Tuesday, May 10, 2011

អ្នកនិពន្ធជំនាន់ថ្មី

by Tararith

អ្នកនិពន្ធជាមនុស្សសេរី និងជាអ្នកច្នៃប្រឌិតបង្កើតថ្មី ដែលត្រូវការដឹងរឿងរ៉ាវ ក្នុង 
ធម្មជាតិ និងសង្គមជាច្រើន ដើម្បីយកមកប្រឌិតប្រៀបធៀប ទៅតាមទំនោរ នៃឆន្ទៈ 
របស់ខ្លួនទុកជាការកំសាន្ត និងពិចារណា សំដៅទៅរកការបង្កើតគំនិតថ្មី។ អ្នកនិពន្ធ 
អាចតាក់តែងព្រឹត្តិការណ៍មួយទៅជាកំណាព្យ ជា​រឿងប្រឌិត ជាចម្រៀង ភាពយន្ត 
និងរូបថ្លុក កំប្លុកកំប្លែងក៏មានដែរ ទៅតាមជំនាញ ឬទេពកោសល្យរបស់ខ្លួន ដោយ 
រើសយកស្ថានការណ៍សង្គមណាមួយ ទុកឲ្យអ្នកអានពិចារណា។

ក្នុងទសវត្សទី៥០, ៦០ និង៧០អ្នកនិពន្ធខ្មែរមួយចំនួន ប្រឹងប្រែងត្រួសត្រាយ 
កសាងស្នាដៃរបស់ខ្លួន រហូតទទួលបានការគាំទ្រពីសាធារណៈជន ពិសេស 
ក្នុងរបបសាធារណរដ្ឋ ដែលមានការបោះពុម្ពផ្សាយច្រើន ឯបច្ចុប្បន្ន អ្នកនិពន្ធ 
ហាក់បានចាត់ទុកជាក្រុមមនុស្ស ដែលមិនមានសារៈសំខាន់ និងពុំមានអ្នកគ្រប់ 
គ្រងត្រឹមត្រូវ ទោះបីមានក្រុម សមាគមអ្នកនិពន្ធពីរ ឬបី ប្រឹងប្រែងឈរដោយ 
ខ្លួនឯង ទាំងត្រដាបត្រដួសក៏ដោយ ក៏គេមិនអាចរកឃើញភាពច្បាស់លាស់មួយ 
ដើម្បីអភិឌ្ឍន៍វិស័យសំណេរ និងជាទីសង្ឃឹមសម្រាប់អ្នកនិពន្ធខ្មែរស្រករថ្មីឡើយ។

នៅប្រទេសកម្ពុជា វិជ្ជានិពន្ធ មិនទាន់ជាមុខវិជ្ជាវិទ្យាសាស្រ្តមួយ ដូចមុខវិជ្ជាឯទៀត 
ទេ ការដែលប្រជាជនខ្មែរមួយចំនួនបច្ចុប្បន្ន អាចតាក់តែងនិពន្ធបាន ការដែលគេ 
ហៅអ្នកនិពន្ធ ថាជាអ្នកនិពន្ធ គឺមានតិចណាស់ ដែលបានឆ្លងកាត់វគ្គបណ្តុះ 
បណ្ដាលវិជ្ជានិពន្ធ។ ឯការបណ្ដុះបណ្ដាលទៀតសោតមានរយៈពេលខ្លីហើយមិន 
មានមេរៀនច្បាស់លាស់តាមបែបវិជ្ជាជីវៈ សម្រាប់អ្នកសិក្សាឡើយ។ គ្រូបង្រៀន 
មួយចំនួន ដែលត្រូវបានអញ្ជើញឲ្យចូលទៅក្នុងថ្នាក់ គ្រាន់តែជាអ្នកឧទ្ទេស 
នាម រំលែកបទពិសោធ ដែលពួកគាត់មានទៅឲ្យអ្នកជំនាន់ថ្មីតែប៉ុណ្ណោះ ឬ 
មួយពួកគាត់បង្ហាញយ៉ៗទៅសិក្ខាកាម ពីរបៀបសរសេរកំណាព្យ ឬប្រលោម 
លោកតាមបែបបុរាណ ជាជាងវែកញែកបង្ហាញពីគំនិត ដែលមាននៅក្នុង 
អត្ថបទអក្សរសិល្ប៍ទាំងនោះ ឬបង្កើតគំនិតថ្មី សម្រាប់បម្រើសេចក្ដីត្រូវការ 
របស់អ្នកអានក្នុងសង្គមសព្វថ្ងៃ។ ពេលខ្លះវាគ្មិនមិនហ៊ានបកស្រាយនូវទស្សន
របស់រឿង ដែលឆ្លុះបញ្ចាំងមកសង្គម ឬសំណួររបស់សិក្ខាកាម ព្រោះគាត់ 
បារម្ភ គឺបារម្ភថា អាចនឹងប៉ះពាល់ដល់ផ្នែកនយោបាយ ឬការដឹកនាំរបស់ 
ស្ថាប័នខ្លះក្នុងរដ្ឋាភិបាល ក៏មានដែរ។

