Wednesday, December 22, 2010

មរតកភ្នំដងរែក

by Tararith

ជួរភ្នំដងរែក ជាភ្នំប្រវត្តិសាស្រ្តមួយមិនត្រឹមតែជា របងខណ្ឌ ចែកទឹកដីខ្មែរ និងសៀមប៉ុណ្ណោះទេ ភ្នំ​នេះ មានអនុស្សារីយ៍រាប់មិនអស់ ពិសេសក្នុងចលនា រំដោះទឹកដីខ្មែរ ក្នុងពេលដែលប្រទេសកម្ពុជា មាន ចលាចល ឬមានជាតិសាសន៍ផ្សេង មកធ្វើអាណា និគម។

ក្នុងដំណាក់កាល ដែលប្រទេសខ្មែរស្ថិតក្រោមអា ណានិគមនិយមបារាំង ចលនាមួយត្រូវបានបង្កើត ឡើងនៅនឹងតំបន់ភ្នំដងរែក ពិសេសក្នុងភូមិសាស្រ្ត ខេត្តឧត្តរមានជ័យ ចលនានោះគឺចលនាខ្មែរឥស្សរៈ ឬហៅថាខ្មែរសេរី ដែលមានលោកសឺង ង៉ុកថាន់ (១៩០៧-១៩៧៧)ជាអ្នកដឹកនាំ។ ចលនាខ្មែរឥស្សរៈ បានគៀងគរប្រជាពលរដ្ឋខ្មែរនៅគ្រប់តំបន់ មកចូល រួម ដើម្បីច្បាំងជាមួយបារាំង ពិសេសប្រជាជននៅ ឧត្តរមានជ័យ មិនត្រឹមតែលះបង់ម្ហូមអាហារ និងធាន ដែលខ្លួនមានប៉ុណ្ណោះទេ កូនចៅអ្នកស្រុកនេះ បាន លះបង់ជីវិតរបស់ខ្លួនថែមទៀតផង។

ក្រោមការខិតខំរបស់មេខ្មែរឥស្សរៈ និងចលនាតស៊ូ ផ្សេងទៀត ប្រទេស​កម្ពុជាក៏ទទួលបានឯករាជ្យ។ ជា បន្ដបន្ទាប់ វរជនក្នុងក្រុមខ្មែរឥស្សរៈ ដែល​សល់ពី ស្លាប់ខ្លះ ក៏បានទទួលមុខងារធំដុំ នៅក្នុងរដ្ឋាភិបាល ខ្មែរ។

នៅភ្នំដងរែកដដែល បានទទួលរ៉ាប់រងចិញ្ចឹមជួយ ទំនុកបំរុងដល់ចលនាតស៊ូត្រីភាគី ដែលតាំងខ្លួន ប្រឆាំងនឹងការលុកលុយរបស់យួនក្នុងឆ្នាំ១៩៧៩។ ដូចមុនដែរអ្នកឧត្តរមានជ័យ រងរែកពុនទារុណកម្ម ដែលបង្កឡើងដោយ រដ្ឋាភិបាលក្រុងភ្នំពេញ។ អ្នកឧត្តរមានជ័យ ដែលរវល់នឹងធ្វើស្រែចម្ការ បាន សុខចិត្ត បញ្ជូនកូនចៅឲ្យទៅធ្វើទាហាន បម្រើ
ចលនាតស៊ូ តាមការអន្ទងអូសទាញរបស់ក្រុម
នេះ ហើយកូនចៅកសិករខ្លះ បានចូលបម្រើយោ
ធារបស់រដ្ឋាភិបាល ដែលយុវជនខ្លះត្រូវបានគេ ចាប់បង្ខំឲ្យធ្វើកងទ័ពផងដែរ។

អ្នកភ្នំដងរែក ដែលស្ទើរតែមិនបានទទួលការអប់រំ មិនយល់ពីស្ថានភាពសង្គម ហើយខ្លាចការគំរាម កំហែងពីអ្នកមានអំណាច មានអាវុធណាស់ ម្នាក់ៗ សុខចិត្តទៅបម្រើគេ ព្រោះតែគ្មានជម្រើស។ អ្នក ឧត្តរមានជ័យដដែល ធ្លាប់តែរស់នៅតាមធម្មជាតិ គ្មានផ្លូវល្អសម្រាប់ដើរ គ្មានយានជំនិះទាន់សម័យ ស្រុកភូមិទាំងមូលគ្មាន ថ្នាក់រៀនដល់កម្រិតវិទ្យា 
ល័យ គ្មានវិទ្យុស្ដាប់ គ្មានកាសែតទសនាវដ្ដី 
សម្រាប់អាន តែអ្នកស្រុកនេះ ជាក្រុមមនុស្សមាន 
ចិត្ត មានឆន្ទៈស្រឡាញ់សេរីភាព មិនចង់ឲ្យប្រទេស 
ជាតិស្ថិតក្រោមការត្រួតត្រារបស់បរទេសឡើយ។

សន្ដិភាពបានកើតមានជាថ្មីក្រោមកិច្ចព្រមព្រៀងក្រុង ប៉ារីសឆ្នាំ១៩៩១។ សន្ដិភាពមិនទាន់រឹងមាំផង ការ ដណ្ដើមអំណាច ដែល កើតឡើងពីក្រុងភ្នំពេញក៏ផ្ទុះ ឡើង។

