Wednesday, February 9, 2011

រឿងទន្ទឹងផ្លូវ

by Tararith

ខ្យល់រដូវរំហើយបក់បក់ផាត់នាំពពកខ្មៅ មកកកផ្ដុំនៅតំបន់ភ្នំដងរែក 
មនុស្សមន្នាញាប់ដៃញាប់ជើង សំដៅលំនៅដ្ឋានរៀងៗខ្លួន ដើម្បីរៀបចំ 
ឥវ៉ាន់ ភៀសខ្លួនទៅរកទីសុវត្ថិភាព។


សាអែម បងប្អូននាង និងម្ដាយរបស់នាង បានមកដល់តាកឹង ហើយ 
កំពុងតែទទួលយកសំពត់តង់ពីកាកបាទក្រហម ដើម្បីសម្រាកសម្រាន 
កាយពីការនឿយហត់។ អ្នកភូមិមកពីតំបន់ផ្សេងៗ ដែលនៅជិតទីលាន 
ប្រយុទ្ធ ក៏មកទទួលយកការសង្រ្គោះនេះដែរ ម្នាក់ៗមានទឹកមុខពេញ 
ដោយក្ដីព្រួយ។


ជិតដល់ថ្ងៃណាត់ជួបគ្នាហើយ សង្សាររបស់សាអែម  ដែលបានសន្យា 
ណាត់ជួបគ្នានៅថ្ងៃនោះ  មិនដឹងថាគេអាចមកជួបមុខនាងបាន ឬអត់ 
សាអែម នាងអន្ទះសារក្នុងចិត្តចង់ជួបម្ចាស់បេះដូងនាងណាស់ ក្នុងទ្រូង 
នាងនៅមិនស្ងប់ គឺផ្ទុកពេញដោយក្តីព្រួយបារម្ភ ព្រោះការបែកគ្នាកន្លង មកមានរយៈពេលយូរដែរហើយ ហើយគ្មានដំណឹងអ្វីបន្ដិច


ប្រជាជននៅតែភៀសខ្លួនចេញពីគ្រាប់ផ្លោងរបស់សៀម។ នៅឯព្រំ 
ប្រទល់ឯណោះ  សំឡេងគ្រាប់ផ្ទុះនៅតែលាន់ទាំងយប់មិនឈប់សោះ។ 
សាអែមគិតក្នុងចិត្ត "បងចាប! ថ្ងៃបុណ្យនៃក្តីស្រឡាញ់ជិតមកដល់ 
ហើយ បងនៅការពារនៅឯព្រំដែន សំឡេងគ្រាប់ផ្ទុះនៅតែលាន់មិន 
ដាច់សូរ ធ្វើឲ្យអូនព្រួយ អូនព្រួយព្រោះអូនស្រឡាញ់បង អូននឹកដល់ 
បង អូនជូនពរបងឲ្យបានសុខ បានជោគជ័យក្នុងការប្រយុទ្ធនេះ។


ចាប និងសាអែម ពួកគេកើត និងរស់នៅលើទឹកដីព្រះវិហារជា យូរមក 
ហើយ  ពួកគេជាកូនរបស់អតីតខ្មែរក្រហម  ឪពុករបស់ចាបគ្រប់គ្រង 
ដោយឪពុកនាងសាអែម។ បន្ទាប់ពីការកំចាត់រចនាសម្ព័ន្ធគ្រប់គ្រង 
របស់ខ្មែរក្រហមមក មានអតីតទាហានខ្មែរ ក្រហមមួយចំនួននៅតែ 
ស្ម័គ្របម្រើជាតិ ធ្វើជាទាហានដដែល ហើយចាប  ក៏ចូលធ្វើទាហាន 
បម្រើប្រទេសជាតិដែរ បន្ទាប់ពីគេប្រឡងបាក់ឌុប មិនជាប់ កាលពី 
ប៉ុន្មានឆ្នាំមុន។ សាអែម នាងសម្រេចចិត្តឈប់រៀន ដោយឪពុកនាង 
មមាញឹកនឹងកិច្ចការ ការពារព្រំដែន ហើយនាង មានប្អូនតូចៗ ប្រាំនាក់ 
ទៀតក្នុងបន្ទុក ម្ដាយសាអែមក៏សម្រេចឲ្យ នាងមានមុខរបរលក់ដូរនៅ 
ក្នុងភូមិជិតបន្ទាយទាហាន។