មានរឿងមួយដែលគួរយកមកគិតពិចារណា គឺក្នុងដំណាក់កាលរៀនសូត្រមុខវិជ្ជា 
ទូទៅនៅវិទ្យាល័យ ឬមហាវិទ្យាល័យ មនុស្សម្នាក់ៗរៀនអស់សៀវភៅច្រើនណាស់ 
តែមានមនុស្សតិចណាស់ ដែលបានសរសេរ ឬផ្សាយសៀវភៅមួយក្បាល ពិសេស 
ប្រជាជនខ្មែរ កុំថាឡើយសរសេរសៀវភៅ សូម្បីនិយាយចេញមកនូវអ្វីដែលខ្លួនរង 
ទុក្ខ រងគ្រោះ ក៏មិនហ៊ាននិយាយដែរ ព្រោះខ្លាចនិយាយទៅ នាំឲ្យខ្លួនកាន់តែមាន 
ទោសថែមទៀត។ ជាក់ស្ដែង ខ្មែររាប់លាននាក់រងគ្រោះ ក្នុងរបបខ្មែរក្រហម តែ 
មានអ្នកសរសេរអំពីរឿងទាំងនេះតែប៉ុន្មាននាក់ប៉ុណ្ណោះ ហើយអ្នកដាក់ពាក្យ 
បណ្ដឹងទៅតុលាការអន្ដរជាតិ ដើម្បីរកយុត្តិធម៌ ក៏មិនមានច្រើនដែរ។ នេះសបញ្ជាក់ 
ឲ្យឃើញថា ការអប់រំនៅកម្ពុជានៅមានភាពទន់ខ្សោយនៅឡើយ ពិសេសវិស័យ 
តែងនិពន្ធ ដែលការមិនយកចិត្តទុកដាក់លើបញ្ហានេះ នាំឲ្យសង្គមពុំមានការតស៊ូមតិ 
ហើយរិតតែបណ្តោយឲ្យមានភាពផ្ដាច់ការក្នុងសង្គម ដែលត្រូវការការកសាងលទ្ធិ 
ប្រជាធិបតេយ្យថែមទៀត។

ប្រទេសកម្ពុជាជាប្រទេសក្រីក្រ មានអ្នករស់នៅក្រោមបន្ទាត់នៃភាព្រីក្រ ប្រហែល 
៣០ភាគរយ ក្នុង​ចំណោមនោះ ក៏មានអ្នកនិពន្ធផងដែរ។ អ្នកនិពន្ធខ្មែរសម័យបច្ចុប្បន្ន 
នៅចូលចិត្ត នៅស្រឡាញ់ និងចង់ចូលរួមលើកស្ទួយវិស័យនេះ នាំគ្នាជួបជុំគ្នា រៀន 
សូត្រ អាន សរសេរ និងផ្សព្វផ្សាយ។ ការខ្វះខាតក្នុងជីវភាពរស់នៅ ជាហេតុនាំឲ្យ 
អ្នកនិពន្ធមមាញឹករត់ទៅប្រកបរបរផ្សេងៗ ដើម្បីចិញ្ចឹមជីវិត។ ការរស់នៅដោយ 
ពឹងផ្នែកលើរបរជាអ្នកនិពន្ធ មានអ្នកនិពន្ធខ្មែរតិចណាស់ដែលធ្វើបាន ហើយរឹត
តែមានការលំបាក ប្រសិនជាអ្នកនិពន្ធរូបនោះ ជាអ្នកនិពន្ធឯករាជ មិនចំណុះអ្នក នយោបាយ ឬមិនមែនជាសមាជិកគណបក្សនយោបាយដែលមានអំណាច ឬ 
គណបក្សនយោបាយផ្សេងទៀត។

