Sunday, April 17, 2011

ថ្ងៃដាច់ភ្នំពេញ

by C write

ជួបគ្នាដោយចៃដន្យនៅក្រុងប៉ារីស លោកពូវិបុល គឺជាសាច់ញាតិ
ខាងឪពុកខ្ញុំ គាត់រីករាយណាស់ ខ្ញុំក៏រីករាយណាស់ដែរ ព្រោះធ្លាប់
ឮចាស់ៗដំណាលពីគាត់។ ម្នាក់ៗស្មានថាពូស្លាប់ហើយ។ រៀង រាល់ពេលមានបុណ្យទាន ពិសេសបុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ ម៉ែតែង
ឧទ្ទិសដល់ឈ្មោះពូជានិច្ច។

ខ្ញុំសួរនាំពីមូលហេតុនៃការបែកគ្នា ពីមូលហេតុដែលគាត់មិន
ត្រលប់ទៅស្រុកខ្មែរវិញ។ ពូប្រាប់ថា "ពូស្មានថា ម៉ែឪឯងស្លាប់
បាត់ទៅហើយ ពូសួរនាំគេដែរ តែគ្មានដំណឹងសោះ"។

ម៉ែខ្ញុំតាំងពីខ្មែរក្រហមជន្លៀសចេញពីភ្នំពេញ គាត់សម្រេចមិន
ទៅរស់នៅទីក្រុងទៀតទេ ព្រោះគាត់មានអារម្មណ៍ភ័យខ្លាច
គាត់បាក់ស្បាត។ កាលនោះ ពូជាទាហានសាធារណៈរដ្ឋ ពូ បានមកដល់ប្រទេសបារាំងកាលពីឆ្នាំ១៩៨៥ ដោយឆ្លងកាត់
ជំរុំជនភៀសខ្លួនសាយធូ។ មុននេះ ពូបានចូលបម្រើចលនា
តស៊ូហ្វុនស៊ីនពិក ច្បាំងជាមួយយួន ដែលចូលលុកលុយស្រុក
ខ្មែរកាលពីឆ្នាំ១៩៧៩។ ពូបានរៀបរាប់ពីថ្ងៃដាច់ភ្នំពេញ ដែល
គាត់ចងចាំខ្លះប្រាប់ខ្ញុំថា៖

ថ្ងៃចូលឆ្នាំខ្មែរ ប្រជាជនខ្មែរសែនសប្បាយ ទន្ទឹមនោះ សង្រ្គាម រវាងពួកខ្មែរ សាធារណរដ្ឋ និងក្រុមខ្មែរក្រហមក៏មានមិនស្រាក ស្រានដែរ អ្នកសប្បាយ បន្ដការសប្បាយ អ្នកប្រយុទ្ធបន្ដប្រយុទ្ធ ហើយអ្នកស្លាប់ អ្នករបួសក៏មាន មិនតិចដែរ។ ពូឃើញ គេយក
លោតាទៅសម្លាប់នៅក្បែរផ្ទះ ម៉ែឯងមិនហ៊ានយំ យើងទាំង
អស់គ្នាសម្ងំនៅផ្ទះល្វេងមួយទៀត។ ពួកខ្មែរក្រហមថា គ្រួសារ
យើងជានាយទុន ជាគ្រួសារទាហានរបស់សេនាប្រមុខលន់ លន់
ចុងក្រោយ យើងគ្រប់គ្នាត្រូវចេញពីផ្ទះជាមួយប្រជាជនឯទៀត ដែរ ជាដំណើរគ្មានរសាត់អណ្ដែតគោលដៅ។

