by Noreyutt
ពាក្យពុករលួយ គឺសាមញ្ញក្នុងសង្គមខ្មែរ ហើយបានចាក់ឫសយ៉ាងជ្រៅនៅក្នុងផ្នត់គំនិតខ្មែរ ផងដែរ។ ជាការពិតនៅពេលគេទុកដាក់កូនចៅ គេតែងសួរនាំគ្នាថា កូនប្រុសស្រីនោះធ្វើការនៅឯណា? ផ្នែកអី? បើជាអ្នកនិពន្ធវិញ ប្រហែលជាគេមិនឲ្យកូនចៅរបស់គេរៀបការជាមួយ ទេ។ មនុស្សសម័យនេះ ត្រូវការប្រាក់កាសជាងកិត្តិយស បើគេរកការងារធ្វើវិញ គេច្រើន សំដៅទៅក្រសួងមន្ទីណា ដែលបានប្រាក់កាសច្រើន ដូចជាផ្នែកគយជាដើម។ មានអ្នកខ្លះ ប្ដូរអាជីពពីគ្រូបង្រៀនទៅធ្វើជាគយ ក៏មានដែរ ទោះបីត្រូវសូកប់ាន់អស់ប៉ុន្មានក៏មិនស្ដាយ។ កម្ពុជាត្រូវបានបង្ហាញជាសាធារណៈថា ជាប្រទេសដែលស្ថិតក្នុងលំដាប់ពុករលួយទី១៥៤ ក្នុងចំណោមប្រទេសចំនួន១៧៨ សម្រាប់ឆ្នាំ២០១០ នេះបើតាមបាយការណ៍អង្គការតម្លាភាពអន្តរជាតិ (Transparency International) មានន័យថា អំពើពុករលួយមានច្រើនណាស់ ដែលប្រជាជនខ្មែរខ្លួនឯងពិតជាដឹងច្បាស់ ពីវប្បធម៌មិនល្អមួយនេះ។
សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ពីសារៈសំខាន់ នៃការប្រយុទ្ធប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាល ដែលជាកូនចៅរបស់លោក លោកនាយករដ្ឋមន្ដ្រីខ្លួនឯងបានដឹងយ៉ាងច្បាស់ អំពីអំពើពុករលួយដ៏រីករាលដាលក្នុងសង្គមបច្ចុប្បន្ន ដោយលោកបានហៅអំពើនេះផងដែរ ថាជាជំងឺដ៏គ្រោះថ្នាក់មួយ។
តែពេលណាដែលមានមន្ដ្រីបក្សជំទាស់ អង្គការជាតិ អន្តរជាតិរិះគន់ថារដ្ឋាភិបាលរបស់លោក ជារដ្ឋាភិបាលពុករលួយ លោកនាយករដ្ឋមន្ដ្រីតែងតែសម្ដែងភាពក្រេវក្រោធមួយរំពេច។ ច្បាប់ប្រឆាំងអំពើពុករលួយ បានស្នើឡើងយ៉ាងយូរដោយម្ចាស់ជំនួយ ពិសេសបណ្ណា ប្រទេសនៅអ៊ឺរ៉ុប តែការសម្រេចអនុម័តច្បាប់ឲ្យប្រើប្រាស់ទើបតែមានប៉ុណ្ណោះ។ យ៉ាងណាក៏ ដោយ មន្រ្ដីពុករលួយថ្នាក់ទាម និងថ្នាក់កណ្ដាលទាំងឡាយ ពិសេសអ្នកដែលមិនមែនជាសមាជិកគណបក្សប្រជាជនកម្ពុជា និងអ្នកដែលគ្មានខ្នងបង្អែកនៅពីក្រោយ គឺជាគោលដៅ ទីមួយ ដែលលោកឪម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋា ភិបាល ត្រូវវែកមុខបង្ហាញទៅដល់សាធារណជន បង្ហាញទៅនាយករដ្ឋមន្រ្ដីឲ្យបានឃើញ ព្រោះ នេះជាស្នាដៃ ជាកណ្ដាប់ដៃរបស់លោក។
មហាជនពិតជាសប្បាយចិត្តនឹងការអនុវត្តច្បាប់ប្រឆាំងនឹងអំពើពុករលួយ តែនៅពីក្រោយការ ចម្រាញ់នេះ គឺជានយោបាយប្រជាភិថុត និងជាលម្អរ ដែលបង្ហាញឲ្យឃើញតែសំបកក្រៅតែ ប៉ុណ្ណោះ ព្រោះថា ជិតដល់ពេលសុំជំនួយពីបរទេសទៀតហើយ ដូច្នេះរដ្ឋាភិបាលត្រូវបង្ហាញ ឲ្យឃើញនូវសមិទ្ធិផលខ្លះ ដើម្បីបញ្ជាក់ពីការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា។ នេះ ជាការអនុវត្តច្បាប់ ដែលខ្វះភាពស្មោះត្រង់ ខ្វះការទទួលខុសត្រូវ និងពុំមានឆន្ទៈជម្រុញ បំបាត់អំពើពុករលួយនៅកម្ពុជាពិតប្រាកដ។
