by C write
ខ្ញុំនៅបារាំង ដឹងថាខ្មែរច្បាំង នឹងខ្មែរគ្នាឯង
ក្នុងចិត្តក្ដុកក្ដួល ចិត្តអើយចំបែង ស្រុកខ្មែរមានផ្សែង
ឆេះមិនរលត់។
ខ្មែរនៅឯអាយ ទុក្ខសោកសប្បាយ ដោយចៀសមិនផុត
ខ្មែរសខ្មែរខៀវ ក្រហមខ្មៅសុទ្ធ ឲ្យខ្មែរបាក់ស្លុត
មិនផុតអន្តរាយ។
សត្រូវរួមឈាម គឺយួននិងសៀម តែងតែកំចាយ
ឲ្យខ្មែរសាបសូន្យ ពួកចោរពីឆ្ងាយ ខ្មែរអស់សប្បាយ
ព្រោះសាសន៍ទាំងពីរ។
ខ្ញុំយំរាល់ថ្ងៃ ព្រោះជនចង្រៃ នៅតែញាំញី
ខ្មែរកាន់បក្សពួក ទៅមិនដល់ទី គេបោកវក់វី
អស់ជាតិទឹកដី។
មានពួកខ្មែរខ្លះ ដឹកនាំមិនខ្មាស ជាតិយ៉ាងណាក្តី
កើបប្រាក់ដុល្លារ ប្រហារជាថ្មី ចង់ធ្វើមន្រ្តី
លុះអស់ជីវិត។
ខ្ញុំក៏បានដឹង អ្នកខ្លះស្រវឹង រលួយជុំជិត
មិនគិតទេខ្មែរ គិតតែស្នេហ៍ស្និទ យសចាក់គំនិត
បំផ្លាញសង្គម។
ជាតិខ្មែរនេះណា មានពង្សសាវតា អង្គរតូចធំ
ឫសគល់ធ្លាប់ខ្លាំង ចម្បាំងគ្រងឃុំ ជាតិរួញរីកធំ
គឺខ្មែរអ្នកសាង៕
No comments:
Post a Comment