Wednesday, January 26, 2011

រឿង ចាំក្នុងចិត្ត

by Tararith

ដោយចៃដន្យ ខ្ញុំបានអានរឿង ឃើញក្នុងFacebook របស់ពូ នៅក្នុង គេហទំព័រ khmerliterary.blogspot.com រឿងនេះគឺជារឿងរបស់ខ្ញុំ ដែល ធ្លាប់មានទំនាក់​ទំនង​ជាមួយពូកាលពីជាងដប់ឆ្នាំមុន។ ពួកយើង ចាស់ៗ ពាក់កណ្ដាលមនុស្ស​ទៅ​ហើយ តែពូនៅមិនទាន់រៀបការទៀត ខ្ញុំដឹងថាពូ ប្រើប្រាស់ពេលវេលាច្រើន​សម្រាប់រៀនសូត្រ ខ្ញុំបានដឹង តាមរយៈមិត្ត របស់ខ្ញុំ គឺចន្រ្ទា ដែលនៅស្រុកភូមិជាមួយគ្នា ពូក៏ស្គាល់គេដែរ គេប្រាប់ ខ្ញុំតាមទូរស័ព្ទកាលពីពីរឆ្នាំមុនថា គេបានជូនពូឡើងយន្ដហោះ ទៅរៀន​ នៅបរទេស”។

អានរឿងរបស់ពូ ខ្ញុំក៏មានវិប្បដិសារីខ្លះដែរ ដែលផ្ដាច់ការទាក់ទងនឹង ពូ នេះក៏ព្រោះតែយើងមិនយល់គ្នា។ តែខ្ញុំលំបាកចិត្តយូរដែរ ខ្ញុំខំកាត់ចិត្ត ធ្វើ ដូច្នេះ ព្រោះមិនចង់លំបាកចិត្តថែមទៀត ហើយក៏មិនចង់ឲ្យពូ លំបាក ចិត្តជាមួយដែរ។ ខ្ញុំដឹងថាពូដឹង ខ្ញុំដឹងថាពូនៅនឹកនៅបារម្ភ ហើយស្ដី បន្ទោសឲ្យខ្ញុំនៅថ្ងៃណាមួយ តែខ្ញុំសរសេរទៅពូនេះ មិនមែន ព្យាយាម ដោះសារទេ គឺខ្ញុំមានបំណងប្រាប់ពូឲ្យដឹង ពីមូលហេតុខ្លះ ដែលនាំឲ្យខ្ញុំ សម្រេចចិត្តធ្វើបែបនេះជាមួយពូ៖

