Thursday, January 13, 2011

អ័រគីដេ

 by C write

រដូវក្ដៅនៅសហរដ្ឋអាមេរិក នៅទីណាក៏មានផ្ការីកដែរ ធម្មជាតិ 
លម្អរទៅដោយភាពស្រស់បំព្រង ចម្រុះពណ៌ ដោយមានការតុប 
តែងរចនាយ៉ាងហ្មត់ចត់ ពីអ្នកឯកទេស។

បក្សីមួយគូ ដែលស្វែងរកទ្រនុំថ្មី បានប្រទះភ្នែកនឹងដែនដីដ៏មាន 
សោភ័ណនេះ ហើយនាំគ្នាសំចត រកទីស្នាក់អាស្រ័យ ព្រោះមើល 
ទៅដែនដីនេះ ជាទីដ៏រុងរឿងជាស្រុកនានា ដែលខ្លួនធ្លាប់ បានឆ្លងកាត់ 
ពិសេសទីកំណើតនៅអាស៊ី ដ៏សម្បូរណ៍រឿងចម្រូងចម្រាស់ ខ្វះ 
សេរីភាព ខ្វះសុវត្ថិភាព មិនមានការគាំពារផ្នែកច្បាប់ ខាងសង្គមកិច្ច 
ឡើយ ដែលទាំងបក្សីទាំងគូធ្លាប់ដើរឆ្លងកាត់ និងមានពិសោធរួច 
ហើយ។

ដែនដីអាមេរិក ពោរពេញដោយសេរីភាពមែន បក្សីទាំងឡាយ ត្រូវ 
បានការពារដោយច្បាប់ សត្វទាំងអស់មិនភ័យ ព្រួយខ្លាច មនុស្ស 
សម្លាប់ ឯភោគផលចំណីអាហារក៏ហូរហៀរមិនពិបាក ហើរស្វែង 
រកតាមវាលស្រែ នាំភ័យអន្តរាយដល់ខ្លួនដែរ។

បក្សីញីឈ្មោលមួយគូ ដែលមកពីដែនឆ្ងាយ បានសម្រេចធ្វើ 
សំបុកនៅលើដើមប៉ោម រស់នៅយ៉ាងសុខដុមរមនា។ រាល់ពេល 
បក្សីហោះហើរទៅណាម្ដងៗ គេទៅទាំងគូ ហើយតែងតែពាំនាំនូវ 
ភាពរីករាយចូលមកសម្បុកវិញជានិច្ច។ ម្ចាស់ចម្ការសម្គាល់
ឃើញបក្សីទាំងគូ មិនដូចសត្វដែលនៅទីនេះឡើយ តែគេមាន
អធ្យាស្រ័យ ឲ្យធ្វើសម្បុកក្នុងចម្ការប៉ោមរបស់គេ។

ព្រោះតែសេចក្តីសុខមានច្រើនពេក បក្សីទាំងគូសម្រេចមានកូន 
ដើម្បីបានតពូជពង្សវង្សត្រកូល នៅលើទឹកដីដ៏ស៊ីវិល័យមួយនេះ 
ភាពផ្អែមល្ហែមនៅតែបន្ដពីមួយថ្ងៃទៅមួយថ្ងៃ រសជាតិជីវិតនៅ 
ស្រុកគេពោរពេញទៅដោយមោទនភាព និងក្ដីសង្ឃឹមទៅអាគត ថ្ងៃ 
ណាក៏គេរម្លឹក ចង់ទៅនាំបក្សីផ្សេងៗ នៅឯមាតុភូមិ មករស់ នៅលើ 
ដែនដីនេះដែរ ដើម្បីឲ្យសត្វទាំងនោះបានស្គាល់ពីអ្វី ដែលគេហៅថា 
សេរីភាព ភាពស៊ីវិល័យរបស់សង្គមសត្វ សង្គមមនុស្ស នៅលើ 
ដែនដីនេះ។

ធម្មជាតិនៅតែបង្ហាញពីសម្រស់របស់ខ្លួនដដែល​ បក្សីញីបានក្រាប 
ពងនៅក្នុងសម្បុករបស់ខ្លួន ឯបក្សីឈ្មោលតែងតែចេញទៅរក 
ចំណីមកបំប៉នបក្សីញី។

យូរៗម្ដង អាកាសធាតុត្រជាក់ចាប់ផ្ដើមធ្លាក់មក ស្លឹកឈើចាប់ប្រែ 
ពណ៌ពីបៃតងទៅជាក្រហម និងជ្រុះជាបន្ដបន្ទាប់។ ការផ្លាស់ប្ដូរ 
អាកាសធាតុនេះ ធ្វើឲ្យបក្សីឈ្មោលប្រឹងប្រែងរកចំណីទុក​យ៉ាង 
ច្រើនក្នុងសំបុក។ បក្សីញីត្រេកអរដែលឃើញបក្សីឈ្មោល ដែល 
ខ្លួនស្រឡាញ់ពេញដើមទ្រូងចេះយកចិត្តទុកដាក់ រកចំណីទុកការពារ 
ពេលមានគ្រាអាសន្ន បក្សីញីប្រាប់ទៅបក្សីឈ្មោល កុំឲ្យខំប្រឹងពេក 
របស់របរច្រើនប៉ុណ្ណឹងគ្រប់គ្រាន់ហើយ តែមួយរយៈខ្លីទៀតទេ កូន 
កើតមក ពួកវាអាចរកចំណីបានខ្លួនឯងហើយ កុំខំពេកប្រយ័ត្នឈឺ
ព្រោះចំណីដែលយើងយកមកពីទឹកដីកំណើតក៏មិនទាន់អស់ដែរ។

