យអស់លទ្ធភាព។ សម្លាញ់ត្រូវដឹង ពួកម៉ុងយើង ជាជន
ជាតិមួយចេះជួយគ្នាណាស់ តែអកុសលយើងគ្មានប្រទេសដូច
ខ្មែរទេ ហើយខ្ញុំក៏មិនចង់ឲ្យជនជាតិខ្មែរ បាត់បង់ទឹកដី ដូចពួក
ម៉ុងយើងដែរ។
ខ្ញុំតែងតែងរលឹកគុណដល់ចូ ដែលមានសមាណចិត្តជួយរំលែក
ការលំបាកដែលខ្ញុំមាន។ ចូជាដៃគូពិភាក្សាយ៉ាងសំខាន់ និងជា អ្នកលើកទឹកចិត្តយ៉ាងល្អ ក្នុងពេលដែលខ្ញុំនៅឯកោ។ ខ្ញុំតែងតែ
និយាយប្រាប់ចូពីប្រទេសកម្ពុជា។ ចូសន្យាថា នឹងទៅលេង
ប្រទេសកម្ពុជា ទៅលេងអង្គរវត្ត ពិសេស ចូចង់សាករសជាតិ
អាពីងជាងគេ។
នេះមិនមែនជាលើកទីមួយទេ ដែលយើងដើរជាមួយគ្នា។ ចូចូល
ចិត្តញ៉ាំម្ហូបខ្មែរណាស់ ពិសេសសម្លម្ជូរគ្រឿងសាច់គោ សម្ល
កកូរ និងពោះគោទឹកប្រហុក។
ចូ! ផ្លូវនេះឈ្មោះផ្លូវអីដែរ?
ផ្លូវនេះគេហៅថា ផ្លូវលេខ១០(Route 10)។ អម្បាញ់មិញ ឯង
ឃើញតុក្កតាទេ?(ចូឆ្លើយ ហើយសួរខ្ញុំវិញ)។
ខ្ញុំមើលមិនឃើញទេ។
នោះ(ចូរចង្អុលប្រាប់ជាថ្មី ដោយដៃម្ខាងកាន់ចង្កូតរថយន្ដរបស់
គាត់យ៉ាងប្រុងប្រយ័ត្ន)។
នរណាគេជ្រុះតុក្កតានោះឬ?(ខ្ញុំសួរចូ ដើម្បីបន្ដការសន្ទនា)
អត់ទេ! គឺទីនោះធ្លាប់មានក្មេងស្រីអាយុ១០ឆ្នាំស្លាប់ដោយគ្រោះ
ថ្នាក់ចរាចរណ៍។
ចម្លើយរបស់ចូ បានទាញដួងវិញាណខ្ញុំឲ្យស្ញើប ខ្លួនខ្ញុំព្រឺសម្បុរ
គីង្គក់មួយរំពេច។ ខ្ញុំមិនសួរនាំទៅចូទៀតទេ។ ខ្ញុំគិតពីសញ្ចេតនា របស់សាច់ញាតិក្មេងស្រី ខ្ញុំរញ្ជួយចិត្តនឹងទង្វើរបស់គេ ដែលនៅ
រក្សា មនោសញ្ចេតនាជាមួយសាច់ញាតិ កូនចៅដែលបាត់បង់ទៅ ខ្ញុំគិតដល់ការព្រាត់ប្រាសនានា ដែលខ្ញុំឆ្លងកាត់នៅ ប្រទេសកម្ពុជា ប្រទេសកម្ពុជាការស្លាប់របស់មនុស្សហាក់មិនមានសារសំខាន់អ្វី
សោះ ការស្លាប់របស់ជនជាតិខ្មែរដូចធម្មតាៗ ការស្លាប់នៃប្រជាជន
របស់ខ្ញុំរាប់ រយនាក់លើស្ពានពេជ្រគ្មាននរណាទទួលខុសត្រូវ។
ឱខ្មែរ! ជាតិសាសន៍មួយនេះ បង្កើតមនុស្សជាតិមកជាជាតិខ្មែរ
ហើយ ដូចជាគ្មានមនោសញ្ចេតនា គ្មានការអាឡោះអាល័យអ្វី
បន្ដិចសោះ។
ចូ! នៅលើផ្លូវដែលមានមនុស្សស្លាប់ គេតែងតែធ្វើអីចឹងឬ?
ជនជាតិអាមេរិកាំង មានទម្លាប់ចូលរួមរំលែកទុកអ្នកស្លាប់អីចឹង
ហើយ ហើយគេធ្វើរៀងរាល់ឆ្នាំ ដូចជាដាក់កម្រងផ្កានៅទីណា ដែលមានអ្នកស្លាប់មិនដែលខកខានទេ។
ផ្លូវលេខ១០ ក្មេងស្រីម្នាក់ស្លាប់ ព្រោះតែគ្រោះថ្នាក់ចរាចរណ៍
ព្រឹត្តិការណ៍នេះកើតមករាប់ឆ្នាំហើយ ដល់ខួបមរណភាពពេល
ណា សាច់ញាតិគេ ឬអ្នកស្គាល់បានយកផ្កា និងរូបតុក្កតាទៅដាក់ ជាការចូលរួមសោកស្ដាយជីវិត សាច់ញាតិ និងជនជាតិរបស់
គេជានិច្ច។
កម្ពុជា! មនុស្សឆ្លាប់រាប់លាននាក់ក្នុងរបបខ្មែរក្រហម គ្មានការ
ចាប់អារម្មណ៍ពី នរណា ពីឥស្សរជននយោបាយណាឡើយ គេ មានតែចម្រាញ់ព្រឹត្តិការណ៍នេះ ឲ្យទៅជាមុខរបរ ចាយប្រាក់រាប់
រយលានដុល្លារ ទៅលើរឿងក្ដីនេះទៅវិញ។
ផ្លូវលេខ១០ ធ្វើឲ្យខ្ញុំយល់ដឹងកាន់តែច្រើន ពីតម្លៃជាមនុស្សនៅ
ក្នុងសង្គមអាមេរិកាំង ហើយឆ្លុះបញ្ចាំងជាពិសេសដល់ប្រជាជន
ខ្មែរ នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ដែលរដ្ឋាភិបាលគួរតែធ្វើការកែ
ទម្រង់ ពិសេសយកចិត្តទុកដាក់ធ្វើយ៉ាងណា ឲ្យតម្លៃដល់ជីវិត
ហើយរដ្ឋ គួរតែជារដ្ឋ ដែលផ្ដល់សុខមាលភាពពេញលេញដល់
ប្រជាជន ព្រោះប្រជាជនខ្មែរមិនទាន់ជាសះពីរបួសផ្លូវចិត្ត ដែល
បែកព្រាត់ប្រាស់សាច់ញាតិ ក្នុងអំឡុងរបបខ្មែរក្រហម និងបន្ថែម
ដោយការព្រាត់ប្រាសបងប្អូន ដែលទទួលមរណភាពថ្មីៗលើ
ស្ពានពេជ្រនៅឡើយទេ៕
No comments:
Post a Comment