Wednesday, December 22, 2010

រឿងសន្យា

by Prasat

គ្មាននរណាម្នាក់ដឹងថា ខ្ញុំកំពុងគិតអំពីអ្វីទេ ហើយក៏ គ្មាន នរណាម្នាក់ដឹងថា ខ្ញុំនឹងធ្វើអ្វីដែរ ព្រោះថាក្នុង ចំណោម មនុស្សរាប់សិបនាក់ នៅក្នុងវាលស្រែ ដ៏ធំល្វឹងល្វើយ ម្នាក់ៗរវល់តែនឹង ការងារច្រូតកាត់ របស់គេ ម្នាក់ៗខំធ្វើការតែរៀងៗខ្លួន។

ខ្ញុំប្រាប់ក៏បាន គឺខ្ញុំកំពុងតែគិតដល់នារីអ្នកចំរូត ម្នាក់ ដែលខ្ញុំទើបតែស្គាល់នៅថ្ងៃនេះ។ វិរីយ៉ា និស្សិតមក ពីភ្នំពេញ នាងជាកូនលោកប្រធានប៉ូលីសនៅក្រុង បាត់ដំបង តាមតែការងារដ៏ សស្រាក់សស្រាំរបស់ នាង មិនគួរណានាងជាកូនរបស់ប៉ូលីសនោះទេ។

ខ្ញុំស្គាល់ឪពុករបស់នាងច្បាស់ណាស់ ព្រោះលោក ប៉ូលីស ធ្លាប់ទាមទារយកដីពីគ្រួសាររបស់ខ្ញុំកាល ពីមួយឆ្នាំមុន។ វិរីយ៉ាជាកូនអ្នកមានបុណ្យសក្ក័ គួរ ឲ្យស្ដាយ ដែលនាងមានឪពុកជាមន្រ្ដីពុករលួយប្រើ អំណាចផ្ដាច់ការ លើប្រជាជនស្លូតត្រង់។ ខ្ញុំគិតដល់ វិរីយ៉ា យ៉ាងប្រុងប្រយ័ត្នការពិត គឺក្នុងចិត្តខ្ញុំបានលួច ស្រឡាញ់នាងរួចទៅហើយ។


ថ្មគោល វាលស្រែដ៏ធំដាច់កន្ទុយភ្នែក និស្សិតមកពី ភ្នំពេញ តែងតែជួយបំពេញការងារឪពុកម្ដាយ ពិសេសរដូវរដូវចំរូតនេះ។ វិរីយ៉ា នាងមិនដឹងខ្លួនថា ខ្ញុំកំពុងលួចសម្លឹងនាងទេ។ នាងមិនដឹងថា ខ្ញុំមាន កំហឹងជាមួយ ឪពុកនាងទេ ហើយនាងគួរឬមិនគួរ ទទួលពាក្យប្រទេចផ្តាសាពីមនុស្សនៅទឹកដីនេះ?
នៅភ្នំពេញ ខ្ញុំធ្លាប់ឃើញនាងម្ដងម្កាលដែរ តែមិន ចាប់អារម្មណ៍ តែពេលនេះ សម្រស់របស់គ្រាប់ ស្រូវពណ៌មាស បានចាំងជះលើនាងឲ្យផ្ទៃមុខនាង រិតតែផូរផង់ គួរឲ្យមានសញ្ចេតនារាប់អាន។

ឯងគិតអីឬ ប្រយ័ត្នកណ្ដៀវមុតដៃណា៎?(បូរាសួរ ពញាក់)

មិនបានគិតអីទេ។

ប្រឹងធ្វើការទៅ បន្ដិចទៀត ខ្ញុំឲ្យបង្អែមមួយពេល
ទៀត(បូរាម្ចាស់ស្រែនិយាយចំអែចំអន់)។

អើបើឲ្យបង្អែមខ្ញុំប្រឹង តែបើអត់មានបង្អែមទេ គ្មាន កម្លាំងធ្វើការទេអាម៉ាកអើយ(ខ្ញុំឆ្លើយបែបកំប្លែងទៅ វិញ)។

