by Prasat
បឹងអើយបឹងកក់ សម្បូររឿងល្អក់ កណ្ដាលធានី
ទីធ្លាប់សុខសាន្ដ អ្នកមានវាតទី ប្រជាវក់វី
ស្រែកសុំជំនួយ។
សុំទៅអ្នកណា ក៏គ្មានបានការ គេគ្មានគិតជួយ
ឪអ្នកបឹងកក់ យប់ថ្ងៃរឹតព្រួយ មន្ដ្រីរលួយ
មិនជួយប្រជា។
ដីបឹងដ៏ធំ ខ្មែរទ្រហោយំ ព្រោះតែវេទនា
សុំរស់ជាមនុស្ស ចៀសពីកម្មពារ ពុះពារទាមទារ
សំណងសមរម្យ។
សុំហើយសុំទៀត ម្ចាស់ចិត្តចង្អៀត ចាយប្រាក់ចាប់ឃុំ
ចាប់អ្នកតវ៉ា ខ្មែរអើយទ្រាំយំ អំណាចគេធំ
លើសគេស្រុកខ្មែរ។
បឹងកក់ដដែល បន្សល់ដំណែល បាតុកម្មហូរហែ
ស៊ូកាកូអ៊ីន និងពួកថៅកែ មិនព្រមប្ដូរប្រែ
រឹតតែឃោរឃៅ។
ប្រជាបឹងកក់ ត្រូវគេកុហក បញ្ឆោតបើកផ្លូវ
ចាក់ដីលុបបឹង រកប្ដឹងមិនត្រូវ ខ្សាច់កប់លំនៅ
អស់ផ្លូវតតាំង។
បាតុកម្មទាមទារ ស្ថាប័ននានា មានអំណាចខ្លាំង
មិនជួយប្រជា បែរមកតតាំង ចោទថាប្រឆាំង
តាំងវាយបំបែក។
ទៅរកនរណា បើរដ្ឋផ្ដាច់ការ មានតែយំយែក
ជាតិខ្មែរដីខ្មែរ ឲ្យខ្មែរទឹកភ្នែក សែនឈឺចិត្តពេក
ស្រែកបន់ទេវតា។
បន់ស្រន់ទៅព្រះ អុជធូបសំពះ ដាក់បណ្ដាសារ
ធ្វើសព្វគ្រប់ហើយ នៅជាប់បញ្ហា រដ្ឋានេះម្ហា
ផ្ដាច់ការរលួយ។
ខ្សាច់គរដូចភ្នំ មាត់ត្រូវគេឃ្លុំ ជីវិតជាប់ព្រួយ
គ្មានទេក្ដីសុខ ព្រោះគ្មានអ្នកជួយ រដ្ឋខ្មែរតែមួយ
រលួយដូចល្វា។
គ្មានចិត្តជួយសោះ ផែនការទាំងអស់ រៀបចំផ្ដន្ទា
អភិវឌ្ឍន៍ជាតិ រាស្រ្ដក្រវេទនា បណ្ដេញប្រជា
ពីលំនៅដ្ឋាន។
មានបុណ្យអំណាច ច្បាប់មានមិនខ្លាច កោងកាចសាមាន
ដឹកនាំសង្គម ឃើញតែរំខាន ឬនេះសណ្ដាន
នៃពួកផ្ដាច់ការ។
ដីច្រើនកន្លែង បុណ្យស័ក្កអ្នកឯង ទន្រ្ទានប្រហារ
ចាប់ម្ចាស់ដាក់គុក ព្រោះគេតវ៉ា ខ្លះអស់សង្ខារ
ព្រោះការពារសិទ្ធិ៕
No comments:
Post a Comment