ព្រោះតែភាពក្រីក្រ បាននាំឲ្យអ្នកនិពន្ធមួយចំនួនសរសេរបម្រើអ្នកមានអំណាច 
ដោយពុំដឹងខ្លួន ដើម្បីទទួល​បានលាភសក្ការៈ បុណ្យសក្កិពីអ្នកនយោបាយ ឬ 
ការសន្យាផ្សេងៗ។ អ្នកនិពន្ធខ្លះចង់សរសេរពីបញ្ហាសង្កម តែពួកគេបារម្ភ នឹង 
ស្ថានភាពរបស់គេ ហើយក៏បោះបង់គំនិតនេះចោល។ ជាងនេះទៀត ស្ថានប័ន 
ផ្សព្វផ្សាយខ្លះ បានជ្រើសរើសអ្នកនិពន្ធឲ្យធ្វើការងារ តែមើលយូរៗទៅ ហាក់ 
ដូចជាគេបាន ឲ្យប្រាក់ខែទៅអ្នកនិពន្ធ ដើម្បីបំបិទមាត់តែប៉ុណ្ណោះ។ ម៉្យាងទៀត 
មានសមាគមខ្លះ ដែលធ្វើការងារខាង ផ្នែកតែងនិពន្ធ ត្រូវបានគ្រប់គ្រងដឹកនាំ 
ដោយអ្នកនយោបាយ ដែលចង់មិនចង់ អ្នកនិពន្ធរណបទៅនឹងឥទ្ធិពលរបស់ 
អ្នកដឹកនាំនោះស្រេចទៅហើយ។

អ្នកនិពន្ធមួយចំនួននៅកម្ពុជា តែងតែជួបនឹងការប្រឈមមុខ បន្ទាប់ពីផ្សាយ 
ស្នាដៃរបស់ខ្លួន ហេតុអ្វីបានជាមានរឿងបែបនេះកើតឡើង? ព្រោះអ្នកនិពន្ធ 
សរសេរពីបញ្ហា ដែលកើតមានឡើងក្នុងសង្គម ពិសេសបញ្ហាពុករលួយ ការ 
ប្រើប្រាស់អំណាចជ្រុសហួសរបស់អ្នកមានអំណាច និងក្រុមគ្រួសារខ្លះ ការ 
រំលោភយកដីធ្លី ការសម្លាប់មនុស្សក្រៅច្បាប់ អំពើផិតក្បត់របស់អ្នកមាន
អំណាច ការកាប់បំផ្លាញព្រៃឈើ ការរំលោភច្បាប់នានារបស់មន្រ្តី សិទ្ធិ 
សេរីភាពរបស់មនុស្ស ពិសេសគឺសរសេររិះគន់ជនជាតិយួន ឬទំនាក់ទំនង 
របស់មន្រ្តីនយោបាយជាមួយយួន និងបញ្ហបាត់បង់ទឹកដីខ្មែរជាដើម។ មានអ្នក 
និពន្ធជាច្រើន បានតែងនិពន្ធ និងផ្សាយស្នាដៃរបស់ខ្លួន តាមកាសែត ទស្សនា
វដ្ដី និងប្លក់ ដោយប្រើឈ្មោះប្រឌិត ការលាក់បាំងអត្តសញ្ញាណបែបនេះ ព្រោះ 
អ្នកនិពន្ធដឹងខ្លួនឯងច្បាស់ណាស់ថា អាចនាំទៅរកសេចក្ដីសុខ ជាជាងមាន
ទុក្ខទោស បើអជ្ញាធរ ឬអ្នកមានអំណាចរកឃើញ និងចោទប្រកាន់។