ជិតមួយឆ្នាំហើយ ដែលយុវជទាំងពីរនាក់ទាក់ទងស្រឡាញ់គ្នា  ចាប 
ធ្លាប់ប្រាប់ទៅសាអែមថា បងចង់ចូលស្ដីដណ្ដឹងអូន តែនៅក្នុងខ្លួនមិន 
ទាន់មានសល់ប្រាក់កាស រំពឹងប្រាក់ខែជាកូនទាហានតូច តាចដូចសព្វ 
ថ្ងៃ មិនដឹងថាដល់ពេលណាទើបសន្សំបាន។ អត់ប្រាក់ អត់បុណ្យ 
សក្កិដូចបង ឪពុកអូនព្រមឲ្យអូនមកបងដែរឬអត់ហ្ន៎។ នារីដែលមាន 
រូបរាងតូចច្រឡឹង នាងញញឹម ហើយតបទៅគូកំណាន់វិញ បែបលេង 
សើចថា កោតតែបងមកស្រឡាញ់អូន បងក៏ដឹង  ថាបងជាកូនទាហាន 
របស់ឪពុកអូន ប្រាក់ខែបងក៏តិច ម៉េចក៏មកស្រឡាញ់អូនធ្វើអី?”។ 
យុវជនយើង ដែលនៅលើស្មារមានស្ពាយកាំភ្លើង លើខ្នងមានសាក់កា 
ដូរ និងព័ទ្ធជុះវិញខ្លួនមាន ទុសៀពេញដោយគ្រាប់កាំភ្លើងផងនោះ តប 
ទៅនារីសំណពរបស់ខ្លួន បងពិតជាដឹងខ្លួនឯងដូច អូនប្រាប់អម្បាញ់ 
មិញអីចឹង តែបេះដូងបងមិនដឹងជាយ៉ាងម៉េចទេ មិនព្រមឈប់ 
ស្រឡាញ់អូនសោះ។ តែបើអូនអាចប្រាប់បងបាន សូមប្រាប់ផង តើ 
បងត្រូវធ្វើយ៉ាងណា ទើបអាចបំភ្លេចអូនបាន?”។ នាងក៏ដឹងថាគូគាប់ 
របស់នាងកំពុងចំអកឲ្យ នាងដែរ នាងក៏ឆ្លើយបែបហីថា បងគ្រាន់តែ 
ប្រាប់ទៅលោកតាឌីដ៏ស័ក្ដិសិទ្ធិទៅ ថាបងនៅស្រឡាញ់អូនប៉ុនណា 
លោកតានឹងប្រាប់បងវិញហើយ នូវរបៀបដែលបងត្រូវបំភ្លេចអូន។ 
តែបងធ្លាប់ប្រាប់លោករាល់តែលើកហ្នឹង”“បងប្រាប់គាត់ថាម៉េចដែរ?” 
បងប្រាប់លោកតាថា បងស្រឡាញ់អូន បងនឹកអូន បងចង់រៀបការ 
ជាមួយអូនឆាប់ៗ សូមឲ្យលោកតាដ៏មានឫទ្ធិ  ជួយធ្វើឲ្យសៀមបរាជ័យ 
បញ្ចប់មហិច្ឆិតាឈ្លានពានទឹកដីខ្មែរ ឆាប់ចប់សង្រ្គាម... ឆាប់បានចប់ 
បេសកកម្ម បងនឹងវិលទៅជួបអូន និងឆាប់បានរៀបការជាមួយអូន។ 
បើបងបន់អីចឹង ធ្វើម៉េចនឹងអាចបំភ្លេចអូនបានពុទ្ធោអើយ! បើ 
បេះដូងបងមានតែអូន ធ្វើម៉េចបងអាចនិយាយពាក្យផ្សេងចេញមក 
បាន។ សាអែនៅតែចំអកឲ្យសង្សាររបស់នាង បន្ទាប់មក នាងផ្ដាំផ្ញើ 
ទៅចាបថា បងពេលទៅដល់បន្ទាយ សំបុកឃ្មុំឧស្សាហ៍ទូរស័ព្ទមក 
លេងអូនផង កុំឲ្យអូននៅនឹកបងតែ ម្នាក់ឯងយូរពេក បើមិនអីចឹងទេ 
អូនខឹងហើយ។ តែប្រសិនជាមានការប្រយុទ្ធជាមួយសៀម បងត្រូវ 
ប្រុងប្រយ័ត្នបន្ដិច ព្រោះខាងសៀម គេមានអាវុធទំនើបៗណាស់ ម្យ៉ាង 
បងជាទាហានថ្មីថ្មោងផង។ អរគុណអូនហើយ ដែលបានជួយរម្លឹកបង 
អូនឃើញទេ បងធ្ងន់ណាស់គឺក្នុងបាឡូរបស់បង ពេញទៅដោយ 
បណ្ដាំរបស់អូនដែលបងទទួលបាន តាំងពីម្សិលមិញម្ល៉េះ។ បានហើ! 
អូនទៅ មើលប្អូនៗទៅ ប្រយ័ត្នម៉ែគាត់ទូរស័ព្ទប្រាប់ឪពុកអូន ពេល 
នោះ លោកមេបញ្ជាការក្មេក នឹងលត់ដំដាក់វិន័យបងធ្ងន់ធ្ងរមិនខាន។ 
យីបងនេះ ហ៊ានហៅឪពុកអូនអីចឹងផង” “បានហើយៗកុំប្រកាន់អី។ 
នេះមកពីបងចង់ហៅគាត់ថាលោកពុកក្មេកៗឆាប់ពេក


