Friday, January 14, 2011

រឿង ទៅលេងស្រុក

by Tararith

នៅដើមរដូវវស្សា អាកាសធាតុស្រុកខ្មែរស្អុះស្អាប់ណាស់ ភ្លៀង 
មួយមេក៏មិនបានធ្វើឲ្យធាតុអាកាស ដ៏ក្ដៅហួតហែង កាលពីខែ 
មេសារលាយទៅភ្លាមៗដែរ។ ឪពុកខ្ញុំក្រោកពីព្រលឹមទៅសំរួច 
បង្ហើយនង្គ័លរបស់គាត់ ឯម៉ែវិញ ក្រោកចំហុយនំត្នោត បងស្រី 
រៀបចំ​ដាំបាយ អាំងកង្កែបដែលពុក និងខ្ញុំឆ្លុះបានពីយប់មិញ។

មាន់នៅរងាវនៅឡើយ ទោះបីភ្នែកយើងអាចមើលឃើញគ្នា 
ព្រាលៗក៏ដោយ តែផ្ទះកសិករនីមួយៗ មានភ្លើងចេញពី ចង្រ្កាន 
តែរៀងៗខ្លួន សំឡេងចានឆ្នាំងទង្គិចគ្នា សំឡេងដាស់កូនចៅឲ្យ 
ក្រោកឡើងធ្វើការងារ និងសំឡេងមាន់ទារៀបចេញពីទ្រនុំ 
លាន់ឮរញៀវទ្រហឹងផងដែរ។

ក្នុងផ្ទះខ្ញុំ មានតែប្អូនស្រីពៅអាយុបីឆ្នាំម្នាក់ប៉ុណ្ណោះ ដែលនៅ 
គេងយូរជាងគេ ខ្ញុំ និងប្អូនស្រីពីរនាក់ទៀត រួសរាន់ទៅរែកទឹក 
នៅឯត្រពាំងដ៏ឆ្ងាយពីផ្ទះទុកព្រោះទឹកភ្លៀងដំបូងយកមកប្រើ 
ប្រាស់ប្រចាំថ្ងៃមិនបាន ម៉ែថាទឹកភ្លៀងដំបូងវាមិនស្អាត។

កូនៗទាំងឡាយត្រូវធ្វើការងារផ្ទះឲ្យហើយរួចរាល់ មុននឹងទៅ 
សាលារៀន។ ក្នុងពាងទាំងឡាយមានទឹកពេញ បាយដែលបង 
ស្រីដាំក៏ឆ្អិនហើយដែរ។ ឯពុកវិញនៅឆាបដំៗ មុខផាលនង្គ័ល 
របស់គាត់ គាត់និយាយទៅម៉ែថា ឆ្នាំនេះ ម៉ែអាក្អូនចាំមើល 
ខ្ញុំនឹងប្រឹងធ្វើស្រែឲ្យទាល់តែអស់ដី ប្រសិនបើពួកខ្មែរក្រហម មិន 
មកអុកឡុកទេ ស្រូវយើងធ្វើលើសផែនការរបស់រដ្ឋ ឯណោះ 
ចំណែកម៉ែ មិនតបនឹងពុកវិញឡើយ គាត់បើកគ្របចំហុយនំ 
ផ្សែងចេញពីឆ្នាំងចំហុយនំត្នោត ជះក្លិនឈ្ងុយ ពិបាកទ្រាំណាស់ 
ជាមួយគ្នានោះ បងស្រីដួសបាយដាក់ចានឲ្យពួកយើងដែរ។ 
ពិបាកនឹងរៀបរាប់ណាស់ ថាកង្កែបអាំង មានក្លិនឈ្ងុយ និង
មានរសជាតិឆ្ងាញ់យ៉ាងណា រិតតែពិបាករៀបរាប់ទៀត ដែល
ក្លិននំត្នោតភាយប៉ះច្រមុះម្ដងៗ។ ពួកយើងទទួលទានបាយ 
កក បាយក្ដៅជាមួយកង្កែបអាំងថ្មីៗ មានឪជារសណាស់។

បងស្រីរៀបចំខ្ចប់បាយនឹងស្លឹកចេក ឲ្យប្អូនៗរបស់បងម្នាក់ 
មួយកញ្ចប់ៗ ដាក់ចូលក្នុងសំពៀតទុកសម្រាប់ញ៉ាំពេលថ្ងៃ 
ពេល ចេញពីសាលា។ ផ្ទះយើងនៅក្នុងភូមិក្រសាំង យើងនាំ 
គ្នាទៅរៀន នៅឯសាលាសំរោង មានចម្ងាយប្រហែល២០ 
គីឡូ ម៉ែតពីផ្ទះ ម៉ែក៏ត្រូវទៅលក់នំនៅផ្សារសំរោងដែរ ម៉ែត្រូវ 
ដើរផ្លូវតែមួយជាមួយកូនៗ។ តែម៉ែតែងតែមកដល់ផ្ទះមុន 
ជានិច្ចព្រោះខ្ញុំ និងប្អូនៗត្រូវរៀន នៅវេនពេលរសៀលទៀត។

