Friday, January 28, 2011

ជាតិក្រោយ

by Synoda

រសៀលម៉ោង៤ ព្រះអាទិត្យចាប់ផ្តើមបន្ទាបខ្លួនសន្សឹមៗ កសិករនាំគ្នា សំរាកហើយ ធ្វើដំណើរត្រលប់មកផ្ទះទាំងហ្វូង ដើរបណ្ដើរជជែកគ្នា លេងបណ្ដើរ សើចក្អាកក្អាយ មិនមានខ្វាយខ្វល់អ្វី។ ប៉ុន្តែក្នុងនោះ មាន ស្ត្រីម្នាក់ធ្វើដំណើរហាក់ប្រញាប់ប្រញាល់ មិនបានចូលរួមក្នុងការ លេងសើចជាមួយនឹងគេទេ។

មីងសុន មានវ័យ៤០ឆ្នាំផ្លាយ តែរូបរាងស្គមស្គាំង រួមនឹងភាពក្រីក្រ សម្លៀកបំពាក់ចាស់ៗរបស់គាត់ ធ្វើឲ្យគាត់ចាស់ជាងអាយុជិត១០ឆ្នាំ។ គាត់ប្រញាប់មកផ្ទះដើម្បីធ្វើ ម្ហូបសំរាប់កូនទាំង៥របស់គាត់ ឯប្តី របស់គាត់ ពូសឿនមិនមានធ្វើការងារអ្វីពិតប្រាកដឡើយ ក្រៅពីធ្វើជា កម្មករលក់ពលកម្ម តែការងារដែលគាត់មិនដែលភ្លេច គឺជុំគ្នាផឹកស្រា ឡូឡាពេញភូមិរករឿងប្រពន្ធកូន។ ពូសឿន មើលទំលាប់វាយតប់ ស្រវឹង ឡូឡាពីឱពុករបស់គាត់ ដែលធ្វីឲ្យ ម្តាយរបស់គាត់គ្រាំគ្រា រហូតដល់ស្លាប់ តែគាត់បែរជាមិនមានការឈឺចាប់ ជំនួសម្តាយហើយ យកសកម្មភាពទាំងនោះ មកប្រើជាមួយប្រពន្ធកូនគាត់ទៅវិញ។

មីងសុនដាក់ដាំបាយ រួចរត់ទៅដងទឹកដាក់ពាងផង ព្រោះមិនមានទឹក លាងបន្លែឯកូន ស្រីធំអាយុ១៤ឆ្នាំ ជួយមើលប្អូនៗដែលរពឹសទាំង៤ មិនអាចជួយអ្វីផ្សេងបាន។ រែកទឹកមកដល់ផ្ទះ កូនស្រីធំ ស្រែកពីក្នុង ផ្ទះទៅ  ម៉ែបាយធំក្លិនខ្លោចហើយ ខ្ញុំទៅមើលមិនកើតទេ អាអូនបត់ ជើងហើយ។” មីងសុនប្រញាប់ទៅដកឧសបន្ថយ ភ្លើងបាយ គាត់ខំធ្វើ ម្ហូបញាប់ដៃញាប់ជើង ព្រោះជិតដល់ពេលប្តី ត្រលប់មកផ្ទះ ហើយកូន តូចក៏ឃ្លានបាយណាស់ដែរ។

ពូសឿនត្រលប់មកផ្ទះដោយទទ្រេតទទ្រោត និយាយចេញមកធំ ក្លិន ស្រាឲ្យហួង “ម៉ែវា! បាយ​ឆ្អិនឬនៅអញឃ្លានហើយ” “ឆ្អិនហើយពុកវា ខ្ញុំកំពុងរៀបចំ” មីងសុនប្រញាប់តប ហើយដួសបាយដាក់ ចានរៀប ម្ហូបឲ្យប្តី និងកូនៗ។