យុវជន យុវនារីមួយគូនេះ គេមានភាពស្និទស្នាលនឹងគ្នាណាស់ ពួកគេ 
ស្រឡាញ់គ្នា ដោចិត្តនឹងចិត្ត តែឪពុកម្ដាយទាំងសង្ខាងមិនដឹងទេ 
ព្រោះភាពស្និទស្នាលរបស់ពួកគេ មើលទៅដូចជាបងប្អូនអីចឹង។ ប្រវត្តិ 
ស្នេហារបស់គេ កើតឡើងដោយសារមានអ្នកចំណូលស្រុកម្នាក់ ជា 
ថៅកែរកស៊ីឈើ ចង់ស្ដីដណ្ដឹងសាអែមឲ្យកូនរបស់គេ តែសាអែម 
នាងបដិសេធ មិនព្រមយកបុរសអ្នកនៅទីក្រុងភ្នំពេញជាគូ ព្រោះនាង 
ឃើញឥរិយាបទកូនថៅកែនោះឆ្មើងឆ្មៃ ហើយឡូយឆាយពេក ជាងនេះ 
ទៀត ម្ដាយនាងបានប្រាប់នាងថា សាអែមកូន! កូនធំពេញវ័យហើយ 
ហើយក៏មានគេមកស្ដីដណ្ដឹងហើយដែរ តែម៉ែមើលទៅក្មេងនោះ មិន 
បានម៉ាចំណិតអាចាបកូនល្បងសៅផង។ អាចាបជាក្មេងស្រុកស្រែមែន 
តែពុកឯងសរសើររហូត ពុកឯងថា ប្រើអាចាបឆាប់សម្រេចកិច្ចការទៅ 
ណាមកណារហ័សរហួន វាមិនស្ពឹកស្រពន់ដូចក្មេងៗក្នុងភូមិនេះទេ ម៉ែ 
ក៏សម្គាល់អីចឹងដែរ។ តាំង ពីពេលនោះមក សាអែមតែងជួបនាយ 
ចាប ពេលខ្លះនាងហៅនាយចាបថា ចាបចៀន ចាបលលក ចាប 
ត្រយ៉ងក៏មាន តែនាយចាបមិនតបតឡើយ ហើយជួនកាល សាអែម 
នាងសាកចិត្តនាយ ចាបគ្រប់បែបយ៉ាង គ្រប់រូបភាព រាប់ទាំងទូរស័ព្ទ 
រំខានចំអែចំអន់លេងផង តែនាយចាបនៅធម្មតា ដោយចាត់ទុកនាង 
សាអែមជាអ្នកភូមិផង​របងជាមួយ ដែលត្រូវជួយទំនុកបំរុង តាម 
ដែលអាចធ្វើទៅបាន នាយចាបពីមុនរវល់នឹងជួយកាងារឪពុកម្ដាយផង 
ទៅសាលារៀនផង នាយមិនដែលមានចិត្តស្រឡាញ់នារីណាម្ដង 
ឡើយ រាប់ទាំងនាងសាអែមផងដែរ។ ស្នេហារបស់គេ ហាក់បីដូចជា 
មិនសូវសំខាន់ មិនចាំបាច់ដែលត្រូវនៅជុំគ្នា ផ្ដោះផ្ដងលែបខាយ ព្រោះ 
ពួកគេ ឃើញមុខគ្នារាល់ថ្ងៃ ព្រោះពួកគេបានប្ដូរផ្ដាច់ តាំងចិត្តស្មោះ 
ស្ម័គ្ររៀងៗខ្លួនរួចទៅហើយ។