វិរីយ៉ាឮខ្ញុំទារបង្អែមពីបូរា ក៏ឆ្លើយមកវិញថា៖
អ្នកស្រុកយើងនេះ មិនដែលឃើញនរណាញ៉ាំច្រើន ដូចភារុណទេ ខ្ញុំបើមានបងប្អូនដូចភារុណខ្មាសគេ ស្លាប់ហើយ។

វិរីយ៉ា ចំអន់ខ្ញុំ នាងហៅឈ្មោះខ្ញុំចំៗ មិនដឹងថា នាង ស្គាល់ខ្ញុំពីកាលណាទេ។

ខ្ញុំមិនតបតនឹងនាងវិញទេ ខ្ញុំគិតតែពីច្រូត ហើយពោះ ក៏ឃ្លានដែរ ព្រោះញ៉ាំអាហារថ្ងៃត្រងមិនឆ្អែត ម្យ៉ាងនំ បញ្ចុកក៏តិច។ គេថាខ្ញុំជាមនុស្សញ៉ាំច្រើនមិនត្រូវទេ។

ក្លិនម្អមប្រហើរចេញពីគល់ជញ្ជ្រាំង ក្លិននេះ ពណ៌នា មិនអស់ទេ ឈ្ងុយណាស់ សមនឹងសម្លរប្រហើរ ននោងមែនទែន។ ខ្ញុំដកម្អមខ្លះ ទុកយកទៅផ្ទះ ហើយ ដើរសំដៅទួលព្រីង ដែលមានទឹក និងបង្អែមទើបតែ មកដល់។

ភារុណ! គេមិនទាន់ឲ្យឈប់ទេ ម៉េចក៏ឆាប់ទៅម្ល៉េះ?(វិរីយ៉ាសួរ)

ឲ្យគេទៅៗ ម្នាក់ហ្នឹងញ៉ាំច្រើនណាស់ សង្ស័យថា បង្អែមមួយឆ្នាំងនោះ គេយិតអស់តែឯងទេ(បូរា បង្អាប់បន្ថែម)។

គាត់នៅរៀនជាមួយបងមែនទេ?វិរីយ៉ាសួរបូរា)

បាទ! មែនហើយ។

ខ្ញុំដូចជាប្រហែលមុខ គាត់រៀនផ្នែកអីដែរ? នៅមហា វិទ្យល័យគណិតវិទ្យា។

ផ្ទះភារុណនៅជិតបងដែរអី?

ជិតគ្នាដែរ។ ម៉េចក៏វិរីយ៉ាសួរពីគេច្រើនម៉េះ?

គ្មានអីទេ។ ខ្ញុំឃើញគេដូចជាចម្លែក មិនចេះនិយាយ 
ស្ដី មិនសមជានិស្សិតរៀនគណិតវិទ្យាសោះ។

តាំងពីអ្នកផ្ទះគេមានបញ្ហាមក ម្នាក់នេះប្រែប្រួល ច្រើនណាស់ ពេលខ្លះចង់ឈប់រៀនទៀតផង។

គេមានបញ្ហាអីដែរ?

អឺ...

យ៉ាងម៉េចប្រាប់ខ្ញុំមិនបានទេអី។

មិនចង់ប្រាប់ទេ។

ប្រាប់មក យើងជាមិត្តនឹងគ្នា ក្រែងខ្ញុំអាចជួយអីបាន ខ្លះ។ ដូចបូរាដឹងហើយ ឪពុកខ្ញុំជាប៉ូលីសនៅខេត្តនេះ ណា៎។

មកពីអីចឹងហើយ ទើបខ្ញុំមិនចង់ប្រាប់។

តែខ្ញុំកាន់តែចង់ដឹង បើបូរាមិនប្រាប់ខ្ញុំទេ មានន័យថា មិនចង់រាប់អានខ្ញុំ។

មិនមែនអីចឹងទេ។ តែនេះជារឿងរ៉ាវរបស់គេ ក្រែង លោ និយាយទៅខុសនាំឲ្យអ្នកស្ដាប់ពិបាកចិត្ត។

មិនអីទេ ខ្ញុំចូលចិត្តជួយគេណាស់។ បូរាឯងប្រាប់ ឥឡូវមក ទាន់ម្ចាស់គេនៅឆ្ងាយ។

ខ្ញុំសែនពិបាក។ តែបើឯងទទូចចង់ដឹងហើយធ្វើម៉េច? ចាំពេលក្រោយបានទេ?