ច្បាប់ប្រឆាំងអំពើពុករលួយ ដែលរដ្ឋសភាជាតិបានអនុម័តកាលពីខែមីនាកន្លងទៅនេះ ពិត ជាជម្រុញឲ្យប្រទេសដ៏ពុករលួយមួយនេះ បោសសម្អាតមន្រ្ដីពុករលួយបានមែនឬទេ? តើ មន្រ្ដីប្រភេទណា កម្រិតណា ដែលជាគោលដៅចម្បងក្នុងការបោសសម្អាតនោះ? លោក ឪម យិនទៀងខ្លួនឯងក៏ធ្លាប់ទទួលការរិះកាន់ថាជាមនុស្សពុករលួយដែរ មុនពេលដែលលោក មកកាន់អំណាចនេះ តែតើមាននរណាចោទប្រកាន់លោកទេ។ មាន់ពងលើជង្រុងស្រូវ លែង អីមិនស៊ីស្រូវ។
ថ្មីៗនេះដែរ មានការចុះចាប់មន្រ្ដីពុករលួយ ដែលជាព្រះរាជអាជ្ញានៅខេត្តពោធិ៍សាត់ ចាប់មន្រ្ដីនៅក្រសួងសេដ្ឋកិច្ច និងហេរញ្ញវត្ថុ កោះហៅលោកសេង យាន អតីតអធិការកិច្ច ធ្វើ ឲ្យមហាជនគាំទ្រនូវទង្វើរបស់លោកឪម យិនទៀង មែនទែន។ តែកាលពីឆ្នាំ២០០៩ របាយ ការណ៍របស់អង្គការGlobal Witness ដែលមានចំណងជើងថា កម្ពុជាជាប្រទេសសម្រាប់លក់ បានផ្សាយថា លោកឱម យ៉ិនទៀង ដែលជាទីប្រឹក្សារបស់ សម្តេចហ៊ុន សែន និងជាអតីតប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល គឺជាអ្នកនៅពីក្រោយការផ្ដល់អាជ្ញា ប័ណ្ណរុករករ៉ែទៅក្រុមហ៊ុនបរទេស។
ទន្សោងគោព្រៃ តូចស៊ីតាមតូច ធំស៊ីតាមធំ កំពាព្យដ៏ខ្លីនេះ បានបង្ហាញនូវចរិតពុករលួយ របស់មន្រ្ដីខ្មែរមួយចំនួន គ្រប់សម័យកាល ដែលសង្គមបច្ចុប្បន្ន ការអនុវត្តច្បាប់ស្ទើរតែគ្មាន ពិសេសក្នុងជួរកង កម្លាំងនគរបាល យោធា និងស្ថាប័នផ្សេងទៀត ពិបាកព្យាបាលណាស់។ នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ តែងតែបើកដៃឲ្យឈ្មួញចម្រាញ់ធនធានខ្មែរ ដោយគ្មាន ច្បាប់ទម្លាប់ ដូចជានៅដែននេសាទសមុទ្រ ការកាប់ព្រៃឈើទន្រ្ទានយកដី ការចម្រាញ់ធន ធានរ៉ែ ពិសេសក្នុងពេលដែលកម្ពុជាខ្វាយខ្វល់ លើការវិនិយោគលើធនធានរ៉ែប្រេងកាត ហើយអំពើពុករលួយ បានរីករាលដាលដល់វិស័យអប់រំទៀតផង។
ជនពុករលួយដូចជាពួកឧកញ៉ាខ្លះ ដែលមានតំណែងធំៗគួរសម តែងតែបង្ហាញនូវភាពក្អែង ក្អាង បង្អូតបង្ហាញទ្រព្យធន ផ្ទះវីឡាធំៗ សម្ភារៈប្រើប្រាស់ទំនើបៗ និងបានឡើងឋានៈយ៉ាង ឆាប់រហ័ស ពិសេសមនុស្ស ដែលមកពីគណបក្សកាន់អំណាចតែម្ដង។
ប្រាក់រាប់រយលានដុល្លារក្នុងមួយឆ្នាំៗ បានហូរចូលទៅក្នុងហោប៉ៅរបស់ជនពុករលួយ ដែល ធ្វើឲ្យប្រទេសជាតិកាន់តែធ្លាក់ដុនដាបទៅៗ។ យើងចាំមើលថា តើមានមន្រ្ដីពុករលួយ កំពូលៗប៉ុន្មាននាក់ ដែលត្រូវទទួលទោសសមតាមទង្វើបំផ្លាញជាតិរបស់គេ? បើកំចាត់ពួក ជនពុករលួយបាន ប្រទេសជាតិពិតជាបានព្យាបាលដំបៅមហារីកនេះជា ហើយនីតិរដ្ឋ ក៏ពិត ជាកើតមានមិនខាន។ គួរសង្ឃឹមដែរទេ?
No comments:
Post a Comment