ពូសឿនចូលហូបបាយគ្រាន់តែដួសបាយមួយម៉ាត់ចូលមាត់ គាត់ក៏ ព្រួសចេញមកវិញ ហើយស្រែកគំហកក្តែងៗ “មីងាប់! ដាំបាយខ្លោច យកមកឲ្យអញស៊ី វាមើលងាយប្តីតើមីនេះ!” ថាហើយ គាត់យកដង រែកបំរុងវាយមីងសុន។ មីងសុនរត់ចុះពីលើគ្រែ ដែលអង្គុយដួសបាយ ឲ្យកូន ឯកូនស្រីធំក៏ស្រែកឡើង “អត់ខ្លោចទេពុក គ្រាន់តែធុំក្លិនតិចៗ តើ!”។ ពូសឿនខឹងណាស់នៅពេលឃើញកូនតម៉ាត់ “យីមីនេះ! វាកាន់ ជើងម៉ែវាខុសរឿងតើ” ថាហើយ គាត់ក៏ងាកបែរ ទិសមករកកូនវិញ ម្តង ពូសឿនយា ដងរែកបំរុងនឹង សំពងកូនស្រី តែមីងសុនចាប់ ជាប់ពូ សឿនខឹងណាស់ ក៏ធាក់គាត់ មួយជើងដួលចុកឆ្អល់ទៅលើដី។ ពូសឿន មិនអស់ចិត្ត សំពងទៅ លើគាត់ថែម៤-៥ដងរែកទៀត ចំក្បាលហូរ ឈាមកខ្លាក់។ ស្រីធំរត់ ទៅយកក្រមាមករុំឈាមឲ្យម្តាយ ហើយស្រែក ឲ្យគេជួយ ឮកូន ស្រែកពូសឿនងាកមកកូនវិញម្តង តែមីងសុនប្រវេ ប្រវាឪបជើងប្តី ជាប់ ដែលធ្វើឲ្យពូសឿនរិតតែខឹងខ្លាំង គាត់ធាក់មីង សុនចេញ ហើយវាយថែម២ដងរែកទៀត មីងសុនក៏សន្លប់បាត់មាត់ ឈឹង។ អ្នកភូមិផ្អើលឈូរឆរមកមើល ខ្លះស្រែក“ចាប់ៗយកអាសឿន ទៅ សាលាឃុំ” ពូសឿនឮហើយ រត់គេចខ្លួន ដោយមាន អ្នកភូមិ៣នាក់ ដេញតាម ឯមីងសុនស្រែកតាមពីក្រោយ “ឯងនឹងមានកម្មពារទៅជាតិ ក្រោយណាអាតាប៊ិសឿន។”

មេភូមិមកដល់ក៏នាំគ្នាដឹកមីងសុនទៅពេទ្យ ហើយប្រកាសឲ្យតាម ចាប់ ពូសឿនយក ទៅសាលាឃុំ អ្នកភូមិចេញខ្វាត់ខ្វែងរួមជាមួយ ប៉ូលីស ឃុំ តាមចាប់ពូសឿន។

រាត្រីបានឈានចូលមកដល់ ចាប់ផ្តើមមើលមុខគ្នាលែងសូវឃើញ តែអ្នកភូមិនៅតែ ខំប្រឹងប្រែងតាមរកពូសឿន ដោយបញ្ចាំងពិល ឆ្វេចឆ្វាច តាមវាលស្រែរហូតធ្លាក់ដល់ មាត់បឹង ពេលនោះពន្លឺពិលបាន ទៅប៉ះនឹងស្រមោលមនុស្សម្នាក់ អ្នកភូមិក៏ស្រែកឡើង “អាសឿននៅ នោះ! ចាប់ៗ” ថាហើយ ទាំងអស់គ្នាក៏រត់តំរង់ទៅស្រមោល  សំដៅ ទៅបឹង ពន្លឺភ្លើងពិលចាំងចំមុខ គឺពិតជាពូសឿនពិតប្រាកដមែន អ្នក ភូមិកាន់តែចូលកៀកមែនទែន គាត់ក៏លោតចូលទៅ ក្នុងទឹកបឹង ហើយ មិនឃើញងើបមកទេ ទោះបីជា អ្នកស្រុកចុះរាវរក ក៏មិនឃើញ ពេល នោះ អ្នកភូមិម្នាក់ក៏និយាយថា  “ប្រហែលជាវាលិបហែលទៅឆ្ងាយ ហើយ ពួកយើងចាំស្អែកចាំរកទៀត” រួចហើយទាំងអស់គ្នាក៏ត្រលប់ ទៅផ្ទះវិញអស់ ដោយពាំនាំទៅជាមួយនូវពាក្យនិន្ទា ចំពោះពូសឿន។

