Saturday, January 1, 2011

ក្រៅឆាក

by Noreyutt

ឆ្នាំ២០១០ ខ្ញុំទទួលការព្រមានពីមិត្តភក្តិ គេថា”កុំស្រឡាញ់កូន គេ 
ផ្ដេសផ្ដាស” ខ្ញុំឆ្ងល់ ហេតុអ្វីក៏ស្រឡាញ់មិនបាន? បើនាងស្អាត ខ្ញុំ 
ជួបនាងរាល់ថ្ងៃ ខ្ញុំឌុបនាងទៅសាលាផងក៏មាន យើងយល់ចិត្ត 
គ្នាច្រើនហើយ។ មិត្តខ្ញុំប្រាប់ពីមូលហេតុ ដែលមិនឲ្យខ្ញុំស្រឡាញ់ 
នាង”គេជាកូនអ្នកមាន គេស្អាត មិនសមនឹងឯងទេ ឯងខ្មៅក្ងិត ជិះ 
ម៉ូតូកញ្ចាស់ ទៅស្រឡាញ់នារីម្នាក់នោះ មិនសមទេ”។ ពិតមែន 
ឬ? ពិភពលោកនេះ នារីរូបស្អាតសុទ្ធ តែជាកម្មសិទ្ធិរបស់បុរស 
សង្ហារ របស់អ្នកមានប្រាក់ និងអ្នកមានអំណាចមែនឬ? បើអីចឹង 
មែន ខ្ញុំបានត្រឹមលួចស្រឡាញ់នាងក៏បានដែរ។

ខ្ញុំមិនអស់ចិត្តនឹងអ្វីដែលគេប្រាប់សោះ ឬមួយក៏មិត្តរបស់ខ្ញុំលួច 
ស្រឡាញ់នាងទើបគេឃាត់ខ្ញុំ? មិនសមទេ ព្រោះវាមានសង្សារ 
ហើយ។ បើខ្ញុំស្រឡាញ់នាងកាន់តែខ្លាំង ពេលដែលមិត្តរបស់ខ្ញុំ 
កាន់តែហាមឃាត់។ កល្យាណ! នាងមិនដឹងខ្លួនថា ខ្ញុំកំពុងមានចិត្ត 
ប្រតិព័ទ្ធលើនាងទេ នាងមិនដឹងថា ខ្ញុំឈ្លោះគ្នា ជាមួយមិត្តរបស់ខ្ញុំ 
ដោយសារតែនាងទេ នាងមិនដឹងថា ខ្ញុំថ្លើមធំហ៊ានស្រឡាញ់នាង 
ទេ។ ឬមួយក៏នាងដឹងរឿងទាំងនេះដែរ?

ថ្ងៃចូលឆ្នាំសាកល ខ្ញុំបានទទួលកាដូពីរពីកល្យាណ។ កាដូទីមួយ 
គឺខ្ញុំសុបិនឃើញនាងកាលពីយប់មិញ ខ្ញុំសប្បាយចិត្តមែន 
ទែន ដែលសុបិនឃើញនាង ជាងនេះទៀត កល្យាណប្រាប់ខ្ញុំថា 
នាង ព្រមយកខ្ញុំធ្វើជាសង្សារ នាងថើបខ្ញុំមួយខ្សឺតយ៉ាងវែង។ 
ពុទ្ធោ! បានត្រឹមតែសុបិនឃើញនាង ក៏ខ្ញុំរញ្ជួយក្នុងថ្លើមប្រម៉ាត់ 
ដែរ។

ពេលមកដល់សាកលវិទ្យាល័យ ខ្ញុំញញឹមញញេម ជាស្នាម 
ញញឹមដែលនៅសល់ពីយប់មិញ។ នរណាក៏ថា ខ្ញុំខ្មៅស្រស់ 
ស្រស់ស្អាតជាងថ្ងៃណាៗទាំងអស់។ យីអ៊ុនខ្ញុំថ្ងៃនេះឡើងមែន ខ្ញុំ 
គ្មានញញើតនរណាទេសូម្បីអាចេក ដែលវាតែងតែ ជះអំណាច 
លើខ្ញុំរាល់លើកក៏ដោយ។ ទើបតែរៀនបានមួយម៉ោង កល្យាណ 
បានរៀបចំកម្មវិធីសប្បាយមួយនៅក្នុងថ្នាក់។ 

