Wednesday, April 20, 2011

ម្ចាស់ស្រែ

by Tararith


កណ្ដាលវាលស្រែសង្វេគចិត្ត           ថ្ងៃក្ដៅខ្លាំងពិតទ្រាំស្ទូងដក
សម្លឹងរកទឹកទៅគ្រប់ច្រក                បានត្រឹមតែខកឪបំណង។
ពីមុនដីស្រែមានទឹកប្រៀប               ស្រូវមិនដែលក្ដៀបស្រែអ្នកផង
ទឹកហូរពោរពាសគ្មានរបង               ហូរនាំក្តាមខ្យងចូលក្នុងស្រែ។
ព្រលិតត្រកូនដុះប្រជ្រៀត                ម្អមមានព្រោងព្រាតនៅក្បែរៗ
កាលនោះស្រុកទេសឥតប្រួលប្រែ    បានស្រូវហូរហែរស់សុខសាន្ត។
ពេលនេះស្រែខ្លះដោតគ្រឹះថ្ម             ឈ្មោះជាប់សសរទាំងប៉ុន្មាន
ជាឈ្មោះអ្នកធំគេមានបាន                មកពាំងរំខានផ្លូវទឹកហូរ។
ចាប់ព្រួយព្រោះស្រូវក្នុងជង្រុក         ស្ដុកទុកថ្ងៃមុខមិនបរិបូរណ៍
ឆ្នាំនេះស្រែអើយគួរអាសូរ               ប្រហែលត្រូវប្ដូរម្ចាស់មិនខាន៕

No comments:

Post a Comment