កាលជួបគ្នាដំបូងៗ ខ្ញុំក៏ដឹងថាពូស្រឡាញ់ខ្ញុំដែរ ក្រសែភ្នែករបស់ពូ បង្ហាញច្បាស់ ខ្ញុំយល់ ទោះបីមិនបានរៀនសូត្រដល់មហាវិទ្យល័យ ដូច ពូមែន។ ខ្ញុំក៏មានចិត្ត នឹកគួចស្រឡាញ់ដល់ពូវិញដែរ។ ពូមានគុណ សម្បត្តិគ្រប់គ្រាន់អាចជាទីពឹង របស់ខ្ញុំទៅអនាគតបាន ពូជាបុរសដែល ល្អជាងប្រុសដទៃ ដែលខ្ញុំបានស្គាល់ ដែលពួកគេបាន ស្រឡាញ់ខ្ញុំដូចពូ ដែរ។ សូម្បីម្ដាយខ្ញុំ ដែលមកលែងនៅភ្នំពេញម្ដងម្កាល ពេលជួបពូ គាត់ ក៏យល់ ហើយយូរៗម្ដងម៉ែសួរនាំពីពូ ឬពេលខ្លះ គាត់សរសើរពូនឹងមុខ ខ្ញុំថា“កូនគេមកពីស្រុកស្រែដូចយើងដែរ តែគេល្អ ចេះដឹង ម៉ែបើមានកូន ប្រសារប៉ុណ្ណឹង ម៉ែពេញចិត្តហើយ” ពាក្យសម្ដីរបស់ម៉ែ ធ្វើឲ្យខ្ញុំកាន់ តែ មានចិត្តលើពូថែមទៀត។ អ្នកផ្ទះខ្ញុំ ពិសេសបងស្រីខ្ញុំ គាត់ក៏ចូលចិត្តពូ ខ្លាំងណាស់ដែរ គាត់យល់ស្របតាមម៉ែ គាត់ធ្លាប់ប្រាប់ខ្ញុំថា “ពូថ្ងៃ ក្រោយអនាគតល្អ ប្អូនឯងស្គាល់ម្នាក់នេះ បងឃើញថាវិសេសជាងអ្នក មុនៗ គេជាអ្នករៀនសូត្រ ដឹងកិច្ចការរាក់ជ្រៅ រូបរាងគេក៏សង្ហា សម នឹងប្អូនណាស់”។ ម្នាក់ៗគាំទ្រការទាក់ទង រវាងខ្ញុំនឹងពូ ម្នាក់ៗស្ទើតែភ្លេច ថា ខ្ញុំកំពុង រៀបចំឯកសារទៅនៅប្រទេសអូស្រ្តាលី តែមីងខ្ញុំដែលនៅ ប្រទេសអូស្រ្តាលី គាត់រើសក្មួយប្រសារ បន្ដិច គាត់រាល់ពេលដែលផ្ញើ សំបុត្រមកម៉ែតែងតែប្រាប់ថា“ការធានា មនុស្សមកបរទេស ពិបាកបន្ដិច តែបងស្រី កុំទាន់ឲ្យពួកគេមានប្ដីមានប្រពន្ធឲ្យសោះ បើចង់ឲ្យកូនចៅ មកនៅជាមួយខ្ញុំ ត្រូវគិតគូរឲ្យបានវែងឆ្ងាយបន្ដិច” ក្រោយមក ម៉ែមិន សូវរម្លឹកពីពូទៀតទេ ខណៈដែលចិត្តខ្ញុំបំភ្លេចពូមិនបាន។ ពូដឹងទេ ហេតុ អ្វីម៉ែហៅខ្ញុំទៅស្រុកញឹកញាប់ ព្រោះម៉ែក៏មានគំនិតដូចមីងដែរ គាត់ចង់ ឲ្យខ្ញុំ នៅឆ្ងាយពីពូ ខ្លះ តែមិនមែនបំបែកបំបាក់ទេ ហើយម៉ែក៏មិន ដែល ស្អប់ពូដែរ តែក្រុមគ្រួសារខ្ញុំចង់ឲ្យខ្ញុំបានសម្រេចបំណងទៅ ប្រទេស អូស្រ្តាលីជាមុនសិន។

ចំពោះខ្ញុំ កាលនៅភ្នំពេញនឹកផ្ទះសម្បែងឯស្រុកភូមិ ពេលទៅលេង ស្រុកនឹកពូ ខ្ញុំពិបាកសម្រេចចិត្តណាស់ដែរ គិតទៅបានមួយអត់មួយបាន ទៅដល់ស្រុក ជួបជុំបងប្អូនសប្បាយ តែបាត់មុខពូ ពូមិនដឹងទេ ខ្ញុំទៅធ្វើ សម្ភាសន៍ធ្លាក់ម្ដងហើយ ខ្ញុំសប្បាយចិត្តព្រោះមិនចង់ទៅនៅប្រទេសគេ ពិសេសចង់នៅជិតពូ តែមីងបាន ធានាខ្ញុំម្ដងទៀត មីង ម៉ែ និងអ្នកជួយ រៀបឯកសារទៅទូត បានពន្យល់ណែនាំខ្ញុំច្រើនពីបែបបទ នៃការធ្វើ សម្ភាសន៍ ពីជីវភាពនៅប្រទេសអូស្រ្តាលី ពិសេសម៉ែគាត់តែង និយាយ ថា “បើកូនមិនបានទៅប្រទេសគេទេ គ្រួសារយើងខ្មាសគេ ព្រោះអ្នក ស្រុកអ្នកភូមិ នរណាក៏ដឹងថាកូនរៀបចំឯកសារជិតបានទៅដែរ”។ មិន ដឹងជាយ៉ាងម៉េចទើបគាត់ ខ្មាសគេ ខ្ញុំមិនយល់។ លើកក្រោយស្ថានទូត បានអនុ​ញាតឲ្យខ្ញុំទៅនៅប្រទេសអូស្រ្ដាលី។ ខ្ញុំមិបានលាពូមែន ខ្ញុំមិន បានឡើងយន្ដហោះ នៅភ្នំពេញទេ គឺខ្ញុំទៅឡើងយន្ដហោះនៅបាងកក តែម្ដង។

