គេលើកឲ្យធ្វើជាអ្នកធំ លើដែនព្រៃភ្នំកម្ពុជា
អំណាចធ្វើឲ្យទ្រូងគ្រាំគ្រា ឲ្យរឹតរងារនឹងបុណ្យសក្ដិ។
តំណែងខ្ញុំជាអ្នកធំម្នាក់ យប់ថ្ងៃជំពាក់ព្រោះតែប្រាក់
ជួនប្ដូរជីវិតនឹងឧបសគ្គ ជ្រុលហួសថានៈអ្នកមានផ្កាយ។
បុណ្យសក្តិពេញស្មារអាវ៉ាសែ ពីក្រុងដល់ស្រែជិតឬឆ្ងាយ
ដីធំល្វឹងល្វើយព្រៃទាំងឡាយ ជាទ្រព្យចៅហ្វាយខ្ញុំទាំងអស់។
តួនាទីខ្ញុំធំជាឈ្លាន់ ឲ្យគេជិះជាន់លើស្រស់ៗ
ធ្វើអ្វីមិនបានខ្លួនឯងសោះ ធ្វើការដូចហោះព្រោះបញ្ជា។
អាណិតខ្លួនពេកដេកមិនបាន ផ្កាយទាំងប៉ុន្មានដូចតែគ្នា
បានត្រឹមខាំព្រុសនឹងចងពារ ឲ្យរាស្រ្តប្រជាក្តៅក្រហាយ។
ជីវិតសព្វថ្ងៃចៀសមិនផុត គម្រាមសម្លុតខ្មែរទាំងឡាយ
មានអ្នកឈឺចាប់ និងសប្បាយ រវាងចៅហ្វាយ និងប្រជា។
រឹបយកដីធ្លីផ្ទះសម្បែង រួចហើយសម្ដែងជាជួយគ្នា
វាយវាត់ទាត់ធាក់រងគ្រាំគ្រា គ្រប់ពេលវេលាអភិវឌ្ឍន៍៕
No comments:
Post a Comment