Wednesday, March 9, 2011

ស្វាប៉ាហ៊ី

by Tararith


ស្វាលេងប៉ាហ៊ីលក់ថ្នាំស្រែង               ម្ចាស់វាសម្ដែងជាមួយផង
លោតហក់ស្ញេញស្ញាញទាំងចំណង     ម្ចាស់មានបំណងលក់របស់។
ស្វាបានចេកមួយឆីចំណាប់                ម្ចាស់ងក់ក្បាលប្រាប់ឆីឲ្យអស់
ស្វានេះមានម្ចាស់ស្រឡាញ់ស្មោះ        អាណិតស្រណោះឲ្យស៊ីចុក។
ក្រៅឆាកស្វាអើយសែនអភ័ព្វ              ច្រវ៉ាក់ទាក់ជាប់គ្មានក្ដីសុខ
ម្ចាស់នៅដោយឡែកស្វាតត្រុក           សំកុកក្រោមតុតាំងថ្នាំស្រែង។
អ្នកលេងប៉ាហ៊ីស៊ីវោហា                     ចំណែកឯស្វាជួយសម្ដែង
នាំសើចសប្បាយនាំបន្លែង                 លោតតាមបទភ្លេងកម្មជាសត្វ៕

No comments:

Post a Comment