កូនចាបមួយគូញាស់ចេញពីសំបក ស្របពេលដែលដើមប៉ោម 
នៅសល់តែមែកជ្រោងច្រុះ។ មេបានទាំងពីរនាំគ្នាឪបក្រសោប កូន 
ព្រោះមានភ្លៀងខ្យល់ និងអាកាសធាតុត្រជាក់មិនដែលជួបពី មុន 
មក។ កូនចាបបានកំដៅមេបាវា បានចំណីធំធាត់បន្ដិចម្ដងៗជិតដុះ 
ស្លាបអាចហើរចេញពីសម្បុកហើយ។ មេចាបមានកង្វល់ ណាស់ 
ព្រោះពួកគេពិបាកទ្រាំនឹងធាតុត្រជាក់នេះមែនទែន។

ទើបតែមកដល់ដែនដីថ្មីនេះ ជួបសប្បាយមិនបានយូរប៉ុន្មានផង 
ស្រាប់តែមានបញ្ហានឹងអាកាសធាតុ។ ព្រិលទឹកកកចាប់ធ្លាក់ បក្សី 
ទាំងទ្វេររងារញាក់ កូនបក្សី ដែលមិនទាន់ដុះស្លាបពេញ អាចហោះ 
ហើរបាននោះ ស្រែកយំរញៀវ ត្រូវការកំដៅពីទ្រូងមេ​បា។ ព្រោះតែ 
អាណិត ស្រឡាញ់កូន បក្សីទាំងគូទ្រាំខាំមាត់ សំកុកក្រាបទ្រោបពី 
លើកូន។ ស្នូធ្លាក់មិនឈប់ នៅលើដងផ្លូវ នៅ​លើដំបូល និងគ្រប់ទី 
កន្លែងនៃដែនដីប៉ែកខាងកើត ឬតំបន់ញូវអ៊ិងឡិន្ដ គ្របដណ្ដប់ដោយ 
ទឹកកក។ ដើមឈើ ដែលមុននេះជ្រុះ​ស្លឹកអស់ ក៏ត្រូវជំនួសមកវិញ 
ដោយដុំទឹកកក ដែលកកតាមមែក ដូចសរសៃពីងពាងរយីងរយោង 
ពាលពេញដើមឈើ។

ច្រើនថ្ងៃហើយ មិនមានឮសំឡេងបក្សីចេញពីសំបុកឡើយ សត្វ 
កំប្រុក ដែលតែងតែរត់ចុះរត់ឡើងពីដើមឈើមួយទៅដើមឈើ 
មួយទៀតក៏ខានឃើញ ឯហ្វូងក្អែកដ៏ច្រើន ក៏មិនដឹងជាទៅណា​
អស់ដែរ។ រដូវស្នូធ្លាក់ គ្រប់ទីកន្លែងមិនអ៊ូរអរទេ ធាតុត្រជាក់បាន 
ដេញមនុស្សសត្វឲ្យរកទីកំដៅរៀងៗខ្លួន។

ពន្លឺព្រះអាទិត្យផ្ដើមរះ ផ្ដល់កំដៅមកផែនដី ទឹកកកចាប់រលាយ ស្លឹក 
ឈើក៏ចាប់ផ្ដើម លាស់ឡើងដែរ។ ស្លឹកឈើលាស់ ផ្កាក៏រីក ទិដ្ឋភាព 
នៅតំបន់អាមេរិកខាងកើត វិលមករកសោភ័ណជាថ្មី។

ចម្ការប៉ោមស្លឹកខៀវស្រងាត់ ផ្លែប៉ោមចាប់ចេញពីដើមទាំង 
ចង្កោមៗដែរ។ នៅលើដើមប៉ោមមួយ ដែលមានសប្បុកសត្វ មាន 
កញ្ចុំវល្លិ ហើយមានចេញផ្កាច្រើនពណ៌ផង។ ម្ចាស់ចម្ការឆ្ងល់ ព្រោះ 
គាត់ថែទាំចម្ការប៉ោមយូរដែរហើយ មិនដែលមានផ្កា ចម្លែកដុះចេញ 
ពីដើមប៉ោមទេ។ ផ្កានៅលើដើមប៉ោមទាក់ទាញ មនុស្សជាច្រើន 
ដែលទៅលេងចម្ការប៉ោមឲ្យទៅទស្សនា។ ចុងក្រោយ ម្ចាស់ចម្ការ 
បានដឹងថា ផ្កាដែលដុះចេញមកនោះ គឺដូចគ្នានឹងពូជផ្កា ដែលគាត់ 
បានថតពីដើមត្នោត នៅក្នុងប្រាសាទអង្គរ ប្រទេសកម្ពុជា។ ម្ចាស់ 
ចម្ការថែទាំផ្កាយ៉ាងយកចិត្តទុកដាក់ និងរីករាយ។ ផ្កាដ៏ស្អាតប្រភេទ 
នេះ ដុះនៅក្នុងចម្ការរបស់គាត់ងាយពេក គាត់ចង់បានពូជផ្កានេះ 
មកដាំយូរហើយ តែគេមិនអនុញាតឲ្យយកចូលឡើយ។

ចុងក្រោយ គេបានឃើញឆ្អឹងសត្វនៅផ្ដុំក្នុងសំបុករបស់វា ដែល 
ចាក់ជាប់ដោយឫសរបស់អ័រគីដេព្រៃ៕

No comments:

Post a Comment