កុំក្បាច់ក្បូរច្រើនពេកបូរា។ បើឯងកាន់តែលាក់ ខ្ញុំកាន់ តែចង់ដឹង។ បើមិនប្រាប់ឥឡូវទេ ខ្ញុំខឹងហើយណា៎។ បើខ្ញុំខឹង ខ្ញុំឈប់ច្រូត ខ្ញុំនាំមិត្តខ្ញុំទាំងអស់ទោផ្ទះឥឡូវ ហើយឈប់រាប់អានបូរាឯងហើយ។

ពុទ្ធោ! កាចមែនកូនគេនេះ។ កាចដូចឪអីចឹង។

មែនហើយ! ឪពុកខ្ញុំ បើមិនកាច ធ្វើម៉េចកំចាត់ជន ខិលខូចបាន។ គាត់ជាប៉ូលីស គឺត្រូវតែធ្វើអីចឹង ហើយ។ ម៉េចប្រាប់មិនបានទេឬ? កុំជ្រិញពេកបូរា អើយ។

បាន! ខ្ញុំប្រាប់ក៏បាន...

និយាយមក?

ភារុណគេលំបាកចិត្ត ព្រោះតែគ្រួសារគេបាត់បង់
ដីធ្លី។

រឿងបាត់ធ្លីនេះ មានគ្រប់កន្លែង។

វិរីយ៉ាដឹងរឿងនេះដែរ?

ថីមិនដឹង នៅបឹងកក់កណ្ដាលក្រុងភ្នំពេញ នៅតែគេ ធ្វើអីមិនកើតផង ចុះទម្រាំស្រុកស្រែដូចស្រុកយើង ទៅប្ដឹងប្ដល់ឯណា ខ្ញុំអាណិតអ្នកស្រុកណាស់ ពេល ខ្លះឮ សំឡេងពួកគាត់យំស្រែកតាមវិទ្យុ មិនដឹងថា រដ្ឋាភិបាល ឮឬអត់? រដ្ឋពិបាកដោះស្រាយយ៉ាង ណាទេ ដែលមានសមាជិករបស់ខ្លួនរំលោភបំពាន ប្រជាជនស្រស់ៗរាល់ថ្ងៃយ៉ាងនេះ?

សំឡេងលលកបូលកៀកបង្កើយ លលកបូល ធ្វើ ឲ្យចិត្តខ្ញុំរិតតែខ្វាយខ្វល់ គិតដល់រឿងរ៉ាវដែលទើប តែកើតឡើងកាលពីប៉ុន្មានខែមុន។ កាលនោះស្រែ របស់ខ្ញុំពេញដោយពង្រោះ ប្រសិនបើមិនមានរឿង អ្វីទេ ថ្ងៃនេះ ខ្ញុំមកប្រមូលផលស្រូវ ដូចគេឯងដែរ គិតទៅ សង្គមនេះអយុត្តិធម៌ណាស់ ស្រែម៉ែខ្ញុំធ្វើ តាំងពីតូចតពីជីតាខ្ញុំមក តែម៉ែមិនបានធ្វើប្លង់កម្ម
សិទ្ធិ ត្រូវអ្នកមានអំណាចក្នុងខេត្តនេះ ច្បាមយក​ទទេរ។

ញ៉ាំបង្អែមទៅ ខ្ញុំរួចហើយ(ខ្ញុំនិយាយទៅបូរា និង វិរីយ៉ា)។

ឈប់សិន! ខ្ញុំសុំសួរមួយ(វិរីយ៉ាឃាត់ខ្ញុំដែលរៀបនឹង ទៅច្រូត)