ខ្ញុំជាអ្នកចេញមុខកាង សុំលោកសាស្រ្តាចារ្យឈប់រៀនព្រឹកនេះ។ 
បន្ទាប់មកខ្ញុំឡើងច្រៀងបើកឆាកមួយបទមុនគេ។ បទចម្រៀង 
អាល័យក្លិនអូន របស់លោកហួរ ឡាវី ខ្ញុំប្រឹងធ្វើសំឡេងស្អក 
ដូចគាត់ តែមិនដូចសោះ អាចេក ហៅអាចេកអាំង បង្អាប់ខ្ញុំមែន 
ទែន តែចុងក្រោយអាចេកសរសើរខ្ញុំវិញ សរសើរខ្ញុំ ដែលខ្ញុំមិន 
ខ្មាស ហ៊ានឡើងច្រៀង មិនមែនសរសើរដោយសារខ្ញុំច្រៀង 
ពិរោះទេ។ ស្នូរទះដៃលាន់ពេញថ្នាក់ រហូតរំខានដល់បន្ទប់ផ្សេង 
ទៀត។ កល្យាណ បានហុចកាដូដ៏ធំមួយឲ្យខ្ញុំ បន្ទាប់ពីចប់បទ 
ចម្រៀង។ ខ្ញុំញញឹមទទួល ហើយបើកមើលភ្លាម។ ពុទ្ធោ! ខោលី 
អូ។ ខ្ញុំខ្មាសគេដែរ តែអ្នកខ្មាសជាងខ្ញុំ គឺម្ចាស់កាដូ ព្រោះមានអ្នក 
សួរនាងថា “មុននឹងទិញខោលីអូនេះ មានវាស់ចង្កេះខ្ញុំហើយឬ 
នៅ?” មិត្តរួមថ្នាក់សប្បាយគ្រប់គ្នា តែអាចេក ដែលតែងតែរំខាន 
ខ្ញុំ វានៅតែរកល្បិចកាច់ខ្ញុំដដែល វាថានេះ ថានោះ ធ្វើយ៉ាងណា 
ឲ្យខ្ញុំអាម៉ាស់។ អត់បញ្ហា ខ្ញុំមិនខ្វល់ទេ ព្រោះមិនទាន់បាន១២ 
ម៉ោងផង ខ្ញុំបានទទួលកាដូរដល់ទៅពីរ ពីនារីដែលខ្ញុំគួចផ្សងទៅ 
ហើយ ទោះបីកាដូនេះ គួរឲ្យអស់សំណើចបន្ដិចក្តី។