ពេលទៅដល់ប្រទេសអូស្រ្តាលី ខ្ញុំចង់តែត្រលប់ទៅស្រុកខ្មែរវិញទេ ម្ង៉ៃៗ សញ្ជប់សញ្ជឹង នឹកអ្នករាល់គ្នា នឹកម៉ែ នឹងភូមិដ្ឋាន ទោះបីស្រុក ភូមិ នៅមានមីន នៅអសន្ដិសុខ តែប្រទេសខ្មែរនៅតែផ្ដល់សេចក្ដី សម្រាប់ ខ្ញុំ។ ពិតហើយខ្ញុំនឹកពូ ជាងគេ ខ្ញុំគិតដល់ពូជាងគេ។ ពេលមក ដល់ អូស្រ្តាលីមួយខែដំបូង ខ្ញុំបានសរសេរសំបុត្រទៅភ្នំពេញ ទៅផ្ទះ ដែល ខ្ញុំធ្លាប់ស្នាក់នៅ ផ្ទះដែលបានជួបពូស្ទើរ រាល់ថ្ងៃ តែយ៉ានីតបមក ខ្ញុំវិញ គេថា តាំងពីខ្ញុំចេញទៅ ពូក៏មិនដែលទៅលេងផ្ទះនោះទៀតដែរ។ ខ្ញុំ ប្រហែស មិនបានសុំអាសយដ្ឋានទាក់ទងពីពូ។ ការបែកគ្នានេះ ធ្វើឲ្យខ្ញុំ លំបាកក្នុងចិត្តយូរណាស់ ហើយខ្ញុំដឹងថាពូពិតជាខឹងនឹងខ្ញុំ ខ្ញុំបាន សរសេរសំបុត្រទៅម៉ែ ប្រាប់គាត់ថា ប្រសិនបើពូទៅលេង ស្រុកសូមម៉ែ ឲ្យលេខទូរស័ព្ទរបស់មីងទៅពូផង បន្ទាប់មក ពូបានទាក់ទងខ្ញុំ ខ្ញុំអរ ណាស់ ខ្ញុំនិយាយជាមួយពូ មិនបានច្រើនសមតាមចិត្តដែលខ្ញុំចង់ទេ ដោយថ្ងៃនោះមីងនៅជិតដែរ។ ការពិតខ្ញុំមិនមែនខ្លាចទេ គ្រាន់​ខ្មាសគាត់ ប៉ុណ្ណោះ។ បន្ទាប់ពីនិយាយទូរស័ព្ទចប់ មីងថា“ណារ័ត្ន ថ្ងៃនេះ ដូចជា សប្បាយចិត្តណាស់ ក្មួយមានរឿងអី ឬមួយទៅប្រឡងអង់គ្លេសបាន ពិន្ទុល្អ?” មីងសួរ តែមីងបានដឹងចម្លើយរួចទៅហើយ ខ្ញុំមិនកុហកគាត់ ទេ ខ្ញុំប្រាប់មីងថា “ខ្ញុំសប្បាយចិត្ត ព្រោះបាននិយាយជាមួយមិត្តភក្ដិ ដែល បែកគ្នាយូរហើយ”។ មីងញញឹមជាមួយខ្ញុំដែរ។