ម៉ោង៨ព្រឹកសំឡេងបាញ់ផ្លោងរបស់ពួកខ្មែរក្រហមលាន់ឮផូង
ផាំង គ្រាប់កាំភ្លើងផ្ដក់ចូលភ្នំពេញ លាន់ឮកាន់តែកៀកទៅៗ នៅ ថ្ងៃចុងក្រោយនៃថ្ងៃចូល ឆ្នាំខ្មែរ។ សំឡេងមនុស្សស្រែកប្រាប់គ្នា នៅតាមផ្លូវ លាយលំជាមួយស្នូរជើង រត់នៅតាមផ្លូវ ជាសំឡេង របស់ទាហានលន់ នល់ គេស្រែកថា “កុំឲ្យបាត់កាំភ្លើង កាំភ្លើង ជាជីវិតរបស់យើង”។ សំឡេងទាហានខ្មែរក្រហម រត់ដេញតាម ពីក្រោយ ហើយស្រែក “កុំរត់!...”។ ប្រហែលជាមេរបស់គេ ដែលជុំវិញខ្លួន មានវណ្ឌសុទ្ធតែគ្រាប់ កាំភ្លើងក្រហមរងាល គេ ស្ពាយកាំភ្លើងឆ្វេងស្តាំ និងដៃស្ដាំរបស់គេ មានកាន់កាំភ្លើងខ្លី បាញ់ឡើងលើផូងៗ... រួចស្រែកបញ្ជាថា “សម្លាប់ពួកអាក្បត់ ទាំងនេះចោលឲ្យអស់ទៅ”។

គួរអាសូរខ្មែរ។ ខ្មែរសម្លាប់ខ្មែរកណ្ដាលរាជធានី ជាការសងសឹក ដោយមិនរើសមុខ ជាការសងសឹក ដោយគ្មានគំនុំ គឺព្រោះតែ អ្នកនយោបាយពីរបីនាក់ប៉ុណ្ណោះ ដែលចង់បានអំណាច ធ្វើឲ្យ សង្គមខ្មែរទាំងមូលស្ថិតក្នុងភាពងងឹត។

សំឡេងសុំឲ្យទុកជីវិត សំឡេងសុំរស់របស់ទាហានលន់នល់ ដែលជាទាហានចាញ់សង្រ្គាម ជាខ្មែរ និយាយជាភាសាខ្មែរទៅ កាន់ខ្មែរដូចគ្នា គឺខ្មែរពួកក្រហម ដែលទទួលជ័យជន្នះ “លោក ទុកជីវិតឲ្យខ្ញុំផង”។ សំឡេងស្រួយស្រែះរបស់យុវនារីជំទង់ៗ ឆ្លើយតបវិញ “កុំនិយាយច្រើនសម្លាប់វាចោលទៅ ពួកវាសុទ្ធ តែជាជនក្បត់ជាតិ ជាខ្ញុំកញ្ជះបរទេស ម៉េចមិនបាញ់វាចោល 
ទៅ”។ ចប់សំឡេងបញ្ជាដ៏ម៉ឺងម៉ាត់ ដាច់ខាត ស្នូរកាំភ្លើងដៃ
ជាច្រើនគ្រាប់លាន់ឡើង...

គ្មានសំឡេងឆ្លើយតបទៀតទេ ឈាមហូរចេញពីរូបរាងមនុស្ស បួនប្រាំនាក់ ដែលដេកដួលស្ដូកស្ដឹង នៅលើចិញ្ចើមផ្លូវ។ នេះជា របៀបសម្លាប់បំភិតបំភ័យ ដល់នរណាដែលប្រឆាំង នរណាដែល គេចាត់ទុកជាខ្មាំង។ ថ្ងៃ១៧ មេសា ឆ្នាំ ១៩៧៥ ជាកាលវេលាមួយ ដែលបង្ហាញពីភាពគ្មានធម៌មេត្តា របស់យុវជន យុវនារីស្រករថ្មី ដែលក្នុងខ្លួនពោរពេញទៅដោយមនោគម វិជ្ជាក្រហមខុសទំនង អ្នកខ្លះក្នុងចំណោមពួកគេ ស្ពាយកាំភ្លើងអូសដីនៅឡើយ។

ក្មេងៗកូនអ្នកភ្នំពេញយំរញៀវ ឪពុកម្ដាយយកដៃបាំងមុខកូន ព្រោះមិនចង់ឲ្យឃើញការកាប់សម្លាប់។ តែក្មេងៗដែលជាទា ហានខ្មែរក្រហមវិញ ពួកគេកាន់កាំភ្លើងយ៉ាងក្រអើតក្រទម មើលទៅពួកគេដូចជាមានឥទ្ធិពលសំបើមណាស់។ សម្លៀក បំពាក់ពណ៌ខ្មៅ មានជួតក្បាលនឹងកន្សែងផងនោះ ខ្មែរក្រហម ទាំងហ្វូងៗ ស្រែកបញ្ជាទៅមនុស្សមន្នា ភាសាដែលគេប្រើ ស្ដាប់ទៅមានសភាពឃោរឃៅណាស់ “ចេញឲ្យឆាប់។ តវ៉ា
ស្អី អញបាញ់បែកសន្ទះក្បាលឥឡូវ។ សម្លាប់វាចោលទៅ
បើវារឹងទទឹង។ ទុកមិនចំណេញដកចេញមិនខាត...”។ ពូ ត្រូវ
ពិការជើង ព្រោះតែខ្មែរក្រហមបាញ់ ដោយវាចោទថាដើរយឺត
ពួកនេះឃោរឃៅណាស់។