ព្រលឹមស្រាងៗ មានក្មេងម្នាក់រត់ចូលភូមិហើយស្រែកប្រាប់គេគ្រប់ គ្នា “មីងពូអើយ! ពូសឿនស្លាប់ហើយ ពុកខ្ញុំស្រង់បាននៅបឹងឯ ណោះ” លឺដូច្នេះអ្នកភូមិក៏ម្នីម្នារត់ចុះ សំដៅទៅមើលសពពូសឿន ពូសឿន ស្លាប់ហើយ ជើងរបស់គាត់ជាប់ជាមួយវល្លិ៍ក្នុងទឹក ហើយប្រហែល ដោយជាតិសុរាផងដែរ ដែលធ្វើឲ្យគាត់ស្លាប់។

អ្នកភូមិជួយគ្នាបុណ្យសព គាត់ក្រោមពាក្យខ្សិបខ្សៀវគ្នា ថានេះជា កម្ម ពារពិតជាមានមែន និងការអាណិតចំពោះមីងសុន។

ព្រលឹងរបស់ពូសឿនទៅដល់ថាននរក ទីនោះងងឹតណាស់ គាត់ដើរ រាវ រហូតទៅដល់កន្លែងមានពន្លឺ ជះមកចំភ្នែករបស់គាត់ គាត់ក៏ជួបជាមួយ នឹងយមរាជ យមរាជបើក សៀវភៅក្រាំងមើលរូបភាពវាយ ដំប្រពន្ធ រយៈពេលកន្លងមក តាំងពីបានចាប់ដៃគ្នាជាប្តីប្រពន្ធ ការ ស្រវឹងជេរ បញ្ចោរ និងស្ថានភាពរត់គេចខ្លួន រហូតដល់ស្លាប់ បានប្រាកដឡើង ចំពោះមុខគាត់ ដូចជាខ្សែភាពយន្ត ហើយយមរាជក៏និយាយមកកាន់ ពូសឿន “អូអ្នកឯងបានសាងបាបកម្មច្រើនណាស់!  ជាតិក្រោយអ្នក ត្រូវប្តូរជាតិទៅជាមនុស្សស្រីវិញម្តង ព្រោះជាតិនេះ អ្នកជាមនុស្ស​ប្រុសហើយ! ហើយអ្នកត្រូវទៅសង កម្មពារដែលអ្នក បានធ្វើនៅជាតិ នេះ!” ថាហើយយមរាជ ក៏បញ្ជាឲ្យសេនានាំពូសឿន ចូលទៅក្នុង បន្ទប់ រង់ចាំការចាប់ជាតិ ដោយគាត់ចាប់ផ្តើមឃើញ ពន្លឺមួយចាំងភ្នែកគាត់ ទៀត គាត់លើកដៃបាំងមុខ ហើយលែងចងចាំអ្វីទាំងអស់។

សំលេងកូនក្មេងយំ ពេលចាប់កំនើតមកភ្លាមលឺទ្រហឹង ក្រោម សំឡេងជូនពរពីសាច់ញាតិ “ជួយអបអរផង បានកូនស្រីដូចប្រាថ្នា ហើយ អូស្អាតណាស់។”គ្រួសារ មួយនេះស្រលាញ់កូនស្រីណាស់ ទាំងពីរនាក់ ប្តីប្រពន្ធជាអ្នកមានមុខមាត់ក្នុងសង្គម ដោយឱពុកជានាយ ករងមហាវិទ្យាល័យឯកជន និងម្តាយជាបុគ្គលិកធនាគារ។

ពេលវេលាកន្លងទៅយ៉ាងឆាប់រហ័ស ធ្មេចបើកៗ២០ឆ្នាំបានកន្លង ផុត ទៅ កូនតូចក៏បានពេញរូបរាងឡើង ដោយភាពស្រស់ស្អាត មានបញ្ញា វៀងវៃ និងមានការអប់រំល្អ ហើយរស់នៅក្នុងត្រកូលមានកេរ្តិ៍ ឈ្មោះ កិត្តិយស។ សុជាតា គួរឲ្យស្រលាញ់ មានបុរសជាច្រើនតាម លួច សម្លឹង និងចូលស្តីដណ្ដឹងនាង ក្នុងនោះមានបុរសម្នាក់ ដែលឱពុកម្តាយ ធ្លាប់ស្គាល់គ្នាជាមួយឱពុកម្តាយសុជាតា ក៏ចូលស្តីដណ្ដឹងនាងដែរ។ គេ ធ្វើការនៅក្រុមហ៊ុនឯកជន មានតួនាទីជាប្រធានសាខាគ្រប់គ្រងនៅ ភ្នំពេញ ពេញចិត្តនាងដែរ ជាពិសេស ឱពុកម្តាយបានសម្លឹងទុកមកជា យូរហើយ ចាស់ទុំបានចូលស្តីដណ្ដឹងនាង បន្ទាប់ពីវិសាលបានជួបនាង តែ២ដងប៉ុណ្ណោះ។