ពូអើយ! ចាស់ៗគេមានរបៀបគិត គេមានការពិសោធ គេណែនាំខ្ញុំឲ្យទៅ រកផ្លូវល្អ ខ្ញុំក៏ដឹង។ មីងពេលដឹងថាខ្ញុំទាក់ទងពូតាមសំបុត្រ គាត់មិនថាអី ទេ តែគាត់បានណែនាំខ្ញុំឲ្យស្គាល់ប្ដីខ្ញុំ ប្ដីខ្ញុំជាអ្នកភ្នំពេញ តែគេមកនៅ ប្រទេសនេះយូរដែរ ហើយគេជាអ្នកធូរធា រៀនសូត្រក៏បានច្រើនដែរ។

បន្ទាប់ពីអានរឿង ឃើញក្នុងFacebook ជាច្រើនដង ខ្ញុំបានអានសំបុត្រ របស់ខ្ញុំ និងសំបុត្ររបស់ពូ ដែលខ្ញុំរក្សាទុកច្រើនដងដែរ ខ្ញុំសរសេរ សំបុត្រទៅពូទាំង អស់២២សំបុត្រ ហើយខ្ញុំបានទទួល សំបុត្រពីពូវិញតែ ១៦ប៉ុណ្ណោះ។ មីងបានលួចមើលសំបុត្រខ្ញុំ គាត់ដឹង ទោះបីយើងមិនបាន សរសេរពាក្យពេជន៍ស្នេហា ក្នុងនោះក្តី។ មីងបានលួង​លោមខ្ញុំ ឲ្យខ្ញុំគិត គូរ ឲ្យបានវែងឆ្ងាយមុននឹងសម្រេចចិត្ត យកបុរសណាម្នាក់មកធ្វើជា ប្ដី តែរាល់លើក គាត់តែងតែលើកសរសើរបុរសម្នាក់ ដែលឧស្សាហ៍ មក លេង ហើយមីងយកចិត្តគេ យូរៗទៅ ខ្ញុំក៏ឃើញគេល្អដូចមីងថាមែន។

អានសំបុត្រ នឹកដល់អនុស្សាវរីយ៍ដែលកន្លងទៅ អនុស្សាវរីយ៍ដែល ខ្ញុំមាន ជាមួយពូ។ សម្រាប់ខ្ញុំ ការដែលបានស្គាល់ពូ ការដែលបេះដូង ខ្ញុំ ទទួលស្គាល់ពូ និងបានដឹងថា យើងទាំងពីរនាក់ចាប់ចិត្តនឹងគ្នា គឺខ្ញុំមាន សុភមង្គលណាស់ ពិសេសពេលបានទៅណាមកណាជាមួយ ពូម្ដងៗ បានញាំបាយជាមួយពូ បានពូដួសម្ហូបដាក់ចានឲ្យ គឺខ្ញុំមិនដែលភ្លេច អំពើល្អរបស់ពូឡើយ។ ពូក៏ដឹង បើស្រុកខ្មែរយើងល្អ បើស្រុកខ្មែរយើង មិនក្រ បើស្រុកខ្មែរមានលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ខ្ញុំមិន មករស់នៅអូស្រ្តាលី ពូក៏ដូចគ្នា បើស្រុកខ្មែរមានប្រព័ន្ធអប់រំ​ល្អ មាន គុណភាព ពូប្រហែលមិនចេញទៅសិក្សានៅបរទេសទេ។ ពូដឹងទេ! គ្រាន់តែក្នុងផ្ទះខ្ញុំមានប្រាក់កាសខ្លះ ពួកចោរបម្រុងចូលប្លន់ច្រើនដង ហើយនៅភូមិនោះ មានប៉ូលីសទាហាន ឯណាជួយការពារយើងទេ ក្រុម គ្រួសារខ្ញុំរស់ដោយ ការភ័យខ្លាច ឥឡូវខ្ញុំ និងមីង សន្សំប្រាក់ជួយអ្នកផ្ទះ ឲ្យប្ដូរលំនៅមកនៅសៀមរាបវិញ ម្យ៉ាងក្មេងៗមានឧកាសរៀនសូត្រ ផង។ នេះជាហេតុផលខ្លះ ដែលនាំឲ្យយើងបែកគ្នា។