កម្មវិធីក្នុងថ្នាក់បានបញ្ចប់ទៅហើយ ម្នាក់ៗបានទទួលកាដូរពី 
កល្យាណគ្រប់គ្នា។ យើងនៅនិយាយគ្នាលេងដូចធម្មតា យើង 
បានលើកយករឿងរ៉ាវរបស់លោកហ៊ុន ជា ដែលជាក្មួយរបស់ 
សម្ដេចនាយករដ្ឋមន្រ្ដី ដែលម្នាក់នេះប្រហែលជាញៀនថ្នាំ បញ្ហា 
ដីធ្លីនៅអមលាំង នៅបឹងកក់ និងកន្លែងដទែទៀត ពិសេសនៅ 
បូឌីញ ប្រហែលជានិងត្រូវបណ្ដេញឆាប់ៗនេះដែរ រឿងផ្នែក 
កំចាត់អំពើពុករលួយរបស់លោកឪម យិនទៀង ដ៏ខ្លាំង និងមាន 
អំណាចផង រឿងរបស់បុគ្គលិកស្បៀងអាហារពិភពលោក ដែល 
កំពុងនៅក្នុងគុកព្រៃស និងពួកសៀមជ្រុលនិយម៧នាក់ ដែល 
លុកលុយចូលទឹកដីខ្មែរ ហើយត្រូវទាហានខ្មែរយើង ចាប់ខ្លួន 
បញ្ជូនទៅតុលាការ យកមកជជែកវែកញែក។ នេះជាអ្វីដែល 
ក្រុមខ្ញុំបានធ្វើតាំងពីឆ្នាំទីមួយមកម្ល៉េះ ទោះបីមានការហាម 
ឃាត់មិនឲ្យនិយាយ ពីបញ្ហានយោបាយរបស់សាស្ត្រាចារ្យ 
ខ្លះក៏ដោយ ពិសេសកល្យាណ នាងតែងតែជាអ្នកនាំមុខ 
ព្រោះនាងមានប្រាក់ នាងរៀនពូកែ នាងស្អាត និងនាងជាកូន 
អ្នកធំផងដែរ។ ខ្ញុំតាមគេ ពិសេសទីណាមានការពិភាក្សា 
ការកម្សាន្តសប្បាយ ពិសេស ពិភាក្សាអំពីបញ្ហាស្រុកទេស 
ខ្ញុំចូលរួមមិនដែលខានទេ ​សុខចិត្ត ចតម៉ូតូចោល ឈប់រត់ 
ឌុបក៏មាន ព្រោះការដឹងរឿងរ៉ាវក្នុងសង្គម ធ្វើឲ្យស្មារតីខ្ញុំភ្លឺថ្លា 
ដឹងថា អ្នកនយោបាយនៅបក្សណា ដែលស្រឡាញ់ជាតិ 
ជួយប្រជាជនពិត ដែលគួរទុកចិត្តបោះឆ្នោតឲ្យ ពិសេសសម្ដេច 
នាយករដ្ឋមន្រ្តី និងមេបក្សជំទាស់សម រង្សី។ ពួកយើងចូល 
ចិត្តស្ដាប់វោហាសាស្រ្តពួកគាត់ណាស់។ សង្រ្គាម ពាក្យសម្ដី 
របស់ពួកចាស់ទុំស្រករមុនទាំងនេះ លេងគ្នាម្ដងៗ ដូចលលក បូលឆ្លើយឆ្លងគ្នា ពិបាកវិនិច្ឆ័យថា តើនរណាមួយពិរោះជាង 
ត្រូវជាង មានហេតុផលល្អជាងណាស់ ព្រោះសម្ដេចតេជោ 
មានស្ថានីយ៍ទូរទស្សន៍ វិទ្យុ និងកាសែតរោមជុំជិតជួយផ្សព្វ 
ផ្សាយ ឯលោកសម រង្សី យូរៗទើបបានឮតាមវិទ្យុម្ដង។ ពួក 
យើងតែងតែគិតថា ប្រសិនបើថ្នាក់ដឹកនាំដ៏មានប្រជាប្រិយ៍ទាំង 
ពីរនេះរួមគ្នាកសាងជាតិវិញ មិនដឹងជាសង្គមខ្មែរយើង ដើរដល់ 
ណាទេ។

ពេលខ្លះ យើងមានការសង្ស័យ និងចោទជាសំណួរថា ហេតុអ្វី 
បានជាគណបក្សកាន់អំណាច បដិសេធមិនយកគណបក្ស 
ជំទាស់ចូលក្នុងរដ្ឋាភិបាល ឬមួយទុកឲ្យប្រឆាំងដើម្បីរង្វាន់? ឬ 
មួយមានគំនិតអ្វីផ្សេងពីនេះ ព្រោះថា ការបង្រួបបង្រួមជាតិ 
សំខាន់ណាស់ ក្នុងសង្គមខ្មែរ ដែលមានបរទេសជ្រៀតជ្រែក។ 
ការដែលទុកឲ្យគណៈបក្សមួយជំទាស់រហូត មិនមែនជាដំណោះ 
ស្រាយនយោបាយល្អរបស់កម្ពុជាទេ(នេះជាគំនិតអាចេក)។ 