ព្រឹកនេះអ្វីៗត្រូវរៀបចំរួចរាល់អស់ហើយ ស្រាប់តែមាន ទា
ហានមួយក្រុមដើរមក ក្នុងនោះមានមានទាហានយួនផង 
ដែរ។ ពួកគេសួរនាំឪពុកខ្ញុំ និងបកប្រែឲ្យទាហានយួនស្ដាប់ 
ផង បន្ទាប់មកយួនបញ្ជាឲ្យចាប់គាត់ចង។ គេចងដៃគាត់ 
និងខ្សែរគោរបស់យើង បន្ទាប់មកគេយកក្រម៉ាចងរុំភ្នែក
ពុកជិត ហើយបណ្ដើរចេញទៅ។ យើងទាំងអស់គ្នាអង្គុយ
យំអាណិតពុក ម៉ែហូរទឹកភ្នែកច្រើនជាងគេ។ ពេលគេ
បណ្ដើរគាត់ចេញទៅ ពុកឆ្លៀតផ្ដាំថា​ ម៉ែអាក្អូន! ផ្ទះនេះ 
ចាស់ហើយ រើវាចេញទៅ ទៅធ្វើផ្ទះថ្មីនៅទីណាក៏បានដែរ
ដីយើងធំណាស់ ផ្ដាំតែប៉ុណ្ណេះ គេនាំគ្នារុញគាត់ចេញទៅ
យ៉ាងប្រញាប់ប្រញាល់។ 

យើងឃើញពុកដើរដួលៗ ព្រោះគាត់មើលផ្លូវពុំឃើញ។ 
យួនទាត់គាត់ផង វាយនឹងស្វ័យកាំភ្លើងរបស់គេផង។ អ្នក
នៅជុំវិញផ្ទះ ដែលធ្លាប់ជួយយកអាសារគ្នា ហុចសម្លរឲ្យ 
គ្នាបរិភោគព្រឹកល្ងាច ខ្ចីគោ ក្របីគ្នាធ្វើស្រែ ជួយគ្នាក្នុង 
ពិធីបុណ្យនានា គ្មាននរណាហ៊ានចេញមកជួយទេ ហើយ 
គេប្រហែលជាយល់ថាពុកគឺជាខ្មាំង ទើបមានកម្លាំងតម្រួត 
និងទាហានយួនមកចាប់ដល់ផ្ទះទាំងព្រឹកបែបនេះ។ ភាព 
ស្រស់ស្អាតនៅក្នុងភូមិក្រសាំង បានប្រែទៅជាអួរអាប់ 
ព្រោះតែអវត្តមានរបស់ ឪពុកខ្ញុំ និងទឹកភ្នែករបស់ពួក
យើង។ នង្គ័ល ដែលពុកធ្វើទើបតែហើយនៅជ្រងោ នឹង
មុខផ្ទះ នំត្នោត ដែលម៉ែរៀបបម្រុងយកទៅលក់ នៅគ
ពាលពេញថាស បាយ កញ្ចប់របស់ពួកយើងនៅដោយ
ឡែក។ មួយស្របក់ក្រោយមក សំឡេងគ្រាប់កាំភ្លើងផូងៗ 
បីបួនគ្រាប់លាន់ឡើង ម៉ែខ្ទប់ មុខ​យំជាថ្មី ម៉ែរត់ទៅរក 
កន្លែងសូរផ្ទុះនោះ ​ទាំងយំសស្រាក់។ កូនៗរបស់ម៉ែ នាំ
គ្នារត់តាមម៉ែ កាត់វាលស្រែ ដែលមានទឹកភ្នែកដក់តិចៗ។

អ្នកភូមិក្រសាំង បាននាំគ្នាមកចោមរោមពួកយើង ពួកគេ 
អាណិតឪពុកខ្ញុំ និងម៉ែកូនយើងគ្រប់ៗគ្នា។ ពិធីបុណ្យសពពុក 
មិនបានធ្វើឲ្យបានត្រឹមត្រូវទេ ម៉ែសម្រេចបញ្ចុះសពពុកនៅ 
ទីទួល ដែលគេសម្លាប់គាត់ ដោយមាន ព្រះសង្ឃចូលរួមតែ 
មួយអង្គប៉ុណ្ណោះ។

បន្ទាប់ពីការស្លាប់របស់ពុកបានបីថ្ងៃ នៅខែឧសភា ឆ្នាំ១៩៨៥ 
ដដែល ពួកយើងបានរត់ចោលផ្ទះដ៏សុខសានរបស់យើង តាម 
បណ្ដាំរបស់ពុក គឺម៉ែបានសម្រេចចិត្តទៅនៅជំរំខៅអីដាង ជា 
មួយអ្នកភូមិឯទៀត។

