Monday, February 14, 2011

ឃ្លាត

by Prasat

ឃ្លាតពីទ្រនុំ               ឆ្ងាយពីភូមិឃុំ              ព្រោះសន្សំសុខ
ទាំងមនុស្សទាំងសត្វ   បង់បោះសំបុក            រត់ចោលភូមិស្រុក
ទៅនៅស្រុកឆ្ងាយ។
ស្រុកខ្មែរទីកើត          ជាទីកំណើត                ជាទីសប្បាយ       
ជួបជុំស្នេហា             សើចលេងក្អាកក្អាយ    ញាតិមិត្តទាំងឡាយ
មូលមីរកំសាន្ដ។
ឯហ្វូងបក្សី                ចាបស្រុកចាបព្រៃ       សត្វទាំងប៉ុន្មាន
រស់ជាមួយមនុស្ស     មិនដែលរំខាន             ជីវិតថ្កើងថ្កាន
បាននៅជួបជុំ។
ថ្ងៃមុនយើងឃ្លាត       រស់នៅចង្អៀត             នៅក្នុងជំរំ    
រស់គ្មានសេរី             គេប្រមូលផ្តុំ                ខ្មែរនៅជាក្រុម
តាមព្រំដែនសៀម។
ខ្មែរៗច្បាំងគ្នា            ខ្មែរអ្នកវេទនា              មិនបានស្ងប់ស្ងៀម
នាំគ្នាភៀសខ្លួន          លើទឹកដីសៀម           ជីវិតក្រំក្រៀម
ខ្មែរចាញ់ដូចគ្នា។
អ្នកបានជោគជ័យ      រហូតសព្វថ្ងៃ               នៅកម្ពុជា    
គឺជនបរទេស            យួនសៀមជាគ្នា          ហើយគេផ្តន្ទា
ឲ្យខ្មែររងគ្រោះ។
ហេតុអ្វីពូជខ្មែរ           ដែលធ្លាប់ពូកែ             សុខចិត្តទ្រាំរស់     
ធ្វើជាអាយ៉ង             បង្កជម្លោះ                   បន្ថែមសាបព្រោះ
ទុក្ខទោសជាថ្មី។
ទុក្ខមិនទាន់ស្រាក       ដល់ក្ដីលំបាក              កើតឡើងលើដី     
កម្ពុជារដ្ឋ                  ដែលធ្លាប់ល្បាញល្បី    ប្រែល្ហាមរាល់ថ្ងៃ
ព្រោះគេជិះជាន់។
សូម្បីពួកសត្វ           ធ្លាប់ហើរឆ្វែលឆ្វាត់       សត្វគ្រប់ជំនាន់     
រស់បានក្តីសុខ           សព្វសត្វរយពាន់         ឥឡូវរួសរាន់
ទៅនៅស្រុកគេ។
ស្រុកខ្មែរសង្រ្គាម       ផ្សែងរំសេវឈ្ងៀម       មិនដែលបាត់ទេ    
រកសុខមិនបាន          ច្បាំងមិនទំនេរ             រត់ទៅស្រុកគេ
ជាតិគេមើលងាយ។
ទាំងមនុស្សទាំងសត្វ   ប្រាថ្នាស្ងប់ស្ងាត់          ចៀសគេពេបជ្រាយ      
ខ្មែរទាំងនគរ              ឈ្លោះនាំអន្តរាយ         សៀមយួនរីករាយ
លេបយកទឹកដី។
ប្រវត្តិមានមក            ជាតិខ្មែររត់ជ្រក            ប្រទេសដទៃ
ព្រោះចង់បានសិទ្ធិ      ប្រាថ្នាសេរី                 កសាងលើដី
ខ្លួនឯងមិនបាន។
មានប្រទេសដែរ        គឺប្រទេសខ្មែរ              តែមិនសានត្រាណ
ខ្មែរច្បាំងគ្នាឯង          ចម្បែងរំខាន               ខ្មែរទាំងប៉ុនាន
និរាសព្រាត់ប្រាស។
គិតរៀននឹងដឹង          ដឹងហើយចេះខឹង          កែគំនិតខ្លះ
ខ្មែរសម្លាប់ខ្មែរ          សៀមយួនអរណាស់    ត្រូវតែប្តូរផ្លាស់
រកផ្លូវរុងរឿង៕

No comments:

Post a Comment