ព្រោះសុរិយាលិចផុតទៅហើយ សំឡេងគ្រាប់កាំភ្លើងធំលាន់គ្រាំងៗ 
គ្រាប់ខ្លះត្រូវទាហានសៀមផ្លោងផ្តក់ធ្លាក់ដល់ស្រអែម ធ្វើឲ្យសភាព 
ការណ៍ដែលកំពុងតែតានតឹង រឹតតែរកគិតមិនយល់ សំឡេងគោយន្ត 
របស់ប្រជាជនពីតំបន់ផ្សេងៗមកដល់តាកឹង ជាមួយសូរសន្ធឹកឡាន 
កងទាហានខ្មែរ និងសំឡេងទាក់ទងគ្នា សំឡេងបញ្ជារតាមអាយកូម 
ឲ្យបញ្ជូនកម្លាំងទាហានបន្ថែមឲ្យបានរួសរាន់ ទៅប្រាសាទព្រះវិហារ 
ទាំងយប់នៅឡូកឡំគ្នា។​


មុននេះ ទឹកដីខ្មែរមានសន្ដិភាពហើយ សៀមក៏សន្ដិភាពដែរ ព្រះវិហារ 
ជារបស់ខ្មែរ ជាសម្បត្តិរបស់ពិភពលោក សៀមខ្លួនឯងក៏ធ្លាប់ចាញ់ក្ដី 
រឿងនេះដែរ ហេតុអីក៏សៀមចង់រំលោភយកដីខ្មែរទៀត? សាអែម នាង 
មិនយល់ នាងគិតនេះគិតនោះ ពិសេសគិតដល់ចាបគូរស្នេហារបស់ 
នាង។ ទូរស័ព្ទរបស់នាងមិនអាចទាក់ទងនិយាយ ជាមួយម្ចាស់បេះដូង 
នាងបានទេ នាងគិតពីចាប គិតហើយគិតទៀត។ នៅក្នុងមុងនាង គេង 
ស្ដាប់សំឡេងគ្រាប់កាំភ្លើង ដែលឮខ្លាំងម្ដងៗតាមកម្លាំងខ្យល់បក់ ដៃ 
ទាំងពីរផ្តុំនៅលើដើងទ្រូង កែវភ្នែកបិទមិនជិត ព្រោះតែអារម្មណ៍របស់ 
នាងគិតដល់មនុស្សជាទី ស្រឡាញ់ម្នាក់ ដែលកំពុងប្រយុទ្ធនៅឯព្រំ 
ដែន ក្បែរប្រាសាទព្រះវិហារ ឯម្ដាយរបស់នាង កំពុងបំបៅកូនពៅ ក៏ 
ចិត្តមិនស្ងប់ដែរ គាត់គិត ដល់ប្ដី ដែលខានមកផ្ទះជិតមួយខែ ហើយតាំង 
ពីមានភាពតានតឹងនៅសំបុកឃ្មុំ។ ម្តាយរបស់សាអែមនិយាយទៅកូន៖ 
កូនអែម! កុំ ពិបាកចិត្តអី ពុកឯងមិនអីទេ ឆាប់គេងទៅកូន ក្រែងលោ 
យប់ ព្រលប់ត្រូវរត់លូនទៀត។


ចាសម៉ែ!