ជាក់ស្ដែងការស្លាប់ ការនិរទ្ទេស និងចាប់អ្នកសារព័ត៌មានខ្លះដាក់ពន្ធនាគារ អាច 
ជាការគំរាមដោយផ្ទាល់ ឬដោយប្រយោលចំពោះសេរីភាពបញ្ចេញមតិ។ អ្នកនិពន្ធ 
ជាអ្នកបញ្ចេញមតិសេរីមួយ នៅពេលដឹងពីព័ត៌មានទាំងនេះ អ្នកនិពន្ធញ៉ាក មិន 
ហ៊ានសរសេរប្រឌិត បញ្ចេញគំនិតដែលខ្លួនមាន ជាក់ស្ដែង ព្រះតេជគុណ ថាច់ 
ប្រីយ៍ជាគឿន ជានិពន្ធនាយកកាសែតព្រៃនគរ និងជាកវីផងនោះ ថ្មីៗនេះ ត្រូវ 
ទទួលការគំរាមពីអ្នកមានអំណាច រហូតបង្ខំឲ្យព្រះអង្គនិរទ្ទេសខ្លួន ចេញពីប្រទេស 
កម្ពុជា។ លោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក និងជាអ្នកនិពន្ធផង 
នោះ ធ្លាប់ទទួលទោសជាប់គុករាប់ខែ។ តើអ្នកនិពន្ធគួរសរសេរអំពី អ្វីដើម្បីកុំឲ្យ 
មានទោស? បើអ្នកនិពន្ធសរសេរអ្វីតាមដែលគេប្រាប់នោះ គេមិនមែនជាអ្នកនិពន្ធ 
ឡើយ។

បើដឹងថាសរសេរពីបញ្ហាទាំងនេះនឹងមានគ្រោះថ្នាក់ ហេតុអ្វីមិនឈប់សរសេរ ឬ 
សរសេរពីអ្វីផ្សេងវិញ? នេះជាសំណួរ ដែលយើងតែងតែបានទទួលពីអ្នកអាន 
ពីមិត្តភក្តិខ្លះ។ អ្នកនិពន្ធមានច្រើនប្រភេទ តែទាំងអស់គ្នាគឺប្រាថ្នានាំការកម្សាន្ដ 
ទៅអ្នកអាន និងអ្នកទស្សនា អ្នកនិពន្ធដែលសរសេរអំពីបញ្ហាសង្គម ព្រោះគេ 
ឈឺឆ្អាល មិនអាចអត់ធ្មត់ ឬទុកឲ្យរឿងរ៉ាវអយុត្តិធម៌ក្នុងសង្គមរំលងទៅបាន។ ចំពោះ 
ទង្វើរំលោភបំពានរបស់មនុស្សមួយចំនួនមកលើជនសាមញ និងការធ្វើនយោបាយ 
ដែលនាំទៅរក ការបាត់បង់អធិបតេយ្យភាពជាតិ មិនមែនជាសិទ្ធផ្ដាច់មុខរបស់ 
មនុស្សមួយក្រុម ដែលកំពុងតែមានអំណាចនៅក្នុងសង្គម ឬកំពុងតែដឹកនាំសង្គម 
នោះទេ រឿងរ៉ាវក្នុងសង្គមទាំងមូល ក៏មិនមែនជារបស់អ្នកនយោបាយតែម្នាក់ឯង 
ឬជនមួយក្រុមនោះដែរ គឺមានប្រជាជនចូលរួមទទួលខុសត្រូវផង ព្រោះប្រជាជន 
ចូលរួមគ្រប់សកម្មភាពរបស់រដ្ឋាភិបាល ពិសេសការបោះឆ្នោតជាសាកលជ្រើស 
រើសតំណាងរាស្រ្ត ដូច្នេះហើយទើបអ្នកនិពន្ធ បំពេញតួនាទីរបស់ខ្លួន គឺសរសេរ 
ពីអ្វីដែលគេមើលឃើញ ពីអ្វីដែលជាឧត្តមគតិរបស់គេ ដើម្បីបង្ហាញទៅសាធារណ 
ជនឲ្យបានដឹង។ បើប្រជាជន បើអ្នកនិពន្ធនិយាយ ឬសរសេររិះគន់ទង្វើ ឬ 
ព្រត្តិការណ៍សង្គមមិនបាន ធ្វើឲ្យមានទោសមានន័យថា អ្នកទទួលខុសត្រូវ 
ក្នុងសង្គមកំពុងតែបិទបាំងពីភាព អសមត្ថភាពរបស់ខ្លួន ឬមានអ្វីដែលមិនប្រក្រតី 
មិនលែង។ ការសរសេរតិទៀន រិះគន់អ្នកដឹកនាំ ពិសេសអ្នកដឹកនាំក្នុងសង្គម 
ផ្ដាច់ការ អ្នកនិពន្ធនឹងជួបប្រទះនឹងគ្រោះថ្នាក់ពិតប្រាកដ តែអ្នកនិពន្ធនៅស្ងៀម 
មិនបាន ព្រោះគេមិនចង់រស់នៅ ដោយឃើញទង្វើជិះជាន់ បំបិទសេរីភាពមនុស្ស 
ជាតិដូចគ្នា។

