Tuesday, December 28, 2010

អាណិកជនខ្មែរ

by Noreyutt


ក្នុងពេលដែលប្រទេសជាតិត្រូវបំពុលដោយសង្រ្គាមស៊ីវិល និង
បន្ទាប់មក អ្នកដឹកនាំនៃប្រទេសកម្ពុជា ប្រហែលជាមិនធ្លាប់គិតថា 
តើជីវិតប្រជាជនខ្លួនមានតម្លៃប៉ុនណា តើនឹងនាំប្រជាជនរបស់ខ្លួន
ទៅណា ហើយរកសុភមង្គលឲ្យមនុស្សទាំងនេះបែបណាឡើយ។

សំណួរទាំងនេះ បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ ថាគ្មានចម្លើយ ព្រោះថា 
មានប្រជាជនខ្មែររាប់លាននាក់ បានត្រូវជួយសង្រ្គោះដោយប្រទេស
នានា ពិសេសប្រទេសសេរីនិយម ដូចជាប្រទេសមួយចំនួននៅអ៊ឺរ៉ុប 
សហរដ្ឋអាមេរិក បារាំង កាណាដា អូស្រា្ដលី...

 រហូតមកដល់បច្ចុប្បន្ន ប្រជាជនខ្មែរមួយចំនួនធំ នៅតែនឹកអាល័យ
ស្រណោះ ស្រុកភូមិទីកំណើតរបស់ខ្លួន នៅតែមានមនោសញ្ចេតនា
រលឹកដល់ញាតិមិត្ត ដែលនៅម្ខាងជើងមេឃម្នាក់ និងអ្នកខ្លះទៀត 
មិនទាន់រកសាច់សារលោហិត ឃើញផង។ តែទោះជាយ៉ាងណាក្ដី 
ប្រជាជនកម្ពុជា ដែលនៅឯនាយសមុត្រ តស៊ូជម្នះនឹងជីវិតសម្បើម
ណាស់ ដើម្បីរកសុភមង្គល ដែលផ្ដើមពីបាតដៃទទេ។

ការបោះបង់ប្រជាជនខ្លួនឯងចោល ការដែលវាយតម្លៃបន្ទាបបន្ថោក
លើប្រជាជនខ្លួនឯង គឺជាការខុសឆ្គង។ នៅសហរដ្ឋអាមេរិក បងប្អូន
ខ្មែរភាគច្រើន មានអ្វីៗដូចដែលប្រជាជនអាមេរិកមាន ជីវភាពសម
រម្យ ថ្លៃថ្នូរ ជាគុណសម្បត្តិនៃការព្យាយាម សន្សំសំចៃ និងតស៊ូពុះ
ពារគ្រប់ឧបសគ្គពេកណាស់។

អ្នកដឹកនាំជំនាន់មុនបានបង្ករវិនាសកម្ម ឯអ្នកដឹកនាំបន្ទាប់មក មិន 
ដែលគិតគូរហៅរកប្រជាជនខ្លួនទាល់តែសោះ តែដោយហេតុតែ 
ស្រឡាញ់ជាតិមាតុភូមិ បងប្អូនខ្មែរនៅឯនាយសមុត្រ លះបង់
ទ្រព្យធន ដែលសន្សំបាន ចំណាយទៅក្រុមគ្រួសារនៅឯស្រុកខ្មែរ 
ដើម្បីឲ្យបងប្អូនមានលទ្ធភាពរស់នៅសមសួន ព្រោះតែប្រាក់
បៀវត្សរ៍មន្រ្ដីរាជការតិចតួចពេក ហើយរួមចំណែកស្ថាបនា
សាលារៀន មន្ទីរពេទ្យ វត្តអារាម អណ្ដូងទឹក ផ្លូវលំជនបទ និង
បន្ទាប់មកត្រូវចំណាយលើការគាំទ្រខាងនយោបាយ ដោយហេតុ
ថា មានគណបក្សនយោបាយខ្លះ មកអំពាវនាវហៅរកឲ្យជួយ។
ទាំងប្រាក់កាស ទាំងកម្លាំងពលកម្ម និងគំនិតប្រាជ្ញា។ ឃើញថា 
បងប្អូនខ្មែរនៅបរទេស មានការលះបង់ខ្ពស់បំផុត ដែលការលះ 
បង់នេះគួរទទួលបានការគោរពដ៏ខ្ពង់ខ្ពស់ ពីបងប្អូនខ្មែរដូចគ្នា 
ពិសេសរាជរដ្ឋាភិបាលខ្មែរបច្ចុប្បន្ន។

