Saturday, February 5, 2011

អ្នកនិពន្ធ និងអ្នកអានខ្មែរ

by Tararith


តាំងពីបុរាណកាលមក ប្រជាជនខ្មែរតិចណាស់ ដែលទម្លាប់សរសេរ និង អាន ឬមួយនេះជាឫសគល់របស់ខ្មែរ ដែលមិនអាចរំល៉ើងបាន ទើប សម័យនេះទៅហើយប្រជាជនកម្ពុជា ពិសេសយុវជន មិននិយមតែងនិពន្ធ និងអានសៀវភៅ។ មុនពេលមានអក្សរខ្មែរប្រើប្រាស់ជាផ្លូវការ បុព្វបុរស ខ្មែរ បានចាររឿងរ៉ាវនានានៅលើផ្ទាំងសិលា ពិសេស នៅតាមប្រាង្គ ប្រាសាទនានា រឿងរ៉ាវទាំងនោះ សម្ដែងឡើងជារូបភាព មនុស្ស សត្វ ទៅ តាមរឿងរ៉ាវរបស់គម្ពីរវេទ និងជំនឿរបស់ព្រះពុទ្ធសាសនា ដែលរូបភាព ទាំងនេះ មានតែអ្នកសិក្សាដ៏តិចតួចប៉ុណ្ណោះ អាចបកស្រាយ និងយល់ដឹង បាន។ សព្វថ្ងៃ ប្រជាជនខ្មែរ មានអក្សរប្រើ ប្រាស់ជាផ្លូវការ មានការបោះ ពុម្ពផ្សាយ មានភាពយន្ដ និងឈានទៅដល់ការប្រើប្រាស់បច្ចេកវិទ្យា ទំនើបដូចជាកំព្យូទ័រ ទូរស័ព្ទផងដែរ តែការសរសេរ និងស្វះស្វែងអាន សៀវភៅនៅតែជាបញ្ហា និងនៅមាន កម្រិតនៅឡើយ។


មួយឆ្នាំម្ដងមជ្ឈមណ្ឌលវប្បធម៌បារាំង រៀបចំកម្មវិធីពិពណ៌សៀវភៅ ដែលជួយជម្រុញឲ្យមានការអាននៅកម្ពុជា។ រាល់ពេលមានកម្មវិធីនេះ ម្ដងៗ តែងឃើញមានការផ្សព្វផ្សាយថា “កម្ពុជាកំពុងមានអ្នកអាន ច្រើន ជាងមុន” ឬថា “សន្ទុះនៃការអានសៀវភៅកំពុងរីកដុះដាល” តែនេះគ្រាន់ តែ ជាការភូតភតែប៉ុណ្ណោះ ព្រោះអ្នកនិពន្ធនៅកម្ពុជាបាន ខិតខំប្រឹងប្រែង តាក់តែង និងបោះពុម្ពផ្សាយប្រលោមលោក និងកំណាព្យណាស់ តែស្នាដៃ បស់ពួកគេលក់មិនដាច់។ ចំនួនសៀវភៅប្រហែលមួយពាន់ក្បាល និង ចំនួន មនុស្សរាប់លាននាក់ ខុសគ្នាឆ្ងាយណាស់ តែអ្នកនិពន្ធ ប្រើពេលពីរ ឆ្នាំ នៅតែលក់មិនអស់ដដែល។ នេះបញ្ជាក់ឲ្យឃើញថា អ្នកអាននៅមិន ទាន់ចង់ចេះចង់ដឹង ឬក្រេបជញ្ជក់រសជាតិ នៃការផ្ដួចផ្ដើម ឬបង្ហាញនូវ ទស្សនៈថ្មីៗរបស់អ្នកនិពន្ធទេ។