លទ្ធិកុំម្មុយនីស្ត បង្កើតឡើងពីកូនចៅកសិករ តស៊ូទាមទារ
យុត្តិធម៌ តស៊ូឲ្យសង្គមស្អាតស្អំ ប្រឆាំងនឹង អំពើអយុត្តិធម៌
គ្រប់ យ៉ាង។ មេដឹកនាំខ្មែរក្រហមភាគច្រើនមានប្រភពពីស្រុក
ស្រែ តែពួកគេធ្លាប់ទទួល បានការបណ្តុះបណ្ដាលពីបរទេស ពិសេសប្រទេសបារាំង ពួកគេជាបញ្ញាវន្ដមកពីបារាំង ពួក គេស្អប់សង្គមសក្តិភូមិ ដែលដឹកនាំដោយស្ដេច និងសង្គមពុក រលួយ។ ពួកបញ្ញាវន្ដដែលចង់ផ្លាស់ប្ដូរសង្គម ធ្វើបដិវត្តបាន 
សម្រេច តែគេបែរជាឃោរឃៅ បែរជាបង្កើតរបបប្រល័យ ពូជសាសន៍ លើជាតិសាសន៍ខ្លួនឯងទៅវិញ។

លទ្ធផលដែលប្រជាជនខ្មែររង់ចាំបានមកដល់ អំណាចទាំងស្រុង ត្រូវគ្រប់គ្រងដោយខ្មែរក្រហម។ ប្រទេសកម្ពុជាបានផ្លាស់ប្ដូរ ពីសង្គមពុករលួយ ទៅជាសង្គមផ្ដាច់ការហ្វាស៊ីស សម្លាប់ប្រជា ជនឯង។ នេះបង្ហាញពីភាពផ្ទុយគ្នាក្នុងសង្គមមុន តែមិនមែនមាន ន័យថា ជាបំណងដែលប្រជាជាតិខ្មែរចង់បានឡើយ។ ជីវិតប្រជា ជនខ្មែរ ភាពស៊ីវិល័យ និងការសប្បាយរីករាយរបស់យើងត្រូវ បញ្ចប់ ព្រោះតែការលុកលុយរបស់ខ្មែរក្រហម ការបញ្ចប់នេះ មានន័យថា យើងគ្មានឧកាសសប្បាយទៀតទេ ព្រោះសំឡេង ដេញមនុស្សចេញពីទីក្រុងលាន់ឡើង ពីកន្លែងមួយទៅកន្លែង មួយទៀត“ចេញៗៗ... តែពីរបីថ្ងៃទេ និងត្រលប់មកវិញហើយ” ពេលនោះ ដំណើរមនុស្សចេញពីទីក្រុង ចេញគ្រប់ច្រក ដូចជា ចេញតាមពោធិ៍ចិនតុង តាមផ្លូវ ជាតិលេខប្រាំ តាមផ្លូវជាតិលេខ មួយ និងលេខពីរ លេខប្រាំមួយ។ នៅតាមផ្លូវទាំងឡាយក្នុងរាជ 
ធានី មោទនភាពរបស់ ទាហានខ្មែរ ក្រហមឡើងដល់កំពូល គឺ គេអាចសម្លាប់នរណាម្នាក់ក៏បាន ហើយគ្មានទោសទៀតផង ដោយគេគ្រាន់តែចោទ ទៅអ្នកស្លាប់ ថាជាខ្លាំងជាខ្មាំង ជាCIA, ជាKGB...