មីងបាននាំខ្ញុំទៅលែងស្រុក ហើយកាលនោះខ្ញុំមិនទាន់មានការងារ ធ្វើទេ រស់នៅជាមួយមីង សូម្បីសំបុត្រយន្ដហោះក៏មីងជាអ្នកចេញឲ្យដែរ។ បែនដាបានទៅជាមួយខ្ញុំ នេះប្រហែលជាការរៀបចំរបស់មីងដែរ ព្រោះ គេតែងតែចុះឡើងស្រុក ខ្មែរមួយឆ្នាំបួនទៅប្រាំដង ក្នុងការងារជំនួញ និង នយោបាយរបស់គេ។

កាលខ្ញុំបានជួបពូម្ដងនោះ ចិត្តខ្ញុំបានរសាយពីពូខ្លះទៅហើយ រសាយ ព្រោះសំបុត្ររបស់ខ្ញុំ ដែលផ្ញើទៅ ពូដូចជាសោះអង្គើយ ផ្ញើតបមកខ្ញុំវិញ សរសេរខ្លីៗ ខ្ញុំសរសេរសំបុត្រទៅពូពីរទើបពូឆ្លើយមកខ្ញុំម្ដង។ ខ្ញុំយល់ថា ពូប្រហែលមាននារីផ្សេង ពូប្រហែលលែងចាប់អារម្មណ៍នឹងខ្ញុំដូចមុន ខ្ញុំបំរុងសួរពូពីរឿងទាំងនេះដែរ។ កាលជួបគ្នានៅភ្នំពេញ តែខ្ញុំសង្កេត ឃើញស្នាមញញឹមរបស់ពូប្រែប្រួល មិនដូចដែលខ្ញុំស្គាល់ដំបូង ធ្វើឲ្យ ខ្ញុំយល់ថា មិនចាំបាច់សួរក៏បាន ព្រោះមនុស្ស យើងពេលខ្លះ យើងអាច យល់គ្នាតាមរយៈការសម្ដែងមកខាងក្រៅរបស់ដៃគូ ខ្ញុំក៏ហីទៅ ស្រប ពេលដែលបែនដាគេយកចិត្តយកថ្លើមខ្ញុំ ទៅណាមកណាជាមួយ ខ្ញុំគេ ទៅលេងភូមិ ទៅសម្រាកនៅផ្ទះខ្ញុំ ខ្ញុំឃើញគេមិនរើសអើង គោរព ស្រឡាញ់ម្ដាយខ្ញុំ ធ្វើឲ្យខ្ញុំកាន់តែនឿយនាយពីពូថែមទៀត។

