by Noreyutt
ដល់វេនប្រជាបឹងត្របែក ទួញស្រែកយំយែកសុំមេត្តា
សុំសិទ្ធិជ្រកកោនពីរាជការ សុំករុណាកុំបណ្ដេញ។
ដីនៅទីក្រុងស្ទើរទាំងអស់ អ្នកមករំដោះក្រុងភ្នំពេញ
ពួកគេជាម្ចាស់ទ្រព្យពេញលេញ គេលក់ដូរដេញតាមចំណង់។
ប្រជាជនខ្មែរប្រឹងតវ៉ា ដាក់ញត្តិដាក់សារស្រែករហង់
សែនអាសូរខ្មែរគេបោះបង់ ធ្វើគធ្វើថ្លង់អស់មន្រ្ដី។
ហេតុអ្វីទីក្រុងល្អមួយនេះ ឃើញតែជាន់ជិះរាស្រ្ដក្រក្រី
ដណ្ដើមកាន់កាប់ដូចមនុស្សព្រៃ គ្មានច្បាប់ក្រមអ្វីអនុវត្តន៍។
សង្គមដែលល្អគេជួយថែ ដឹកនាំពូកែអភិវឌ្ឍន៍
មិនឲ្យរាស្រ្ដឈឺចាប់បែកព្រាត់ មិនដែលវាយវាត់មនុស្សដូចសត្វ។
ឬមួយសង្គមខ្មែរសព្វថ្ងៃ មានជនចង្រៃប្រុងកំចាត់
ប្រជាជនខ្មែរតែស្ងាត់ៗ បំបាត់ភ្នំពេញហៅណាំយ៉ាង៕
No comments:
Post a Comment