ម្ដាយរបស់សាអែមមិនដឹងថា សាអែមមានទំនាក់ទំនងស្នេហាជា មួយ 
នាយចាបទេ គាត់ក៏មិនដឹងថា នាងគិតដល់ចាបដែរ។ ទោះជាម្ដាយ 
របស់នាងដាស់តឿនឲ្យឆាប់ គេងក៏ដោយសាអែមនាងគេង មិនលក់ 
សោះ នាងគិតអាណិតដល់សង្សារ មិនដឹងថា គេជួបការលំបាកយ៉ាង 
ណា មិនដឹងថាគេមានជោគជ័យ ឬអត់ ព្រោះគេជាទាហានថ្មី ខ្វះ 
ពិសោធក្នុងសង្រ្គាម។ សេចក្តីស្នេហា បានធ្វើឲ្យនារី ស្រុកស្រែម្នាក់ 
ចេះគិតវែងឆ្ងាយ ចេះស្រឡាញ់ស្រុកទេស និងមានគំនិតជាតិនិយម 
ផងដែរ នាងអាចបែងចែកបាន “ពីមុនឪពុកម្តាយ ជាទាហានទាំងអស់ 
គ្នានៅក្នុងព្រៃ ពួកគាត់ទទួលបានក្ដីសុខ តែពេលនេះ ពួកគាត់នៅឆ្ងាយ 
ពីគ្នា ធ្លាប់រស់នៅជុំគ្នា ឥឡូវបែកគ្នា ម៉ែលំបាកចិត្តនឹងពុកខ្លាំងហើយ ខ្ញុំ 
ខ្លួនឯង គ្រាន់តែស្រឡាញ់បងចាប យើងមិនទាន់ជាប្ដីប្រពន្ធផង ខ្ញុំគិត 
ដល់គាត់ដល់ម្លឹងទៅហើយ។” គិតយូរៗទៅ ទឹកភ្នែកនាងស្រាប់តែ 
រមៀលចេញមក ដោយមិនដឹងខ្លួន ទឹកភ្នែកនាងហូរមកយ៉ាងច្រើន នាង 
មិនមែនយំទេ គឺនាង អាណិតស្រឡាញ់នាយចាបតែប៉ុណ្ណោះ បង 
ចាប! ប្រសិនជាយើងមិនក្រ  ប្រសិនជាយើងជាកូនអ្នកនៅទីក្រុង 
យើងមិនមែនជាកូន របស់ទាហានព្រំដែន បង និងខ្ញុំ ប្រហែលមិនមក 
វេទនាខ្លួន កណ្ដាលព្រៃនេះទេ។ ឪពុកបង មិនមែនជាអ្នកលោភលន់ 
មិនស្រឡាញ់បុណ្យស័ក្ក គាត់ធ្វើទាហានស្ទើរតែមួយជីវិតទៅហើយ 
ឋានៈនៅតែជាកូនទាហាន គាត់មិនកាប់ឈើលក់ដើម្បីបានកម្រៃបន្ថែម 
ចិញ្ចឹមជីវិត ឬរកប្រាក់ពីការជួញ ដូរខុសច្បាប់ ដើម្បីឲ្យបងរៀន មិនតែ 
ប៉ុណ្ណោះ គាត់អូសបងឲ្យទៅធ្វើជាទាហានដូចគាត់ទៀត។ ឪពុកបងក៏ 