ខ្ញុំធ្លាប់សួរម៉ែពីមូលហេតុ ដែលនាំឲ្យគេយកពុកទៅសម្លាប់ ម៉ែ 
ប្រាប់ខ្ញុំថា ឪពុកកូនត្រូវទាហានយួន ហេង សំរិន ចោទថាជា 
ខ្មាំងបង្កប់ ជាអ្នកយកការណ៍ឲ្យពួកសេរីការ ទើបគេ ចាប់យក 
ទៅសម្លាប់។ ខ្ញុំសួរម៉ែ តើគាត់បានធ្វើជាជនបង្កប់មែនទេ? 
ធ្វើជាជនបង្កប់ឲ្យក្រុមណា? ម៉ែប្រាប់យ៉ាងខ្លី ថា គ្មានទេ។ 
គ្រាន់តែធ្លាប់យកស្រូវអង្ករ ជ្រូកមាន់ទា ទៅដោះដូរជាមួយ 
ទាហានសេរីការយកសារុង ប៊ីចេង ត្រីខ ក្រណាត់ មកលក់ 
ដូចអ្នកភូមិឯទៀតៗតែប៉ុណ្ណោះ

មិនមែនមានតែឪពុកខ្ញុំម្នាក់នោះទេ គឺមានមនុស្សជាច្រើន 
ដែលគេចោទប្រកាន់ និងយកទៅសម្លាប់ដោយគ្មានការជំនុំ 
ជម្រះទេ។ សង្គមខ្មែរកាលនោះ កាន់លទ្ធិសង្គមនិយម ជា 
សង្គមផ្ដាច់ការ មិនដឹងថាសព្វថ្ងៃផ្លាស់ប្ដូរដែរឬអត់។  ខ្ញុំរស់ 
នៅសហរដ្ឋអាមេរិក យូរដែរហើយ ចង់ទៅលេងភូមិកំណើត 
ទៅធ្វើបុណ្យឪពុក តែម៉ែ នៅតែហាម ម៉ែថា ស្រុកខ្មែរ អ្នក 
គ្រប់គ្រងសម័យដែលគេសម្លាប់ឪពុកឯង ពួកគេនៅតែមាន 
អំណាចរហូតសព្វថ្ងៃ សព្វថ្ងៃ ឃើញតែចាប់ចង បំបិទសិទ្ធិ 
សេរីភាព សូម្បីតែព្រិនព័ត៌មានចែកគ្នាអាន ក៏ចាប់ដាក់គុក 
តវ៉ាការពារកុំឲ្យយួនយកដី ក៏ចាប់ដាក់គុក ហើយអំពើប្លន់ 
សម្លាប់ កើតមានហូរហែរ រកឃាតកមិនសូវឃើញ ឃើញ
ថាពិបាក។ ប្រទេសជាតិដូចជាមិនមានច្បាប់ មិនទាន់មាន 
សន្ដិសុខពេញ លេញឡើយ កូនកុំទាន់ទៅលែងស្រុកអី ម៉ែ
មិនចង់បាត់បង់កូន ជាទីស្រឡាញ់របស់ម៉ែទេ ម៉ែបន្ដទៀត 
ថាសេរីការពិត កូនបានរៀនសូត្រចេះ​ដឹងច្រើនជាងគេ 
ក្នុងចំណោមបងប្អូនឯង ធ្វើការងារនៅអាមេរិកនេះ បាន 
ប្រាក់ខែច្រើនគួរសម សាសន៍គេទទួលស្គាល់កូន ម៉ែក៏ចង់ 
ឲ្យកូនទៅធ្វើការងារបម្រើប្រទេសខ្មែរយើងវិញដែរ តែម៉ែ 
មិនចង់បាត់បង់កូនម៉ែទេ

ម៉ែបានគិតគូរវែងឆ្ងាយណាស់ ខ្ញុំតាមម៉ែ សង្ឃឹមថា ថ្ងៃណា 
មួយ អ្នកនយោបាយខ្មែរនឹងប្ដូរឥរិយាបទ សង្គមខ្មែរនឹងផ្លាស់
ប្ដូរ មានការអនុវត្តច្បាប់ត្រឹមត្រូវ ទៅជាប្រទេសដែលប្រកាន់ 
យករបបប្រជាធិបតេយ្យពិតប្រាកដ ពេលនោះ ម៉ែប្រាកដជា 
អនុញាតឲ្យខ្ញុំទៅលេងស្រុក និងធ្វើការងារនៅស្រុកខ្មែរមិន​
ខានឡើយ៕

No comments:

Post a Comment