សុជាតា មានការស្ទាក់ស្ទើរក្នុងការសំរេចចិត្ត ព្រោះមិនដែលបាន និយាយគ្នា ជាមួយវិសាលឲ្យបានយូរ តែចាស់ទុំពេញចិត្តនាងក៏ ព្រម ធ្វើតាមការសំរេចចិត្តរបស់ចាស់ទុំ ចំណែកវិសាលក្រោយពី បានជួប ជាមួយសុជាតា គេក៏មើលឃើញថានាងជាមនុស្សល្អ ក៏យល់ព្រមតាម ឱពុកម្តាយសុខចិត្តលះបង់ ជីវិតនៅលីវ ដែលពោរពេញទៅដោយ ភាពសប្បាយរីករាយ តាមបែបកំលោះកូនអ្នកមាន មករៀបការជា​មួយសុជាតា។

ជីវិតគូក្រោយរៀបការមានសេចក្តីសុខណាស់ សុជាតាធ្វើម្ហូបរង់ចាំ ប្តី ត្រលប់មកផ្ទះដោយទឹកមុខញញឹម ឯវិសាលក៏ចូលចិត្តអាហារ ដែល ភរិយាធ្វើ ទាំងពីរនាក់ចាប់ផ្តើមយល់ចិត្តគ្នាបន្តិចម្តងៗ។

តែពេលវេលាមានសេចក្តីសុខនេះ មិនបានស្ថិតស្ថេរយូរទេ ព្រោះ មិត្ត ភក្តិវិសាលចាប់ផ្តើមអផ្សុក ដែលបាត់ដៃគូកំសាន្តពេលរាត្រី  ហើយ វិសាល ក៏មានអារម្មណ៍នឹកអនុស្សាវរីយ៍កាលនៅលីវ ពេលមិត្តភក្តិ ទូរសព្ទ័ហៅវិសាល ចេញពីធ្វើការក៏ទៅជាមួយមិត្តភក្តិ ដោយភ្លេចថា មាននារីម្នាក់រង់ចាំផ្លូវគេនៅផ្ទះ។ ឯសុជាតា រៀបចំ អាហារអង្គុយចាំប្តី នៅផ្ទះ រហូតដល់លង់លក់នៅតុអាហារ  លុះភ្ញាក់ដឹងខ្លួនម៉ោង១២ អាធ្រាតទៅហើយ នាងក៏ទូរសព្ទ័ទៅរកប្តី សំឡេងពីចុងម្ខាង ឆ្លើយមក ដោយភាពស្រវឹង “បងទៅផ្ទះឥឡូវហើយ”ករុណីដាក់ទូរសព្ទ័ចុះដោយ ដកដង្ឌើមធំ នាងមានអារម្មណ៍ខ្លាច ដែលនៅផ្ទះធំដែលឱពុក ម្តាយ ចែកឲ្យតែម្នាក់ឯង ។

ពេលវេលាចេះតែកន្លងទៅ វិសាលនៅតែប្រើជីវិតបែបយុវវ័យ ដោយ ទៅក្រៅផ្ទះទុកឲ្យភរិយានៅចាំផ្ទះ  សម្រក់ទឹកភ្នែករង់ចាំផ្លូវប្តី ដោយ ភាពរងាឯកា។ ការឈឺចាប់ ភាពឯកា ធ្វើឲ្យនាងដាច់ចិត្ត និយាយប្រាប់ ប្តីពីអារម្មណ៍របស់នាង។