ដឹងថាជីវិតជាទាហានពិបាកកម្រិតណា ត្រូវរស់នៅរសាត់អណ្ដែត 
គ្មានដីធ្លី ផ្ទះសម្បែង ឯប្រពន្ធកូនចល័តតាមគ្រប់ពេលដែលប្ដី ដែល 
ឪពុកផ្លាស់បន្ទាយញឹកញាប់ ហើយតាំងពីតូចៗមក បងក៏ដឹង ឪពុកបង 
ព្រោះតែគាត់ស្លូតបូត ខ្ញុំឃើញមានតែគេពេបជ្រាយ ព្រោះផ្ទះបងធ្លុះ 
ធ្លាយ មើលពីក្រៅ ឃើញតែកាំភ្លើង និងសម្លៀកបំពាក់ទាហានព្យួរតាម 
សសរ ឃើញតែកាម៉ែលទាហាន និងការ៉ុងអង្កររបប គ្មានសម្បត្តិអី 
ផ្សេងទៀតទេ។ ឪពុកបងក្រីក្របងទទួលមរតកក្រីក្រនេះបន្ដ ឥឡូវ 
ឪពុកបង និងបង ដឹកដៃគ្នាធ្វើសង្រ្គាមជាមួយសៀម ការពារជាតិខ្មែរ 
ការពារដី ខ្មែរ ប្រាសាទព្រះ វិហារខ្មែរ គឺបង និងឪពុកបងយកទ្រូង យក 
ជីវិតទៅប្ដូរ ដើម្បីខ្មែរទាំងមូល... ឪពុកខ្ញុំ ក៏ដូចគ្នាដែរ ឋានៈគាត់ជាមេ 
ក្រុម គាត់មាន ពេលតិចណាស់នៅជាមួយខ្ញុំ នៅជាមួយម៉ែ។ មុនពេល 
ពុកចេញទៅ យើងនាំគ្នាជីកត្រង់សេទុកសម្រាប់រត់លូន ពេលមាន 
ចម្បាំង ពេលពុកចេញទៅប្រចាំការ ឬទៅសមរភូមិម្ដងៗ ខ្ញុំ និងម៉ែ 
ប្រឹងប្រែងដោយខ្លួនឯង រករបរបន្ថែម លក់ដូរផង និងមើលថែទាំប្អូនៗ 
ផង នេះជាមូលហេតុដែលខ្ញុំព្រមឈប់រៀន ខ្ញុំឃើញម៉ែលំបាកម្នាក់ឯង 
ណាបាយមនុស្ស ណាបាយសត្វ ណាកូនតូចៗជុំចង្កេះ។ តែខ្ញុំមាន 
មោទនភាព ដែលមានឪពុកជាទាហាន ហើយរឹតតែមានមោទនភាព 
ថែមទៀត ដែលមានបងម្នាក់ទៀតជាទាហាន ជាទាហានកំពុង​ច្បាំង 
ជាមួយ សត្រូវបរទេសឈ្លានពានទឹកដីខ្មែរ។ ឯអ្នកដែលចាំតែ ពេប 
ជ្រាយ គេនាំគ្នារត់ទៅភ្នំពេញបាត់ហើយ ពួកនេះជាទាហាន ទិញដូរ 
បុណ្យស័ក្ក ដើម្បីតែមានឧកាសបំផ្លាញព្រៃឈើប៉ុណ្ណោះ។