អ្នកនិពន្ធ មានឋានានុក្រមនៅក្នុងសង្គម ដូចអ្នកបច្ចេកទេស ឬអ្នកនយោបាយដែរ។ អ្នកនិពន្ធខ្លះត្រូវគេគោរព គេចាត់ទុកថា ជននោះ និងស្នាដៃរបស់គាត់ ថាជាស្នាដៃ 
ឆ្នើម និងជាអ្នកមានប្រជាប្រិយ៍ មានគំនិតថ្វីដៃសរសេរល្អ អ្នកនិពន្ធខ្លះ ទើបតែចាប់ 
ផ្ដើមសរសេរ ដែលត្រូវរៀនសូត្រយូរអង្វែង ឯអ្នកនិពន្ធ ខ្លះទៀតសរសេរយករួចតែ 
ខ្លួន ស្នាដៃរបស់គេ សរសេរសរសើរអ្នកដឹកនាំ ដើម្បីប្រាក់កាសតិចតួច គឺគេអាច 
ធ្វើបានតែប៉ុណ្ណឹង ដោយពិបាករាវរកឲ្យឃើញនូវឧត្តមគតិថ្លៃថ្លា និងការបង្កើតថ្មីអ្វី
ទេ។ សំណេររបស់អ្នកនិពន្ធប្រភេទនេះ មាននៅគ្រប់សម័យកាល ពិសេសសម័យ 
បច្ចុប្បន្ន។

នៅប្រទេសកម្ពុជា មានអ្នកនិពន្ធច្រើនរស់ដោយភាពស្ងាប់ស្ងាត់ តែក៏មានអ្នក 
និពន្ធមួយចំនួនផងដែរ ដែលរងការគម្រាមដោយផ្ទាល់ ឬដោយប្រយោល ពីជន 
អានាមិក ឬអ្នកមានតួនាទីធំដុំក្នុងសង្គម រហូតដល់ធ្វើឲ្យអ្នកនិពន្ធខ្លះរត់ភៀស 
ខ្លួនចេញពីប្រទេស ទៅសុំសិទ្ធិជ្រកកោណនៅបរទេសក៏មាន។

