Saturday, January 8, 2011

...ចេកអាំង

by Prasat

ខ្ញុំឃើញអ្នកធំៗនៅស្រុកយើងរវល់ណាស់ ពេលខ្លះគួរឲ្យអាណិត គឺពិតជា អាណិត​ពួកឯកឧត្តមទាំងនោះមែន។ ខ្ញុំទៅលេងជាមួយ បងប្អូនជីដូនមួយ និង ត្រូវជាមិត្តភក្ដិ​កាលនៅកាណាដាផង ក្នុងភូមិគ្រឹះនោះ មានឯកឧត្តមដល់ទៅបីនាក់ គឺឪពុក កូន និងកូនប្រសារ។ មិត្តខ្ញុំគឺជាកូនប្រសារនៅក្នុងភូមិគ្រឹះនេះ ភូមិគ្រឹះរបស់គេធំណាស់ គ្រាន់តែឡានគេមួយៗតម្លៃដល់ទៅរាប់សែនដុល្លារ នៅក្នុង ភូមិគ្រឹះ មានអ្នកបម្រើ​ច្រើននាក់ ហើយមានសូហ្វើចាំបើកឡានជូនឯកឧត្តមផ្សេង ជូនលោកជំទាវផ្សេង។

ថ្ងៃនោះ ជាកម្មវិធីបង្កក់ចៅទីបួន ខួបមួយឆ្នាំ គួរឲ្យសប្បាយរីករាយ ណាស់ខ្ញុំ ដែល​ធ្លាប់រស់នៅកាណាដារាប់សិបឆ្នាំទៅហើយ ស្គាល់ភាពស៊ីវិល័យរបស់ ប្រទេសនេះ​ក៏ច្រើនដែរហើយ នៅតែត្រេកត្រអាល និងសម្ភារៈនិយមរបស់គេដែរ។ ពេលខ្លះ ខ្ញុំ​ត្រូវលួងលោមឲ្យមកជួយធ្វើការងារនៅស្រុកខ្មែរដែរ។ ឯកឧត្តមកូន ដែលស្និទស្នាល​នឹងខ្ញុំជាងគេ តែតែងប្រាប់ខ្ញុំឲ្យមើលគំរូរបស់គេជានិច្ច។ ឯខ្ញុំវិញ មិនដែលមានគំនិត ចាកចោលប្រពន្ធកូននៅកាណាដាទេ ហើយខ្ញុំដឹងមិនច្បាស់ថា តើសង្គមសព្វថ្ងៃ មានគោលការណ៍បែបណា សញ្ញាបត្រ័របស់ខ្ញុំគេទទួលស្គាល់ឬអត់? ព្រោះខ្ញុំធ្លាប់
តាំង​ចិត្តខ្លួនឯង ថាជាអ្នកស្នេហាជាតិម្នាក់ដែរ កាលនៅជំរុំជនភៀសខ្លួនសាយធូ។

ពិធីផ្លុំទៀនបញ្ចប់ ដល់ពិធីរាំរេកម្ដង។ មានឯកឧត្តមៗ មកចូលរួមក្នុងពិធីជប់លៀង ច្រើនគួរសម ឯចំណូលក៏បានសន្ធឹក សន្ធាប់ណាស់ដែរ តែអាណិតឯកឧត្តមទាំងបី ដែលសប្បាយមិនទាន់បានប៉ុន្មានផង ស្រាប់តែត្រូវចេញទៅក្រៅទាំងអស់គ្នា ព្រោះ​តែហេតុការណ៍មនុស្សស្លាប់លើ ស្ពានពេជ។

ឯកឧត្តមឈឺឆ្អាលចំពោះប្រជាជនណាស់ ឯកឧត្តមម្នីម្នាចេញទៅ ឯជំទាវៗវិញ មិនហាមប្ដីទេ ព្រោះនេះជាករណីយកិច្ចរបស់ប្ដី។ ពេល ឯកឧត្តមចេញទៅបាត់ ភ្លេងនៅតែប្រគុំ ភ្ញៀវដែលមានឋានៈល្មម នៅតែរាំកម្សាន្ដសប្បាយជាធម្មតា។

ជំទាវជាភរិយាមិត្តខ្ញុំបានមកជជែកជាមួយខ្ញុំ តាមការណែនាំរបស់ប្ដី លោកជំទាវ​រាក់ទាក់រួសរាយណាស់ លោកពោលមួយមកខ្ញុំថា៖

ខ្ញុំធ្លាប់ឮបងប្រាប់ដែរ ថាគាត់មានមិត្តស្និទស្នាលនៅកាណាដា តាមពិតគឺបងសោះ។ បងអើយ នៅស្រុកគេពិបាកណាស់ ពិសេសច្បាប់ទម្លាប់ ពន្ធដា រកមានបានមិនកើត​ទេ មិនដូចស្រុកយើង យើងចង់បានអីបានហ្នឹង ដូចបងឃើញស្រាប់។ ហើយចុះ ពេលណាទើបបងមកធ្វើការជាមួយប្ដីខ្ញុំ? 

