កំណាព្យនេះពុំមានឈ្មោះអ្នកនិពន្ធទេ
ស្រាវជ្រាវ ដោយលោក ខូ តារាឫទ្ធិ
សំឡេងតាវ៉ៅ ហាត់យំស្រែកហៅ នាព្រលឹមស្រាង
ទិនករសន្សឹម ពេលអរុណស្វាង រស្មីល្អះល្អាង
ឯបូព៌សូរ្យសែង។
សំឡេងតាវ៉ៅ ក្រឡេកមើលទៅ ជើងមេឃបែកផ្សែង
ពពកមីរដាស ត្រជាក់ក្រៃលែង សន្សើមនោះឯង
រុះរោយប្រោះព្រុំ។
សំឡេងតាវ៉ៅ នាំចិត្តហ្មងសៅ សង្វេគខ្លួនខ្ញុំ
ដោយនឹកស្រមៃ អាល័យមាសមុំ កម្មអ្វីបង្ខំ
យើងបែកគ្នា។
សំឡេងតាវ៉ៅ បក្សីទំនៅ លើមែករុក្ខា
ឲ្យបងនឹកភ្នក ដល់ក្តីស្នេហា នឹកពនិតា
ឱរ៉ាមួហ្មង។
សំឡេងតាវ៉ៅ ប្រឹងដង្ហោយហៅ រាយទំនុកផង
អនុស្សាវរីយ៍ រូបអូននឹងបង ប្រេះឆាកន្លង
រកប្រៀបពុំបាន។
សំឡេងតាវ៉ៅ ឮនាំសោកសៅ ពុំមានស្រាកស្រាន
ហាក់ដូចសើរើ នូវទុក្ខក្នុងប្រាណ នឹងថ្លែងពុំបាន
ញ័រឥន្ទ្រីយ៍ពេក។
សំឡេងតាវ៉ៅ នាំតែមួម៉ៅ ក្តុកក្តួលសង្វេគ
ឱតាវ៉ៅយំ ស្រណេះអនេក ស្ទើរចេញទឹកភ្នែក
ស្រោចស្រប់លើប្រាណ។
សំឡេងតាវ៉ៅ ហាក់ដូចកំដៅ អគ្គីចំណាន
ចូលមកដុតរោល វិយោគពេញប្រាណ អាល័យកល្យាណ
ធ្លាប់បានកៀកកើយ។
សំឡេងតាវ៉ៅ បងព្រាត់ស្រីពៅ យូខែឆ្នាំហើយ
ពុំងារចាំទេ ពាក្យយើងឆ្លងឆ្លើយ ថាមិនបែកឡើយ
ស្បថស្បែសម្បើម។
សំឡេងតាវ៉ៅ រូបរាងតែងនៅ នឹកឃើញរឿងដើម
ពេលបងបណ្ដើរ ស្រីក្រោមសន្សើម អូនចងចិញ្ចើម
ពេលបងបង្អាប់។
សំឡេងតាវ៉ៅ ស្រីភ្លេចឬនៅ នួនក្តិចបងខ្វាប់
ថានាងល្អឆើត ដំណើរស្វាហាប់ កុំឲ្យសារស័ព្ទ
សរសើរស្នេហ៍ស្នង។
សំឡេងតាវ៉ៅ ពេលបងលាទៅ មាសមុំបែរខ្នង
ខឹងបងថាម្តេច ក៏ឆាប់កន្លង យូរៗជួបម្តង
ជាប់ចិត្តវិលភ្លាម។
សំឡេងតាវ៉ៅ ឮសូរក្រអៅ ដូចបងទារទាម
ឲ្យស្រីនាងច្រៀង ចម្រៀងឲ្យរៀម ព្រឺព្រួចប្រាណតាម
សំឡេងស្រួយស្រេះ។
សំឡេងតាវ៉ៅ ទោះឃ្លាតចេញទៅ ពីគ្នាដូច្នេះ
អនុស្សាវរីយ៍ ក្រអូបអ្វីម្លេះ ចាំគ្មានរបេះ
បំភ្លេចពុំបាន។
សំឡេងតាវ៉ៅ អ្នកយល់ជំរៅ នូវចិត្តខ្ញុំបាន
ធ្វើម្តេចខ្ញុំក្រ ត្រដរចាំស្ថាន សម្បត្តិថ្កើងថ្កាន
ពុំបានប្រាកដ។
សំឡេងតាវ៉ៅ អ្នកឈប់យំទៅ នាំតែកំសត់
ខ្ញុំសូមអង្វរ ព្រោះខ្ញុំបានស្បថ បានទាំងសន្មត់
ថាចាំជាតិក្រោយ៕
No comments:
Post a Comment