ថ្ងៃនេះវិសាលមិនបានទៅក្រៅផ្ទះដល់យប់ជ្រៅទេ គេត្រលប់មកផ្ទះ ពី ព្រលប់ក្រោយបាយល្ងាចរួច សុជាតាក៏និយាយទៅប្ត៉ី  “បងខ្ញុំចង់ និយាយ ជាមួយបងរឿងមួយ” “រឿងអ្វីអូន” វិសាលសួរដោយឆ្ងល់។ “ខ្ញុំមិនចង់ឲ្យបងដើរលេងពេលយប់ ដូចកាលបងនៅលីវទៀតទេ បង មិនគួរទុកខ្ញុំឲ្យនៅផ្ទះម្នាក់ឯងទេ” វិសាលជ្រួញចិញ្ចើម បន្តិចឆ្លើយតប “ដើរលេងបន្តិចបន្តួច អូនកុំប្រកាន់ច្រើនពេក” “តែម៉ោង១យប់មិនមែន ជារឿងតិចតួចទេបង ហើយមួយអាទិត្យបងទៅ ២-៣ថ្ងៃហើយ  ចុះបង ត្រលប់មកផ្ទះលឿន៣-៤ថ្ងៃដែរតើ អូនកុំរឿង ច្រើនពេក” ថាហើយ វិសាលដើរចូលបន្ទប់បាត់ ទុកឲ្យជាតា តាមសម្លឹងប្តីដោយមិនអស់ ចិត្ត។

ជីវិតរៀបការ ចាប់ផ្តើមរង្គោះរង្គើរ វិសាលនៅតែដើរលេងផឹកស៊ី ជា មួយមិត្តភក្តិរាំរែក ច្រៀងខារ៉ាអូខេ ស្រីឪបឆ្វេងឪបស្តាំ ដោយមិនបាន គិតពីចិត្តប្រពន្ធឡើយ។ វិសាលមានអារម្មណ៍ថាជីវិតអាពាហ៍ពិពាហ៍ គឺធ្វើឲ្យខ្លួនអស់សេរីភាព។

សុជាតាចាប់ផ្តើមមានផ្ទៃពោះ នាងនៅផ្ទះម្នាក់ឯងរង់ចាំប្តី  ពោះកាន់តែ ធំ ប្តីកាន់តែដើរលេងក្រៅផ្ទះ នាងនៅផ្ទះដាំបាយបោកសំលៀកបំពាក់ ដោយលំបាក។ ថ្ងៃនេះជាតាជូតផ្ទះរួចរាល់ហើយ ក៏ទៅបោកសំលៀក បំពាក់  ពេលលើកសំលៀកបំពាក់ទៅហាល ក៏រអិលដួល ដោយមិន មាននណាដឹង រហូតដល់វិសាលត្រលប់មកពី ដើរលេងជាមួយមិត្តភក្តិ ម៉ោង១២យប់។

នៅមន្ទីរពេទ្យ ជាតាគេងសំរក់ទឹកភ្នែក នោពលពេទ្យប្រាប់ថា “សូម ចូលរួមការសោកស្តាយ យើងមិនមាន លទ្ឋភាពជួយកូននាងបានទេ ព្រោះយូរម៉ោងពេកទើបមកដល់មន្ទីរពេទ្យ។” វិសាលមាន អារម្មណ៍ សោកស្តាយនៅពេលដឹងថាគេបាត់បង់កូន គេឪបជាតា ដោយទឹកមុខ ក្រៀមក្រំ  ហើយលួងលោមនាង  “មិនអីទេណាអូន យើង យើងនៅក្ មេងនៅមានឱកាសច្រើនទៀត”  ជាតាយំដោយមិន មានមាត់ក អ្វីទេតែ ក្នុងចិត្តនាងគិតថា  “ខ្ញុំមិនចង់មានកូនទៀតទេ បើកូនមិនមែនកើតមក ពីក្តីស្រលាញ់ របស់ឱពុកវាទេនោះ”។

ជាតាចេញពីពេទ្យត្រលប់មកនៅផ្ទះវិញហើយ ម្តាយនាងមកជួយ មើលថែកូន១ សប្តាហ៍ក៏ត្រលប់ទៅ ផ្ទះរបស់គាត់វិញ ដោយបានរក មនុស្សស្រីម្នាក់មក ជួយធ្វើកិច្ចការងារផ្ទះនាង។