យើងទាំងអស់គ្នា គោរពគោលការណ៍ អភិវឌ្ឍន៍ប្រទេសរបស់ 
រដ្ឋ តែបើអនុញ្ញាតិឲ្យប្រទេសចិន យួន កូរ៉េ ចូលច្រើនពេកពិតជា 
ខ្វះតម្លាភាព ព្រោះការវិនិយោគរបស់ប្រទេសទាំងនេះ មិនសូវ 
យកច្បាប់មកដាក់ពីមុខទេ។ ប្រសិនបើអនុញាតឲ្យមានអំពើពុក 
រលួយច្រើន ការបណ្ដេញប្រជាជនចេញពីទីក្រុងច្រើន ការរឹប យកដីពីប្រជាជនកាន់តែច្រើន ប្រទេសកម្ពុជានឹងបាត់បង់ 
កិត្តិយសក្នុងឆាកអន្ដរជាតិ ខ្វះការទុកចិត្តពីអ្នកបណ្ដាក់ទុនធំៗ 
ពិសេសអាមេរិក សហគមន៍អឺរ៉ុប ខ្វះទីផ្សារ ខ្វះប្រាក់ចំណូល 
ដែលធ្វើឲ្យប្រទេសក្រ នឹងឯកោ អ្នកជំនាន់ក្រោយរ៉ាប់រង 
ទទួលបន្ទុកកាន់តែច្រើន ពិសេសបំណុលបរទេស ដែលកាន់ 
តែច្រើនឡើងៗ និងទឹកដីដែលប្រទេសជិតខាងបន្លំបង្ខិតព្រំដែន 
យកទទេរៗ ព្រោះតែគេដឹងថាយើងខ្សោយ។

ខ្ញុំគិតជ្រុសបន្ដិច តែកល្យាណមានគំនិតដូចខ្ញុំដែរ ម្ដងណាក៏នាង 
ទិញកាសែត ដែលសរសេររិះ គន់មន្រ្ដីរដ្ឋាភិបាលមកឲ្យ ពួក 
យើងអានដែរ ទោះបីឪពុកនាង បម្រើខាងគណៈបក្សកាន់ 
អំណាចក៏ដោយ។ កល្យាណនាង ធ្លាប់រម្លឹកប្រាប់ពួកយើង ថា 
“អ្នកទាំងអស់គ្នាចាំមើល! ពេលណា ដែលសហរដ្ឋអាមេរិកមិន 
យកបំណុល ដែលខ្មែរជំពាក់ជិត៤០០លានដុល្លារ តាំងពីសម័យ 
សាធារណៈរដ្ឋ ពិសេសជិតដល់ពេលបោះឆ្នោតឆ្នាំ ២០១៣ 
ពេលនោះលោកសម រង្សី នឹងវិលចូលស្រុកវិញ” អាចេកធ្លាប់ 
សួរពីហេតុផល តែនាងប្រាប់វិញថា “គួររៀនគិតខ្លះ កុំបើកសៀវ 
ភៅចាក់ កុំឲ្យគេបង្ហាញទាំងអស់ៗពេក” ហើយនាងក៏ធ្លាប់ប្រាប់ 
ពួកយើងពីការតាំងចិត្តរបស់នាងថា “ពេលរៀនចប់ បើអាចធ្វើ 
បាន ខ្ញុំនឹងឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្តខាងគណបក្ស 
ជំទាស់” ខ្ញុំជូនពរឲ្យនាងបានសម្រេច តាមអ្វីដែលនាងប្រាថ្នា។ 
បើនាងបានជាតំណាងរាស្រ្ត ខ្ញុំជាសូហ្វើបើកឡានជូននាងក៏បាន 
ដែរ។

