Friday, April 15, 2011

ទេវតាឆ្នាំថ្មី

By Tararith

ទេវតាឆ្នាំចាស់បានផ្លាស់ប្ដូរ            ខ្មែរទាំងនគរសាទរក្រៃ
រៀបចំពិធីទាំងយប់ថ្ងៃ                    ទទួលពរជ័យពីព្រះអង្គ។
ទេវតាឋានលើចែកអំណាច            គំរូអង់អាចល្អផូរផង់
ដឹកនាំប្រជាឲ្យត្រចង់                     តម្រង់ជាតិខ្មែររកសុខសាន្ដ។
ទេវតាចុះចេញពីតំណែង                ពុំដែលកំហែងឬរំខាន
ទឹកចិត្តព្រះអង្គមិនសាមាន្យ            ប្ដូរតាមសង្រ្កាន្ដជាលំដាប់។
ឡើងកាន់តំណែងដោយសុចរិត      លោកមិនដែលគិតកាប់សម្លាប់
ឬនាំឲ្យមនុស្សជាតិឈឺចាប់            ធ្វើតាមតែច្បាប់ធម្មជាតិចែង។
ចំណែកឯមនុស្សលើលោកីយ៍         កាន់កាប់ផែនដីឲ្យចំបែង
មានយសសាបព្រោះលើជាតិឯង    បង្កភ្លើងផ្សែងគ្មានប្រណី។
រឹបយកលំនៅឥតមេត្តា                  ឈើព្រៃកាប់ឆ្កាវាតយកដី
ទឹកភ្នែកខ្មែរស្រក់ហួតរីងរៃ              ទេវតាឆ្នាំថ្មីរំលែកផង៕​

No comments:

Post a Comment