អ្នកនិពន្ធគឺជាអ្នកប្រឌិតព្រឹត្តិការណ៍ក្នុងសង្គម ធ្វើឲ្យអត្ថបទមួយមានលំនាំចាប់ផ្ដើម និងបញ្ចប់ ឯនយោបាយជាអ្នកបង្កើតព្រឹត្តិការណ៍សង្គម ឲ្យកើតឡើងជាក់ស្ដែង តាមរយៈកម្មវិធី ឬទង្វើរបស់ខ្លួន។ អ្នកនិពន្ធ មិនមែនជាអ្នកនយោបាយទេ តែពេល
ខ្លះ អ្នកនយោបាយបានចោទអ្នកនិពន្ធថា បានបម្រើនយោបាយ ឬប្រឆាំងជំទាស់នឹង 
នយោបាយក្រោមការគ្រប់គ្រងរបស់អ្នកនយោបាយនោះ។ ផ្ទុយទៅវិញ អ្នកនិពន្ធ ជាអ្នកបម្រើអារម្មណ៍សាធារណជនក្នុងសម័យកាលរបស់គេ។ ឯអ្នកនយោបាយ
វិញ តែងតែស្ដែងឲ្យឃើញនូវអំពើផ្សេងៗ ដូចជាអំពើពុករលួយ ការប្រើអំណាច 
ផ្ដាច់ការ មិនគោរពច្បាប់ និងការរំលោភបំពាននានា តាមកម្លាំងបុណ្យសក្តិរបស់គេ 
ដែលធ្វើឲ្យអ្នកនិពន្ធខ្លះចាប់យកព្រឹត្តិការណ៍ទាំងនោះមកតាក់​តែងមិនចប់មិនហើយ
នាំឲ្យអ្នកនយោបាយរអៀសខ្លួន បង្កើតច្បាប់ការពារមុខមាត់របស់ខ្លួន ដោយខ្វះ 
ហេតុផល និងកាន់តែអាមាសចំពោះមុខសាធារណៈជន ហើយពួកគេកាន់តែខិតខំ 
បិទបាំងភាពអាមាសរបស់គេថែមទៀត។

បញ្ញាវន្ដមួយចំនួនបានក្លាយទៅជាអ្នកទទួលទោសទណ្ឌ នេះជាការធម្មតា ដែល 
អ្នកសរសេរ អ្នកនិពន្ធ ជាអ្នកមានទោសនៅក្នុងសង្គមផ្ដាច់ការនានា ហើយច្បាប់ 
ទម្លាប់មិនដែលបានចាប់ជនបង្កហេតុ មកកាត់ទោសឡើយ នៅកម្ពុជាក៏មាន 
ករណីដូចគ្នានេះដែរ។ ព្រឹត្តិការណ៍ទាំងនេះ បញ្ជាក់ថា សង្គមខ្មែរត្រូវការការកែ
ទម្រង់វែងឆ្ងាយថែមទៀត ពិសេសសិទ្ធិក្នុងការបញ្ចេញមតិ ដូចដែលមានចែង
ក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលការអនុវត្តនៅមានតិចតួចនៅ
ឡើយ។

ដើម្បីបញ្ចៀសកុំឲ្យមហាជនចាប់អារម្មណ៍នឹងការកាន់អំណាចដ៏យូររបស់ខ្លួន 
និងបក្សពួកខ្លួន អ្នកនយោបាយខ្លះ តែងតែបន្ទោសទៅលើស្ថានការរបស់សង្គម 
ពីមុនៗ ពិសេសក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ថាជាមូលហេតុដែល 
បណ្ដាលឲ្យសង្គមសព្វថ្ងៃអន់ថយ ព្រោះថាសង្គមបច្ចុប្បន្ន ចាប់ថ្ដើមពីបាតដៃ 
ទទេរ។ ការប្រៀបធៀបនេះ បើស្ដាប់គឺពិរោះ អាចជាការពិត តែបើគិតវិញ នឹង 
ឃើញថា អ្នកដឹកនាំពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើឲ្យសង្គម ដែលខ្លួន 
កំពុងគ្រប់គ្រងចម្រើនទៅមុខបាន ទើបលើកយកឧបសគ្គជាង៣០ឆ្នាំមុនមក 
ប្រៀបធៀប ដោយមិនបានយកភាពអន់ថយរបស់ខ្លួន ទៅតទល់ជាមួយ 
ប្រទេសរីកចម្រើនរបស់ពិភពលោកឡើយ។ ជាងនេះទៀត គ្មាននរណាអាច 
និយាយពីភាពអន់ថយ ពុករលួយ និងភាពផ្ដាច់ការរបស់ខ្លួនបានថែមទៀតផង 
ពិសេសអ្នកនិពន្ធ បើកាលណាតាក់តែង ពីភាពអសមត្ថភាពរបស់អ្នកនយោបាយ 
ដែលបង្ហាញតាមរយៈការដឹកនាំសង្គមដោយខុសឆ្គងនោះ អ្នកនិពន្ធអាចនឹងមាន 
ទោសមិនលែង។