បងចាប! យប់នេះ ខ្ញុំគិតដល់បងជាងពេលណាទាំងអស់ ពីមុនបងតែង 
តែលេង សើចជាមួយខ្ញុំ ខ្ញុំក៏អីចឹងដែរ តែងតែចំអកឲ្យបង ដែល 
ស្នេហាយើង ដូចជាគ្មានមនោសញ្ចេតនាអ្វីធំដុំនៅខាងក្នុងទេ នេះក៏ 
ព្រោះតែពួកយើងធំធាត់នៅក្នុងព្រៃភ្នំ មិនដែលស្គាល់ភាពស៊ីវិល័យ 
ភាពជឿនលឿនទំនើប តែការពិត ចិត្តអូនស្រឡាញ់បងខ្លាំងណាស់។ 
យើងនៅឆ្ងាយពីគ្នា តែអូនមើលឃើញបង គឺរូបបងមាននៅក្នុងបេះដូង​
អូនជានិច្ច។


សាអែមដំអក់មួយស្របក់ នាងជូតទឹកភ្នែកចេញពីផែនថ្ពាល់នាង 
ហើយ​នឹកទៅដល់អនុស្សាវរីយ៍នានា បងចាប! ឪពុកបង ឪពុកអូនជា 
ទាហាន បងជាទាហាន អូននឹងរៀបការជាមួយបងជាទាហាន គ្រួសារ 
យើង ប្រហែលជាចៀសមិនផុតពីមុខរបរជាទាហាន ប្ដូរជីវិតលើសមរ 
ភូមិនេះឡើយ អូនមិនខ្លាចទេ។ បងចាប! រូបថតបងដែលផ្ញើមកអូន 
រាល់តែលើក អូនឃើញបងស្គមជាងមុន រូបថតមួយសន្លឹកណា ក៏ 
ឃើញកាន់កាំភ្លើង មួយសន្លឹកណា ក៏មានឯកសណ្ឋានយោធាដែរ បង 
ប្រហែលជាគ្មានសម្លៀកបំពាក់ស៊ីវិលទេ។ បងចាប! ការលំបាករបស់ 
បងអូនដឹង ការលំបាករបស់ទាហាន ឯទៀតក៏មានច្រើនដែរ អ្នកខ្លះបាន 
ពលីជីវិតចោលប្រពន្ធ កូន ចោលសាច់ញាតិទៅហើយ អ្នកខ្លះរងរបួស 
សម្រាកនៅមន្ទីរពេទ្យ យើងដឹងជាមុនទាំងអស់គ្នា ថាសង្រ្គាមគឺអីចឹង 
ពីមុន ពេលដែលពួកយើងនៅតូចៗ យើងមិនបានគិតពីបញ្ហាទាំងនេះ 
ទេ ម្នាក់ៗរស់តាមយថាកម្ម ទាំងឪពុកបង ទាំងឪពុកខ្ញុំ រស់នៅក្នុងព្រៃ 
រាប់សិបឆ្នាំ ធ្វើចម្បាំងរាប់សិបឆ្នាំដែរ ខ្ញុំ និងបងក៏ដូចគ្នា មិនដែលបាន 
ស្គាល់ មិនដែលបានឃើញភាពរីកចម្រើន វប្បធម៌ទំនើបជឿន លឿន 
ដែលមានតែនៅក្នុងទីក្រុងម្ដង ណាឡើយយើងបើកភ្នែកឡើងមានតែ 
ព្រៃ ប្រាសាទបាក់បែក និងស្នូរគ្រាប់ផ្ទុះ ពេលគេនិយាយពីក្រុងភ្នំ 
ពេញ និយាយពីទន្លេចតុមុខ ពីព្រះបរមរាជវាំង ឬគេបង្ហាញភាព 
ស្រស់ស្អាតនៅតាមទូរទស្សន៍ យើងចង់ឃើញផ្ទាល់ណាស់ តែមិនដឹង 
ថាថ្ងៃណាមានឧកាស ព្រោះជីវិតរបស់ពួកយើង រឹតតែមមាញឹកទៅៗ 
សូម្បីតែសេចក្តីស្នេហា ការស្រឡាញ់គ្នាក៏ខ្វះភាពផ្អែមល្ហែមដែរ ឬមួយ 
មួយជីវិតនេះ យើងត្រូវស្លាប់រស់នៅក្នុងព្រៃភ្នំ ដែលជាទីកំណើតនេះ 
អីចឹងក៏មិនអីដែរ អូនព្រមទទួល គឺទទួលរស់នៅជាមួយបង។


ក្រោមដំបូលសំពត់តង់រាប់រយនៅតាកឹង ដែលជួយសង់ដោយកាក 
បាទក្រហម អ្នកភៀសខ្លួនខ្លះគេងលង់លក់យ៉ាងស្កប់ស្កល់ ព្រោះតែ 
ហេវហត់អស់កម្លាំងនឹងការរត់លូនពេក អ្នកខ្លះនៅពិភាក្សាពីសង្គ្រាម 
ខ្មែរសៀមនៅឡើយ អ្នកខ្លះមានគម្រោង ទៅមើលផ្ទះសម្បែងនៅថ្ងៃ 
ស្អែកបើគេអនុញ្ញាតឲ្យទៅ។ ឯយាយតាចាស់ៗ នៅទំពារស្លាម្លូ គាត់ 
សំរានមិនលក់ គិតដល់អនាគតស្រុកទេស អ្នកដែលមានប្ដីជាទាហាន 
កំពុងប្រយុទ្ធនៅសមរភូមិគិត បារម្ភដល់ប្ដី ច្រើនជាងគេ ម្ដាយរបស់ 
សាអែម គិតដល់ប្ដីរបស់គាត់ គាត់គេងមិនលក់ ណាមួយក្មេងៗផ្លែក 
កន្លែងគេងភ្ញាក់ៗហើយយំ ដែលធ្វើឲ្យគាត់បិទភ្នែកមិនបាន នៅអង្គុយ 
បំបៅកូនពេលកូនភ្ញាក់ម្ដងៗ។