ថ្ងៃនេះ រឿងជនជាតិសៀម៧ជាប្រធានបទសំខាន់ ដែលត្រូវ 
ជជែក។ កល្យាណ ដែលកំពុងអង្គុយទល់មុខខ្ញុំ សួរសំណួរទៅ 
អ្នករាល់គ្នា។ ខ្ញុំឆ្លើយមិនចេញ ព្រោះអារម្មណ៍ខ្ញុំកំពុង ហោះហើរ
ទៅស៊ីពេរសម្រស់របស់នាងបាត់ទៅហើយ។ ខ្ញុំ ដែលទើបតែ 
ទទួលបានរង្វាន់ថ្មីៗ ពិបាកដកចិត្តចេញពីនាងណាស់ ពេលនាង 
សួរខ្ញុំ ខ្ញុំប្រាប់នាងវិញថា “ខ្ញុំសុំមិនឆ្លើយ” នាងថា “មិនបានទេ 
ព្រោះ មុននេះច្រៀងកំសាន្ត ម៉េចក៏ធ្វើបាន គ្រាន់តែសួរនាំពីគំនិត 
ទស្សនៈសោះអីក៏តឹងតែង ដូចអូសឫស្សីបញ្រ្ចាសចុងម៉េះ?” 
ឆ្លើយក៏បាន តែសុំមិននិយាយ ខ្ញុំសុខចិត្តសរសេរចម្លើយវិញ តើ 
បានទេ? នាងថា “និយាយៗ មកបូរបាច់ច្រើនតិចខកបាយ”។ ខ្ញុំក៏ 
ឆ្លើយប្រាប់នាងដូចគេដូច ឯងយល់ដែរ “ពួកសៀមចាប់ដាក់ 
គុកនៅតិចទេ។ បើខ្មែរចូល ដីសៀមឆ្ងាយដល់ម្លឹង ប្រហែលវា 
បាញ់សម្លាប់ចោលបាត់ទៅហើយ”។ កុំនិយាយដូចគេបានទេ?
(មិត្តរបស់ខ្ញុំ)។ សុំទោស! ខ្ញុំមិនទាន់ឮនរណានិយាយទេទីនេះ ខ្ញុំ 
ជាជនទីមួយដែលឆ្លើយ នឹងសំណួររបស់កល្យាណ។ តែឯង 
និយាយនេះ យកទស្សនៈរបស់អ្នកកាសែត យកសម្ដីរបស់អ្នក 
នយោបាយមកនិយាយណ៎ា។

ពុទ្ធោអើយ! បើខ្ញុំមិននិយាយតាមគេ ខ្ញុំមានពាក្យឯណានិយាយ 
ពួកម៉ាកអ្ហ៎ា! កុំដាក់ទោសខ្ញុំពេក ទុកឲ្យខ្ញុំនិយាយ តាមគេខ្លះបាទេ 
មិត្តខ្ញុំស្រែកកំហកដាក់ខ្ញុំ “មិនបានទេ! គេឲ្យឯងបញ្ចេញគំនិត 
ទស្សនៈរបស់ឯង គេមានឲ្យឯងនិយាយតាមគេឯណ៎ា។ រំពេច 
នោះ មិត្តម្នាក់ទៀតដែលចូលអន្តរាគម “កុំសូវពេកពួកម៉ាក។ 
គ្រាន់តែនិយាយតាមគេក៏មានទោសដែរ ខ្ញុំមើលទៅឯង ក៏មាន 
អាកប្បកិរិយាដូចគេដែរ ម៉េចក៏ឯងចម្លងគេធ្វើអី អាចេកអាំង 
អើយ។ ខ្ញុំចម្លងនរណាគេ ត្រង់ណា? ណ្ហើយប្រាប់ក៏បានដែរ 
ល្បងចេកអើយ ឯងចម្លងតាមអ្នក ដែលចាប់គុណ្ណកានោះអី គ្រាន់តែគាត់ចម្លងព័ត៌មានពីខេអាយ ចែកគ្នាអាន ក៏ចាប់គេដាក់ 
គុកដែរ ម៉េចដឹងហើយឬនៅថា ឯងកំពុងចម្លងគំនិតជនផ្ដាច់ការ 
ទាំងនោះគេមកប្រើ។