អ្នកនិពន្ធ កាន់ប៊ិកសរសេរ មានគំនិតប្រឌិត និងមនោសញ្ចេតនាច្រើន ឯអ្នកនយោ 
បាយគ្រប់គ្រងប្រទេសជាតិទាំងមូល មានទាហាន ប៉ូលីលនៅក្នុងដៃ បង្កើតច្បាប់ 
ដើម្បីគ្រប់គ្រងមនុស្ស និងស្ថានការណ៍សង្គម ដែលការងារនេះមិនដូចគ្នាទេ តែអ្នក 
នយោបាយត្រូវផ្ដល់ឱកាសឲ្យអ្នកនិពន្ធឲ្យបានច្រើន ចៀសវាងចាត់ទុកអ្នកនិពន្ធ 
ជាសត្រូវ ឬជាក្រុមមនុស្សបំរើនយោបាយឲ្យបក្សជំទាស់ ព្រោះតែសំណេររបស់ 
ពួកគេ មិនគាំទ្រសកម្មភាពរបស់ខ្លួន។ កាលណារដ្ឋណាមួយចាត់ទុកអ្នកនិពន្ធជា
ខ្មាំងរបស់សង្គមខ្លួន អ្នកកាន់អំណាចនៃរដ្ឋនោះ ឬច្បាប់រដ្ឋនោះ នឹងដំណើរការទៅ 
ដោយជ្រុលនិយមមិនលែង។ អ្នកនិពន្ធបច្ចុប្បន្ន មិនស្ថិតនៅឯកោដូចអ្នកនិពន្ធ
សម័យមុនៗឡើយ គឺយើងមានការទាក់ទងគ្នា ជួយគ្នា ទាំងនៅក្នុងស្រុក និងនៅ
លើឆាកអន្ដរជាតិ ដែលសំឡេងអំពាវនាវរបស់អ្នកនិពន្ធ ធ្វើឲ្យមានរលកជា
អន្ដរជាតិ ដូចដែលលោក Liu Xiaobo អ្នកនិពន្ធចិនបានទទួលអីចឹងដែរ។ 

ជារួម ទោះបីមានការគំរាមខ្លះក៏ដោយ អ្នកនិពន្ធខ្មែរបច្ចុប្បន្ន កំពុងធ្វើដំណើរ
សន្សឹមៗ អភិវឌ្ឍន៍ស្នាដៃរបស់ខ្លួន ដោយមានអ្នកនិពន្ធក្មេងៗមួយចំនួនកំពុង 
ដើរតួនាទីក្នុងសង្គម ព្យាយាមអភិវឌ្ឍន៍ការតែងនិពន្ធ និងបោះពុម្ពផ្សាយ ដោយ 
បង្កើតblog ផ្សព្វផ្សាយគំនិតរបស់ខ្លួន ទោះបីពួកគេដឹងថាស្ថិតក្នុងភាពភ័យខ្លាចក្ដី 
តែដើម្បីជួយជំរុញឲ្យវិស័យនេះទៅមុខលឿន ជំនួយគ្រប់យ៉ាងពីអ្នកនិពន្ធបរទេស 
អង្គការ ស្ថាប័ននានាជាការចាំបាច់ ដើម្បីចូលរួមលើកស្ទួយការបណ្តុះបណ្ដាល 
ការបោះពុម្ពផ្សាយ ឆ្ពោះទៅរកការកសាងសមត្ថភាពអ្នកនិពន្ធខ្មែរជំនាន់ថ្មី ដែល 
សម្បូរណ៍ដោយទេពកោសល្យស្រាប់ហើយនោះ ឲ្យរិតតែមានវិជ្ជាជីវៈនិពន្ធ 
ពេញលេញ បំរើការអាន និងការរីកចម្រើននានាក្នុងងសង្គមដោយស្ងៀមស្ងាត់ 
សន្ដិភាព សំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីនៅកម្ពុជា

1 comment:

  1. I'm so much appreciate for all these perspective you shared with us through this webpage. As long as there is such a potential author doing the right thing like this, Cambodian society will be able to change in some day. i do support all your work...mahalo !

    ReplyDelete