របៀបរស់នៅរបស់ពួកបស្ចឹមប្រទេស គេជួយមនុស្សទូទៅមិន 
បានគិតថា ខ្មែរគឺជាខ្មែរឡើយ គេយកខ្មែរយើងពីភ្នក់ភ្លើង គេទទួល
ខុសត្រូវ គេតែងតែបណ្ដុះបណ្ដាលលខ្មែរទាំងឡាយឲ្យមានជំនាញ 
គេផ្ដល់ឧកាសស្មើរៗគ្នានៅក្នុងសង្គម និងលើកស្ទួយនរណាដែល
ចង់បន្ដការដុះដាល និងពន្យល់ណែនាំឲ្យស្គាល់វប្បធម៌ អារ្យធម៌
របស់គេផងដែរ មុននឹងបញ្ជូលទៅក្នុងបញ្ជីនៃការទទួលខុសត្រូវ 
កម្រិតខ្ពស់របស់គេ ឬចូលជាជាតិសាសន៍គេ ព្រោះថា មនុស្ស 
ជាប្រភពធនធានដ៏សំខាន់ សម្រាប់កសាងប្រទេសតទៅមុខ 
ពិសេសគឺពេលមនុស្សមានការងារធ្វើ មានប្រាក់ចំណូល និង
ត្រូវបំពេញករណីយកិច្ចបង់ពន្ធដាដល់រដ្ឋទៀតផង។

ប្រជាជនខ្មែរ ដែលពីមុនភាគច្រើនជាកសិករ ពេលមកនៅប្រទេស
រីកចម្រើន ពួកគាត់ មានការចេះដឹង ចេះបើកបរឡាន ចេះប្រើប្រាស់
កំព្យូទ័រ និងបច្ចេកវិទ្យាទៀត និយាយរួម គឺមានសមត្ថភាពដូចជន
ជាតិឯទៀតដែរ។ ការចេះដឹង មានសមត្ថភាព នាំឲ្យពួកគាត់ទទួល
បានបៀវត្សរ៍ច្រើនសមតាមការខិតខំរបស់គាត់។

ការលើឡើងទាំងនេះ មានន័យថា ប្រជាជនមិនបង្កការលំបាកដល់
ប្រទេសជាតិឡើយ ហើយថែមទាំងជួយជម្រុញឲ្យប្រទេស ដែលខ្លួន
កំពុងជ្រកអាស្រ័យ កាន់តែជឿនលឿនទៅមុខទៀតផង។

ខ្មែរនៅបរទេស មិនត្រឹមតែរែកពុនការលំបាកនានា ដែលបានឆ្លង
កាត់មកដូចជា ការព្រាត់ប្រាសសាច់ញាតិ ដោយសារសង្រ្គាមខ្មែរ
នឹងខ្មែរ ការមើលងាយពីប្រទេសជិតខាង ពិសេសសៀម ក្នុងពេល 
ដែលខ្មែរស្នាក់នៅក្នុងជំរំជនភៀសខ្លួន ការរកជំនាញវិជ្ជាជីវៈដំបូង 
ការផ្គត់ផ្គង់ជីភាព ការផ្លាស់ប្ដូរអាកាសធាតុ និងរឿងរ៉ាវជីវិតឈឺចាប់
រាប់មិនអស់ប៉ុណ្ណោះទេ ប្រជាជនខ្មែរ ដែលរសាត់ឃ្លាតឆ្ងាយពី
ស្រុកទេស បានរួបរួមគ្នារក្សាព្រះពុទ្ធសាសនា បង្កើតវត្តអារាម 
រក្សាអត្តសញ្ញាណជាខ្មែរ បង្កើតសមាគម អង្គការនានាជួយខ្មែរ 
ជួយរក្សាវប្បធម៌ ប្រពៃណីដោយពុះពារពីបាតដៃទទេសុទ្ធសាធ។