នរណាក៏ដោយ ខ្មែរក្រហមអាចឆែកឆេរ អាចទាញយករបស់ 
ទ្រព្យ អាចសម្លាប់នរណាម្នាក់ក៏បាន។ ខ្មែរទាំងហ្វូងដើរចេញពី 
ទីក្រុងដោយគ្មានគោលដៅជាក់លាក់។ គ្រាប់កាំភ្លើងផ្លោងផ្ដក់ 
ស្ងាត់ហើយ ជោគជ័យក៏ពួកខ្មែរក្រហមយកបានដែរ តែគ្រាប់ 
កាំភ្លើងដៃ នៅឮដោយកន្លែងនៅឡើយ សំឡេងមនុស្សអង្វរ 
សុំរស់ សុំកុំឲ្យគេសម្លាប់ខ្លួន ឮពាសណាពាសណី តែមិន
បាន ទទួលការអធ្យាស្រ័យឡើយ ផាំង! ផាំង! នៅក្បែរៗផ្លូវ 
សំឡេង ស្រែកអូយៗ មុននឹងដាច់ខ្យល់ផុតដង្ហើម គួរ 
អណោចអធម ពន់ពេក ដែលគ្មាននរណាហ៊ានប្រឆាំង ហ៊ាន 
ជួយសង្រ្គោះ ធ្វើឲ្យមនុស្សស្លាប់ជាបន្ដបន្ទាប់។ គួរអាសូរ មានអ្នកខ្លះរងរបួស មិនត្រឹមតែគ្មានអ្នកសង្រ្គោះទេ ទាហាន 
សាធារណៈរដ្ឋ ដែលរងរបួសទាំងនោះ ដែលត្រូវទាហាន 
ខ្មែរក្រហមបាញ់សម្លាប់បន្ថែម។ មិត្តរបស់ពូ ពេលឃើញ ទាហានខ្មែរក្រហមសម្លាប់មិត្តរបស់គាត់ គាត់ធ្វមិនស្គាល់ មិនដឹងឮ ព្រោះតែខ្លាចគេសម្លាប់គាត់ដែរ។ កំហុសរបស់ ខ្មែរក្រហម គឺជាមេរៀនរបស់ពួកគេ។

ការទិតៀនគឺជាមេរៀនដ៏ល្អ ដែលត្រូវរៀន ហើយនយោបាយ ជារឿងទូទៅដែលនរណាក៏ ត្រូវដឹង ត្រូវឮ ព្រោះមនុស្សរស់ នៅក្នុងសង្គម ដែលមានការដឹកនាំដោយអ្នកនយោបាយ។ តែ សង្គមដែលដឹកនាំដោយពួកកុំម្មុយនីស្ដខ្មែរក្រហម បានបំបិទ សិទ្ធិសេរីភាពប្រជាជនតាំងពីដំបូងម្ល៉េះ។ អ្នកធំល្មមៗ ដែល មានកាន់កាំភ្លើងខ្លីនៅនឹងដៃ គ្រវាសកាំភ្លើង បញ្ជាទៅហ្វូង 
មនុស្ស “ដើរឲ្យលឿន ចេញឲ្យឆាប់ ប្រយ័ត្នពួកអាមេរិកាំង ទម្លាក់គ្រាប់បែកលើ។ បើចង់ងាប់ប្រាប់មក អញបាញ់សម្លាប់ 
តែម្ដងក៏បាន”។ មនុស្សទាំងហ្វូង អ្នកខ្លះមិនបានយកអ្វីទៅជា 
មួយទេ ខ្លះបាត់កូន ប្រពន្ធ ខ្លះមិនដឹងថាត្រូវធ្វើអ្វីឡើយ ហើយ 
ព្រះសង្ឃក៏ត្រូវបង្ខំឲ្យសឹកយ៉ាងទាន់ហន់។

អ្នកធំត្រូវជានិច្ច។ ប្រធានកងនីមួយៗដែលប្រតិបត្តិការនៅតាម 
ផ្លូវ មានសិទ្ធិជ្រុលហួស គេគំរាម គេបាញ់បោះ ឬសម្លាប់ជនណា ដែលបដិសេធមិនចេញពីលំនៅដ្ឋាន ជាពិសេស គេសម្លាប់ ទាហានរបស់របបសាធារណៈរដ្ឋខ្មែរ ដែលគេចាប់បានជាឈ្លើយ។ ជីវិតមនុស្ស គ្មានការអត់ឪន គ្មានអធ្យាស្រ័យ គ្មានតម្លៃជាមនុស្ស ទាំងអ្នកស្លាប់ ទាំងអ្នកសម្លាប់គេ។ ជនដៃ ដល់ដែលជាទាហាន ខ្មែរក្រហម ពេលចូលដល់ក្រុងភ្នំពេញ ពួកគេមានកំហឹងពុះ កញ្ជ្រោលជាស្រេច កំហឹងនេះ ជាកំហឹង ចេញពីស្រទាប់មនុស្ស
មួយក្រុម ដែលមានការអប់រំខ្ពង់ខ្ពស់ ហើយបណ្ដុះបន្ដទៅពួក កសិករនៅជនបទដោយខុសឆ្គង។
  
