នូ ហាច
កាព្យបែបបារាំង
ព្រះអាទិត្យចូលផ្ទំក្រោយផែនស្បៃពណ៌កុឡាប;
វាយោដែលផាត់រំភើយពិដោរនៃផ្កាស្រឡិត
មកអង្អែលទឹកថ្លាខៀវក្នុងបឹងដ៏មានព្រលិត,
ហ្វូងសារិកាវិលទ្រនុំហើយយំតាមផ្លូវដរាប។
នៅនាតាមជួរជើងភ្នំ, នៅនាតាមមាត់ព្រៃខ្មៅ
ខ្ទីងស៊ីពន្លកស្មៅខ្ចីទាំងហ្វូងដោយសុខសំរាន្ត
ពួកទោចយំថ្ងូរគ្រលួចក្នុងផ្ទៃស្ងប់នៃសំសាន្ត
ដែលតាវ៉ៅរាយទំនុកឲ្យពិរោះយ៉ាងក្រអៅ។
ដោយត្រូវអាកាសត្រជាក់សត្តនោះភ្ញាក់ឡើងពត់ខ្នង,
ស្ងាបហ៊ម... ចោលភ្នែកកំណាចទៅក្នុងងងឹត
ទើបភ្ងារដឹងថាខ្លួនឃ្លាន... លុះបានងាកក្បាលមកលិឌ
ចង្កេះស្រេចហើយ, ខ្លាធំចេញដើរងងាស, យង់ឃ្នង។
នៅទីម្ខាង, ខ្ទីងកំពុងស៊ីស្មៅដោយសុខសប្បាយ
ស្រាប់តែនាំគ្នាបញ្ឈរត្រចៀកហើយងើបក្បាលស្រ
មានភ័យ?... ទេគ្មានទេ ព្រោះរាត្រីនៅស្ងាត់ល្អ
ឯទីទុយពណ៌ប្រផេះហើរទៅនភាពណ៌ស្វាយ។
មួយសន្ទុះ... សំរែកង៉ុល... ដុំហោះមួយលឿងពព្រួស
សូរស្នែងវ័ធឮវៀវខ្វាប់... ខ្លាក៏ដួលផ្ងាស្រទាង,
ពោះវៀនចេញទ្រេល ហើយឈាមហូរជោកអស់ទាំងរូបរាង
តែនៅត្រដរអូសខ្លួនអាស្រ័យដោយជើងរមួល។
នៅនាតាមជួរជើងភ្នំ នៅនាតាមមាត់ព្រឹក្សព្រៃ
ខ្ទីងស៊ីពន្លកស្មៅខ្ចីទាំងហ្វូងដោយសុខសំរាន្ត
ពួកទោចធាក់ហ៊ោអឺង្កងក្នុងផ្ទៃស្ងប់នៃសំសាន្ត
ដើម្បីសំដែងអំណរចំពោះខ្ទីងដែលមានជ័យ៕
No comments:
Post a Comment