ជន​ជាតិ​ខ្មែរ​ដែល​នៅ​អាស្រ័យ​ប្រកប​មុខ​របរ​ក្រៅ​ប្រទេសកំណើត
របស់ខ្លួន គេហៅថា​អាណិក​ជន ទោះ​បី​ប្រជាជនខ្មែរមាន​ធនទ្រព្យ
ច្រើន​ត្រឹម​ណា ក៏ត្រូវ​ស្ដាប់តាម​បញ្ជា និងគោរពតាម​ច្បាប់​រដ្ឋ​នោះ
ជាដាច់ខាត។ ខ្មែរដែលមានការអប់រំជ្រាលជ្រៅ បានចូលប្រឡូកក្នុង 
នយោបាយរបស់រដ្ឋផងដែរ។ នេះជាមោទនភាពរបស់ជាតិខ្មែរ។

ក្នុងពេលដែលរដ្ឋាភិបាលបណ្ដែតបណ្ដោយឲ្យមានជនជាតិខ្មែរស្លាប់
រាប់រយនាក់លើស្ពានពេជ មហាជនខ្មែរនៅបរទេស បានចូលរួម
រំលែកទុកដោយមិនបានគិតគូរពីបក្សនយោបាយឡើយ គ្រប់វត្ត
អារាមនៅសហរដ្ឋអាមេរិក នៅកាណាដា អូស្រ្ដាលី បារាំង បាននាំ
គ្នា សម្ដែងទុក្ខសោករញ្ជួយចិត្ត ដោយម្នាក់ៗគ្រាំគ្រាផ្លូវចិត្ត ម្នាក់ៗនឹក 
ទៅដល់អនុស្សវរីយ៍ នៃការព្រាត់ប្រាសកាលសង្រ្គាម នេះគឺជាការ
សម្ដែងអំពីទឹកចិត្តស្រឡាញ់ខ្មែរពិតៗ របស់បងប្អូនខ្មែរនៅឯនាយ
សមុត្រ។

អ្វីដែលបានបង្ហាញមកនេះ ចង់បញ្ជាក់ថា ខ្មែរទោះរងគ្រោះដល់ណា 
ទោះខ្មែរសម្លាប់ខ្មែរយ៉ាងណា ទោះអ្នកដឹកនាំខ្មែរមិនទទួលស្គាល់ខ្មែរ
នៅបរទេសបែបណា ទោះជាខ្មែរនៅបរទេសចូលចិត្ត ឬមិនចូល
ចិត្តការដឹកនាំ ឬបានរិះគន់អ្នកដឹកនាំដល់កម្រិតណាក្ដី បំណងរបស់
ខ្មែរ គឺចង់ចូលរួមលើកកម្ពស់កិត្យានុភាពខ្មែរយើងតែប៉ុណ្ណោះ។ 
សូមអ្នកដឹកនាំរដ្ឋខ្មែរបច្ចុប្បន្នយល់ ទទួលយកការគាំទ្រ ការរិះគន់ 
និងរកវិធីសាស្រ្តជួយខ្មែរ គាំទ្រខ្មែរនៅគ្រប់ទិសទីផង។ សូមកុំ
ប្រមាថ កុំបែងចែក ថាពួកអាណិកជន ជាមនុស្សក្រៅសង្គម ជាអ្នក 
ប្រឆាំង ដូចដែលធ្លាប់បានគិតកន្លងមក៕


No comments:

Post a Comment