អាចេកបាត់មាត់ដូចគេចុក ចំណែកកល្យាណនៅធ្មឹងស្ដាប់ យើង 
ឈ្លោះគ្នា បន្តាប់មកនាងនិយាយ "នេះគ្រាន់តែរឿងតូចមួយសោះ 
ប្រុងកាប់ចាក់គ្នាទៅហើយ អីចឹងឯងបានជាអ្នកនយោបាយខ្មែរ
មិនចុះសម្រុងគ្នាសោះ ម្នាក់ៗរវល់តែហែកហួរគ្នា ម្នាក់ៗរវល់
តែឈ្លោះទាល់ទែងគ្នា មិនគិតនាំគ្នាយកប្រយោជន៍ជាតិដាក់ពី
មុខទេ គិតតែបក្សពួក គិតតែប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ 
ខ្លួន ស្មានតែយើងមិនដឹងឬ? អ្នកធំខ្លះគ្មានខ្មាសយើងបន្ដិចទេ ព្រោះតែអំណាចដ៏ជោរជន់របស់ពួកគេ ពួកឯងក៏ដូចគ្នាដែរ រៀន 
មើលអ្នកនយោបាយប្រទេសគេផ្សេងៗផង កុំចម្លងគំនិតអញ 
និយមពីអ្នកនយោបាយខ្មែរយើង មកដាក់ខ្លួនច្រើនពេក 
ប្រយ័ត្នថ្ងៃក្រោយកាត់តាម។

អាចេកឡើងស្មឿក មុខវាដូចត្រូវគេទះមួយកំភ្លៀង ឡើងក្រហម 
វាក្រពុរមុខ ក៏និយាយប្រាប់ទៅកល្យាណថា “និយាយរឿងផ្សេង 
ខ្លះទៅ! ខ្ញុំប្រាប់អាថ៌កំបាំងមួយ! គឺអាខ្មៅនេះ (អាចេកចង្អុលខ្ញុំ) 
វាកំពុងតែលួចស្រឡាញ់កល្យាណឯង” ទាំងអស់គ្នា ម្នាក់ៗឆ្ងល់ 
នឹងអាកប្បកិរិយាអាចេកគ្រប់ៗគ្នា អ្នកខ្លះចោទវាត្រង់ៗថា អា 
នេះគួរទៅពេទ្យឆ្គួតហើយ។ ឯខ្ញុំវិញ ត្រូវកល្យាណសម្លឹងមុខ។ ខ្ញុំ 
មិនហ៊ានមើលនាងចំទេ ពេលនេះ វេទិកាវិភាគនយោបាយ 
ក្លាយជាវេទិកាស្នេហាម្ដង។ ម្នាក់ៗ សម្លឹងមកខ្ញុំ ខ្លះចង្អុលចំថ្ងាស 
ខ្ញុំប៉ក់ៗ ខ្ញុំដូចគេកំពុងស្ដោះទឹកមាត់ដាក់លើក្បាលអីចឹង តែទ្រាំ 
ទប់ខ្លួន។ ខ្ញុំនឹកក្នុងចិត្ត មិនគួរណាអាចេក វាមកហែកកកាយពោះ 
វៀនពោះតាំងខ្ញុំយ៉ាងនេះសោះ អានេះឆ្គួតនឹងនយោបាយក្លាយជា
មនុស្សវង្វេងទិសហើយមើលទៅ។

