by C write
អាស៊ានមានមុខរបួសខ្មៅ ក្រហមលឿងដៅនៅស្រុកសៀម
រាលឆ្លងមកខ្មែរនៅមិនស្ងៀម កាំភ្លើងឈមត្រៀមតទល់គ្នា។
អាស៊ានមានឈ្មោះយូរៗម្ដង ដូចជាប្អូនបងមិនជានា
ពិសេសសៀមយួនកម្ពុជា ប្រវត្តិហូរហៀដោយបញ្ហា។
អាស៊ានមានជាងដប់ប្រទេស ដែលតែងតែធ្វេសមិនសិក្សា
រឹងរូសជាងគេមីយ៉ាន់ម៉ា ដឹកនាំផ្ដាច់ការប្រើយោធា។
អាស៊ានមានឡាវដ៏ទន់ខ្សោយ យួននៅពីក្រោយកាច់មាគ៌ា
ដំបៅអាស៊ានមិនសះជា មិនអាចធានាថាមាំរឹង។
សឹង្ហបុរីម៉ាឡេស៊ី ឥណ្ឌូនេស៊ីសម្ងំទ្រឹង
មិនខ្វល់ជួយស្រាយរកលំនឹង ប្រ៊ុយណេសញ្ជឹងគិតហ្មត់ល្អិន។
ឯយួនមិនដែលចោលបំណង ហូជីមិញប៉ងឥណ្ឌូចិន
យកឡាវនិងខ្មែរជាមុនសិន ក្រុមអាស៊ានខ្វិនក្បត់គ្នីគ្នា។
នៅក្នុងកន្រ្តកអាស៊ានមួយ ភាយក្លិនរលួយរាល់វេលា
មិនដែលស្មោះត្រង់ក្នុងការងារ គ្មានច្បាប់ធានាគតិយុត្តិ។
ប្រទេសខ្លះមានចំហាយចិន អួតអាងថាប៉ិនខាងប្រយុទ្ធ
អួតដាក់គ្នាឯងស្ដែងអាវុធ ហើយបាញ់សម្លុតជាតិជិតខាង។
អាស៊ានគ្មានទេសន្ដិភាព មួយៗរឹតគាបអួតអាងយ៉ាង
ឈ្លោះប្រហារគ្នាពីដែនម្ខាង ប្រៀបទៅក្មេងក្មាងថ្នាក់ទីមួយ៕
No comments:
Post a Comment