ការមិននិយមអាន ធ្វើឲ្យអ្នកនិពន្ធជាប់គាំង អស់ទឹកចិត្តនឹងបន្ដអាជីព របស់ខ្លួនតទៅទៀត។ អ្នកនិពន្ធខ្មែរសម័យថ្មីប្រឹងប្រែងតែងនិពន្ធណាស់ តែបន្ទាប់ពីនិពន្ធបានហើយ ត្រូវដើរលក់ស្នាដៃរបស់ខ្លួន យ៉ាងលំបាក លំបិន ពិបាកជាងលក់សាច់ជ្រូកនៅផ្សារទៅទៀត ក្រោមក្រសែភ្នែក បន្ទាបបន្ថោក របស់ឈ្មួញសៀវភៅមួយចំនួន។ អាជីពជាអ្នកនិពន្ធ ត្រូវ រងនូវការមើលងាយដោយប្រយោល ពីសំណាក់​សាធារណៈជន ដែលធ្វើ ឲ្យអ្នកនិពន្ធបាក់ទឹកចិត្ត រហូតដល់មានអ្នកនិពន្ធខ្លះ សុខចិត្តបោះបង់អាជីព ជាអ្នកនិពន្ធ និងរត់ភៀសខ្លួនចោលស្រុកទេសក៏មានដែរ ព្រោះតែមិនអាច ប្រឈមមុខនឹងបញ្ហាទាំងនេះបាន។


នៅក្នុងឆាកអន្ដរជាតិ អ្នកនិពន្ធខ្មែរកប់បាត់ឈឹងតែម្ដង មានអ្នកនិពន្ធតិច បំផុត​ដែលចូលប្រឡូកក្នុងឆាកអន្ដរជាតិ មូលហេតុគឺ ទីមួយ ដោយសារ នៅក្នុងស្រុកមិនទទួលស្គាល់ អ្នកនិពន្ធមិនមានភាពល្បីល្បាញ អាចចូល ក្នុងលំដាប់ អន្ដរជាតិបាន។ ទីពីរ អ្នកនិពន្ធខ្មែរពុំមានទំនាក់ទំនងល្អជាមួយ អ្នកនិពន្ធលើពិភពលោក គឺសង្គមរបស់អ្នកនិពន្ធខ្មែរហាក់បិទជិតក្នុង បញ្ហានេះ។ ទីបី អ្នកនិពន្ធខ្មែរ មិនបានផ្សព្វផ្សាយស្នាដៃរបស់ខ្លួន ជាភាសា បរទេស ពិសេសភាសាអង់គ្លេស ដែលអាចទាក់ទាញចិត្តអ្នកអាន ឲ្យ យល់ដឹងពីចរិត ឬអត្តសញ្ញាណអក្សរសិល្ប៍ខ្មែរ។ ទីបួន សង្គមបរិយា កាសរបស់អ្នកនិពន្ធខ្មែរ ស្ថិតក្នុងគំនាបនយោបាយ មានន័យថា សិទ្ធិក្នុង បញ្ចេញមតិតាមរយៈសំណេរ ហាក់បានត្រូវបិទជិត ទោះចង់ ឬមិនចង់ អ្នក និពន្ធខ្មែរ ត្រូវបានហាមប្រាមមិនឲ្យសរសេររិះគន់ ចំអក ប្រៀបធៀប ទៅ ថ្នាក់ដឹកនាំ បើមិនដូច្នោះទេ ត្រូវប្រឈមមុខនឹងការចាប់ដាក់គុកមិនខាន ប្រសិនបើគេរកឃើញ ដែលការគម្រាមនេះ កើតមានតាំងពីទសវត្សទី៦០ មកម្ល៉េះ។ ទីប្រាំ រដ្ឋាភិបាលខ្មែរ និងមូលនិធិផ្សេងៗក្នុងស្រុក មិនដែល បញ្ចេញខ្ទង់ចំណាយជាមូលនិធិ ដើម្បីលើទឹកចិត្តដល់អ្នកនិពន្ធឡើយ។ ភាពក្រីក្ររបស់អ្នកនិពន្ធភាគច្រើនដែលមានស្រាប់ គឺជាឧបសគ្គមិនអាច ឲ្យអ្នកនិពន្ធបោះពុម្ពបញ្ចេញស្នាដៃរបស់ខ្លួនបានឡើយ។ ទីប្រាំមួយ អ្នក និពន្ធ ខ្មែរ មិនសូវមានឧកាសរួមគ្នា ជួបគ្នា ដើម្បីដោះស្រាយបញ្ហារបស់ ខ្លួន ឬរកវិធីជួយខ្លួនឯង ឲ្យចេញផុតពីឧបសគ្គទាំងនេះទេ។ ភាពអសកម្ម ទាំងឡាយ ដែលបានបង្ហាញខាងលើធ្វើឲ្យ អ្នកនិពន្ធខ្មែរ មិនត្រឹមតែមិន អាចឈានទៅលើឆាកអន្ដរជាតិទេ សូម្បីក្នុងសង្គមខ្មែរ ក៏ខ្មែរគ្នាឯងមិន ទាន់ទទួលស្គាល់ដែរ។