ខ្យល់រដូវរំហើយត្រជាក់ស្រេបនៅដើមខែកុម្ភៈនេះ ភាពហួតហែង 
ក៏មានផងដែរ តែអ្វីដែលសាអែមខ្វល់ខ្វាយជាងគេ គឺអាយុជីវិត 
របស់បងចាបគេនៅក្នុងសង្រ្គាម។ នាងគេងមិនលក់ នាងស្ដាប់គេ ឯង 
ក្រែងបានដឹងដំណឹងពិសមរភូមិ ចាស់ៗនិយាយពីមាត់មួយទៅមួយ 
ថាមានទាហានសៀមរបួស និងស្លាប់ច្រើន ឯខាងខ្មែរវិញ ក៏មានខ្លះដែរ 
តែតិចទេ។ ព័ត៌មាននេះ ទោះពិត ឬមិនពិតក្ដី ធ្វើឲ្យសាអែម និងម្ដាយ 
នាងមិនស្ងប់ដែរ ដែលផ្ទុយពីម្ដាយរបស់​ចាប គាត់តាំងចិត្តមិនខ្វល់ 
ខ្វាយអ្វីទាំងអស់ គាត់តែងលើកទឹក​ចិត្តម្ដាយសាអែម ដោយនិយាយ 
យ៉ាងហីថា អ្នកអើយកុំព្រួយ ពួកគាត់ប្រយុទ្ធនៅក្នុងព្រៃព្រះវិហារ 
រាប់សិបឆ្នាំ មិនស្លាប់ផង រឿងអីមក ស្លាប់នឹងគ្រាប់កាំភ្លើងសៀម ពួក 
នេះមានចេះបាញ់អីវា។ទោះជា បែបណាក្ដី មានគេនិយាយលើកទឹក 
ចិត្ត កងទ័ពខ្មែរយ៉ាងណាក្ដី សាអែម ដែលខ្វះការពិសោធក្នុងជីវិត បាន 
ធូរចិត្តដែលក្នុង ពេលឮ ពាក្យលួងលោមតែប៉ុណ្ណោះ បន្ទាប់មកនាង 
ព្រួយជាថ្មី។ មាន់ព្រៃរងាវនៅពាក់អធ្រាត្រ ប៉ុន្មានម៉ោងទៀត ព្រះ 
អាទិត្យនឹងរះ សាអែម នាងនាងនៅតែបន់ស្រន់ឲ្យឆាប់ចប់សង្រ្គាម 
លោកតាឌីដ៏ស័ក្កិសិទ្ធិ លោកធ្លាប់បានឮពួកយើងបន់ស្រន់ ឮពាក្យ 
សច្ចារបស់យើង ហើយលោកតាធ្លាប់ជួយការពារឪពុកម្ដាយយើង 
ដែរ។ ខ្ញុំដែលនៅ ទីនេះ សូមបួងសួងដល់លោកតា សូមលោកជួយថែ 
រក្សាទាហានខ្មែរទាំងឡាយ ថែរក្សាឪពុកខ្ញុំ ឪពុកបងចាប និងបងចាប 
ផង ពេលចប់សង្រ្គាមព្រះវិហារមានសន្ដិសុខ ខ្ញុំនឹងបងចាប និងទៅ 
សែនថ្វាយជូនលោកតា។ បងចាប អូនមិនអាចជួយអ្វីបងបានទេ មាន 
តែជួយបន់ស្រន់លើកទឹកចិត្ត ឲ្យបងបានសុខតែប៉ុណ្ណោះ។ អូននៅទន្ទឹង 
ផ្លូវ​បង សង្ឃឹមថាបងនឹងវិលមកជួបអូនវិញដោយសុវត្ថិភាព



No comments:

Post a Comment