បានហើយៗ! រឿងនេះមិនមែនស្ថិតក្នុងរបៀបវារៈព្រឹកនេះទេ 
(កល្យាណស្រែក)។ សំឡេងចំអកឲ្យខ្ញុំក៏ស្ងាត់។ ខ្ញុំសរសើរ 
កល្យាណ ដែលនាងក្លាហានជម្នះ ភាពរំជើបរំជួលរបស់ក្រុមនេះ 
បាន ហើយបង្អាក់ចិត្តច្រួលច្របល់របស់ខ្ញុំបានដែរ។ ខ្ញុំក៏និយាយ 
ទៅអាចេកថា “អាចេក! ថ្ងៃក្រោយមិននឹងនិយាយអី មើលមុខ 
មើលក្រោយផង។ កល្យាណជាស្រី គេមានការ ខ្មាសអៀនដែរ 
កុំសម្ដែងអាកប្បកិរិយាក្លាហានជ្រុលរបស់ ឯងពេក។ រំពេចនោះ 
កល្យាណគម្រាមខ្ញុំ”ល្មមបំភ្លេចចោលទៅ បើនៅតែនិយាយពី 
ស្នេហាអីនោះទៀត ខ្ញុំសុំទៅមុន”។

ម្នាក់ៗស្ងាត់ដូចគេចុក ពិសេសអាចេកអាំង វាប្រហែលស្ដាយ 
ក្រោយមិនតិចទេ​ ដែលទំលាយរឿងឆ្កួតៗចេញពីទ្រូងវា។ 
កល្យាណរៀបទាញកាបូបដើរចេញពីពួកយើង នាងប្រលូយ 
ពាក្យពីរបីម៉ាត់ថា “ពួកឯងកំពុងមើលងាយខ្ញុំ។ ខ្ញុំចាត់ទុកពួកឯង 
ជាមិត្តយូរហើយ តែឯងនៅតែបំពានលើខ្ញុំ ពេលឃើញខ្ញុំចូល 
ទៅជិតពួកឯង។ ពីថ្ងៃនេះទៅ ពួកឯងកុំនិយាយពីខ្ញុំ កុំសរសេរ 
អ៊ីម៉ែលមកខ្ញុំ កុំសួរខ្ញុំ គឺកុំទាក់ទងនឹងខ្ញុំបានទេ?” ភាពឆ្នាស 
របស់​នាង បានចេញមកក្រៅហើយ គ្មាននរណាឆ្លើយតបនាងទេ 
ខ្ញុំប្រថុយនិយាយ “កល្យាណអើយ! មិនទាន់ដឹងរឿងពិតផង បិទ 
សេរីភាព គ្នាយើងទៅហើយ។ ខ្ញុំនៅទីនេះ ម៉េចក៏មិន រកហេតុ 
ផល? ខ្ញុំ ឃើញឯងមិនខុសពីអជ្ញាធរខ្មែរប៉ុន្មានទេយ៉ាងនេះឬ 
ដែលឯងចង់ បានសេរីភាពក្នុងការបញ្ចេញមតិនោះ? យ៉ាងនេះឬ 
ដែលឯងចង់ ឲ្យសង្គមមានលទ្ធិប្រជាធិបតេយ្យនោះ? បើយើង 
នៅជុំគ្នា បើយើងជាមិត្តនឹងគ្នា ស្គាល់គ្នាយូរហើយ តែឯងសម្ដែង 
អាកប្បកិរិយាឆ្មើងឆ្មៃ ខឹងរត់ចេញពីបញ្ហាធ្វើម៉េចអាចដោះ 
ស្រាយបញ្ហាបាន កុំធ្វើដូចលោកសម រង្សី រត់ចោលកូនចៅ 
ទៅបរទេស មិនហ៊ានជាប់គុកដើម្បីសេរីភាព មិនសមជាមេទេ។
ពីមុនឯងធ្លាប់ប្រាប់ខ្ញុំថា អ្នកស្រីមួ សុខហួ ជានារីឆ្នើម គាត់ក្លា ហាន ហ៊ានចូលគុក តែអ្នកចាប់បែរជាខ្សោយទៅវិញ។ ឯងក៏ដឹង
រឿងនេះដែរ។ ឯងមើលអ្នកដឹកនាំភូមា អ្នកស្រី អ៊ុងសាន ស៊ូជី គាត់ជាប់គុកអស់ប៉ុន្មានឆ្នាំ? ប្រជាជនភូមា ឲ្យតម្លៃគាត់ប៉ុនណា។
តែកល្យាណឯងវិញគ្រាន់តែរឿងផ្ទាល់ខ្លួនសោះ ក៏ដាក់មេផាយ
ទៅហើយ ទម្រាំរឿងស្លាប់រស់របស់ជាតិ មិនកាន់តែយ៉ាប់ទេឬ?
(សម្បត្ដិដុតភ្លើងបន្ថែម ធ្វើឲ្យកល្យាណស្ទើរស្រក់ទឹកភ្នែក)។