ចំពោះការប្រកួតប្រជែងតែងនិពន្ធ ដើម្បីលើកទឹកចិត្តអ្នកនិពន្ធវិញ ឃើញ ថាមាន ចំនួនតិចតួចនៅឡើយ។ ការប្រឡងប្រជែងធ្លាប់បាន រៀបចំឡើង ដោយសមាគមអ្នកនិពន្ធខ្មែរ ដែលសហការជាមួយអ្នកនិពន្ធ ឡាវ និង យួន។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំការ ប្រកួតប្រជែងតែង និពន្ធដែរ និងមានសមាគមអក្សរសិល្ប៍នូ ហាច ក៏បានរៀបចំផងដែរ។ តែ អ្វីដែលប្លែកពីគ្នានោះ គឺមានតែសមាគមអក្សរសិល្ប៍ នូ ហាចប៉ុណ្ណោះ ដែលផ្ដល់សេរីភាពច្រើនទៅដល់អ្នកនិពន្ធ ដោយចំហរឲ្យ អ្នកនិពន្ធ សរសេរបានដោយសេរី។ ការប្រកួតប្រជែងតែងនិពន្ធ ដែលមានតិចតួច រយាល ធ្វើឡើងមួយឆ្នាំម្ដង និងរង្វាន់តិចតួច មិនបានជួយជម្រុញឲ្យអ្នក និពន្ធទៅជាអ្នកនិពន្ធដ៏ពិសេស និងជាគំរូបានឡើយ។


ឫសគល់តែងការតេងនិពន្ធបែបទំនើប បានកើតឡើងក្នុងសម័យអាណា និគមនិយមបារាំង និងក្រោយមកទៀត។ អ្នកនិពន្ធ និងបទនិពន្ធរបស់​ពួក គេក្នុងសម័យនោះ មានការទាក់ទាញខ្លាំង ទទួលបានការគាំទ្រច្រើន ពី ប្រជាជនខ្មែរ ព្រោះតែកាលនោះ បទនិពន្ធគេសរសេរជាពាក្យរាយ គឺជា ចរន្ដថ្មី សម្រាប់អ្នកអាន តែសព្វថ្ងៃវិញ ក្នុងកាលៈទេស ដែលប្រជាជន កំពុង ចង់ចេះចង់ដឹង ហេតុអ្វីក៏អ្នកអានបដិសេធ ឬមិនជ្រើសរើសយក ស្នាដៃតែងនិពន្ធបច្ចុប្បន្នមកអាន។ បញ្ហានេះ យើងអាចត្រលប់ ទៅក្រោយ វិញបន្ដិច គឺបន្ទាប់ពីរបបប៉ុលពតចូលកាន់ អំណាចដ៏ប្រល័យ ពួកនេះ បាន កាប់សម្លាប់បញ្ញាវន្ដ រួមទាំងអ្នកនិពន្ធផងដែរ មិនតែប៉ុណ្ណោះ របបនេះ ថែមទាំងបំផ្លាញសៀវភៅ ដែលជាសមិទ្ធិផលរបស់អ្នកមុនទាំងអស់ ធ្វើឲ្យ អ្នកនិពន្ធជំនាន់ថ្មីនេះ ពិបាកដុះដាល ពិបាករកគំរូ លំអាន មកអភិវឌ្ឍន៍ ខ្លួនឯង ស្របគ្នានឹងការខ្វះទំនាក់ ទំនងទៅលើឆាកងន្ដរជាតិផង ធ្វើឲ្យអ្នក និពន្ធបច្ចុប្បន្ន ហាក់ដូចស្ថិតក្នុងភាពឯកោពីពិភពលោក។ ដែលភាពឯកោ នេះ មិនបានពង្រឹងសមត្ថភាពអ្នកនិពន្ធឲ្យប្រកបដោយវិជ្ជាជីវៈ ពិត ប្រាកដបានឡើយ ដែលជាហេតុធ្វើឲ្យអ្នកនិពន្ធខ្មែរ មិនអាចអភិវឌ្ឍន៍ស្ នាដៃប្រឌិតរបស់ខ្លួន ឲ្យទាន់សភាពការណ៍ក្នុងសង្គម​ និងពិភពលោក ក៏ ដូចជាមិនបានផ្ដល់ព័ត៌មាន ឬការកំសាន្ដស្របតាមកាលសង្គមដែរ។