ខ្ញុំធ្លាប់ឮប្រុសៗចោទស្រីៗ ថាសាវ៉ា ថាក្បត់ ឬរកលេសស្ដីបន្ទោស ចាប់ កំហុស ពេលបែកបាក់សេចក្ដីស្នេហា តែរវាងខ្ញុំនឹងពូ គឺយើងខុសដូចគ្នា ពូមិនអាចឲ្យខ្ញុំខុសតែម្នាក់ឯងទេ សូមពូគិតបន្ដិច អំពីការទាក់ទងរបស់ យើង យើងបានចាប់ផ្ដើមស្រឡាញ់គ្នាដោយគ្មាននរណាជម្រុញ បែកគ្នា ទោះបីខ្ញុំសម្រេចចិត្តបែកពីពូមុនតែម្នាក់ឯងមែន តែខ្ញុំមានហេតុផល ដែលបានពន្យល់ខ្លះៗរួចមកហើយ។ តែពាក្យចុងក្រោយ នៅចុងបញ្ចប់ នៃរឿង ឃើញក្នុងFacebook ខ្ញុំទទួលយកមិនបានឡើយ សូមពូពិចារ ណាជាថ្មី ថាតើពូ និងខ្ញុំ ម្នាក់ៗត្រូវចូលរួមទទួលខុសត្រូវចំពោះអតីត កាលនោះប៉ុនណា? ដោយរបៀបណា? ខ្ញុំជាប្រពន្ធគេទៅហើយ ខ្ញុំជា ម្ដាយរបស់កូនៗខ្ញុំទៅហើយ ការដែលខ្ញុំរក្សា និងអានលិខិតរបស់ពូ ខ្ញុំ យល់ថា នេះជាអាកប្បកិរិយាមួយ ដែលប្ដីខ្ញុំពិបាកទទួលយកណាស់ តែ ប្ដីខ្ញុំមិនដែលប្រកាន់ គាត់យល់ គាត់ប្រាប់ខ្ញុំថា “បងបានជោគជ័យលើ ម្ចាស់សំបុត្រ ដោយបានរៀបការជាមួយអូន បងដឹងថា ម្ចាស់សំបុត្រ នេះ គេខកចិត្តខ្លាំងណាស់ តែអូនបានយកឈ្មោះគេមករម្លឹក ម្ដងម្កាល អូនរក្សាទុក និងអានសំបុត្ររបស់គេ បងមិនប្រកាន់ទេ អូនអាចធ្វើបាន គ្រប់ពេល ព្រោះនេះជាអតីតកាលរបស់អូនជាមួយគេ តែយ៉ាងណាក៏ ដោយ បងមិនចង់ឲ្យអ្នកដទៃគេមើលរំលងបង ថាបងមានប្រពន្ធ ដែល មានចិត្តនៅឯស្រុកខ្មែរទេ”។ ពាក្យរបស់ប្ដីខ្ញុំធ្ងន់បន្ដិច តែគេមានសិទ្ធិថាខ្ញុំ ព្រោះគេជាប្ដី ជាប្ដីដែលខ្ញុំក្រាបក្បាលដល់កន្ទេលរៀបការជាមួយគេ។ ពូដឹងទេ ខ្ញុំត្រូវរងសម្ពាធទាំងសង្ខាង ម្ខាងជាប្ដី ម្ខាងគឺពូ អ្នកដែលទាញ ចិត្តខ្ញុំជាងគេ។

ការសរសេរយកត្រូវរៀងៗខ្លួន ពូក៏ថាពូត្រូវ ឯខ្ញុំក៏ដូចគ្នា តែបើពូដាក់ កំហុសមកខ្ញុំ ខ្ញុំមិនសុខចិត្តទេ។ ខ្ញុំមានកូន ខ្ញុំជាប្រពន្ធគេ ជាម្ដាយគេ ចិត្ត ខ្ញុំនៅនឹងគ្រួសារខ្ញុំហើយ។ កាលមុនខ្ញុំបារម្ភនឹងពូប៉ុនណា ខ្ញុំដឹង ថាពូមិន ដែលខានទេ ពេលមានបាតុកម្ម ពូជាអ្នកស្រឡាញ់សង្គមសេរី ប្រជាធិប តេយ្យ ពេលខ្លះខ្ញុំយំម្នាក់ឯង យំព្រោះមិនចង់ឃើញគេ ដេញវាយ ដេញ បាញ់ពូ យំព្រោះតែបេះដូងខ្ញុំមានពូ។ កាលផ្ទុះគ្រាប់ បែកនៅឆ្នាំ១៩៩៧  នៅមុខរដ្ឋសភាជាតិ និងរដ្ឋប្រហារនៅឆ្នាំនោះ  ខ្ញុំស្ទើតែបាត់ព្រលឹងទៅ ហើយ ខ្ញុំរៀនមិនចូល ទន្ទឹងចាំសំបុត្ររបស់ពូ ចាំបាត់ៗ ខ្ញុំបារម្ភណាស់។ ពេលបានទទួលសំបុត្រពីពូ ខ្ញុំបែរជាខឹង ខឹងព្រោះខ្ញុំសរសេរសំបុត្រ ផ្ញើ ទៅពូដល់ទៅពីរ ទើបពូតបវិញ។ ជាការពិត ខ្ញុំពិបាកដកចិត្តពីពូណាស់ ទោះខ្ញុំរៀបការជាមួយបែនដាហើយក្ដី ខ្ញុំនៅតែយកសំបុត្ររបស់ពូមក អាន ដោយមិនអស់ចិត្ត ខ្ញុំមិនយល់ហេតុអី បានជាយើងម្នាក់ៗមិនព្រម អង្គុយនិយាយគ្នា ហេតុអីបានជាពូទម្លាក់កំហុសមកខ្ញុំតែម្នាក់ ហេតុអី ឲ្យខ្ញុំព្រមទទួលកំហុសនេះម្នាក់ឯង។ ខ្ញុំមិនព្រមទេ។