ជនខ្លះ ធ្លាប់មានអតីតកាលជនកុំម្មុយនីស្ដ ដែលបណ្ដុះដោយខ្មែរ ក្រហម ហើយបន្ដអំណាចលុះសព្វថ្ងៃ កំពុងអួតអាង ព្យាយាមបិទ បាំងអតីតកាលខ្លួន ព្រោះតែខ្លាចអំណាចសាលដីការ ០០៣, ០០៤, ...  របស់តុលាការ កូនកាត់ខ្មែរ និង អង្គការសហប្រជាជាតិ។ ពីមុន ពួកអាវខ្មៅ ខោខ្មៅ ស្បែកជើងកង់ឡាន កាន់អំណាចជាមេគុក ជា ប្រធានឈ្លប ជាមេកង ជាអ្នកបញ្ជាឲ្យមានការកាប់ សម្លាប់ខ្មែរដូច គ្នា មានបាតដៃប្រលាក់ឈាម កំពុងតែខ្លាចខ្លួនឯង ព្រោះតែបាន ប្រព្រឹតមិនគប្បី ចំពោះប្រជាជនកម្ពុជាស្លូតត្រង់។

ការស្រែកឲ្យឮថា ប្រទេសជាតិត្រូវស្តារឡើងវិញដោយយួន ត្រូវ ដឹងគុណយួន ដឹងគុណថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ គឺកំពុងបំភ័ន្ដមតិ សាធារណៈជន ពិសេសខ្មែរស្រករក្រោយ ដែលមិនបានឆ្លងកាត់ សម័យកាលនោះ។ ខ្មែរអ្នកស្នេហាជាតិយល់ច្បាស់ថា នេះជា ឧកាសធ្វើមានបាន របស់អ្នកមានអំណាច ដោយប្រើប្រាស់ អំណាចរបស់ខ្លួន ជញ្ជក់ឈាមខ្មែរ។ ជាក់ស្ដែង ប្រាក់បៀរវត្សរ៍ របស់ពួកនេះ តែបន្ដិចបន្ដួចទេ តែមួយរំពេចសោះ អតីតយុវជន ខ្មែរក្រហមទាំងនោះ បែរជាមានទ្រព្យមហាសាល តើមកពីមូល ហេតុអ្វី មិនមកពីអំពើពុករលួយ។ ជាងនេះទៀតដីធ្លីតាមព្រំដែន ខ្មែរ នៅជាប់យួន កំពុងតែមានការបាត់បង់ នេះជារបៀបសងគុណ ដែលគួរតែផ្លាស់ប្ដូរចេញ។

ខ្មែរក្រហម និងបក្ខពួកត្រូវទទួលខុសត្រូវចំពោះប្រវត្តិសាស្រ្ត ដែលខ្លួនបានបន្សល់ទុក។ ថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ជាថ្ងៃបែក ភ្នំពេញ និងជាថ្ងៃធ្វើឲ្យខ្មែររងគ្រោះដល់សព្វថ្ងៃ។ ពូមិនទៅស្រុក ខ្មែរវិញទេ ព្រោះមនុស្សមួយចំនួនដែលជាមេខ្មែរក្រហម ដែលពូ ស្គាល់គេនឹងសម្លាប់ពូ។ ប្រាប់ទៅម៉ែក្មួយផង ថាពូនឹកគាត់ នឹក ស្រុកខ្មែរណាស់។

ស្ដាប់ពូនិយាយ មិនដឹងថាពេលណាស្រុកយើងរួចផុតពីការឈ្លា នីសគ្នា ពេលណាទើបខ្មែរចុះសម្រុងគ្នា ពេលណាទើបខ្មែរ  មាន អំណាចដឹកនាំសង្គមដោយខ្លួនឯង៕


No comments:

Post a Comment