អ្នកភូមិអមលាំង កំពុងតែច្បាំង នឹងលោកសេដ្ឋី
ច្បាំងទាមទារសិទ្ធិ ច្បាំងទាមទារដី ដែលអ្នកមានថ្មី
ដណ្ដើមកាន់កាប់។
អ្នកភូមិតស៊ូ ប្រយុទ្ធផ្ដាច់ប្ដូរ ទៅតាមផ្លូវច្បាប់
ដីស្រែចម្ការ គេទន្រ្ទានចាប់ ឲ្យរាស្រ្ដឈឺចាប់
រាល់ៗតែថ្ងៃ។
ព្រឹទ្ធសភាខ្មែរ អស់លោកឃើញតែ ជួញរឿងចង្រៃ
ដណ្ដើមដីធ្លី ញាំញីទុក្ខភ័យ ឲ្យរាស្រ្តប្រុសស្រី
អស់ទំនុកចិត្ត។
ដីកំពង់ស្ពឺ គ្រប់គ្នាដឹងឮ ឧកញ៉ាប្រឌិត
គ្មានគិតរអែង វាស់វែងតាមចិត្ត យកដីរាស្រ្តពិត
រាប់ពាន់ហិកតា។
យុត្តិធម៌គ្មាន អំណាចដែលបាន មិនជួយខេមរា
ឲ្យរាស្រ្តទឹកភ្នែក ដាក់បណ្ដាសារ ព្រោះតែខ្លោចផ្សា
ឧញ៉ាបំពាន។
បានធំបានដៃ អ្នកធំរាល់ថ្ងៃ គិតតែបានមាន
សុខទុក្ខប្រជា នាំគ្នាឈ្លានពាន រាស្រ្ដខ្មែរអត់ឃ្លាន
គ្មានគិតសោះឡើយ។
គិតតែអំណាច តេជៈបាចសាច រាស្រ្តទុក្ខគ្មានស្បើយ
ទង្វើសព្វថ្ងៃ ខ្មែរឃើញស្រាប់ហើយ អ្នកធំនៅងើយ
ហើយរំលោភថែម។
ឃើញតែគម្រាម ឃើញតែអង្គៀម ញើសឈាមបន្ថែម
គ្មានទេពាក្យពេជន៍ លួងលោមផ្អែមល្ហែម មានតែវាយថែម
ដាក់គុកចវរវ៉ាក់។
គួរឲ្យឈឺចាប់ ធំលើសពីច្បាប់ ពួកមន្រ្ដីខ្វាក់
គ្មានឡើយមនុស្សធម៌ គិតតែពីប្រាក់ ហើយបាញ់កាប់ចាក់
យកដីអមលាំង៕
No comments:
Post a Comment