ខ្ញុំញញឹម ដោយមិនឆ្លើយនឹងសំណួរលោកជំទាវទេ។ លោកជំទាវក៏និយាយបន្ដ៖

ដូចបងឃើញអីចឹង ប្ដីខ្ញុំមិនដែលបានទំនេរម្ដងណាទេ មានពេលតិចណាស់ ដែល​ប្ដីខ្ញុំនៅផ្ទះ។

គាត់ទទួលខុសត្រូវការងារអីខ្លះ លោកជំទាវដឹងទេ?

គាត់ធ្វើទាំងអស់។ ពេលខ្លះសូម្បីសម្ភោធការាស់ឡានតូចតាច របស់បងប្អូនសាច់​ញាតិមេៗ ក៏គេអញ្ជើញប្ដីខ្ញុំទៅជាអធិបតីដែរ។

មានការងារធ្វើច្រើន ជួយជាតិបានច្រើនមិនលែង(ខ្ញុំលើកទឹកចិត្ត)។

តែលោកជំទាវបន្ថែមទៀតថា៖

ប្ដីខ្ញុំទ្រាំណាស់រាល់ថ្ងៃ បងមិនដឹងទេ ពេលខ្លះខ្ញុំអាណិតប្ដីខ្លោចចិត្ត(នាងនិយាយ​ទាំងទឹកមុខស្រងូត)។

ខ្ញុំគិតក្នុងចិត្តម្នាក់ឯង (គេមានទ្រព្យសម្បត្តិដល់ម្លឹង មានបុណ្យស័ក្កក៏ធំដុំ នៅតែ​គេលំបាកចិត្ត។ ហេតុអីទៅហ្ន?) ខ្ញុំមិនសួរនាំទេ ព្រោះជាបញ្ហារបស់គេ តែលោក​ជំទាវប្រាប់ទៀតថា៖

លុយកាក់មិនខ្វះទេសម្រាប់ខ្ញុំ តែខ្ញុំតូចចិត្តនឹងមេៗរបស់គាត់ខ្លះ ដែលប្រើ ប្ដីខ្ញុំឲ្យ ទិញចេកអាំងឲ្យប្រពន្ធគេ គេប្រើប្ដីខ្ញុំជាងកញ្ជះទៅទៀត។ តែខ្ញុំឲ្យ ប្ដីខ្ញុំទ្រាំសិន សង្ឃឹមថាអាណត្តិក្រោយ លោកប៉ានឹងរកតំណែងឲ្យប្ដីខ្ញុំ បានល្អជាងនេះ ហើយខែ​ខ្លះ ប្ដីខ្ញុំមិនដែលបើកប្រាក់ខែទេ ទុកឲ្យតែអ្នកខាងលើ ព្រោះយើងខ្វះការពិសោធ ទើបតែឡើងតំណែងថ្មីៗ ខំយកចិត្តយកថ្លើមគេបន្ដិច។ បើកុំតែបានប៉ាខ្ញុំទប់ទល់ ប្ដី​ខ្ញុំប្រហែលជាអត់បានអីទេ។ តែខ្ញុំសង្ឃឹមថា អាណត្ដិក្រោយនឹងស្ដារមុខមាត់​លុយ​កាក់បានវិញមិនខាន។

បានឮលោកជំទាវប្រាប់ពីប្ដីរបស់គាត់ ខ្ញុំអាណិតមិត្តរបស់ខ្ញុំណាស់។ រវល់បែបនេះ មានតែអំណាចដូចស្រមោលបែបនេះ គ្មានតួនាទីច្បាស់លាស់ ធ្វើការអត់មាន​ប្រាក់​ខែទៀត។ រស់យ៉ាងម៉េច? បើខ្ញុំ វិញស៊ូមិនបានទេ ដែលត្រូវគេ ប្រមាថមើលងាយ ឲ្យ​រត់ទិញចេកអាំងដូច្នេះ។ តែសង្គមយើងមានឯកឧត្តមច្រើនពេកគឺអីចឹងហើយ។ ចាំ​មើលអាណត្ដិក្រោយ មិត្តខ្ញុំពិតជាគ្រប់ទឹក តាមគម្រោងរបស់ប្រពន្ធគេមិនខាន៕


2 comments:

  1. បើ​ចង់​មាន ទ្រាំ​តិច​សិន​ទៅ​...
    គ្រាន់​តែ​ទិញ​ចេក​អាំង​​ក៏​រអ៊ូ​ដែរ មិន​មែន​​ឲ្យ​ទៅ​​បូម​បង្គន់​អាចមន៍​ឯណា​...​

    ReplyDelete
  2. ទ្រាំក៏បានដែរ ចាំបានឯកឧត្តមពិតប្រាកដចាំគិតទៀត។

    ReplyDelete