by Noreyutt
បងរបស់ខ្ញុំ គាត់និយាយចំ ពាក្យអា ម៉ឹង វា
គួរសមមិនចេះ ចេះតែផ្ដន្ទា អាណិតដល់គ្នា
ចំណេះតិចស្ដួច។
រៀនខាងកំទេច ចាក់ចុចគុំគេច បងមិនព្រឺព្រួច
ធ្វើបានទាំងអស់ ពូកែខាងលួច សម្បត្តិជាតិរួច
ដេកហួចយកសុខ។
ម្ង៉ៃៗពោលហត់ ការងារសង្កត់ មិនដែលស្រណុក
គ្រប់រឿងធំតូច ប្រមូលក្តាប់ទុក ខ្មែរខ្លះចាប់ចុក
ចាំបងសម្រេច។
រឿងគេលែងលះ រឿងរបងផ្ទះ ដែលមិនចាំបាច់
ក៏បងទទួល កាត់ក្តីបាច់ៗ រឿងធំមិនបាច់
ព្រោះខ្លាចដាច់ក្បាល។
រឿងព្រំដែនខ្មែរ បងស្រែកឡែៗ ថាកុំឈឺក្បាល
គេយកខ្លះទៅ កុំសូវឈឺឆ្អាល ប្រយ័ត្នបណ្ដាល
បង់បុណ្យអំណាច។
បងប្រាប់ខ្ញុំថា បើមិនផ្ដាច់ការ ប្រជាមិនខ្លាច
អ្នករៀនត្រឹមបង បើមិនកំណាច ពិតជាមិនអាច
គ្រប់គ្រងយូរទេ៕
No comments:
Post a Comment