ដើម្បីលើកកំពស់ការតែងនិពន្ធ និងលើកកំពស់អ្នកអាន រួមទាំងការអាន នៅកម្ពុជា ប្រការសំខាន់ និងចាំបាច់ដែលត្រូវធ្វើជាបន្ទាន់នោះគឺ អ្នកនិពន្ធ ខ្មែរត្រូវរួមគ្នា អង្គុយជជែកគ្នារកច្រកចេញ ព្រោះមានតែអ្នក​និពន្ធ ខ្មែរខ្លួន ឯងទេ ដែលដឹងពីសភាពការណ៍ ស្ថានការណ៍របស់ខ្លួនច្បាស់ និងដឹងថា គួរអភិវឌ្ឍន៍គុណ ភាពតែងនិពន្ធរបស់ខ្លួនដោយរបៀបណា។ ជាមួយគ្នា នេះ ការគាំទ្ររបស់អ្នក និពន្ធបរទេស ពិសេសប្រទេសអភិវឌ្ឍន៍ មាន វប្បធម៌ស៊ីវិល័យ ត្រូវចូលរួមជួយទ្រទ្រង់អ្នកនិពន្ធខ្មែរ ទាំង សម្ភារៈ ថវិកា និងការបណ្ដុះបណ្ដាលដល់អ្នកនិពន្ធនៅកម្ពុជា តាមបច្ចេកទេសរបស់ខ្លួន នេះជាគោលការណ៍ ដែលមិនអាចខ្វះបានឡើយ ហើយអ្នកនិពន្ធខ្មែរ ដែល កំពុងរស់នៅឯបរទេស ត្រូវតែដុតដៃដុតជើង ជួយជ្រោមជ្រែងរកគន្លឹះ ចូលជួយ និងមានទំនាក់ទំនងល្អជាមួយអ្នកនិពន្ធនៅក្នុងស្រុក ដើម្បីមាន ឧកាសជួយលើកស្ទួយវិស័យតែងនិពន្ធនៅកម្ពុជា ឲ្យលេចមុខមាត់ឡើង វិញ៕


3 comments:

  1. កាលណា​មាន​អ្នក​អាន​កាន់​តែ​ច្រើន អ្នក​សរសេរ​ក៏​មាន​កាន់​តែ​ច្រើន​...​
    អ្នក​អាន​ខ្សត់ អ្នក​សរសេរ​ក៏​ខ្សត់​​..

    ReplyDelete
  2. ជំរាប់សួរ!
    ខ្ញុំចាប់អារម្មណ៍blogរបស់អ្នក តើអ្នកមានឯកសារទាក់ទងនងនឹងប្រវត្តអ្នកនិព​ន្ធរឿងទុំទាវដែរឫទេ?
    សូមអរគុណទុកជាមុន

    ReplyDelete