ថ្ងៃនេះវិសាលត្រលប់មកពីធ្វីការពីព្រលប់ ដោយមិនបានចេញទៅ ក្រៅជាមួយមិត្តភក្តិ ពេលបាយល្ងាចរួច គេចូលទៅក្នុងបន្ទប់ ទៅ មើលជាតាគេងលើគ្រែ វិសាលដើរទៅជិត អោនថើបជាតា តរុណីដឹង ខ្លួនបែរមើលមុខប្តី“យ៉ាងម៉េចហើយអូនស្រួលខ្លួនបន្តិចទេ” នាងងក់ ក្បាលដោយមិនចេញវាចា វិសាលអោនថើបប្រពន្ធញក់ញី ហើយដៃ រាវមកប្រលេះឡេវអាវជាតា តែនាងបេះដៃប្តីចេញ វិសាលទុចសកម្ម ភាពសំលឹងមុខប្រពន្ធ  “យ៉ាងម៉េចនឹងអូន ក្រែង ស្រួលខ្លួនហើយតើ”  “ខ្ញុំគ្រាន់តែធូទេតែមិន ទាន់ស្រួលខ្លួនមែនទែន ឯណាបង” វិសាល ញញឹមហើយថា  “មិនអីទេ បងសុំតែបន្តិចទេ” ថារួចគេឪនថើបធីតា តូចដោយតក់ក្រហល់ ជាតាបំរះចេញពីរង្វង់ ដៃប្តីដោយអារម្មណ៍ភិត ភ័យ ឃើញកាយវិការប្រពន្ធបែបនេះ វិសាលខឹងឈួល បើទោះបីស្រី តូចខំពន្យល់យ៉ាងណាក៏ គេនៅតែ ធ្វើមុខមាំ ហើយដើរចេញពីបន្ទប់ បិទទ្វាលាន់គ្រាំង ស្ទើរលោះ ព្រលឹង មួយសន្ទុះឮសំលេងបើកឡាន ចេញទៅក្រៅបាត់ ក្រោមដំណក់ទឹកភ្នែកភរិយា។

ព្រឹកឡើងវិសាលត្រលប់មកផ្ទះ ហើយផ្លាស់សំលៀកបំពាក់ទៅធ្វើការ ហាក់ដូចមិនមានរឿងអ្វីកើតឡើង។

ជាតានៅមើលថែខ្លួនរហូតបានស្រួលបួលដូចធម្មតា ដោយមិនមាន ប្តី ជួយឲ្យកំលាំងចិត្តនាងឡើយ។

ពេលវេលាកន្លងទៅ ជិវិតគ្រួសាររបស់ជាតាមានពេលល្អ មាន ពេល ទឹកភ្នែក ឈឺចាប់ដោយមិនដឹងថាមូលហេតុអ្វីពិតប្រាកដ។ ម្តាយជាតា បានអង្វរឲ្យនាងមានផ្ទៃពោះជាលើកទី២ ព្រោះគាត់ចង់បានចៅពរ  ជា តាសម្រេចចិត្តមានកូនជាលើកទី២ ហើយលើកនេះ នាងមើលថែខ្លួន បើទោះបីប្តីនាង មិនមានពេលវេលាជាមួយនាងក៏ដោយ។ ជាតាពរ ពោះជិតដល់ថ្ងៃត្រូវសំរាលហើយ ថ្ងៃនេះនាងមិន សូវស្រួលខ្លួនសោះ រាងរសេះរសោះ ដៃជើងចំលែកពេលក្រោកពីគេង នាងសុំមិនឲ្យ វិសាលទៅធ្វើការ   “បងថ្ងៃនេះខ្ញុំមិនសូវស្រួល ខ្លួនសោះ ហើយខ្ញុំជិត ដល់ថ្ងៃត្រូវឆ្លងទន្លេហើយ បងកុំទៅធ្វើការអី បានទេ”  “មិនបានទេ! បង ត្រូវប្រជុំផងថ្ងៃនេះ” ថាហើយវិសាលដើរ ចេញទៅ ហើយស្រែកផ្តាំ មកវិញ  “អូនហៅម៉ាក់មកនៅជាមួយទៅ បើមិនស្រួលខ្លួន។”