ឆ្នាំ១៩៩៧ មានរដ្ឋប្រហានៅភ្នំពេញ ក្រុមអ្នកចាញ់ សង្រ្គាមបានរត់ទៅតំបន់អូរស្មាច់ ក្នុងភូមិសាស្រ្តទឹក ដីឧត្តរមានជ័យ ទៅបោះទីតាំងនៅទីនោះ។  តំបន់ភូមិ សាស្រ្តភ្នំដងរែក ជាទីតាំងអំណោយផលល្អ ជាទី តាំងយុទ្ធសាស្រ្តសង្រ្គាម អាចឲ្យចលនាតស៊ូជ្រក ជ្រៀតបាន ពិសេសគឺតំបន់នេះ នៅជាប់ព្រំប្រទេស ប្រទេសសៀម ដែលជាប្រទេសសេរីនិយមមួយ នៅអាស៊ី និងជាអ្នកធ្លាប់រាប់អានហៅរកអ្នកប្រឆាំង នឹងលទ្ធិកុំម្មុយនីស្ដផងដែរ។ ការប្រយុទ្ធរវាងខ្មែរ និងខ្មែរកើតមានដូចមុន ក្នុងរយៈពេលមួយខ្លី។

អ្នកឧត្តរមានជ័យទទួលរងនូវសោកនាដ កម្មជាថ្មី ផងដែរ មនុស្សស្លាប់រស់ របួសពិការ មានសល់ ស្លាកស្នាមលុះសព្វថ្ងៃ ដែលអ្នកទាំងនោះ ចុង ក្រោយបានត្រឹម តែត្រដររស់ដោយខ្លួនឯងតែ ប៉ុណ្ណោះ។

ប៉ុន្មានចុងក្រោយឆ្នាំនេះ ប្រទេសជាតិមានភាពធូ ស្រាល មានសន្ដិភាព តែអ្នកឧត្តរមានជ័យ ដែលពី មុនមមាញឹកនឹងចំបាំង ជាអ្នកផ្គត់ផ្គង់ចលនាតស៊ូ មិនបានទៅសាលារៀន គ្មាននរណាម្នាក់ មានតួនា ទីក្នុងសង្គមទេ កុំថាឡើយធ្វើជាតំណាងរាស្រ្ត ឬ មានតួនាទីក្នុងជួររដ្ឋាភិបាល សូម្បីឋានៈត្រឹមថ្នាក់ ខេត្តក៏យ៉ាប់ដែរ។ សព្វថ្ងៃ អ្នកឧត្តរមានជ័យកំពុង ជួបការលំបាក ដូចជាទឹកដីមានគ្រាប់មីនមិនទាន់ផ្ទុះ ច្រើន ហើយដែនដីដែលពីមុន អ្នកស្រុកនេះចេញ ចូលប្រមូលផលសម្បត្តិធនធានពីព្រៃឈើ ដោយ សេរី ក៏ត្រូវអ្នកមានអំណាចច្បាមយក ឯពួកមេ ទាហានខ្លះ បានទៅសង្រ្គប់យកដី ពីប្រជាជនត្រង់ ពេលដែលគេមានឧកាស កាន់កាប់តំបន់នេះ អ្នក ស្រុកមិនមានលទ្ធភាពតវ៉ា មិនយល់ពីច្បាប់ទម្លាប់ និងអំពើពុករលួយ ធ្វើឲ្យដែនដីឧត្តរមានជ័យខ្វះ តុល្យភាព ក្នុងពេលដែលរដ្ឋាភិបាល មានកម្មវិធី ដ៏ច្រើនសន្ធឹកសន្ធាប់ ឈានទៅអភិវឌ្ឍន៍នៅតំបន់
ផ្សេងៗ ដែលនាំឲ្យប្រទេសសៀមអ្នកមានព្រំដែន នៅជិតខាងឧត្តរមានជ័យ ហ៊ានរំលោភយកដី យក ប្រាសាទ និងសំលាប់ខ្មែរត្រង់ៗ រហូតដល់ដុតខ្មែរ ទាំងរស់ក៏មាន។ នេះ មកពីអ្នកដឹកនាំសង្គមខ្មែរ បែងចែកធនធាន សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ មិនស្មើគ្នា ធ្វើឲ្យតំបន់សង្រ្គាមក្តៅនៅតែស្ថិតក្នុង ស្ថានភាព ក្រីក្រ។

ប្រសិនមានចលនាតស៊ូអ្វីមួយកើតឡើងជាថ្មី ភ្នំដង រែកនេះដដែល ភូមិសាស្រ្ដដដែលនេះ ប្រជាជនអ្នក រស់នៅឧត្តរមានជ័យដដែល និងទៅជាអ្នកចាញ់ ឧបាយកលអ្នកនយោបាយ ពួកគេនឹងប្រឈមមុខ នឹងការស្លាប់រស់ របួសពិការ និងភាពក្រីក្រគ្មានទី បញ្ចប់។

សង្ឃឹមថា រាជរដ្ឋាភិបាលនឹងបន្ធូបន្ថយ លើកស្ទួយ ជីវភាព លើកំពស់វិស័យអប់រំ និងយកចិត្តទុកដាក់ ដល់តំបន់ដាច់ស្រយាលមួយនេះ ឲ្យប្រជាជនខ្មែរ សម័យថ្មី ដែលកើត និងរស់នៅឧត្តរមានជ័យ បាន រស់ប្រកបដោយសេចក្តីសង្ឃឹម៕


No comments:

Post a Comment