កល្យាណមុខឡើងក្រហមមួយរំពេច ប្រហែលនាងមិននឹកស្មាន 
ថា ខ្ញុំហ៊ានបង្ហាញហេតុផលដល់នាង ធ្វើឲ្យនាងបាក់មុខបែប 
នេះឡើយ នាងក៏តបមកខ្ញុំវិញ “រឿងងនយោឮបាយផ្សេង រឿង 
ផ្ទាល់ខ្លួនរបស់ខ្ញុំផ្សេង ចូលគ្នា មិនបានទេ។ បានហើយ! ពេល 
ក្រោយចាំនិយាយគ្នា ទៀតកុំឲ្យ ឆ្នាំថ្មី រកាំរកុះពេក” កល្យាណថា 
តែប៉ុណ្ណោះ ក៏ក្រោកដើរចេញ។

សុំទោសកល្យាណ ខ្ញុំគ្មានបំណងបំបាក់នាងទេ នេះហើយជា 
សេរីភាពបញ្ចេញមតិ ដែលយើងទាំងអស់គ្នាចង់បាន។ តែទោះ 
យ៉ាងណាក៏ដោយ នាងមិនមែនទៅរហូតទេ នាងក៏មិនប្ដឹងប៉ូលីស 
ឲ្យយកពួកយើងទៅដាក់គុកដែរ ព្រោះនាងជាមនុស្សសេរី 
ប្រជាធិបតេយ្យ(ខ្ញុំគិតតែក្នុងចិត្តម្នាក់ឯង) កល្យាណ នាងក្រោក 
ពីទីជជែក នាងសម្លឹងមុខខ្ញុំ ខ្ញុំដឹងថានាងខឹងពួកយើង ពិសេស 
អាចេក និងខ្លាំងជាងនេះ គឺខ្ញុំ តែមិនអីទេ ពេលជួបគ្នាលើក 
ក្រោយ ខ្ញុំនឹងនិយាយរឿងកំប្លែងឲ្យនាងស្ដាប់ ឬមួយខ្ញុំសុំអភ័យ 
ទោសពីនាងក៏បានដែរ។

កល្យាណចេញទៅបាត់ហើយ យើងបាត់អ្នកគាំទ្រដ៏សំខាន់ បាត់ 
អ្នកដឹកនាំដ៏ល្អ និងបាត់នារីម្នាក់ដ៏ស្រស់សោភាផងដែរ។ ម្នាក់នេះ 
មិនងាយខឹងទេ តែការដើរចេញរបស់នាងបញ្ជាក់ថា នាងអស់ 
ការអត់ធ្មត់ហើយ។ យ៉ាងណាក៏ដោយ ខ្ញុំមិនអាចឈប់ស្រឡាញ់ 
នាងបានឡើយ។ សង្ឃឹមថា ថ្ងៃច័ន្ទទី៣ ខែ មករា ឆ្នាំ២០១១ ពេល 
យើងវិលចូលសាកលវិទ្យាល័យវិញ កល្យាណនឹងនាំយករឿង នយោបាយល្អៗ ថ្មីៗ មកជជែកជាមួយពួកយើងទៀតមិនខាន។ សួស្តីឆ្នាំថ្មី!


No comments:

Post a Comment