ខ្មែរស្លាប់លើស្ពាន ពេជទាំងប៉ុន្មាន នរណាចេញមុខ
ទទួលខុសត្រូវ រឿងសន្ដិសុខ ឬនៅសំកុក
យកសុខម្នាក់ឯង។
ក្រសួងណាខ្លះ មន្រ្ដីដឹងច្បាស់ ស្កាត់ភាពចំបែង
មិនធ្វើការងារ គួរលាតំណែង កុំនៅខែងរែង
បង្ហាញបុណ្យស័ក្ក។
ខ្មែរស្លាប់រាប់រយ សម្ដេចទុកឲ្យ មន្រ្ដីកើបប្រាក់
មិនព្រមធ្វើការ ទៅតាមឋានៈ ផែនការហ្មត់ជាក់
សង្រ្គោះប្រជា។
ក្តីស្លាប់ងាយពេក រាប់រយដួលដេក ទុក្ខសោកគ្រាំគ្រា
សប្បាយមុននេះ ស្រាប់តែរងារ តើអ្នកការពារ
មិនឃើញទេឬ?
មន្រ្តីពាក់ព័ន្ធ បានស្រូតរួសរាន់ ទទួលដឹងឮ
តែនៅមុននេះ ទុកឲ្យរាស្រ្ដឈឺ ចេញមុខបំភ្លឺ
រឿងស្លាប់លើស្ពាន។
ខែភ្លឺភ្លើងភ្លឺ សម្រែកចាប់ឈឺ សូមជួយកុំខាន
ជួយផងជួយផង នរណាក៏បាន ខ្មែរទាំងប៉ុន្មាន
ទៅជាសាកសព៕
No comments:
Post a Comment