រូបថតនៅមុខវាំង ដែលខ្ញុំមិនយកពីពូ ព្រោះខ្ញុំយល់ថាពូអស់ចិត្តពីខ្ញុំ ការដែល ខ្ញុំមកដល់អូស្រ្តាលីហើយ មិនបានទាក់ទងទៅពូ ក៏ព្រោះ តែខ្ញុំ យល់ដូច្នេះដែរ។ មីងគាត់ធ្លាប់ពន្យល់ខ្ញុំ គាត់ថាមែន “បើក្មួយយកបុរស នៅស្រុកខ្មែរធ្វើជាប្ដី ក្មួយត្រូវរ៉ាប់រងច្រើនណាស់ មីងជួយអីក្មួយមិន បានទៀតទេ។” តែខ្ញុំជាអ្នកជ្រើសរើស ខ្ញុំជាអ្នកសម្រេចចិត្តយកបែនដា ទោះបីនេះជាអន្ទាក់របស់មីងក៏ដោយ ខ្ញុំមិនស្ដាយក្រោយទេ។

ពេលណាគិតដល់ពូ ខ្ញុំតែងតែនឹកឃើញរឿងមួយដែលពូនិយាយ កំប្លែង ឲ្យខ្ញុំបានសើចសប្បាយ ពេលខ្លះពូនាំខ្ញុំទៅលេងក្នុងវាំង ឬទៅមើលសារ មន្ទីរជាតិ ទៅបណ្ណាល័យនៅសាកលវិទ្យាល័យភ្នំពេញ ពូទិញសៀវភៅ រឿងទុកឲ្យខ្ញុំអាន ពេលដែលពូមានភារៈទៅធ្វើការងារនៅតាមខេត្តម្ដងៗ ខ្ញុំនៅចាំទាំងអស់។

ពូមិនទាន់មានប្រពន្ធ ពូគួរតែឆាប់រៀបការ ហើយបំភ្លេចខ្ញុំទៅ។ ខ្ញុំ ដឹងថា ពូបំភ្លេចខ្ញុំហើយ។ ខែមេសា ឆ្នាំ២០១២ ខ្ញុំនឹងទៅលេងស្រុកកំណើត នៅ គោកមន សង្ឃឹមថាបានជួបពូ។ ចុងក្រោយខ្ញុំសូមប្រាប់ទៅពូថា ពេល នេះ  ខ្ញុំមិនអែតពូជាមិត្តរបស់ខ្ញុំនៅក្នុងFacebook ទេ។ យូរៗម្ដង ខ្ញុំអាន សំបុត្ររបស់ពូឡើងវិញគឺគ្រប់គ្រាន់ហើយ។ សូមជូនពរ ឲ្យការប្រឹង ប្រែងរៀន សូត្ររបស់ពូបានសម្រេចតាមបំណង៕


No comments:

Post a Comment