ជាតាហៅម្តាយមកលេងជាមួយ ម៉ោងប្រហែល៣រសៀល នាងចាប់ ផ្តើមឈឺពោះ ម្តាយនាង និងអ្នកបើកឡានបានជូននាងទៅមន្ទីរ ពេទ្យ នៅតាមផ្លូវម្តាយជាតាព្យាយាមទូរស័ព្ទរកកូនប្រសារ ប៉ុន្តែ មិនអាច ទទួលការហៅចូលបាន។ ដល់មន្ទីរពេទ្យជាតាឈឺពោះខ្លាំង មែនទែន មិនអាចដើរបាន ពេទ្យក៏យកគ្រែរុញមកទទួលនាង ស្រាប់តែពេល នោះមានឡានសង្គ្រោះបន្ទាន់ ដឹកអ្នកជំងឺ ដែលមានរបួស ធ្ងន់មកដល់ ហើយលើកឡើងលើគ្រែរុញដំណាលគ្នានឹង ជាតាដែរ។ ជាតាតាម សម្លឹងអ្នករបួស ស្គាល់ជាក់ជាប្តីរបស់ខ្លួន នាងរៀបនឹង ហារមាត់ ហៅ ឈ្មោះប្តីទៅហើយ តែបែរជាអាក់សំដីទៅវិញ នៅ ពេលដែលឮពេទ្យ និយាយថា “យកគ្រែរុញមួយទៀតមកឲ្យលឿនឡើង ប្រពន្ធរបស់ គាត់របួសធ្ងន់ធ្ងរណាស់”។ តរុណី ហូរទឹកនេត្រា ដោយមិនដឹងខ្លួន តាម សម្លឹងនារីរងគ្រោះ ដែលពេទ្យរុញចេញទៅ  នាងជានារីដ្រ៏សស់ស្អាត គួរឲ្យ ស្រលាញ់អាយុមិនលើសពី១៩ឆ្នាំឡើយ តែខ្លួនប្រាណប្រឡាក់ ទៅដោយឈាមជោកជាំ។

ក្រោយពីសំរាលកូនរួចជាតា បានទទួលដំណឹងថា នារីដ៏ស្រស់ ស្អាត ម្នាក់នោះបានស្លាប់បាត់ទៅហើយ បន្សល់នូវភាពសោកសៅ និងវិប្បដិ សារី ចំពោះប្តីរបស់នាង តាមពិតថ្ងៃនោះប្តីនាងបាននាំ នារីម្នាក់នោះទៅ កំសាន្តនៅរមណីយដ្ឋានកៀនស្វាយ តែប្តីនាងបាន ប្រាប់នាងថារវល់ ធ្វើការ ហើយក៏ទៅមានគ្រោះថ្នាក់ចរាចរនៅទីនោះ។ វិសាលពិការជើង ម្ខាង  កាន់ឈើច្រត់មកមើលមុខកូន ជាតា ហុចកូនឲ្យវិសាលមើល ដោយមិនស្ដីសូម្បីមួយម៉ាត់ រហូតដល់វិសាលត្រលប់ទៅបន្ទប់ សម្រាកវិញ។

៥ថ្ងៃបានកន្លងផុតទៅ ជាតាបានចេញពីមន្ទីរពេទ្យមកផ្ទះវិញហើយ នាង បានទំនាក់ទំនងជាមួយបុគ្គលិក នៅសាលាសង្កាត់ដាក់ពាក្យបណ្ដឹង សុំ លែងលះ តែត្រូវឱពុកម្តាយនាង និងឱពុកម្តាយក្មេកអង្វរនាង ឲ្យ អាណិតចំពោះជនពិការម្នាក់។

នៅទីបំផុត  នាងយល់ព្រមបន្តជីវិតរស់នៅថែទាំប្ដីពិការ ដែលរស់ នៅ ពោរពេញដោយវិប្បដិសារី។ ពេលខ្លះនាងត្រូវទ្រាំទ្រ នឹងសំដី គំរោះ គំរើយ និងពេលខ្លះនាងត្រូវបញ្ចុក បាយទឹកប្ដី ដែលនិយាយ មិនដឹងអ្វី រវើរវាយទៅនឹងឧប្បតិហេតុនោះស្ទើរមួយជិវិត។