ខ្ញុំឈប់តាមការណែនាំរបស់នាង។ ខ្ញុំសម្លឹងមុខនាង យ៉ាងមុត ខ្ញុំមិនខ្លាចនាងទេ ខ្ញុំក៏ចង់ប្រាប់នាងដែរថា ខ្ញុំមិនខឹងនឹងនាងទេ តែខ្ញុំខឹងនឹងឪពុករបស់នាង។ ពាក្យទាំងនេះមិនទាន់បានបញ្ចេញមកក្រៅក្រអូម មាត់ផង វិរីយ៉ាក៏សួរ៖

បូរាប្រាប់ខ្ញុំ ថាភារុណឯងបាត់បង់ដីធ្លី បើមានរឿង អីចឹងមែន គួរទៅប្ដឹងគណៈកម្មការដោះស្រាយ ទំនាស់ដីធ្លី ទៅរកអង្គការសិទ្ធិមនុស្សឲ្យគេជួយ ឬដាក់ពាក្យទៅតុលាការក៏បាន។ ខ្ញុំដឹងថាយើងគ្មាន ទំនុកចិត្ត នឹង សង្គមយើងទេ ដូចយើងទាំងអស់គ្នា ឃើញរាល់ថ្ងៃអីចឹង អ្នកខ្លាំងនិយាយត្រូវ ថាត្រូវ អ្នកខ្លាំងជាអ្នកចេញច្បាប់ អ្នកខ្លាំងជាម្ចាស់សង្គម អ្នកខ្លាំងត្រូវតែត្រួតអ្នកខ្សោយ តែយើងមិនគួរឲ្យ ជនទាំងនោះរួចខ្លួនទេ គង់ថ្ងៃណាមួយព្រះមានភ្នែក គង់តែមានអ្នកដឹកនាំណាម្នាក់ចេញមុខចាត់ការពួក មនុស្សខូចទាំងនេះមិនខាន។ បើមិនហ៊ាន ខ្ញុំជួយ។

យើងម្នាក់ៗស្ងាត់មាត់ដូចគេចុក ពេលបានឮវិរីយ៉ា និយាយ នាងបានវោហាណាស់ នាងក្លាហានណាស់ នាងក៏ជានិស្សិត ច្បាប់ដ៏ឆ្នើម មនាក់ដែរនៅសាកល វិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។

ផ្ការីកហើយរោយ នៅតាមវាលស្រែ ដែលកសិករ ប្រមូលផលអស់ ជញ្រ្ជាំងឈរជ្រោងគ្មានលម្អរអ្វីទេ ខ្យល់បកហួតទឹក អស់ពីត្រពាំងតូចតាច ក្មេងស្រុក ស្រែ សប្បាយនឹងដើរចាប់ត្រីតាមស្រែ និងប្រឡាយ ទិដ្ឋភាពទាំងនេះ មិនមានទេនៅរាជធានី។ រាជធានី ភ្នំពេញ កំពុងអបអរថ្ងៃចុងក្រោយនៃពិធី បុណ្យអុំ ទូក អកអំបុក សំពះព្រះខែ បូរាបានបបួល វិរីយ៉ា ទៅកម្សាន្តមុខវាំង ហើយក៏បបួលខ្ញុំដែរ។

ភារុណ ថ្ងៃចុងក្រោយដើរលេងជាមួយគ្នា ចាំខ្ញុំទៅ យក។

មិនបាច់ទេ ខ្ញុំទុកកម្លាំងស្រាវជ្រាវវិញ ព្រោះរៀនមិន ដែលទាន់គេទេ មួយរយៈនេះ។

កាត់ចិត្តខ្លះទៅ ទុកឲ្យវិរីយ៉ាជួយដាក់ពាក្យបណ្តឹងក៏ បាន នាងប្រាប់ខ្ញុំថា ធានាជួយឯង ព្រោះនាងមាន មិត្តភ័ក្ដិជាមេធាវី តែចាំបុណ្យអុំទូកចប់សិន ចាំ និយាយទៀត។ឯងមានប្រាប់នាងថា អ្នកយកដីខ្ញុំនោះ ជាឪពុករបស់នាងទេ?

