ថ្មនៅរាយប៉ាយឆ្ងាយអាណែក មិនឆ្ងាយពីភ្នែកខ្មែរប្រុសស្រី
ថ្មប្រាសាទអើយរាយពាសដី កណ្ដាលដងព្រៃស្ងាត់ជ្រងំ។
កំណើតល្អស្អាតរាប់រយឆ្នាំ ការពារដោយឆ្មាំកំពូលភ្នំ
បែកបាក់រាល់ថ្ងៃទ្រហោយំ ព្រះធ្លាប់បង្គំត្រូវកំទេច។
ប្រាសាទបុព្វបុរសខ្មែរ ឆើតឆាយគ្មានប្រែបែររំលេច
ឲ្យខ្មែរគ្រប់គ្នាចាំមិនភ្លេច ពិសេសពាក្យពេជន៍ស្នេហាជាតិ។
ថ្ងៃនេះពួកសៀមមកឈ្លានពាន បាញ់បោះទន្រ្ទានលើថែមទៀត
សល់ស្នាមក្រឡៅនៅតែរាត ត្បាត ព្រោះចង់វាតយកមរតក។
ខ្មែរស្រក់ទឹកភ្នែកសង្វេគស្ដាយ សៀមមកពីឆ្ងាយក្លាយកុហក
ចង់ចូលទន្ទ្រានលបវាយឆ្មក់ សង្រ្គាមបោកបក់ឲ្យរងារ។
ប្រាង្គព្រះវិហារដ៏ឆើតឆាយ រាស្រ្តខ្មែរជិតឆ្ងាយរួមការពារ
មិនឲ្យជាតិគេមកផ្ដន្ទា តស៊ូលុះគ្រាបានជោគជ័យ៕
No comments:
Post a Comment