ការរស់នៅដោយភាពឈឺចាប់ឯកា ធ្វើឲ្យនាងនឹកអាណិតដល់កូន ស្រី ដែលមិនដឹងជួបប្រទះនឹងជីវិតដ៏ គ្រោតគ្រាតដូចជានាងដែររឺទេ ហើយអាណិតចំពោះនារីទាំងឡាយ ដែលទទួលរងការឈឺចាប់ដូច ជានាង និងមានអ្នកខ្លះលើសពីនាងទៅទៀត។ នាងក៏នឹកសសើរ ចំពោះវាសនារបស់ស្រ្តីទាំងឡាយ ដែលជីវិតពោរពេញទៅដោយ សុភមង្គល មានគ្រួសារដ៏កក់ក្តៅ។

ជីវិតគ្រោតគ្រាត ល្វីងជូចត់បានគ្រប់ដណ្ដប់មកលើជីវិតជាតា ពេញ មួយជីវិត ក្នុងវ័យជរា៧២ឆ្នាំ លោកយាយជាតាបានបាត់បង់ជីវិត ដោយ ពាំនាំនូវជីវិតដ៏សោះកក្រោះរបស់លោកយាយទៅជាមួយ។

នៅថាននរក ព្រលឹងរបស់លោកយាយបានទៅដល់ទីងងឹត ដែល ជា ផ្លូវដើរទៅរកកន្លែងយមរាជ ពេលទៅដល់ទីនោះ ព្រលឹងហាក់នឹក ឃើញរឿងដើមថា ធ្លាប់មកទីនេះ ក្នុងនាមជាមនុស្សប្រុស ពេលនោះ ទិដ្ឋភាពពីអតីតកាល បានផុសឡើងក្នុងខួរក្បាល របស់ព្រលឹងលោក យាយជាតា  ហើយពាក្យដែលគាត់ចងចាំជាងគេគឺ គាត់ត្រូវកើតជា មនុស្សស្រីដើម្បីសងកម្មពារ។ លោកយាយជាតា នឹកក្នុងចិត្ត អញ្ចឹង ជាតិក្រោយ ព្រលឹងខ្ញុំនឹងចាប់ ជាតិជាមនុស្សប្រុសវិញម្តង  ខ្ញុំនឹងធ្វើ ជាមនុស្សប្រុសដ៏ល្អម្នាក់ ដើម្បីកុំឲ្យមានកម្មពារតទៅ ជាតិមុខទៀត ព្រលឹងយល់ពីការឈឺចាប់ផ្លូវចិត្ត ដែលបានទទួល ហើយទទួល អារម្មណ៍ថា សោកស្តាយនូវអំពីដែលបានធ្វើ ឲយប្រពន្ធគ្រាំគ្រាទាំង រាងកាយ ទាំងផ្លូវចិត្ត នៅជាតិមុន ចំណែកជាតិកន្លងទៅប្តីមិនដែល ធ្វើអំពើហឹង្សា លើរាងកាយផង តែខ្លួនមានអារម្មណ៍ ឈឺចាប់ពិបាក នឹងថ្លាថ្លែង។

នឹកក្នុងចិត្តរួចហើយ ក៏ធ្វើដំណើរទៅជួបជាមួយយមរាជ ដោយព្រលឹង សង្ឃឹមថា ជាតិក្រោយបានចាប់ជាតិជា មនុស្សប្រុសដ៏ល្អម្នាក់។

យមរាជបានបើកក្រាំងមើលដំណើរជិវិតរបស់ព្រលឹង លោកយាយជា តា ហើយនិយាយថា “គួរឲ្យសោកស្តាយណាស់ អ្នកមិនអាចទៅចាប់ ជាតិជាមនុស្សប្រុសបានទេ ព្រោះប្រពន្ធដែលអ្នកធ្វើបាបនៅ ជាតិមុន មិនមែនគ្រាន់តែរបួសទេ គឺបានស្លាប់បាត់បង់ជីវិតទៅ ហើយអ្នកត្រូវ មានកម្មពារក្នុងការសំលាប់មនុស្សដូច្នេះ អ្នកត្រូវចាប់ជាតិជាមនុស្ស ស្រី ដើម្បីសិក្សាស្វែងយល់ពីអារម្មណ៍ ដែលមនុស្សស្រីបានទទួល១០ ជាតិទៅមុខទៀត”៕


No comments:

Post a Comment