អត់ទេ។ ខ្ញុំក៏ចង់ដឹងដែរ តើនាងមានមនសិការប៉ុន ណា?

ចូលកងវិញហើយ តែមិនមានមនុស្សទៅសាលាទេ ម្នាក់ៗរន្ធត់នឹងគ្រោះថ្នាក់នៅស្ពានពេជ នាំគ្នាទៅមន្ទីរ ពេទ្យ រកមិត្តភ័ក្តិ វិរីយ៉ានៅគេងស្ដូកស្ដឹងក្នុងមន្ទីរ ពេទ្យ យើងនាំគ្នាទោសួរសុខទុក្ខ ខ្ញុំបានជួបឪពុក របស់នាង ខ្ញុំជម្រាបសួរគាត់ជាធម្មតា តែលោក ប៉ូលីសហាក់ព្រងើយ ខ្ញុំក៏មិនប្រកាន់អីដែរ។

អាការៈជំងឺរបស់វិរីយ៉ាបានធូរស្រាលខ្លះ នាងអាច និយាយបាន នាងសម្លឹងមើលពួកយើង ហើយ និយាយទៅឪពុកនាងថា ប៉ាកូនសុំរឿងមួយពីប៉ា បានទេ?

បាន! បាន! កូនចង់បានអី?

វិរីយ៉ាសម្លឹងមកមកខ្ញុំជាថ្មី នាងប្រឹងងើបខ្លួនតិចៗ ពីគ្រេ ហើយនិយាយទៅឪពុកនាង៖
កូនសុំឲ្យប៉ា ឲ្យដីស្រែនៅថ្មគោលទៅម្ចាស់គេវិញ គេជាមិត្តរបស់កូន។

នាងនិយាយបណ្ដើរសម្លឹងទៅជញ្ជាំងដែលមានព្យូរ សេរ៉ូម និងងាកមកមើលមុខឪពុកនាងវិញហើយសួរ ទៀតថា៖
ប៉ាព្រមទេ?

ឪពុកនាងមិនឆ្លើយ ខ្ញុំនិងបូរា នាំគ្នាដើរចេញពីបន្ទប់ អ្នកជំងឺ មួយស្របក់ទើបឪពុករបស់វិរីយ៉ា ហៅពួក យើងឲ្យចូលទៅវិញ វិរីយ៉ាប្រាប់មកខ្ញុំ ទាំងមានការ ធានាអះអាងថា៖
ឪពុកខ្ញុំព្រមឲ្យដីស្រែនោះមកខ្ញុំវិញហើយ។ សូម ប្រាប់ទៅម៉ែភារុណផង សូមឲ្យគាត់ដកបណ្ដាសារ ចេញពីគ្រួសារខ្ញុំ។

ខ្ញុំគ្មានពាក្យអ្វីនិយាយជាមួយនាងទេ។ ខ្ញុំងក់ក្បាល តបដោយមិនដឹងថា តើម៉ែ ខ្ញុំខឹងរហូតដល់ដាក់ បណ្ដាសារទៅគ្រួសារនាង ឬអត់ តែប្រហែលដែរ ព្រោះសង្គមអយុត្តិធម៌ មានតែធូប ទាន អំបិល ប្រហុកតែប៉ុណ្ណោះសម្រាប់អ្នកក្រីក្រ ដែលចង់បាន យុត្តិធម៌។

សូមឲ្យវិរីយ៉ាឆាប់ជាសះស្បើយ(ខ្ញុំជូនពរនាង)។ ខ្ញុំ លានាង និងជម្រាបលាលោកប៉ូលីស។ វិរីយ៉ា និយាយមកកាន់ខ្ញុំថា ឆ្នាំក្រោយ ខ្ញុំនាំគ្នាទៅច្រូតស្រូវ របស់ភារុណឯងម្ដង។ ខ្ញុំញញឹមទៅនាង និងលានាង ជាថ្មី៕








No comments:

Post a Comment